ana-air canadia-bank Silk-air nissan acleda cab-bank

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​៖​ ​ត្រូវ​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​សុវត្ថិភាព​ចំណីអាហារ​ ​និង​អគារសិក្សា​ក្នុង​សាលារៀន​

ប៉ិច សុធារី / Khmer Times No Comments Share:

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​លោ​ក ​ហង់​ ​ជួន​ណា​រ៉ុន​ ​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​ណែនាំ​ដល់​នាយក​សាលា​ ​និង​មន្ត្រី​ពាក់ព័ន្ធ​ ​ត្រូវ​សហការ​គ្នា​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​សុវត្ថិភាព​ចំណីអាហារ​ ​និង​អគារសិក្សា​ក្នុង​សាលារៀន​របស់​ខ្លួន​ ​ដើម្បី​ការពារ​សុខមាលភាព​ ​និង​សុវត្ថិភាព​សិស្ស​ ​ជៀសវាង​នូវ​ការ​កើតមាន​នូវ​ឧបទ្ទវ​ហេ​តុ​ផ្សេង​ៗ​។​

​នៅក្នុង​យុទ្ធនាការ​ស្តី​ពី​សុវត្ថិភាព​ចំណីអាហារ​នៅ​តាម​គ្រឹះស្ថានសិក្សា​ ​ដែល​ធ្វើឡើង​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម​ ​រាជធានី​ភ្នំពេញ​ ​លោ​ក​ ហង់​ ​ជួន​ណា​រ៉ុន​ ​បាន​ថ្លែង​ថា​ ​ក្នុង​ក្របខណ្ឌ​នៃ​គោលនយោបាយ​កំណែទម្រង់​វិស័យ​អប់រំ​ ​ក្រសួង​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​មួយ​ ​ក្នុង​ការ​ពង្រឹង​ការគ្រប់គ្រង​នៅ​តាម​សាលារៀន​ ​ដោយ​ផ្តោត​សំខាន់​លើ​ការ​លើកកម្ពស់​សិទ្ធិ​កុមារ​ ​ការ​លើកកម្ពស់​សុខមាលភាព​ ​និង​សុវត្ថិភាព​របស់​សិស្ស​។​

​ករណីនេះ​ ​លោក​បាន​ណែនាំ​ដល់​មន្ត្រី​អប់រំ​ទូទាំង​ប្រទេស​ ​ជាពិសេស​នាយក​សាលា​ ​ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​សំខាន់​លើ​សុវត្ថិភាព​ចំណីអាហារ​ ​សុវត្ថិភាព​ផ្លូវចិត្ត​ ​ជាពិសេស​ត្រូវ​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ ​ក្នុង​ការ​ត្រួតពិនិត្យ​ ​និង​វាយតម្លៃ​ជាប្រចាំ​នូវ​អ​គា​សិក្សា​របស់​សិស្ស​ ​ដើម្បី​ជៀសវាង​នូវ​ការ​កើតមាន​ឧបទ្ទវហេតុ​បាក់​អគារ​។​

​លោក​ថា​៖​ ​«​នៅ​តាម​សាលារៀន​ ​គឺ​យើង​បាន​យកចិត្ត​ទុកដាក់​ណាស់​ ​បើសិនជា​អគារ​នោះ​ចាស់​ទ្រុឌទ្រោម​ ​ប្រេះ​បែកបាក់​ ​គឺ​យើង​អត់​ឲ្យ​យក​អាគារ​នោះ​ប្រើប្រាស់​សម្រាប់​ការ​បង្រៀន​ទេ​ ​ជៀសវាង​ការ​កើតមាន​ឧបទ្ទវ​ហេ​តុ​ផ្សេង​ៗ​ ​ដូច្នេះ​ក្រសួង​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​នេះ​ទៀត​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​ការ​ការពារ​សុវត្ថិភាព​សិស្ស​នេះ​ ​មិន​ត្រឹមតែ​ការ​ការពារ​សុវត្ថិភាព​ផ្នែក​ចំណីអាហារ​តែមួយមុខ​ទេ​ ​គឺ​ត្រូវ​គិតគូរ​ពី​​សុវត្ថិ​ភា​ពរាង្គ​កាយ​ ​ដែល​អគារសិក្សា​ត្រូវតែ​ជា​កន្លែង​មួយ​ការពារ​សុវត្ថិភាព​របស់​កុមារ​,​ ​សុវត្ថិភាព​ផ្លូវចិត្ត​ ​គឺ​អត់មាន​ការ​គំរាមកំហែង​ ​ក្នុង​រូបភាព​បង​តូច​បងធំ​ទៅ​គំរាម​ក្មេង​ ​ឬក៏​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អន​ឡា​ញនោះ​ទេ​»​។​

