ana-air canadia-bank Silk-air nissan acleda cab-bank

ការ​ថតរូប​ និង​សិល្បៈ​នៃ​ការសង្កេត​មើល​ពី​ទិដ្ឋភាព​ជីវិត​

សំ កន្និកា / Khmer Times No Comments Share:

ចំពោះ​ វ៉ា​ សុវណ្ណ​ពង្ស​ ការ​ថតរូប​ គឺជា​សិល្បៈ​នៃ​ការសង្កេត​មួយ​បែប​ ដែល​អាច​ឱ្យ​យើង​ផ្អាក​ពេលវេលា​ដើម្បី​ពិនិត្យមើល​ឱ្យ​ស៊ីជម្រៅ​ ទៅលើ​អារម្មណ៍​លាក់​ទុក​ មនោសញ្ចេតនា​ និង​រឿងរ៉ាវ​ជាច្រើន​របស់​មនុស្ស​ ដែល​ពិបាក​នឹង​ពិពណ៌នា​បាន​។ នេះ​មានន័យថា​ គ្រប់​ទិដ្ឋភាព​ទាំងអស់​ដែល​កើតឡើង​នៅក្នុង​លោក​នេះ​ សុទ្ធតែ​អាច​គ្របដណ្ដប់​ដោយ​សិល្បៈ​នៃ​ការ​ថតរូប​។

បើ​ត្រឡប់ទៅ​កាលពី​ ៥ ឆ្នាំ​កន្លងទៅ​ ចំពោះ​ សុវណ្ណ​ពង្ស​ ការ​ថតរូប​ គឺ​ហាក់ដូចជា​រឿង​ដ៏​សាមញ្ញ​មួយ​ ដែល​គាត់​មិនដែល​នឹកស្មាន​ដល់​ថា​ នៅ​ថ្ងៃ​អនាគត​ ជំនាញ​នៃ​ការ​ថតរូប​ នឹង​ក្លាយជា​គោលដៅ​នៃ​សុ​បិន្តរបស់​គាត់។ ការ​ចាប់ផ្តើម​ថតរូប​លើកដំបូង​របស់​ សុវណ្ណ​ពង្ស​ គឺ​ចាប់ផ្ដើម​នៅពេល​ដែល​គាត់​រៀន​ថ្នាក់​ទី​ ១១​។ រូបថត​លើកដំបូង​របស់​គាត់​ គឺ​ថត​ដោយ​កាមេរ៉ា​របស់​ទូរសព្ទ​ iPhone​ ដែល​កាលនោះ​ សុវណ្ណ​ពង្ស​ មិនដែល​នឹកស្មាន​ដល់​ថា​ ការ​ថតរូប​កម្សាន្ត​ ​តាម​ទូរសព្ទ​ដូចនេះ​នឹងអាច​ស្វែងរក​ទេពកោសល្យ​របស់​ខ្លួន​នៅក្នុង​វិស័យ​ថតរូប​នេះនោះ​ទេ​។ ខណៈ​ពេល​ដែល​ សុវណ្ណ​ពង្ស​ ចាប់ផ្ដើម​ដឹងពី​ទេពកោសល្យ​របស់​ខ្លួន​ គាត់​បាន​បង្កើត​ទម្លាប់​ថតរូប​គ្រប់​ទីកន្លែង​រួច​ទៅ​ហើយ​។ នៅ​គ្រប់​ដំណើរ​ជីវិត​ដែល​គាត់​ដើរ​ និង​ផ្លូវ​ដែល​គាត់​ទៅ​ មាន​របស់​ម្យ៉ាង​ដែល​គាត់​តែងតែ​យក​ទៅជាមួយ​ជានិច្ច​នោះ​ គឺ​ម៉ាស៊ីនថតរូប​របស់​គាត់​។

