ចូលរួម​ថែរក្សា​បរិស្ថាន​ជាមួយ​ ​អេកូ​យុវ​ទូត​ ​អាំង​ ​សិរីរតន៍

វ៉ា សុនីកា / Khmer Times No Comments Share:
អាំង សិរីរតន៍ សហស្ថាបនិកក្រុម អេកូយុវទូត អ្នកថែរក្សាបរិស្ថានជំនាន់ថ្មី។

​បញ្ហា​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​ ​បាន​កំពុង​និង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ពីសំណាក់​យុវជន​ជំនាន់​ក្រោយ​។​ ​អ្នក​អភិរក្ស​បរិស្ថាន​វ័យក្មេង​ទាំងនោះ​ ​បាន​បង្កើត​សកម្មភាព​គាំពារ​បរិស្ថាន​តាម​រូប​ភាព​ផ្សេង​ៗ​គ្នា​ជាច្រើន​ក្នុង​ន័យ​ថែរក្សា​បរិស្ថាន​ដូចជា​ ​ការ​រក្សា​ព្រៃឈើ​ ​ការកាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ ​ផ្សព្វផ្សាយ​ការយល់​ដឹងពី​បញ្ហា​សំរាម​ ​និង​ការ​ថែរក្សា​ទន្លេ​ជាដើម​។​

​តើ​អ្នកដឹង​ទេ​ថា​ ​នៅក្នុងចំណោម​អ្នក​អភិរក្ស​សកម្ម​ទាំងអស់​នោះ​ ​ក៏​មាន​យុវតី​សកម្មជន​បរិស្ថាន​មួយ​រូប​ ​ដែល​បាន​ចំណាយ​យុវភាព​របស់​ខ្លួន​ដើម្បី​តែ​ការងារ​ថែរក្សា​បរិស្ថាន​ដើម្បី​ជួយ​ដល់​ប្រជាជន​ក្នុង​សហគមន៍​។​ ​

​យុវតី​រូប​នោះ​ ​គឺ​ ​អាំង​ ​សិរី​រត​ន៍​ ​ម្ចាស់​ពានរង្វាន់​ ​«​វីរបុរស​អភិរក្ស​ទន្លេមេគង្គ​»​ ​ឆ្នាំ​ ​២០១៩​។​ ​សាធារណជន​ភាគច្រើន​ប្រហែលជា​បាន​ស្គាល់​សិរី​រត​ន៍​ហើយ​ថា​ជា​ ​សហ​ស្ថាបនិក​នៃ​ ​ក្រុម​ការពារ​បរិស្ថាន​ ​អេកូ​យុវ​ទូត​។​ ​

​នៅពេល​ចោទសួរ​ពី​បំណង​ពី​កុមារភាព​របស់​សិរី​រត​ន៍​ ​យុវតី​វ័យ២៧ឆ្នាំ​រូប​នេះ​ឆ្លើយ​ថា​ ​តាមពិត​ទៅ​នាង​ចង់​ធ្វើការងារ​ទាំងឡាយ​ណា​ដែល​អាច​ជួយ​ដល់​ជីវិត​មនុស្ស​បាន​។​ ​ក្រោយពេល​ស្រាវជ្រាវ​និង​ពិភាក្សា​ជាមួយ​បងប្រុស​ពី​ជំនាញ​ដែល​ត្រូវ​រើស​នៅ​សាកល​វិទ្យាល័យ​ ​សិរី​រត​ន៍​ក៏​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​ ​វិទ្យាសាស្រ្ត​បរិស្ថាន​។​ ​ការសម្រេច​ចិត្ត​នេះ​ ​បាន​នាំ​សិរី​រត​ន៍​ឲ្យ​ចាកចេញ​ពី​ស្រុកកំណើត​របស់​ខ្លួន​ ​នៅក្នុង​ខេត្ត​ពោធិ​សាត់​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​បន្ត​ការសិក្សា​នៅក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​នៅក្នុង​ឆ្នាំ​ ​២០១០​។​ ​បច្ចុប្បន្ន​ ​និស្សិត​បញ្ចប់​ការសិក្សា​រូប​នេះ​ ​កំពុង​ធ្វើដំណើរ​ឆ្ពោះទៅ​រក​ក្តី​ស្រមៃ​របស់​ខ្លួន​ ​ក្នុង​ការងារ​ជា​អ្នក​ផ្សព្វផ្សាយ​និង​ការពារ​បរិស្ថាន​។​ ​

