cellcard cellcard

ជីវិត​ផ្សា​ភ្ជាប់នឹង​របាំ​ព្រះ​រាជ្យទ្រព្យ​នៃ​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​

​តាំង​ ​រី​និត្យ​ / Khmer Times Share:
bopha devi

​កាលពី​សប្តាហ៍​មុន​ ​ប្រទេស​ និង​ប្រជាជន​កម្ពុជា​មានទុក្ខ​យ៉ាង​ក្រៀមក្រំ​ ​ដោយសារតែ​សម្ដេច​រាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម​ ​៧៦ព្រះវស្សា​ ​នា​វេលា​ម៉ោង​ ​១២​:​៣០​ ​នាទី​ ​ថ្ងៃទី១៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ ​ដោយ​ព្រះ​រោគាពាធ​។​ ​ការ​បាត់​ព្រះ​កាយ​នៃ​ព្រះនាង​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​ការបាត់បង់​ដ៏​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា​ ​ជាពិសេស​ចំពោះ​វិស័យ​របាំ​បុរាណ​ ​ដែល​ទ្រង់​បាន​បូជា​ព្រះ​ពលំ​សឹង​មួយ​ជីវិត​ដើម្បី​​ថែរក្សា​ ​ការពារ​ ​និង​លើកស្ទួយ​ទាំង​ក្នុង​ក្រម​ខណ្ឌ​ជាតិ​ ​និង​អន្តរជាតិ​។​ ​ទ្រង់​គឺជា​បុគ្គល​ដែល​បាន​ជួយ​ឲ្យ​រស់​ឡើងវិញ​នៃ​របាំ​អប្សរា​ ​បន្ទាប់ពី​របប​ខ្មែរក្រហម​ស្ទើរតែ​ធ្វើឲ្យ​របាំ​នេះ​បាត់បង់​ ​បន្ថែម​ទៅលើ​ស្នា​ព្រះ​ហស្ថ​ជាច្រើន​ទៀត​ចំពោះ​ប្រទេស​កម្ពុជា​។​ ​ជា​ការ​ថ្វាយព្រះ​កិត្តិយស​ចំពោះ​ក្សត្រី​បុប្ផា​ទេវី​ ​កាសែត​ខ្មែ​រថា​មស៍​សូម​ជូន​នូវ​អត្ថបទ​មួយ​ស្តី​ពី​ដំណើរ​ជីវិត​របស់​ទ្រង់​ក៏​ដូច​ការ​ចងចាំ​និង​ក្តី​អាល័យ​របស់​ព្រះរាជ​វង្ស​និង​មិត្តភក្តិ​របស់​ទ្រង់​។​ ​

​នៅ​ល្ងាច​មួយ​នៅ​ខែកញ្ញា​ ​ឆ្នាំ​ ​២០០៦​។​ ​នៅ​លើ​ឆាក​នៃ​សាល​មហោស្រព​ដ៏​ធំ​មួយ​នាទី​ក្រុង​ប្រាក​នៃ​សាធារណរដ្ឋ​ឆែក​ ​នាដការី​របាំ​ព្រះរាជទ្រព្យ​ពីរ​រូប​កំពុងតែ​សម្តែង​របាំ​មនី​មេខលា​ ​ជា​របាំ​ប្រពៃណី​មួយ​ផ្អែក​ទៅលើ​ទេវកថា​អំពី​ដើមកំណើត​នៃ​រន្ទះ​។​ ​ការ​សម្តែង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ព្រះ​រាជ្យ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សីហ​មុនី​ ​ដែល​ទ្រង់​ទើបនឹង​ឡើង​គ្រងរាជ្យ​ ​មកកាន់​សាធារណរដ្ឋ​ឆែក​។​ ​

