ana-air canadia-bank Silk-air nissan acleda cab-bank

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ផ្អាក​សំណង់​អគារ​រោងចក្រ​របស់​ចិន​ដោយសារ​សង់​មិន​ស្របតាម​បច្ចេកទេស​

ប៉ិច សុធារី / Khmer Times No Comments Share:

​កំពង់ស្ពឺ​៖​ ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ ​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សំណង់​អគារ​រោងចក្រ​ផលិត​បាត​ស្បែកជើង​មួយ​កន្លែង​ ​ដែល​ស្ថិតនៅ​ភូមិ​ត្រាវ​ ​ឃុំ​វាល​ ​ស្រុក​គងពិសី​ ​ក្រោយពី​បាន​រក​ឃើញថា​ ​សំណង់​នេះ​បាន​សាងសង់​មិន​ស្របតាម​បទដ្ឋាន​បច្ចេកទេស​។​

​អភិបាលខេត្ត​កំពង់ស្ពឺ​ ​លោក​ ​វ៉ី​ ​សំណាង​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃអង្គារ​ថា​ ​ការសម្រេច​ផ្អាក​ដំណើរការ​សំណង់​រោងចក្រ​នោះ​ ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​ ​ខណៈ​ដែល​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ពិនិត្យ​បច្ចេកទេស​សាងសង់​ ​ឃើញថា​ ​ពុំ​បាន​សាងសង់​តាម​ស្តង់​ដា​ដែល​ម្ចាស់​រោងចក្រ​ ​បាន​បំពេញ​ក្នុង​លិខិតស្នើ​សុំ​ទៅ​ក្រសួង​រៀបចំ​ដែនដី​។​

​លោក​ថា​៖​ ​«​មុន​សាងសង់​ ​ម្ចាស់​អគារ​បាន​សុំច្បាប់​ទៅ​ក្រសួង​រៀបចំ​ដែនដី​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែរ​ ​ប៉ុន្តែ​ដល់ពេល​សាងសង់​ ​គាត់​ពុំ​បាន​អនុវត្ត​ទៅតាម​អ្វី​ដែល​គាត់​ស្នើសុំ​នោះ​ទេ​ ​សូម្បីតែ​ឧបករណ៍​ផ្សារដែក​ក៏​ខុស​បច្ចេកទេស​ដែរ​ ​ដែក​ខ្លះ​ច្រេះ​មិន​មានគុណ​ភាព​ ​និង​វៀច​ ​ហើយ​ដំបូល​ក៏​ធ្វើខុស​ស្តង់​ដា​ដែរ​ ​ដូច្នេះហើយ​បាន​ជា​យើង​ទប់ស្កាត់​ ​និង​ផ្អាក​មិន​ឲ្យ​ប្រើប្រាស់​អាគារ​នោះ​ទេ​ ​ខ្លាច​កើតមាន​ឧបទ្ទវហេតុ​បាក់​អាគារ​ដូច​នៅ​ខេត្ត​កែប​»​។​

​លោក​បន្ត​ថា​ ​តាមរយៈ​ការ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ ​ឃើញថា​ ​សំណង់​អគារ​រោងចក្រ​នោះ​ ​ជា​របស់​ ​លោក​ ​Tang​ ​Jun​ ​ជនជាតិ​ចិន​ ​បាន​ជួល​ដី​ពី​ក្រុមហ៊ុន​ ​កា​ណា​ត្រា​ ​ហើយ​រោងចក្រ​នេះ​ក៏បាន​ចាប់ផ្តើម​ដំណើរការ​ផលិត​បាត​ស្បែកជើង​ជា​បណ្តើរ​ៗ​ ​ដោយមាន​កម្មករ​ធ្វើការ​ប្រមាណ១០០នាក់​ ​ក្នុងរយៈពេល១ទៅ២ខែ​ចុងក្រោយ​នេះ​ ​បើ​ទោះបីជា​មន្ត្រី​ជំនាញ​ធ្លាប់​បាន​ចុះទៅ​ហាមឃាត់​ ​និង​ណែនាំ​ពី​លក្ខណៈ​បច្ចេកទេស​ជាច្រើនលើក​ច្រើន​សារ​ក៏ដោយ​។​

