លោក ​សុវណ្ណ​ ភី​ឡុង​៖ អាជីពជាង​ថតរូប​ ​ផ្លាស់​ប្តូរជីវិត​ខ្ញុំ

ប៉ា សុខេង / Khmer Times No Comments Share:
លោក ​សុវណ្ណ​ ភី​ឡុង​ ជា​អ្នកថតរូប​អាជីព​ដែល​ប្រឡូក​ខ្លួន​ចូល​វិស័យ​ថតរូប​តាំងពី​ឆ្នាំ២០០៦។ រូបថត ស្រី គំនិត

ការ​ថតរូប​បាន​ក្លាយជា​ការ​ពេញនិយម​ដ៏​មាន​ប្រជាប្រិយ​ភាពជា​ពិសេស​មួយ​នា​ពេល​បច្ចុប្បន្ន​។ ពេញនិយម​ត្រង់ថា​ សម័យនេះ​ទាំង​ស្រទាប់​យុវជន​ និង​ប្រជាពលរដ្ឋ​ទូទៅ​ចូលចិត្ត​ប្រើប្រាស់​សម្ភារៈ​ថ្មី​ៗទាន់ចិត្ត​គ្រប់​ដៃ​ដូចជា​ទូរស័ព្ទ​ទំនើប​ ក៏ដូចជា​កា​មេ​រា៉​ឆ្លាតវៃ​ដែល​អាច​ថតរូប​បាន​តាម​ការ​ចូលចិត្ត​ គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង។ ប៉ុន្ដែ​ដើម្បីអោយ​ក្លាយជា​អ្នកថតរូប​អាជីព​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន​ត្រូវចាំបាច់​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​។

លោក ​សុវណ្ណ​ ភី​ឡុង​ ជា​អ្នកថតរូប​អាជីព​ដែល​ប្រឡូក​ខ្លួន​ចូល​វិស័យ​ថតរូប​តាំងពី​ឆ្នាំ២០០៦ មក​នោះ​បាន​បញ្ជាក់​ ថា​៖ «ដើម្បី​ថតរូប​ឲ្យ​មានគុណ​ភាព​ ពុំមែន​មានតែ​កា​មេ​រា៉​មួយ​ យក​មក​ថត​ហើយ​ថា​គ្រប់គ្រាន់​នោះ​ទេ​។ ដើម្បី​បាន​ រូប​ដែល​ល្អ​ វា​ត្រូវការ​ឲ្យ​មាន​នូវ​ចំណេះ​ ជំនាញ​ និង​បទពិសោធន៍។ មុននឹង​ខ្ញុំ​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​មួយ​ ខ្ញុំ​ឆ្ងល់​ថា​គ្រាន់តែ​ថតរូប​សោះ​ហេតុ​អី​ចាំបាច់​ត្រូវការ​រៀន​ដែរ​? គ្រាន់តែ​មាន​កា​មេ​រា៉​មួយ​ទៅ​ថត​​ ​វា​គ្រប់គ្រាន់​ហើយ​ ចាំបាច់​ទៅរៀន​ធ្វើ​អី​»។

លោក​ សុវណ្ណ​ ភី​ឡុង​ កំពុងពិពណ៌នា​អំពីរូបភាព​របស់លោកនៅមហោស្របសិល្បៈដើម្បីសន្តិភាព។ រូបភាព ស្រី គំនិត

អ្នកមាន​ជំនាញ​វិជ្ជាជីវៈ​ថតរូប​បោះពុម្ព​ផ្សាយ​ក្នុង​បណ្ដាញ​សារព័ត៌មាន​ចាំបាច់​ត្រូវ​មានការ​បណ្តុះ​បណ្ដាល​ត្រឹមត្រូវ​។ នេះ​ជា​អ្វី​ដែល​អ្នកថតរូប​ វ័យ៣៣ឆ្នាំ​ លោក​សុវណ្ណ​ ភី​ឡុង​ បាន​បង្ហើប​ប្រាប់​កម្មវិធី​ Ignite​ the​ Youth​។