​នេះ​គឺ​លើកទីមួយ​ដែល​ ​ចាប​ ​ចំរើន​តុលា​ ​ជា​នាដការី​ម្នាក់​ក្នុងចំណោម​នាដការី​ទាំងពីរ​រូប​ដែល​កំពុងតែ​សម្តែង​នៅ​លើ​ឆាក​ ​និង​កំពុងតែ​សម្តែង​ជា​តួ​ទេព​ធី​តាម​នី​មេខលា​ ​ទទួល​បាន​ឱកាស​ចេញ​មក​សម្តែង​នៅ​លើ​បរទេស​។​ ​នាង​រាំ​ដោយ​កាយវិការ​ទន់ភ្លន់​សុភាពរាបសារ​ ​ជាមួយនឹង​មោទនភាព​ដ៏​ធំធេង​ ​ជាពិសេស​ដោយសារតែ​នាង​កំពុងតែ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ហ្វឹកហាត់​នៅចំពោះមុខ​គ្រូ​របស់​នាង​គឺ​ ​

​សម្តេច​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ជានា​យក​ក្រុមរបាំ​ព្រះ​រាជ្យទ្រព្យ​នៃ​ប្រទេស​​កម្ពុជា​ ​ដែល​កំពុងតែ​គង់នៅ​កៅអី​កិត្តិយស​ជួរមុខ​។​ ​

bopha devi
A 1965 photo of Princess Norodom Buppha Devi. Supplied

​តុលា​ ​ដែល​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្ទាល់​ព្រះ​ហស្ថ​របស់​​ ​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ពី​ថ្នាក់​របស់​នាង​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​តែងតែ​ចង់​ក្លាយជា​នាដការី​ដ៏បវរ​មួយ​រូប​ដូច​គ្រូ​របស់​នាង​ដែរ​។​ ​នាង​មិនដែល​បានឃើញ​ទ្រង់​សម្តែង​ផ្ទាល់​ទេ​ ​តែ​នាង​បាន​មើល​ខ្សែអាត់​វីដេអូ​ចាស់​ៗ​នៃ​ការ​សម្តែង​របាំ​របស់​ក្សត្រី​។​

​តុលា​ ​បាន​និយាយ​ថា​៖​ ​«​អ្នកម៉ែ​ ​(​សម្តេច​ព្រះរៀម​ ​តែងតែ​ឲ្យ​កូនសិស្ស​ទ្រង់​ហៅ​ទ្រង់​ថា​«​ម៉ែ​»​)​ ​ទាំង​ស្អាត​ទាំង​ពូកែ​ ​ជាពិសេស​ខាង​របាំ​។​ ​ម៉ែ​រាំ​ដោយ​ចេញពី​ក្តី​ស្រលាញ់​ពិ​តៗ​»​។​

​បន្ទាប់ពី​ការ​សម្តែង​របស់​នាង​នៅ​សាធារណរដ្ឋ​ឆែក​មក​ ​តុលា​បាន​ធ្វើដំណើរ​ជាមួយនឹង​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​ទៅ​សម្តែង​នៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ ​ដូចជា​សហរដ្ឋអាមេរិក​ ​បារាំង​ ​និង​ហុង​ ​កុង​ ​ជាដើម​។​ ​តុលា​ពេញចិត្ត​នឹង​ការសិក្សា​ក្រេប​យក​ជំនាញ​ពី​សម្តេច​ព្រះរៀម​ ​ប៉ុន្តែ​នៅ​ថ្ងៃមួយ​ ​វា​បាន​មកដល់​ទី​បញ្ចប់​។​ ​

​នៅពេល​ថ្ងៃត្រង់​ ​កាលពី​ថ្ងៃច័ន្ទ​សប្តាហ៍​មុន​ ​តុលា​ និង​នាដការី​របាំ​ព្រះរាជទ្រព្យ​ដទៃទៀត​បាន​ទទួល​ពី​ដំណឹង​សោយ​ព្រះ​ពិរាល័យ​នៃ​គ្រូ​របស់​ពួកគេ​នៅ​ក្រុង​បាងកក​។​គ្រប់គ្នា​បាន​ទ្រហោយំ​ចំពោះ​ដំណឹង​អកុសល​នេះ​ ​ហើយ​ពួកគេ​ទៅជា​ទន់ដៃទន់ជើង​ ​ធ្វើអ្វី​លែងកើត​។​ ​ស្រ្តី​ម្នាក់​ដែល​ផ្តល់​ទំព័រ​ថ្មី​ទៅដល់​ជីវិត​របស់​ពួកគេ​ ​និង​ស្រលាញ់​ពួកគេ​ដូចជា​កូនចៅ​របស់​ខ្លួន​ ​លែង​បាន​នៅជា​មួយ​ពួកគេ​ទៀតហើយ​។​ ​