Petri​ MF​-101A​ គឺជា​ម៉ាស៊ីនថតរូប​ជប៉ុន​មួយ​គ្រឿង​ដំបូងបង្អស់​ដែរ​ សុវណ្ណ​ពង្ស​ បាន​ទិញ​សម្រាប់​ខ្លួនឯង​។ ភ្នែកស​ម្លឹង​រក​មុំ​ដែល​ល្អ​ ដៃ​កាន់ជាប់​ចាំ​ចុច​ប៉ូ​តុង​ សុវណ្ណ​ពង្ស​ មិនដែល​គិតថា​ ម៉ាស៊ីនថតរូប​របស់​ខ្លួន​មួយ​នេះ​ មាន​សមត្ថភាព​អន់​ជាង​ The​ PowerShot​ of​ Cannon​ ឡើយ​។ ​

សុវណ្ណ​ពង្ស​ និយាយ​ថា​៖ «ដើម្បី​ថតរូប​ឱ្យ​ស្អាត​ មាន​កាមេរ៉ា​ល្អ​មួយ​គ្រឿង​ វា​មិន​គ្រប់គ្រាន់​នោះ​ទេ​ អ្នក​ត្រូវ​ចេះ​ពី​ក្បួនខ្នាត​នៃ​ការ​ថតរូប​ យល់ដឹង​បរិយាកាស​ជុំវិញ​ខ្លួន​ ហើយ​បញ្ចូល​អារម្មណ៍​របស់​អ្នក​ ទៅ​ក្នុង​តថភាព​ពិត​នោះ​»។

រូបភាព​ អាច​ពិពណ៌នា​បាន​រឿងរ៉ាវ​ជាច្រើន​ ដែល​ពេលខ្លះ​ ក៏អាច​ចាត់ទុក​បាន​ថា​ជា​ សិល្បៈ​ក្នុង​ការ​បរិយាយ​ពី​ខ្លួនឯង​ ឬទិដ្ឋភាព​ក្នុង​សង្គម​ផង​ដែរ​។ តាមរយៈ​រូបភាព​ យើង​ក៏អាច​យល់​ពី​អារម្មណ៍​របស់​អ្នកថតរូប​ និង​សារ​ដែល​គាត់​ព្យាយាម​និយាយ​តាមរយៈ​រូបថត​នី​មួយ​ៗដែល​គាត់​បាន​ថត​។

សុវណ្ណ​ពង្ស​ និយាយ​ថា​៖ «មាន​ពេល​ជាច្រើន​ដែល​យើង​មិន​អាច​នឹកឃើញ​រក​ពាក្យ​ពេជ​ន៍​គ្រប់ជ្រុងជ្រោយ​មក​រៀបរាប់​ពី​រឿងរ៉ាវ​មួយ​ឡើយ​ ពេលនេះ​ហើយដែល​រូបភាព​ អាច​ចូល​មក​បំពេញ​ចន្លោះ​នោះ​បាន​ ដោយសារតែ​ពេលខ្លះ​ រូបភាព​អាច​ធ្វើជា​កញ្ចក់​ ឆ្លុះបញ្ចាំង​ពី​អារម្មណ៍​របស់​យើង​»។

សុវណ្ណ​ពង្ស​បន្ត​ថា​ ​ពេលខ្លះ​យើង​អាច​ឃើញ​បាន​ថា​ អ្នកថតរូប​ជាច្រើន​បាន​ប្រមូលគ្នា​ផ្តិត​យក​រូបភាព​ពី​ទិដ្ឋភាព​តែមួយ​ ទោះ​យ៉ាងនេះ​ក្ដី​រូបថត​នី​មួយ​ៗ ដែល​ត្រូវ​បាន​ថត​ បាន​បង្កើត​ឡើងជា​រូប​ភាព​ផ្សេង​ៗគ្នា​ ទៅតាម​រយៈ​ការយល់ឃើញ​និង​មនោសញ្ចេតនា​របស់​អ្នកថតរូប​។
សិល្បៈ​នៃ​ការ​ថតរូប​របស់​ សុវណ្ណ​ពង្ស​ គឺ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រចនាបថ​ landscape​ និង​ Minimalist​ ដែល​ជា​រឿយ​ៗ គាត់​ថត​ទម្រង់​នេះ​នៅក្នុង​ទិដ្ឋភាព​ធម្មជាតិ​ និង​បរិយាកាស​ជុំវិញ​ខ្លួន​។