អតីត​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ដែល​ដើមឡើយ​មាន​ស្រុក​កំនើ​តនៅ​ខេត្ត​កណ្តាល​ ខណៈ​បច្ចុប្បន្ន​មានកូន​ប្រុសស្រី៤នាក់​ហើយ​នោះ​ បាន​បញ្ជាក់​ថា​ ការ​ទទួល​បាន​នូវ​វគ្គ​បណ្ដុះ​បណ្តាល​ជា​ការចាំបាច់​សម្រាប់​អ្នកសារព័ត៌មាន​ផ្នែក​ថតរូប។​ លោកថ្លែងថា៖ «វា​បាន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ខ្ញុំ​ ពេល​បាន​ចូលរួម​ វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​មួយ។ រូបថត​ វា​ជា​សិល្បៈ​មួយ​បែប​ មាន​សារៈសំខាន់​ មិនមែន​មានតែ​កា​មេ​រា៉​​គឺ​គ្រប់​ទេ​ ចំណុច​សំខាន់​ថា​តើ​ពេល​ថត​ហើយ​ យើង​អាច​អាន​វា​បាន​យ៉ាង​ម៉េច​។ រូបភាព​ដែល​ស្អាត​ មិនមែន​ថត​បាន​ដោយចៃដន្យ​ រឺ​បាន​ដោយ​សំណាង​ឡើយ​។ វា​ត្រូវការ​ឲ្យ​យើង​មាន​ទាំង​ទេពកោសល្យ​ ចំណេះ​ និង​ជំនាញ​»។

ជា​អតីត​អ្នក​លាបថ្នាំ​ជញ្ជាំង​ក្នុង​ព្រះបរម​រាជវាំង​ លោក​ ភី​ឡុង​ បាន​ឈានជើង​ចូលក្នុង​វិស័យ​ថតរូប​ នៅ​ឆ្នាំ​ ២០០៦​ ដោយ​ទទួល​បាន​បទពិសោធន៍​ការងារ​ជាច្រើន​។ លោក​ថ្លែង​ថា​ ដើម្បី​បាន​រូបភាព​មានន័យ​ និង​មាន​ឥទ្ធិពល​ពេល​ចុះផ្សាយ​ លោក​បាន​ពុះពារ​ចូល​ថត​នៅ​ទីតាំង​គ្រោះថ្នាក់​ និង​ប្រថុយប្រថាន​ មាន​ជា​អាថ៌​ ចូលក្នុង​ពេល​ហ្វូង​បាតុករ​ធ្វើបាតុកម្ម​ ករណី​ហិង្សា​ និង​ជម្លោះដីធ្លី​ ទំនាស់​ព្រំដែន​កម្ពុជា​-ថៃ​ តំបន់​យុវជន​ប្រើប្រាស់​គ្រឿងញៀន​ និង​ទីតាំង​ស្រ្តី​ រកស៊ី​ផ្លូវភេទ​ជាដើម​។ល។

លោក​ថា​៖ «កន្លែង​ខ្លះ​ដែល​ប្រថុយ​កាន់តែ​ខ្លាំង​ តែ​ខ្ញុំ​មាន​ភាព​ក្លាហាន​នឹង​ទៅ​ ដើម្បីឲ្យ​បាន​រូ​បថ្មីៗ​។ ខ្ញុំ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ ដកហូត​កា​មេ​រា៉​​អំឡុង​ពេល​បំពេញការងារ​ក្នុង​ទំនាស់​ដីធ្លី​នៅ​បឹងកក់​ ក្រោយមក​ខ្ញុំ​សួរ​ខ្លួនឯង​ថា​តើ​នឹង​គេចវេស​យ៉ាង​បែបហ្នឹង​រឺ​យ៉ាងណា​? ខ្ញុំ​ធ្លាប់​ព្យាយាម​រត់ចេញ​សឹង​មិនទាន់​ពី​កន្លែង​បញ្ហា​ព្រំដែន​ ពេល​មាន​គេ​ប្រាប់​ថា​ មានការ​បំផ្ទុះ​គ្រាប់​(អាវុធ​ផ្ទុះ​) ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​។»