តុលា​និយាយ​៖​ ​«​ទ្រង់​គឺជា​គ្រូ​ដ៏​ល្អ​ ​ឬ​លើស​ពី​គ្រូ​របស់​យើង​ទៀតផង​។​ ​ទ្រង់​មិន​ត្រឹមតែ​បាន​បង្ហាត់​របាំ​ព្រះ​រាជ្យទ្រព្យ​ដល់​យើង​នោះ​ទេ​ ​គឺ​ថែមទាំង​មើលថែ​ទាំ​ពួក​យើង​ ​និង​គិតគូរ​ពី​ជីវភាព​របស់​យើង​ថែមទៀត​ផង​»​។​

​នាង​បន្ត​ថា​៖​«​សម្រាប់​យើង​ ​ការបាត់បង់​ទ្រង់​គឺជា​ការបាត់បង់​ម្តាយ​ជាទី​ស្រលាញ់​ ​តែ​សម្រាប់​ប្រទេសជាតិ​ទាំងមូល​ ​វា​គឺជា​ការបាត់បង់​អ្នក​ទ្រទ្រង់​ដ៏​ធំ​បំផុត​មួយ​នៃ​សិល្បៈ​ប្រពៃណី​ខ្មែរ​»​។​ ​

​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ ​តេ​សូ​ ​ជា​ព្រះរាជ​សាលោហិត​មួយ​ព្រះអង្គ​ដែល​បាន​បញ្ជាក់​​ពី​ការ​សោយ​ព្រះ​ពិរាល័យ​របស់​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ ​បាន​អោយ​ដឹង​ថា​ ​សេចក្តី​ស្រឡាញ់​របស់​ព្រះនាង​ចំពោះ​សិល្បៈ​និង​អ្នក​សិល្បៈ​បុរាណ​មាន​ភាព​ល្បីល្បាញ​ណាស់​។​ ​តាមពិត​ទៅ​ ​ទ្រង់​បាន​លះបង់​ព្រះ​កាយពល​ពេញ​មួយ​ជីវិត​ដើម្បី​បុព្វហេតុ​នេះ​។​

​ព្រះអង្គ​ម្ចាស់​តេ​សូ​បាន​មាន​បន្ទូល​ថា​៖​ ​«​ទ្រង់​នឿយ​ព្រះ​កាយ​ណាស់​ ​ហើយ​ព្រះរាជ​សុខភាព​របស់​ទ្រង់​ខ្សោយ​ ​ព្រមទាំង​មាន​ព្រះរោគ​ទៀតផង​ ​ប៉ុន្តែ​ទ្រង់​មិនដែល​មាន​សុ​វនីយ៍​ប្រាប់​យើង​ថា​ ​ទ្រង់​មិន​ស្រួល​ព្រះ​កាយ​នោះ​ទេ​ ​។​ ​ទ្រង់​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាងកក​ ​ប៉ុន្តែ​វា​យឺត​ពេល​ដើម្បី​ជួយសង្គ្រោះ​ទ្រង់​ទៅ​ហើយ​។​»​

​ព្រះអង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​រាវី​វិត​ហាណា​ ​មុនី​ពង្ស​ ​ជាស​មា​ជិ​ក​រាជវង្ស​មួយ​អង្គ​ទៀត​បាន​ហៅ​ការ​សោយ​ទី​វង្គ​ត់​របស់​សម្តេច​ព្រះរៀម​ថា​ជា​ ​«​ការបាត់បង់​ស្រ្តី​ដ៏បវរ​មួយ​រូប​ដែល​ជាច្រើន​ទសវត្ស​ន៍​ត្រូវ​បាន​គេ​ចាត់ទុកជា​តំណាង​នៃ​ភាព​សមសួន​របស់​​ទេព​អប្សរា​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​។​ ​