​សិរី​រត​ន៍​និយាយ​ថា​ ​អ្វី​ដែល​ជំរុញចិត្ត​នាង​ឲ្យ​ដាក់ចិត្ត​ដាក់​កាយ​ជា​អ្នកថែរក្សា​បរិស្ថាន​គឺ​ដំណើរ​ទស្សនកិច្ច​សិក្សា​មួយ​នៅក្នុង​ខេត្តមណ្ឌលគិរី​។​ ​នៅពេល​នោះ​ហើយ​ ​ដែល​សកម្មជន​វ័យក្មេង​រូប​នេះ​បាន​រៀនសូត្រ​ពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​ត្រួតពិនិត្យ​ព្រៃឈើ​ ​ការអង្កេត​ពី​ការ​ប្រកបរបរ​របស់​ប្រជាជន​ក្នុង​សហគមន៍​ដោយ​ពឹង​ផ្នែក​ទៅលើ​ធនធាន​ធម្មជាតិ​និង​ព្រៃឈើ​។​ ​បន្ទាប់ពី​បាន​ចុះទៅ​ធ្វើទស្សនកិច្ច​សិក្សា​រយៈពេល៥ថ្ងៃ​នោះ​រួច​ ​សិរី​រត​ន៍​ក៏បាន​បែងចែក​ពេលវេលា​ផ្ទាល់ខ្លួន​ច្រើនជាង​មុន​ ​ដើម្បី​ចូលរួម​ការងារ​ស្ម​គ្រ​ចិត្ត​ផ្នែក​បរិស្ថាន​ឲ្យបាន​ដិតដល់​។​ ​

​តាមរយៈ​សកម្មភាព​ការងារ​របស់​សិរី​រត​ន៍​ ​វា​បាន​នាំ​យុវតី​រូប​នេះ​ឲ្យបាន​ជួប​សកម្មជន​បរិស្ថាន​ជាច្រើន​រូប​មិនថា​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។​ ​

​មកទល់​ពេលនេះ​រយៈពេល​ប្រមាណ​ជា​ ​៦ឆ្នាំ​មក​ហើយ​ ​ដែល​យុវតី​ ​រូប​នេះ​ប្រឡូក​ក្នុង​ការងារ​ថែរក្សា​បរិស្ថាន​ ​ព្រៃឈើ​ ​ទន្លេ​ ​និង​ការងារ​ជាច្រើន​ទៀត​ ​ដើម្បី​ជា​ជំនួយ​មួយ​ដល់​ប្រជាជន​ក្នុង​សហគមន៍​។​ ​

​«​យើង​មាន​អារម្មណ៍​ថា​ ​វា​មាន​គំលាត​រវាង​អ្នក​អភិរក្ស​ ​និង​យុវជន​ ​និង​សា​ធារ​ជន​ ​និង​វិស័យ​ឯកជន​។​ ​យើង​ចង់​ឲ្យ​យុវជន​ ​និង​សាធារណជន​ ​ចូលរួម​អភិរក្ស​ដែរ​ ​ដូច្នេះ​ទើប​យើង​បង្កើត​ ​អេកូ​យុវ​ទូត​»​ ​សិរី​រត​ន៍​និយាយ​។​ ​

​ដោយមាន​ការ​សហការ​ជាមួយ​សហ​ស្ថាបនិក​មួយ​រូប​ទៀត​ ​និង​ក្រុមការងារ​ស្នូល​ចំនួន១០នាក់​ ​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ ​អេកូ​យុវ​ទូត​ ​បាន​ចាប់បដិសន្ធិ​ឡើង​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​ ​២០១៥​។​ ​នៅក្នុង​ឆ្នាំ​ដដែល​នោះ​ ​ក្រុម​អេកូ​យុវ​ទូត​បាន​ដឹកនាំ​យុវជន​យ៉ាងហោចណាស់​ ​៤០រូប​ ​ទៅ​ធ្វើទស្សនកិច្ច​សិក្សា​នៅក្នុង​ព្រៃ​ដោយ​ផ្ទាល់​ ​ដើម្បីឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​យល់ដឹង​ពី​សក្តា​នុ​ពល​ ​និង​ភាព​ស្រស់​ស្អាត​នៃ​ធនធាន​ធម្មជាតិ​។​ ​មកទល់​បច្ចុប្បន្ន​ ​អេកូ​យុវ​ទូត​ ​នៅតែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​បង្ហាញ​យុវជន​ពី​ទំហំ​នៃ​គុណ​តម្លៃ​របស់​ធម្មជាតិ​ដដែល​។​ ​ទន្ទឹម​នឹង​នេះ​ ​អេកូ​យុវ​ទូត​ ​ក៏​នៅតែ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ដល់​យុវជន​ឲ្យ​ងាក​មក​ចូលរួម​សកម្មភាព​ថែរក្សា​បរិស្ថាន​ឲ្យបាន​កាន់តែ​កុះករ​។​