លោក​ ភី​ឡុង ​បាន​បន្ថែម​ថា៖ «ខ្ញុំ​ធ្លាប់​ថតរូប​ស្ត្រី​បំរើ​ផ្លូវភេទ​ ដែល​យើង​ដឹង​ស្រាប់ហើយ​ថា​ គ្រាន់តែ​ហាមាត់​សុំ​ គឺ​គេ​បដិសេធ​ទៅ​ហើយ​ ចឹ​ងយើង​ត្រូវ​រក​វិធី​និយាយ​ជាមួយ​គេ​។ ប្រធានបទ​ពី​យុវជន​ប្រើប្រាស់​គ្រឿងញៀន​ បើ​យើង​កាន់​កា​មេ​រាទៅ​សុំ​ថតឆៅៗ​តែម្តង​ គឺ​ច្បាស់ជា​មាន​គ្រោះថ្នាក់​។ បែបហ្នឹង​យើង​ត្រូវការ​ពេលវេលា​ដើម្បី​ ធ្វើឲ្យ​គេ​ជឿជាក់​ និង​យល់ព្រម​នឹង​យើង​សិន​។ ចុងក្រោយ​បើ​ទោះជា​គេ​អនុញ្ញាត​ឲ្យ​ថត​ហើយ​ ក៏​យើង​ត្រូវ​ប្រកាន់​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន​ដូចជា​ មិន​បង្ហាញមុខ​អ្នក​ទាំងនោះ​ និង​មិន​កាត់ត​បន្ថែមបន្ថយ​ជាដើម​»។

លើស​ពី​អ្វី​ដែល​បាន​រំពឹង​ទុក​ អាជីព​ជា​អ្នក​កាន់​កា​មេ​រា​មិន​ត្រឹមតែ​ជា​ឆ្នាំងបាយ​សម្រាប់​លោក​ប៉ុណ្ណោះទេ​ តែ​វា​បាន​ផ្លាស់​ប្តូរជីវិត​របស់​លោក​ទាំងស្រុង​។ ផ្លាស់​ប្តូរ​ត្រង់ថា​ អាជីព​នេះ​បាន​នាំ​លោក​ឲ្យ​ដើរហើរ​ទៅក្រៅ​ប្រទេស​ច្រើន​សន្ធឹក​ជាពិសេស​គឺ​ប៉ែ​កអ៊ឺ​រ៉ុ​បតែ​ម្តង​ខណៈ​មកដល់​បច្ចុប្បន្ន​ លោក​ថា​ស្នាដៃ​រូបថត​ទីក្រុង​នា​ពេល​រាត្រី​របស់​លោក​ ត្រូវ​បាន​គេ​យក​ទៅ​តាំងនៅ​ប្រទេស​បារាំង​ អេស្ប៉ាញ​ ជប៉ុន​ ស៊ុយ​អ៊ែ​ត អ៊ីតាលី​ និង​ប្រទេស​មួយចំនួន​ផ្សេងទៀត​ផង​ដែរ​។

លោក​ ភី​ឡុង ​បាន​បន្ថែម​ថា៖ «អាជីព​ហ្នឹង​បាន​ផ្លាស់​ប្តូរជីវិត​ខ្ញុំ​ទាំងស្រុង​ ជាពិសេស​ចំណេះដឹង​ ហើយ​បាន​នាំ​ខ្ញុំ​ឲ្យ​ដើរហើរ​ច្រើន​ប្រទេស​ និង​ច្រើន​ទីកន្លែង​។ យើង​មិន​នឹកស្មាន​ថា​ យើង​អាច​មាន​អ្វីៗគ្រប់យ៉ាង​ដូច​ពេលនេះ​ដោយសារតែ​រូបថត​របស់​យើង​។»

លោក​ សុវណ្ណ​ ភី​ឡុង​ ការ​ដើរហើរ​ទៅក្រៅ​ប្រទេស​មិន​ត្រឹមតែ​ធ្វើឲ្យ​លោក​បាន​ស្គាល់​ពី​អ្វី​ថ្មី​ៗប៉ុណ្ណោះ​ទេ​ តែ​លោក​ក៏អាច​នាំ​យក​ឯកសារ​សំ​ខាន់​ៗត្រលប់​មក​ស្រុក​វិញ​ផង​ដែរ។ លោក​ភី​ឡុង​ថា​ ជា​រឿយ​ៗលោក​តែងតែ​ប្រមូល​សៀវភៅ​រូបថត​ពី​បរទេស​ត្រលប់​មក​ផ្ទះ​កំណើត​វិញ​ ក្នុង​ន័យ​សិក្សា​ពី​វា​។ សៀវភៅ​រូបថត​ជិត៧០០ក្បាល​មាននៅ​ផ្ទះ​លោក​នា​ពេល​បច្ចុប្បន្ន​។ លោក​បញ្ចា​ក់ថា​៖ «លុយ​អាច​រកបាន​ទៀត​ តែ​សៀវភៅ​ប្រហែល​មិន​អាច​ទេ​។ អ៊ឹ​ចឹង​ហើយ​ ទៅដល់​កន្លែងណា​ក៏​ខ្ញុំ​ចាប់អារម្មណ៍​លើ​សៀវភៅ​ទាំងនោះ​ដែរ​»។

