ana-air canadia-bank Silk-air nissan acleda cab-bank

ប្រទេស​ឡាវ​អភិវឌ្ឍ​ខ្លួន​ចេញពី​ប្រទេស​ដែល​មាន​ស្ថានភាព​អភិវឌ្ឍន៍​តិច​តួច​

Buavanh Vilavong and Sitthiroth Rasphone / Khmer Times No Comments Share:
ក្បួនដង្ហែ​ដំរី​ក្នុង​ទីក្រុង​ ហ្លួងព្រះបាង​ នៃ​ប្រទេស​ឡាវ​ដែល​មាន​វប្បធម៌​លូតលាស់​ ជាទី​ក្រុង​ស្ថិត​ក្នុង​បញ្ជី​បេ​តិ​កភ័​ណ្ឌ​របស់​អង្គការ​យូ​ណេស្កូ​។ រូបថត​ សហការី

ទស្សនៈ​៖​ ​គោលនយោបាយ​នា​ពេល​កន្លង​មក​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ឡាវ​អាច​ឈាន​ដល់​ការ​បញ្ចប់​ពី​ស្ថានភាព​ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ​(​LDC​)​ ​របស់​អង្គការ​សហ​ប្រជាជាតិ​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​ក្នុង​ការ​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ​ការ​ផ្តោត​សំខាន់​នៃ​គោលនយោបាយ​នា​ពេល​អនាគត​គួរតែ​ផ្តោត​លើ​ការ​លើកកម្ពស់​សមត្ថភាព​​ផលិតភាព​ឲ្យ​កាន់តែ​ច្រើន​ ​ការ​កើនឡើង​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ​និង​ការ​ធ្វើ​ឱ្យ​មាន​បរិយាកាស​អាជីវកម្ម​កាន់តែ​រឹងមាំ​។​

​ការពិនិត្យ​លើ​ស្ថានភាព​នៃ​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ​LDC​ ​របស់​ប្រទេស​ឡាវ​ ​ដែល​ធ្វើឡើង​ក្នុងរយៈពេល​រៀងរាល់ ៣ឆ្នាំ​ ​របស់​អង្គការសហប្រជាជាតិ​ ​បាន​រក​ឃើញថា​ប្រទេស​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចប់​ពី​ស្ថានភាព​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ជាលើកដំបូង​ ​ដោយ​បាន​ឈាន​ដល់​កំរិត​នៃ​លក្ខណៈ​វិនិច្ឆ័យ​ពីរ​ក្នុងចំណោម​បី​ ​ដែល​មាន​ដូចជា​ ​ចំណូល​ជាតិ​សរុប​ ​និង​សន្ទស្សន៍​នៃ​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​។​ ​

​ខណៈ​ពេល​ដែល​ខ្លួន​មិនទាន់​បាន​ឈាន​ដល់​សន្ទស្សន៍​នៃ​ភាព​ងាយ​រងគ្រោះ​ខាងសេដ្ឋកិច្ច​ដែល​ជា​លក្ខណៈ​វិនិច្ឆ័យ​ចុងក្រោយ​នោះ​ ​ប្រទេស​ឡាវ​បាន​គ្រប់គ្រង​ដើម្បី​កាត់បន្ថយ​​សន្ទស្សន៍​នេះ​ឱ្យ​នៅក្នុង​ក​កម្រិត​មួយ​ដែ​ខិត​ជិតនឹង​កម្រិត​ដែល​តម្រូវ​។​

​ប្រសិនបើ​ ​យ៉ាងហោចណាស់​កម្រិត​នៃ​វឌ្ឍនភាព​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​រក្សា​ ​ប្រទេស​ឡាវ​នឹង​បញ្ចប់​ពី​ស្ថានភាព​ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ​LDC​ ​ក្នុងរយៈពេល​បី​​ឆ្នាំ​បន្ទាប់ពី​ការពិនិត្យ​សាជាថ្មី​ម្ដងទៀត​ក្នុង​ ​នៅ​ឆ្នាំ​ ​២០២៤​ ​ខាងមុខ​។​