​ព្រះអង្គ​បាន​មាន​បន្ទូល​ថា​៖​ ​«​និយាយ​ឲ្យ​ខ្លី​ ​ទ្រង់​ ​(​សម្តេច​ព្រះរៀម​)​ ​គឺជា​មូល​រូប​នៃ​ភាពជា​ស្រ្តី​ក្នុង​កម្រិតខ្ពស់​បំផុត​»​។​ ​

Princess Norodom Buppha Devi, the eldest daughter of Late King Father Norodom
Sihanouk, died on Monday afternoon in a hospital in Bangkok. She was 76. Supplied

​ជា​ក្សត្រី​របស់​ប្រជាជន​
សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​ត្រូវ​បា​នប្រ​សូត្រ​នៅ​ឆ្នាំ​ ​១៩៤៣​។​ ​ទ្រង់​ជា​បុត្រី​ច្បង​របស់​អតីត​ព្រះមហាក្សត្រ​ ​ព្រះបាទ​នរោត្តម​ ​សីហនុ​ ​និង​អ្នកម្នាង​ ​ផាត់​ ​កា​ញ៉ុល​ ​ដែល​ក៏​ជា​ជា​នាដការី​មួយ​រូប​ ​នៃ​របាំ​ព្រះរាជទ្រព្យ​ផង​ដែរ​។​ ​ព្រះនាម​របស់​ទ្រង់​ ​ប្រែ​មក​ពី​ភាសាបាលី​មាន​ ​ន័យ​ ​«​ទេពធីតា​នៃ​ផ្កា​»​។​ ​ទ្រង់​គឺជា​ព្រះរៀម​បង្កើត​របស់​អ្នកអង្គម្ចាស់​នរោត្តម​ ​រណឫទ្ធិ​ ​ព្រះប្រធាន​គណ​បក្ស​ហ្វុ​ន​ស៊ីន​ប៉ិច​ ​និង​ជា​ព្រះរៀម​បង្កើត​មាតា​ទីទៃ​ ​នៃ​ព្រះបាទ​ ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​នៃ​ប្រទេស​កម្ពុជា​។​ ​

​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​បាន​ចូល​ហាត់​របាំ​ចាប់តាំងពី​ព្រះជន្ម​ ​៥ព្រះវស្សា​ ​ក្រោម​ការណែនាំ​របស់​ព្រះ​មហាក្សត្រី​យា​នី​ ​ស៊ីសុវត្ថិ​ ​កុស​មៈ​ ​ដែល​ជា​ព្រះ​អយ្យកា​ហើយ​តែងតែ​ទទួល​បានការ​ទំនុកបម្រុង​ ​និង​មើលថែ​រក្សា​អំពី​ការហាត់​របាំ​ពីសំណាក់​សាស្រ្តា​ចារ្យ​ចំណាន​ ​នៃ​រជ្ជកាល​ក្សត្រ​ជំ​នាន់​មុន​ៗ​។​

​លោក​ព្រឹទ្ធា​ចារ្យ​ ​ព្រឿង​ ​ឈាង​ ​វ័យ​ ​៧០​ ​ឆ្នាំ​ជាសាកល​វិទ្យា​ធិការ​ចូលនិវត្តន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៅ​ទីក្រុង​ភ្នំពេញ​និង​ជា​អតីត​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​នាថ​កម្ម​ ​បាន​ចំណាយពេល​វេលា​កុមារភាព​និង​យុវភាព​របស់​លោក​នៅ​ឯ​ព្រះបរមរាជវាំង​សិក្សា​ ​ដើម្បី​សិក្សា​របាំ​បុរាណ​ពី​សំណាក​ជីដូន​របស់​លោក​ដែល​ជា​គ្រូរបាំ​ព្រះ​រាជ្យទ្រព្យ​។​ ​លោក​ព្រឿង​ ​ឈាង​ ​ដែល​បាន​ចងមិត្ត​ភាពជា​មួយ​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​ព្រមទាំង​បាន​សម្តែង​ម្តងម្កាល​ជាមួយ​ទ្រង់​ ​និង​ក្រោយមក​ធ្វើការ​ជាមួយ​សម្តេច​ព្រះរៀម​ដើម្បី​ថែរក្សា​របាំ​ព្រះរាជទ្រព្យ​ចងចាំ​ទ្រង់​ថា​ជា​ ​«​ក្សត្រី​ក្មេង​មួយ​អង្គ​ដ៏​សុភាព​រាបសា​និង​រួសរាយ​»​ ​ក៏ប៉ុន្តែ​តែងតែ​ចង់​ដឹង​ចង់​លឺ​ ​ជាពិសេស​នៅ​ទាក់​ទង់​នឹង​របាំ​។​