​ក៏ប៉ុន្តែ​ ​សហ​ស្ថាបនិក​រូប​នេះ​ ​នៅតែ​ជួបប្រទះ​បញ្ហា​មួយចំនួន​៖​ ​«​បញ្ហា​ធំ​បំផុត​ ​គឺ​បញ្ហា​ដែល​មនុស្ស​មិន​យល់​ពី​គុណ​តម្លៃ​របស់​ធម្មជាតិ​។​ ​វា​ធំជាង​បញ្ហា​ព្រៃឈើ​បាត់បង់​ ​បញ្ហា​សំរាម​មានការ​កើនឡើង​ទៅទៀត​។​»​

​«​បើសិនជា​យើង​យល់​ ​យើង​នឹងអាច​ចូលរួម​កាត់បន្ថយ​ការ​ចោលសំរាម​បាន​ ​បើ​យើង​យល់​ ​យើង​នឹងអាច​ចូលរួម​កាត់បន្ថយ​ការទិញ​ឈើប្រណិត​ ​យើង​ចូលរួម​ថែរក្សា​ដាំ​ដើមឈើ​ឡើងវិញ​។​ ​បញ្ហា​រាល់ថ្ងៃ​ ​គឺ​មនុស្ស​មិនទាន់​យល់ដឹង​ ​និង​យល់ដឹង​ហើយ​ ​មិន​ធ្វើសកម្មភាព​ ​ហើយ​គិតថា​ខ្លួនឯង​មិន​អាច​ធ្វើការ​នេះ​បាន​ ​ទាល់តែ​អ្នក​បរិស្ថាន​ ​អ្នក​អភិរក្ស​ទើប​អាច​ចូលរួម​បាន​។​»​

​កញ្ញា​និយាយ​ថា​ ​ពេល​ដែល​ពេលវេលា​កាន់តែ​វិវត្ត​ទៅ​ ​បច្ចេកវិទ្យា​កាន់តែ​អភិវឌ្ឍ​ ​កាន់តែ​ជឿនលឿន​ ​ធ្វើឲ្យ​ពេលខ្លះ​មនុស្ស​ភ្លេច​ថា​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ​ ​និង​អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​។​ ​ដូចគ្នានឹង​សហគមន៍​មួយចំនួន​ដែរ​ ​ដែល​កំពុង​ភ្លេច​ពី​ភាពជា​ខ្លួនឯង​ ​ដោយសារ​ការ​អភិវឌ្ឍ​ទាំងអស់​នេះ​។​ ​

​«​ពេល​ទៅ​ស្ទឹងត្រែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ខ្ញុំ​ឃើញថា​ ​ប្រជាជន​ដែល​ធ្លាប់​រស់នៅ​សប្បាយរីករាយ​នឹង​អ្វី​ដែល​គាត់​មានបាន​ផ្លាស់​ប្តូរ​។​ ​គាត់​ធ្លាប់​មាន​ដី​ ​ដាំដំណាំ​ ​ទោះ​គ្មាន​លុយ​ក៏អាច​រស់នៅ​បាន​។​ ​ល្ងាច​ឡើង​គាត់​ទៅ​បង់សំណាញ់​ ​មក​ហូប​មួយ​ផ្ទះ​។​ ​តែ​ពេល​សង្គម​ជឿនលឿន​ ​គាត់​ត្រូវការ​របស់ទំនើប​ប្រើប្រាស់​ ​ទាំង​ដែល​វា​មិនមែន​ជា​អ្វី​ដែល​ចាំបាច់​សម្រាប់​ការរស់នៅ​។​ ​នេះ​ដោយសារតែ​ ​ការ​អភិវឌ្ឍ​ ​វា​ទាញ​ឲ្យ​គាត់​ភ្លេច​ពី​អ្វី​ដែល​គាត់​ធ្លាប់​មាន​»​។​ ​

​«​ពេលខ្លះ​អ្នកភូមិ​ ​ប្រហែលជា​មិន​ចង់បាន​លុយ​ ​តែ​គាត់​ចង់បាន​ការរស់នៅ​សាមញ្ញ​ ​បង់ត្រី​បាន​ត្រី​ ​ធ្វើស្រែ​បាន​ស្រូវ​»​។​ ​