​ចំណីអាហារ​ចំនួន ៦ប្រភេទ​ ​ដែល​ក្រសួង​អប់រំ​ ​បាន​ហាមឃាត់​ការ​លក់​ក្នុង​គ្រឹះស្ថានសិក្សា​ ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ​របស់​សិស្ស​ ​ជាពិសេស​កុមារ​តូច​នោះ​ ​មាន​ដូចជា​ ​អាហារ​គ្រប់​ប្រភេទ​ដែល​ហួសកំណត់​កាលបរិច្ឆេទ​,​ ​គ្រឿងស្រវឹង​ ​និង​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​,​ ​ចំណីអាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​,​ ​ភេ​ជ្ជៈ​ប៉ូវ​កម្លាំង​ ​ភេជ្ជ​ជៈ​មាន​រសជាតិ​ផ្អែម​ខ្លាំង​ ​កាហ្វេ​ ​ការ៉េម​ ​ទឹក​ស៊ី​រ៉ូ​គ្រប់​ប្រភេទ​,​ ​ស្ករ​សូកូឡា​ ​ស្ករគ្រាប់​ ​និង​ស្ករកៅស៊ូ​គ្រប់​ប្រភេទ​ ​និង​ចាហួយ​គ្រប់​ប្រភេទ​ ​នំ​ដូណាត់​ ​និង​នំ​ផ្អែម​ខ្លាំង​ជាដើម​។​

​លោ​ក​ ​ហង់​ ​ជួន​ណា​រ៉ុន​ ​ក៏បាន​ណែនាំ​ដល់​នាយក​សាលា​ទាំងអស់​ ​ឲ្យ​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​តឹង​រឹង​ ​និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​អាជីវករ​លក់​ទាំងឡាយ​ណា​ ​ដែល​នៅ​បន្ត​ការ​លក់​អាហារ​ទាំង ៦ប្រភេទ​ ​ដែល​ត្រូវ​បាន​ហាមឃាត់​នៅក្នុង​សាលារៀន​។​ ​លោក​ថា​៖​ ​«​នាយក​សាលា​ ​លោកគ្រូ​អ្នកគ្រូ​ ​សិស្សានុសិស្ស​ ​មាតាបិតា​សិស្ស​ ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ត្រូវ​ចូលរួម​ធ្វើ​យ៉ាងណា​ការពារ​សុខភាព​របស់​កូនចៅ​យើង​ ​ដើម្បីឲ្យ​កូនចៅ​យើង​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​»​។​

​នាយក​សាលាបឋមសិក្សា​ព្រះ​នរោត្តម​ ​លោក​ ​មាស​ ​ឆ​ព​ណ្ណ​ ​បាន​មានប្រសាសន៍​ថា​ ​កន្លងមក​ ​សាលារៀន​នេះ​ ​បាន​កោះ​ប្រជុំ​ជាមួយ​អាជីវករ​លក់ដូរ​ចំណីអាហារ​ទាំង​ក្នុង​សាលា​ ​និង​នៅ​ជាប់​របង​សាលា​ ​ជុំវិញ​ការ​ហាម​លក់​អាហារ​ទាំង ៦ប្រភេទ​នោះ​ ​ព្រមទាំង​ធ្លាប់​បាន​ឲ្យ​អាជីវករ​មួយចំនួន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលក់ដូរ​អាហារ​ទាំងនោះ​ផង​ដែរ​។​ ​លោក​ថា​៖​ ​«​យើង​ធ្វើ​នេះ​ ​គឺ​ដើម្បី​គិតគូរ​ពី​សុខភាព​របស់​សិស្ស​ ​ព្រោះ​សិស្ស​ត្រូវ​សិក្សា​នៅក្នុង​សាលារៀន​រយៈពេល ១៦ឆ្នាំ​ ​ក្នុង​នោះ ១២ឆ្នាំ​រៀន​នៅ​កម្រិតមធ្យម​សិក្សា​ ​និង៤ឆ្នាំ​រៀន​នៅ​សកលវិទ្យាល័យ​ ​អីចឹង​បើសិនជា​ពួកគាត់​ទទួលទាន​អាហារ​មិនល្អ​ ​ចាប់តាំងពី​នៅ​កុមារភាព​ទៅ​ ​នោះ​រយៈពេល ១៦ឆ្នាំក្រោយ​ ​អាច​នឹង​ធ្វើឲ្យ​សុខភាព​របស់​ពួកគាត់​ទ្រុឌទ្រោម​តែម្តង​»​។​