 

លោក​បាន​និយាយ​ថា​៖ «ខ្ញុំ​ចូលចិត្ត​ចាប់​យក​រូបភាព​ពេលវេលា​នៃ​ធម្មជាតិ​ព្រោះ​វា​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ការ​មើលឃើញ​ភាព​ស្រស់​ស្អាត​នៃ​ពិភពលោក​»។

«ជា​ធម្មតា​ការ​ថតរូប​របស់ខ្ញុំ​គឺ​ថត​ក្នុង​រចនាបថ​ ស្រគត់ស្រគំ​ ជាមួយនឹង​ទេសភាព​ពិត​ ព្រោះ​រូប​របៀប​នេះ​វា​ឆ្លុះបញ្ចាំង​ពីអ​អត្តសញ្ញាណ​ប្លែក​មួយ​របស់​ខ្លួនឯង​»។

អស់​រយៈពេល​ ៥ ឆ្នាំ​ហើយដែល​ សុវណ្ណ​ពង្ស​ បាន​លះបង់​ពេលវេលា​ច្រើន​ទៅលើ​វិស័យ​ថតរូប​។ អ្នកថតរូប​វ័យក្មេង​រូប​នេះ​បាន​បន្ត​ថា​ លោក​កំពុងតែ​បណ្ដុះបណ្ដាល​ទេពកោសល្យ​ពី​ធម្មជាតិ​របស់​គាត់​ឱ្យ​ក្លាយជា​ជំនាញ​ផ្ទាល់ខ្លួន​មួយ​ ដែល​លោក​សង្ឃឹមថា​ថ្ងៃណាមួយ​លោក​នឹង​ក្លាយជា​អ្នកថតរូប​ដែល​នាំ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ឲ្យ​ពិភពលោក​បាន​ស្គាល់​។ ជំនាញ​វិជ្ជាជីវៈ​និង​ការ​ទទួលស្គាល់​របស់​លោក​ត្រូវ​បាន​គេ​ ដាក់​ឱ្យ​ ​ស្ថិតនៅ​ក្នុងចំណោម​អ្នកថតរូប​វ័យក្មេង​ជាងគេ​នៅក្នុង​ប្រទេស​។ ជា​ធម្មតា​ សុវណ្ណ​ពង្ស​ តែងតែ​បង្កើត​ជំនាញ​របស់​ខ្លួន​តាមរយៈ​ថតរូប​នៅក្នុង​ព្រឹត្តិ​ការណ៍​សង្គម​នានា​ដែល​ខ្លួន​ធ្វើឡើង​តាមរយៈ​ សកម្មភាព​នៃ​ការ​ស្ម័គ្រចិត្ត​។ រូបថត​របស់​លោក​ក៏​ត្រូវ​បាន​គេ​យក​ទៅ​តាំងពិព័រណ៍​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះទេ​ ថែមទាំង​នៅ​ខាងក្រៅ​ប្រទេស​ផង​ដែរ​ ដែល​ធ្វើឡើង​ដើម្បី​តំណាង​ឱ្យ​ការ​ថតរូប​ដែល​ល្អ​បំផុត​ពី​ប្រទេស​នី​មួយ​ៗ។ ស្នាដៃ​របស់​គាត់​ក៏​ត្រូវ​បាន​ដាក់​ចូលរួម​ក្នុង​ការ​តាំងពិព័រណ៍​មួយ​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ប្រេស៊ីល​៕

Related Posts

Previous Article

រដ្ឋាភិបាល​ចង់​ឲ្យ​អ្នក​អភិវឌ្ឍន៍ ​សាងសង់​ផ្ទះ​តំលៃ​សមរម្យ​បន្ថែម​ទៀត​

Next Article

Scholarships