​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​ឡាវ​បាន​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​។​ ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៃ​វិស័យ​កសិកម្ម​កំពុងតែ​មានការ​ធ្លាក់ចុះ​ ​​ខណៈ​ពេល​ដែល​ផ្នែក​សេវាកម្ម​និង​ឧស្សាហកម្ម​កំពុងតែ​មានការ​កើនឡើង​។​ ​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​បែបនេះ​ភាគច្រើន​ត្រូវ​បាន​កំណត់​ដោយ​ការ​ធ្វើ​ពិពិធ​កម្ម​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ដោយ​ផ្អែកលើ​ធនធាន​នានា​ដែល​មាន​ដូចជា​ការរុករក​រ៉ែ​និង​វារីអគ្គិសនី​។​ ​ការ​វិវត្ត​ទាំងនេះ​បាន​ជំរុញ​កំណើន​នៃ​ការនាំចេញ​និង​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​នាំចេញ​របស់​ប្រទេស​។​

​ការ​ធ្វើ​ពិពិធ​កម្ម​នៅក្នុង​វិស័យ​នានា​ក៏​ត្រូវ​បាន​គេ​សង្កេតឃើញ​ផង​ដែរ​។​ ​ការផលិត​ ​ដែល​ផ្ដោត​សំខាន់​លើ​សម្លៀកបំពាក់​ ​បាន​រីកចម្រើន​និង​ធ្វើ​ពិពិធ​កម្ម​ចេញ​ជាផ្នែក​និង​ធាតុផ្សំ​​ផ្សេង​ៗ​ក៏ដូចជា​គ្រឿងម៉ាស៊ីន​និង​ឧបករណ៍​ដឹកជញ្ជូន​។​ ​ជា​លទ្ធផល​ ​ផលិតកម្ម​នៃ​ការនាំចេញ​ទំនិញ​បាន​កើនឡើង​ពី​ចំនួន​ ​១២,៩​ ​ភាគរយ​ក្នុង​ឆ្នាំ​ ​២០១៣​ ​ដល់​ ​២២,៣​ ​ភាគរយ​​នៅ​ឆ្នាំ​ ​២០១៧​ ​កន្លងទៅ​ ​។​

​តាមរយៈ​ការ​ទាក់ទាញ​ដោយ​ពលកម្ម​ដែល​មានតម្លៃ​ទាប​ ​ការ​ចូល​ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ដែល​មានការ​អភិវឌ្ឍន៍​ ​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ទៅ​ក្នុង​វិស័យ​​កាត់ដេរ​ ​បាន​នាំ​ឱ្យ​មាន​កំណើន​ផលិតកម្ម​ដែល​ផ្តោត​សំខាន់​លើ​ការនាំចេញ​។​ ​វិស័យ​នេះ​​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​ប្រាក់ចំណូល​ដែល​បាន​មក​ពី​ការដោះដូរ​រូបិយប័ណ្ណ​បរទេស​ហើយ​តំណាង​ឱ្យ​ជាង​ ​៤០​ ​ភាគរយ​នៃ​ការនាំចេញ​ទំនិញ​សរុប​ក្នុង​ចន្លោះ​ឆ្នាំ​ ​២០០១​ ​និង​ ​២០០៤​។​

​ការនាំចេញ​របស់​ប្រទេស​ឡាវ​មានការ​រីកចម្រើន​ក្រោយ​ឆ្នាំ​ ​២០០៥​ ​ដោយសារតែ​ការ​​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅក្នុង​គម្រោង​រុករក​រ៉ែ​ធំៗ​ចំនួន​ពីរ​។​ ​ការនាំចេញ​ឈើ​និង​ផលិតផល​ឈើ​ក៏​មានការ​កើនឡើង​ដែរ​ ​ដែល​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​តម្រូវការ​​របស់​ប្រទេសជិតខាង​។​ ​អត្រាកំណើន​ប្រចាំឆ្នាំ​ជាមធ្យម​បាន​កើនឡើង​ពី​ ​២,៤​ ​ភាគរយ​​ក្នុង​ចន្លោះ​ឆ្នាំ​ ​១៩៩៦​ ​និង​ ​២០០៤​ ​ដល់​ចំនួន​ ​១៧,៦​ ​ភាគរយ​ ​ក្នុង​ចន្លោះ​ឆ្នាំ​ ​២០០៥​ ​និង​ ​២០១៧​ ​។​