​លោក​និយាយ​ថា​៖​ ​«​តួ​ធំ​របស់​លោក​គឺ​ ​លោក​រាំ​ជា​តួ​ស្រី​ទេ​ ​ប៉ុន្តែ​លោក​ហាត់​គ្រប់​​តួ​ ​មិនថា​តួយក្ស​ ​ឬ​តួ​ស្វា​ទេ​។​ ​លោកពូ​កែ​រាំ​ណាស់​ ​រហូតដល់​ ​លោក​ ​ឆេង​ ​ផុន​ ​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​លាន់មាត់​ថា​ ​លោក​រាំ​ដោយ​គ្មាន​ជំពាក់​នរណា​ ​ហើយ​ដូច​ទេពធីតា​ដែល​មាននៅ​ក្នុង​ព្រះនាម​របស់​លោក​អ៊ីចឹង​»​។​ ​

​លោក​ព្រឹទ្ធា​ចារ្យ​ ​ព្រឿង​ ​ឈាង​បន្ថែម​ថា​៖​ ​«​ប៉ុន្តែ​លោក​តែងតែ​ដាក់ខ្លួន​ ​ហើយ​គ្រប់គ្នា​នៅក្នុង​វាំង​ស្រលាញ់​លោក​ណាស់​»​។​ ​

​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​បាន​ក្លាយជា​នាដការី​ឯក​នៃ​ក្រុមរបាំ​ព្រះ​រាជ្យទ្រព្យ​ ​ក្នុង​ព្រះជន្ម​ ​១៥​ ​ព្រះវស្សា​ ​និង​បាន​ទទួល​ងារ​ជា​ ​«​នាដ​ការ​ឯក​»​ ​(​Prima​ ​Ballerina​)​ក្នុង​ព្រះជន្ម​ ​១៨​ ​ព្រះវស្សា​។​ ​ក្រោយមក​ ​សម្តេច​ព្រះរៀម​បាន​យាង​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ជាមួយនឹង​ព្រះ​មហាក្សត្រី​យា​នី​ ​ស៊ីសុវត្ថិ​ ​កុស​មៈ​ ​និង​ព្រះរាជ​បិតា​ ​សម្តេច​នរោត្តម​ ​សីហនុ​ ​ដើម្បី​ធ្វើការ​សម្តែង​នៅចំពោះមុខ​ទស្សនិកជន​អន្តរជាតិ​។​ ​នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ ​ដោយសារ​កាលពី​អតីតកាល​ ​របាំ​ព្រះ​រាជ្យទ្រព្យ​ត្រូវ​បាន​គេ​សម្តែង​ដើម្បី​សុំ​ពរជ័យ​ពីអ​តី​ត​ព្រះរាជ​វង្ស​ដែល​បាន​សោយ​ទី​វង្គ​ត់​ ​និង​បួងសួង​ដល់​ព្រះជាម្ចាស់​តែប៉ុណ្ណោះ​ ​ហើយ​មានតែ​ខ្សែ​រាជវង្ស​ទេ​ដែល​អាច​ទត​របាំ​នេះ​បាន​។​ ​

bopha devi
The Princess, like her father King Norodom Sihanouk, is a huge supporter of Cambodian classic arts. Supplied