​លោក​វ៉ី​ ​សំណាង​ ​បាន​បន្ត​ថា​ ​ក្រៅពី​ការ​ចុះ​ផ្អាក​សំណង់​អគារ​រោងចក្រ​នេះ​ ​មិន​ឲ្យ​ដំណើរការ​ ​រដ្ឋបាល​ខេត្ត​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ​-​ស្រុក​ ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ​ត្រូវ​ចុះទៅ​ពិនិត្យ​លើ​សំណង់​អ​គារ​ផ្សេង​ៗ​ទៀត​ ​ដែល​បាន​និង​កំពុង​ដំណើរការ​សាងសង់​ ​ដើម្បី​ទប់ស្កាត់​សំណង់​ខុសច្បាប់​ ​និង​សំណង់​ដែល​សាងសង់​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។​

​លោក​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​សំណង់​ ​ដែល​បាន​និង​កំពុង​សាងសង់​ទាំងអស់​ក្នុង​ខេត្ត​នេះ​ ​ចូលរួម​ផ្តល់​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ដែល​ចុះទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​សំណង់​ផង​ដែរ​ ​ដើម្បី​ការពារ​កុំ​ឲ្យ​កើតមាន​នូវ​ឧបទ្ទវ​ហេ​តុ​ផ្សេង​ៗ​ជាយថាហេតុ​។​ ​

​លោក​ ​Tang​ ​Jun​ ​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​រោងចក្រ​ផលិត​បាត់​ស្បែកជើង​ ​និង​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​សំណង់​ ​និង​សុរិយោដី​ខេត្ត​កំពង់ស្ពឺ​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​ ​កាលពី​ថ្ងៃអង្គារ​។​

​កាលពី​ថ្ងៃទី៣ខែមករា​ ​សំណង់​អគារ​កំ​ពុង​សាង់​សង់​កម្ពស់៧ជាន់​មួយ​កន្លែងនៅ​ខេត្ត​កែប​ ​បាន​បាក់​រលំ​បណ្តាល​ឲ្យ​កម្មករ​សំណង់​ចំនួន​ ​៣៦នាក់​ស្លាប់​ ​និង២៣នាក់​ផ្សេងទៀត​រង​របួស​។​

​កាលពី​ខែមិថុនា​ឆ្នាំមុន​ ​អគារ​កម្ពស់៧ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ ​ក៏បាន​បាក់​រលំ​ដូចគ្នា​នេះ​ផង​ដែរ​ ​បណ្តាល​ឲ្យ​កម្មករ២៨នាក់​ស្លាប់​ ​និង​កម្មករ២៦នាក់​ ​ទៀត​រង​របួស​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ​ ​សហព័ន្ធ​សហជីពកម្មករ​សំណង់​ ​និង​ព្រៃឈើ​កម្ពុជា​ ​(​BWTUC​)​ ​និង​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិមនុស្ស​ ​(​CENTRAL​)​ ​គ្រោង​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ ​ស្តី​ពី​ ​«​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ម៉ឹង​ម៉ាត់​ដើម្បី​ធានា​គុណភាព​ ​និង​សុវត្ថិភាព​នៅកន្លែង​ការងារ​សម្រាប់​កម្មករ​សំណង់​ ​នៅ​ថ្ងៃពុធ​នេះ​ផង​ដែរ​៕​

Related Posts

Previous Article

ប្រទេស​ឡាវ​អភិវឌ្ឍ​ខ្លួន​ចេញពី​ប្រទេស​ដែល​មាន​ស្ថានភាព​អភិវឌ្ឍន៍​តិច​តួច​

Next Article

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​៖​ ​ត្រូវ​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​សុវត្ថិភាព​ចំណីអាហារ​ ​និង​អគារសិក្សា​ក្នុង​សាលារៀន​