​វិស័យ​សេវាកម្ម​ ​ដែល​មាន​ដូចជា​ទេសចរណ៍​ ​ធនាគារ​ ​ដឹកជញ្ជូន​ ​និង​ការចែកចាយ​ ​ក៏​មាន​រីក​លូតលាស់​ផង​ដែរ​ ​ដែល​កត្តា​នេះ​បាន​មក​ពី​ការ​ធ្វើ​សេរី​ភាវូបនីយកម្ម​សេដ្ឋកិច្ច​និង​ការ​រីក​រាលដាល​នៃ​ការ​អភិវឌ្ឍ​ធនធាន​ធម្មជាតិ​។​ ​ប៉ុន្តែ​ ​បើ​ទោះបីជា​មានការ​រីកចម្រើន​បែបនេះ​ក៏ដោយ​ ​សេវាកម្ម​នៃ​តម្លៃបន្ថែម​ក៏​ជាផ្នែក​តូច​មួយ​នៃ​វិស័យ​នេះ​ផង​ដែរ​។​ ​ការិយាល័យ​ស្ថិតិ​របស់​ប្រទេស​ឡាវ​បាន​បង្ហាញ​ទិន្នន័យ​របស់​ខ្លួន​ថា​ ​សេវាកម្ម​បច្ចេកវិទ្យា​ដឹកជញ្ជូន​ ​ហិរញ្ញវត្ថុ​ ​ព័ត៌មាន​ ​និង​ការ​ទំនាក់ទំនង​ ​មាន​ចំនួន​ប្រហែលជា​ ​៦​ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​និង​ ​៣.៧​ ​ភាគរយ​នៃ​វិស័យ​ការងារ​នៅក្នុង​ឆ្នាំ​ ​២០១៧​ ​កន្លងទៅ​។​ ​ក្នុង​វិស័យ​កសិកម្ម​វិញ​ ​ការ​ធ្វើ​ពិពិធ​កម្ម​អាច​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​ ​ស្ថិតនៅ​ក្នុង​ដំណើរ​ផ្លាស់​ប្តូរ​ចេញពី​ផលិតកម្ម​នៃ​ដំណាំស្រូវ​ ​ទៅជា​ដំ​ណាំ​ផ្សេង​ៗ​ដែល​មាន​ដូចជា​ ​កាហ្វេ​ ​តែ​ ​ចេក​ ​កៅស៊ូ​ ​និង​សណ្ដែក​វិញ​។​ ​

​ទោះជាយ៉ាងណា​ក៏ដោយ​ ​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​មានផល​ប៉ះពាល់​តិចតួច​ណាស់​ទៅលើ​វិស័យ​ការងារ​។​ ​វិស័យ​ការងារ​នៅតែ​ស្ថិតនៅ​ក្នុង​កម្រិតខ្ពស់​នៅក្នុង​វិស័យ​កសិកម្ម​ដែល​មាន​ផលិតភាព​ទាប​ ​ស្រប​ពេល​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ពី​ផលិតភាព​ទាប​ទៅកាន់​ផលិតកម្ម​ដែល​មាន​ផលិតភាព​ខ្ពស់​ ​ដែល​វា​កើតឡើង​ពី​ផល​ប៉ះពាល់​នៃ​កំណើន​ដ៏​រឹងមាំ​លើ​ការកាត់បន្ថយ​ភាព​ក្រីក្រ​។​ ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​និង​ការនាំចេញ​ឆ្ពោះទៅ​រក​សកម្មភាព​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​និង​តម្លៃបន្ថែម​ខ្ពស់​គឺជា​ការចាំបាច់​សម្រាប់​កំណើន​រយៈពេល​វែង​ប្រកបដោយ​ចីរភាព​។​

​ដើម្បី​ទទួល​បានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​គឺជា​គោលនយោបាយ​ដ៏​សមស្រប​បំផុត​សម្រាប់​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​។​ ​មូលហេតុ​ដែល​កំណើន​សេដ្ឋកិច្ច​រឹងមាំ​របស់​ប្រទេស​នេះ​មិន​មាន​ឥទ្ធិពល​ទាំង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ឬ​បង្កើត​ការងារ​សមរម្យ​គឺថា​ ​វា​មិន​ត្រូវ​បាន​ជ្រុម​ជ្រែង​ដោយ​ការ​អភិវឌ្ឍ​សមត្ថភាព​ផលិតភាព​នៅក្នុង​សកម្មភាព​ទូលំទូលាយ​ ​ខណៈ​ដែ​លេ​វា​ជា​លក្ខខណ្ឌ​ចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​និង​ដំណើរការ​ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​។​