នៅ​ឆ្នាំ​ ​១៩៦៤​ ​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​បាន​ទទួលជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដោយ​ការ​សម្តែង​របស់​ទ្រង់​ត្រូវ​បាន​ស្ញើច​សរសើរ​ដោយ​ទស្សនិកជន​ជាតិបារាំង​នៅ​សាល​មហោស្រព​ ​Opera​ ​de​ ​Paris​ ​នៅ​អំ​ឡុង​ទស្ស​កិច្ច​របស់​ព្រះរាជ​បិតា​ទ្រង់​នៅ​ប្រទេស​បារាំង​។​ ​សម្តេច​ព្រះរៀម​បាន​មាន​ព្រះ​សុ​វនីយ៍​ទៅ​សារព័ត៌មាន​ ​South​ ​China​ ​Morning​ ​Post​ ​កាលពី​ឆ្នាំ​ ​២០១៧​ ​ថា​៖​ ​«​នៅពេល​ដែល​បិតា​នៃ​ខ្ញុំ​ទ្រង់​យាង​ទៅបរទេស​ ​ទ្រង់​តែងតែ​ចង់​បង្ហាញ​អ្វី​ដែល​ជា​របស់​ខ្មែរ​ ​ដូច្នេះហើយ​ទ្រង់​តែងតែ​នាំ​ក្រុមរបាំ​ព្រះរាជទ្រព្យ​ទៅជាមួយ​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​»​។​ ​

​នៅ​អំឡុង​ទសវត្ស​ន៍​ទី​ ​៧០​ ​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​បាន​ស្នង​ដំណែង​ព្រះ​អយ្យិកា​ជា​នាយិកា​ក្រុមរបាំ​ព្រះ​រាជ្យទ្រព្យ​ ​និង​បន្ត​បង្ហាត់​បង្រៀន​ក្មេង​ៗ​ជំនាន់​ក្រោយ​។​ ​ក៏ប៉ុន្តែ​ ​នៅពេល​ដែល​ខ្មែរក្រហម​ឡើង​កាន់អំណាច​នៅ​ឆ្នាំ​ ​១៩៧៥​ ​សម្តេច​ព្រះរៀម​បាន​ភៀស​ព្រះ​កាយ​ទៅ​ប្រទេស​បារាំង​។​ ​បើ​ទោះបីជា​ត្រូវ​ឃ្លាតពី​មាតុប្រទេស​ក៏ដោយ​ក្តី​ ​ក៏​ទ្រង់​នៅតែ​ខិតខំ​ប្រឹងប្រែង​ថែរក្សា​របាំ​ព្រះ​រាជ្យទ្រព្យ​ដដែល​។​ ​

​លោក​ព្រឹទ្ធា​ចារ្យ​ ​ព្រឿង​ ​ឈាង​ ​ជា​អតីត​សហការី​របស់​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​បាន​ឲ្យដឹង​ថា​៖​ ​«​សម្តេច​ព្រះរៀម​នៅតែ​បន្ត​បង្ហាត់បង្រៀន​របាំ​ព្រះ​រាជ្យទ្រព្យ​ទៅ​ជនជាតិ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​បារាំង​ ​ហើយ​ទ្រង់​ថែមទាំង​បាន​ទៅ​បង្រៀន​ក្មេង​ៗ​នៅ​ជំរុំ​ជនភៀសខ្លួន​សាយ​ធូ​នៅ​ប្រទេស​ថៃ​ផង​ដែរ​»​។​ ​លោក​បន្ត​ថា​៖​ ​«​នេះ​គឺជា​លក្ខណៈ​ពិសេស​មួយ​របស់​លោក​។​ ​លោក​អាច​បង្ហាត់បង្រៀន​គេ​ឲ្យ​រាំ​របាំ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​»​។​ ​

​បន្ទាប់ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​ ​១៩៩១​ ​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​បាន​យាង​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​។​ ​ទ្រង់​បាន​ចូលនិវត្តន៍​ពី​អាជីព​ជា​នាដការី​របាំ​ ​ហើយ​ផ្តោត​ទៅលើ​ការងារ​រាជការ​ដើម្បី​បម្រើ​ប្រទេសជាតិ​ ​ហើយ​លោក​បាន​កាន់​តំណែង​ធំៗ​មួយចំនួន​នៅក្នុង​រដ្ឋាភិបាល​ក្នុង​