​លោក​ មាស​ ​ឆ​ព​ណ្ណ​ ​បាន​បញ្ជាក់​ដែរ​ថា​ ​គណៈ​គ្រប់គ្រង​សាលា​ ​តែងតែ​ពិនិត្យមើល​អគារសិក្សា​ជាប្រចាំ​ ​ហើយ​ក្នុងករណី​ឃើញ​អគារ​មាន​សភាព​ប្រេះ​ ​និង​ចាស់​ទ្រុឌទ្រោម​ ​ខាង​សាលា​បាន​ស្នើសុំ​ទៅ​មន្ត្រី​ផ្នែក​សំណង់​ ​ជួយ​សិក្សា​ ​និង​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស​សំណង់​អគារ​នោះ​ ​ថា​តើ​គួរ​ជួសជុល​ ​ឬ​វាយកម្ទេច​ ​ដើម្បី​សាងសង់​ឡើងវិញ​។​

​កុមារី​ ​រី​ ​ស្រី​ណា​ ​អាយុ១១ឆ្នាំ​ ​រៀន​ថ្នាក់​ទី៦​ ​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម​ ​បាន​និយាយ​ថា​ ​រូប​គាត់​ធ្លាប់​មាន​បញ្ហា​សុខភាព​ ​ក្រោយពី​ទទួលទាន​ចំណីអាហារ​ដែល​មិន​ស្គាល់​ប្រភព​ច្បាស់លាស់​នៅក្នុង​សាលារៀន​។​ ​កុមារី​រូប​នេះ​បាន​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​ធ្លាប់​ពុល​អាហារ​ពីរបី​ដង​ដែរ​ ​ពេលនោះ​ក្អួតចង្អោរ​ ​និង​រាគរូស​ខ្លាំង​ ​ហើយ​ចាប់តាំងពី​ពេលនោះ​មក​ ​ខ្ញុំ​បាន​ព្យាយាម​កាត់បន្ថយ​ញ៉ាំ​ចំណីអាហារ​ផ្តេសផ្តាស​នៅ​សាលារៀន​ ​រួម​ទាំង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង​»​។​

​គួរ​បញ្ជាក់​ថា​ ​ក្រសួង​អប់រំ​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចំនួន៣​ ​បាន​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចំណីអាហារ​នៅ​តាម​គ្រឹះស្ថានសិក្សា​នានា​ទូទាំង​ប្រទេស​ ​ចាប់ពី​ថ្ងៃទី០១​ ​ដល់​ថ្ងៃទី៣១ ខែមករា​នេះ​ ​ដើម្បី​ធានា​ថា​ ​ចំណីអាហារ​នៅក្នុង​សាលារៀន​ ​មិន​មាន​សារធាតុគីមី​ ​មាន​អនាម័យ​ល្អ​ ​និង​ធានា​ថា​សិស្សានុសិស្ស​ ​មិន​ទទួលរង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​ចំណីអាហារ​នៅក្នុង​សាលារៀន​ទូទាំង​ប្រទេស​ ​ជាពិសេស​សាលារៀន​នៅ​តាម​បណ្តា​ខេត្ត​នានា​ ​និង​តំបន់​ដាច់ស្រយាល​៕​

Related Posts

Previous Article

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ផ្អាក​សំណង់​អគារ​រោងចក្រ​របស់​ចិន​ដោយសារ​សង់​មិន​ស្របតាម​បច្ចេកទេស​

Next Article

កុមារី៦ឆ្នាំ​ ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ស្វាយរៀង​ ​បន្ទាប់ពី​ឪម៉ាល់​ទិច​