​ការ​លេចចេញ​នូវ​សកម្មភាព​ធនធាន​ធម្មជាតិ​ដែល​ប្រើប្រាស់​ដើមទុន​ច្រើន​ ​ដែល​វា​ជា​មាគ៌ា​របស់​ប្រទេសជាតិ​ឆ្ពោះទៅ​រក​ការ​បញ្ចប់​ស្ថានភាព​នៃ​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ​(​LDC​)​ ​បាន​កាត់បន្ថយ​សន្ទស្សន៍​នៃ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ឡាវ​។​ ​វា​បាន​កាត់បន្ថយ​ការ​ផ្តោត​សំខាន់​នៃ​ការនាំចេញ​ ​អស្ថិរភាព​នៃ​ការនាំចេញ​ ​និង​ចំណែក​នៃ​វិស័យ​កសិកម្ម​នៅក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​។​ ​ប៉ុន្តែ​វា​ក៏​នាំមក​នូវ​ហា​និ​ភ័យ​ថ្មី​ៗ​ផង​ដែរ​។​ ​កំណើន​សេដ្ឋកិច្ច​និង​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​ប្រទេស​បច្ចុប្បន្ន​គឺ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​វិស័យ​រ៉ែ​ ​តម្លៃ​អគ្គិសនី​ ​និង​លក្ខខណ្ឌ​អាកាសធាតុ​។​ ​សមត្ថភាព​ទាប​របស់​វិស័យ​ធនធាន​ក្នុង​ការបង្កើត​ការងារ​ ​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការបង្កើត​ផល​ប៉ះពាល់​បរិស្ថាន​អវិជ្ជមាន​ ​និង​ភាព​ងាយ​រងគ្រោះ​ខាងសេដ្ឋកិច្ច​ ​គឺជា​កត្តា​ដែល​ចាំបាច់​ត្រូវ​កាត់បន្ថយ​។​

​កត្តា​នេះ​បាន​បង្ក​ឱ្យ​មាន​ជា​ហានិភ័យ​នៃ​ដំណើ​ការ​ក្នុង​ការ​បញ្ចប់​ស្ថានភាព​នៃ​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ​(​LDC​)​ ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ខាងមុខ​ ​និង​បង្ហាញ​ពីសា​រៈសំ​ខាន់​នៃ​ការ​កសាង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ​ការ​កសាង​ភាព​ធន់​ទាមទារ​ឲ្យ​មាន​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ដ៏​ល្អ​ដើម្បី​ជំរុញ​សមត្ថភាព​ផលិតភាព​ ​បង្កើន​ការប្រកួត​ប្រជែង​ ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជាតិ​ ​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការ​វិនិយោគ​ ​និង​ការ​ពង្រឹង​សមត្ថភាព​របស់​ជាតិ​ក្នុង​ការកាត់បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​។​

​ការ​យកចិត្ត​ទុកដាក់​ជា​ពិសែស​គួរតែ​ត្រូវ​បាន​ដាក់​ទៅលើ​ស្ថាប័ន​នានា​ ​មូលធន​មនុស្ស​ ​ព័ត៌មាន​វិទ្យា​និង​បច្ចេកវិទ្យា​ទំនាក់ទំនង​។​

​គួរ​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ ​លោក​បណ្ឌិត​ ​Buavanh​ ​Vilavong​ ​គឺជា​ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​និង​សិប្បកម្ម​ដែល​ស្ថិតនៅ​ក្រោម​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៅ​ប្រទេស​ឡាវ​ ​ខណៈ​ពេល​ដែល​ ​លោក​បណ្ឌិត​ ​Sitthiroth​ ​Rasaphone​ ​គឺជា​ប្រធាន​ស្ដីទី​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​អភិវឌ្ឍន៍​ ​Centre​ ​for​ ​Development​ ​Policy​ ​Research​ ​របស់ក្រ​សួង​ផែនការ​និង​វិនិយោគ​នៃ​ប្រទេស​ឡាវ​៕​ ​

​ប្រែ​សម្រួល​ដោយ​ ​ភុន​ ​ច័ន្ទ​ឧសភា​

Previous Article

បទ​វិភាគ​៖ ការ​បាក់​រំលំ​អគារ​ចោទ​ជា​សំណួរ​ទៅលើ​សមត្ថភាព​របស់​អាជ្ញាធរ​សំណង់​

Next Article

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ផ្អាក​សំណង់​អគារ​រោងចក្រ​របស់​ចិន​ដោយសារ​សង់​មិន​ស្របតាម​បច្ចេកទេស​