bopha devi

​រយៈពេល​ ​២០​ ​ឆ្នាំ​តទៅមុខ​។​ ​នៅពេល​ដែល​សម្តេច​ព្រះរៀម​កាន់មុខងារ​ជារ​ដ្ឋ​មន្រ្តី​ក្រសួងវប្បធម៌​ ​(​ពីឆ្នាំ១៩៩៨​ ​ដល់​ឆ្នាំ​ ​២០០៤​)​ ​ទ្រង់​បាន​ទទួលជោគជ័យ​យ៉ាង​ធំធេង​គឺ​ ​ការ​ការ​នាំឲ្យ​ ​មានការ​ ​បញ្ចូល​របាំ​ព្រះរាជទ្រព្យ​ ​ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​ ​អរូបី​នៃ​មនុស្សជាតិ​ ​នៅ​អង្គការ​យូ​ណេស្កូ​ ​នៅ​ថ្ងៃទី៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០០៣​។​ ​

​ទោះបីជា​ចូល​មកដល់​វ័យ​ខ្ទង់​ ​៧០​ ​ព្រះវស្សា​ក៏ដោយ​ក្តី​ ​ក៏​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​នៅតែ​បន្ត​រៀបចំ​ការ​សម្តែង​របាំ​ព្រះ​រាជ្យទ្រព្យ​នៅ​កម្ពុជា​និង​នៅ​លើឆាកអន្តរជាតិ​។​ ​ទ្រង់​ក៏​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ការ​ច្នៃ​បង្កើត​ថ្មី​របស់​លោក​ ​មានការ​តែងរឿង​ថ្មី​សម្រាប់​រាំ​ជាដើម​។​ ​

​លោក​ ​Alessandro​ ​Marazzi​-​Sassoon​ ​ជា​អ្នកកាសែត​ផ្នែក​សិល្បៈ​មួយ​រូប​ដែល​បាន​ជួប​សម្ភាសន៍​សម្តេច​ព្រះរៀម​នៅពេល​ដែល​ទ្រង់​បាន​នាំ​ក្រុមរបាំ​ព្រះរាជទ្រព្យ​ទៅ​សម្តែង​នៅ​ក្រុង​ហុងកុង​ជាលើកដំបូង​បាន​និយាយ​ថា​៖​ ​«​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​របាំ​ខ្មែរ​គឺ​ ​ធំធេង​ខ្លាំងពេក​មិន​អាច​ប៉ាន់ប្រមាណ​បាន​ឡើយ​។​»​

​លោក​បន្ត​ថា​៖​ ​«​ទ្រង់​បាន​មាន​សុ​វនីយ៍​ប្រាប់​ខ្ញុំ​ថា​ ​របាំ​របស់​ទ្រង់​មាន​លក្ខណៈ​ជា​សកល​។​ ​ទោះបីជា​វា​មានឈ្មោះ​ជា​ទ្រព្យរបស់​រាជ្យ​វង្ស​ ​ទ្រង់​ថា​ ​វា​គ្មាន​បញ្ហា​នោះ​ឡើយ​មិនថា​ទ្រង់​រាំ​ឲ្យ​ហ្លួង​ទត​ឬ​ឲ្យ​ប្រជាជន​ក្រីក្រ​មើល​ ​ឬក៏​គ្មាន​អ្នកមើល​ក្តី​។​ ​សម្រាប់​ទ្រង់​ ​របាំ​គឺ​មាន​ភាព​ពិ​សិទ្ធ​ដោយ​ស្មើភាព​»​។​ ​

bopha devi
The Princess training a young Royal Ballet Dancer. Supplied

​ព្រះរាជ​បណ្តាំ​និង​ការ​បន្ត​នៃ​រាជ្យ​កិច្ច​
​នៅក្នុង​វីដេអូ​ឯកសារ​ខ្លី​មួយ​ស្តី​ពី​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​មុន​ពេល​ទ្រង់​យាង​សោយ​ព្រះ​ពិរាល័យ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសបុក​ ​Royal​ ​du​ ​Cambodge​ ​នៅ​សប្តាហ៍​មុន​ ​សម្តេច​ព្រះរៀម​បាន​ផ្តល់​នូវ​ព្រះរាជ​បណ្តាំ​ចុងក្រោយ​របស់​ទ្រង់​។​ ​