​សិរី​រត​ន៍​បន្ត​ថា​ ​ដើម្បីឲ្យ​មាន​បរិស្ថាន​មាន​ស្ថិរភាព​និង​អាច​ស្ថិតស្ថេរ​បាន​យូរអង្វែង​ ​យើង​ទាំងអស់គ្នា​ត្រូវ​ងាក​មក​ចូលរួម​ថែរក្សា​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ ​ដែល​នេះ​គឺជា​ទុន​ដើម្បី​បន្ត​ការរស់នៅ​របស់​យើង​ដូចគ្នា​។​

​«​បើ​យើង​មិន​ចូលរួម​រក្សា​សម្បត្តិ​ធម្មជាតិ​ទាំងអស់គ្នា​ទេ​ ​យើង​ក៏​ទទួលរង​ឥទ្ធិពល​។​ ​បន្តិចទៀត​អាច​នឹង​ខ្សត់​ត្រី​ ​ដាំ​បន្លែ​អត់​បានផល​ ​ធ្វើស្រែ​អត់​ទឹក​ ​ពិបាក​រស់នៅ​។​ ​ដូច្នេះ​ត្រូវការ​យើង​ជួយគ្នា​ទៅវិញទៅមក​។​ ​អត់​បោះចោល​សំរាម​ចូលទន្លេ​ ​ទន្លេ​ស្អាត​ ​ត្រី​មាន​ ​ចូលរួម​រក្សា​ព្រៃឈើ​ ​មាន​ភ្លៀង​ ​ធ្វើស្រែ​ចម្ការ​បាន​។​ ​

​ទោះ​យ៉ាងនេះ​ក្តី​ក៏​មាន​ប្រជាជន​មួយចំនួន​ ​បាន​មើលឃើញ​គុណ​តម្លៃ​ធម្មជាតិ​ដែល​ពួកគាត់​ធ្លាប់​រស់នៅ​ជាមួយ​ ​និង​ធ្លាប់​ផ្តល់​ប្រយោជន៍​ដល់​ការរស់នៅ​របស់​គាត់​។​ ​ខណៈ​ដែល​បេសកកម្ម​របស់​សិរី​រត​ន៍​ក្នុង​ការ​ថែរក្សា​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​កំពុង​បន្ត​ ​នាង​ក៏​សង្កេតឃើញ​ថា​រឿង​ល្អ​ៗ​ពី​ការ​គាំពារ​បរិស្ថាន​បាន​និង​កំពុង​កើតឡើង​សម្រាប់​ប្រទេស​កម្ពុជា​។​ ​កំណើន​យុវជន​កាន់តែ​ច្រើន​បាន​ចូលរួម​សកម្មភាព​គាំពារ​បរិស្ថាន​ពី​តំបន់​ផ្សេង​ៗ​គ្នា​ទូទាំង​ប្រទេស​។​ ​

​ជាមួយនឹង​ការ​គាំទ្រ​ទាំងនេះ​ ​សិរី​រត​ន៍​បាន​ចាត់ទុក​វា​ជា​ការជំរុញ​ទឹកចិត្ត​ដ៏​ខ្លាំងក្លា​ក្នុង​ការ​បន្ត​បេសកកម្ម​របស់​ខ្លួន​បន្ត​ទៀត​ ​ទោះបីជា​មានការ​លំបាក​យ៉ាងណា​ក្តី​។​ ​

​«​ខ្ញុំ​គិតថា​ ​យើង​មិន​ងាយ​ទាញ​ស្ថានភាព​បរិស្ថាន​ឲ្យ​ត្រឡប់​មក​ដូចមុន​ទេ​ ​ប៉ុន្តែ​យើង​គ្រាន់តែ​ ​ចង់​ឲ្យ​អ្នក​ផ្សេងទៀត​យល់​ពី​ទំនាក់ទំនង​របស់​មនុស្ស​និង​ធម្មជាតិ​។​ ​ទោះបី​យើង​មិន​អាច​ទាញ​ធម្មជាតិ​មក​ដូច​ពីមុន​មែន​ ​ប៉ុន្តែ​យើង​នឹង​នៅតែ​អាច​ពឹង​អាស្រ័យ​លើ​ធម្មជាតិ​បាន​យូរអង្វែង​ទៀត​»​៕​

Share and Like this post

Related Posts

Previous Article

What do young Cambodian singers think about songs of the past?

Next Article

Scholarships