​តាមរយៈ​វីដេអូ​នេះ​ ​សម្តេច​ព្រះរៀម​បាន​បង្ហាញ​ពី​គម្រោង​របស់​ទ្រង់​ក្នុង​ការ​ថត​ការ​សម្តែង​ ​និង​ការ​បង្រៀន​ ​ជាពិសេស​មេ​ក្បាច់​ជា​វីដេអូ​ ​ដើម្បី​ទុក​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​សិក្សា​។​ ​

​សម្តេច​ព្រះរៀម​ ​បាន​មាន​ព្រះ​សុ​វនីយ៍​ថា​៖​«​នៅពេល​ដែល​គ្រូ​ៗ​ជំនាន់​ខ្ញុំ​ទៅ​អស់​ ​ជំនាញ​ចំ​នេះ​របស់​យើង​នឹង​ទៅ​អស់​ដែរ​។​ ​ខ្ញុំ​ចាស់​ណាស់​ហើយ​ៗ​ ​ត្រូវ​អាស្រ័យ​​លើ​កូនចៅ​ជំនាន់​ក្រោយ​ដើម្បី​រួបរួម​គ្នា​ដោយ​ក្តី​ស្រលាញ់​ ​និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​​អភិរក្ស​និង​ការពារ​របាំ​បុរាណ​កុំ​ឲ្យ​បាត់បង់​។​»​

​នាដការី​របាំ​ព្រះរាជទ្រព្យ​ ​ចាប​ ​ចំរើន​តុលា​ ​និង​ ​លោក​ព្រឹទ្ធា​ចារ្យ​ ​ព្រឿង​ ​ឈាង​ ​បាន​បញ្ជាក់​ពី​ព្រះ​រាជ្យ​បំណង​នេះ​។​ ​តែ​ជាអកុសល​ ​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​ ​បាន​យាង​ទៅបាត់​មុន​ពេល​វា​បាន​ត្រូវ​បានសម្រេច​។​

bopha devi

​លោក​ ​ព្រឿង​ ​ឈាង​មានប្រសាសន៍​ថា​៖​ ​«​ដើម្បី​ធ្វើ​ឱ្យ​ក្តី​សុបិន​របស់​សម្តេច​ព្រះរៀម​ក្លាយជា​ការពិត​និង​ដើម្បី​ការពារ​សិល្បៈ​បុរាណ​ ​យើង​ទាំងអស់គ្នា​ត្រូវ​ធ្វើការ​ជាមួយគ្នា​ ​។​ ​នោះ​គឺជា​រឿង​តែមួយគត់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​គោរព​ដល់​ជីវិត​និង​ព្រះ​រាជ្យ​កិច្ច​របស់​ទ្រង់​។​»​

​ជាមួយគ្នា​នេះ​ដែរ​ ​នាដការី​ ​ចាប​ ​ចំរើន​តុលា​ ​បាន​និយាយ​ថា​៖​ ​«​យើង​មិនទាន់​ដឹង​ថា​តើ​អ្នកណា​នឹង​ដឹកនាំ​ក្រុមព្រះ​រាជ្យទ្រព្យ​ ​បន្ទាប់ពី​អ្នកម៉ែ​នោះ​ទេ​។​ ​ប៉ុន្តែ​សិល្បករ​យើង​ទាំងអស់គ្នា​នឹង​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព​ដើម្បី​ត្រៀមខ្លួន​បំពេញ​បំណងប្រាថ្នា​របស់​ទ្រង់​»​៕​

Previous Article

​មាន​ជនរងគ្រោះ​ ​៣នាក់​បាន​ស្លាប់​ ​និង​របួស​ជាង​ ​២០នាក់​ ​ដោយ​ការ​បាក់​សាលាឆាន់​កំពុង​សាងសង់​

Next Article

ជោគជ័យ​ និង​ក្តី​សុបិន​របស់​អ្នកឧកញ៉ា​ ​ពុង​ ​ឃាវសែ​ ​នៅ​ធនាគារ​កាណាឌីយ៉ា​