ម្ចាស់​ពានរង្វាន់​ «Winner​ of​ grand​ Prize​ Wonder​ Foto​ day​, Taipei​, Taiwan​ 2019​» បាន​រំលឹក​ពីអ​តី​តកាល​របស់​ខ្លួន​ថា​ បើ​ទោះបីជា​លោក​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​ ប៉ុន្ដែ​លោក​ក៏​ជា​មនុស្ស​ដែល​ឆ្លងកាត់​ឧបសគ្គ​ជីវិត​ជូរចត់​ខ្លាំង​ណាស់​ដែរ​។ លោក​ប្រាប់​ថា​៖ «ការពិត​ទៅ​ពីក្មេង​ខ្ញុំ​ស្រឡាញ់​ ចូលចិត្ត​ភ្លេង​ ចង់​ក្លាយជា​តន្ត្រីករ​ តែ​ដោយសារ​ជីវភាព​គ្រួសារ​ ខ្ញុំ​មិន​អាច​សម្រេច​ក្តី​ប្រាថ្នា​នោះ​។

ក្រោយមក​ ខ្ញុំ​ត្រូវ​ធ្វើការ​ជា​កម្មករ​សំណង់​ អ្នក​រត់​ម៉ូតូឌុប​ អ្នក​សំអាត​ បង្រៀន​ភាសាខ្មែរ​ដល់​ជនបរទេស​ និង​ជា​អ្នក​រត់​តុ​ក្នុង​ភោជនីយដ្ឋាន​ផង​ដែរ​។»

លោក​ ភី​ឡុង ​បន្ថែម​ថា​៖ «តាំងពី​ពេល​ប្រឡូក​ក្នុង​អាជីព​ថតរូប​ ខ្ញុំ​បាន​លះបង់​ច្រើន​ គឺ​ធ្វើ​លើ​វីដេអូ​ ធ្វើ​ដើម្បី​ក្រពះ​ និង​ចំណូលចិត្ត​។ ចំណាយពេល​ជាង២ឆ្នាំ​ដើម្បី​សម្រេ​ចិត្ដ​ដើ​លើ​ផ្លូវ​នេះ​ ពី​ដំបូង​ប្រាក់ខែ​ទាប​មែនទែន​។ តែ​ខ្ញុំ​នៅតែ​ ជឿជាក់​ថា​ ការសម្រេច​ចិត្ត​របស់ខ្ញុំ​គឺជា​រឿង​ត្រឹមត្រូវ​។»

ជា​ការ​កត់សម្គាល់​ លោក ​ភី​ឡុង ​ថា​ សកម្មភាព​ និង​ជីវភាព​របស់​ពលរដ្ឋ​មិន​មាន​អ្វី​ប្រែប្រួល​នៅក្នុង​ស្រុក​របស់​លោក​ឡើយ​ ដែល​នោះ​ជាផ្នែក​មួយ​ធ្វើឲ្យ​លោក​ចង់​មានការ​ផ្លាស់​ប្តូរ​។ លោក​បញ្ជាក់​ថា​៖ «នៅក្នុង​ភូមិ​ ស្រុក​របស់ខ្ញុំ​ អ្នក​ដែល​មាន​វ័យ​ស្របាល​នឹង​ខ្ញុំ​ដែរ​នៅតែ​រក្សា​ជីវិត​ដូច​ពីមុន​ គឺ​ពួកគេ​បន្ត​រស់នៅ​តាម​ជីវភាព​ ធំឡើង​មានគ្រួសារ​ ហើយ​ប្រកបរបរ​នេសាទ​ និង​ការងារ​ប្រើ​កម្លាំងបាយ​ផ្សេងទៀត​។ តែ​ខ្ញុំ​មិន​ចង់​បន្តជីវិត​បែបហ្នឹង​ទេ​ ខ្ញុំ​ជឿជាក់​ថា​ ការអប់រំ​ផ្នែក​ណាក៏ដោយ​នឹង​ជួយ​ប្តូរជីវិត​យើង​បាន​។ យើង​ទទួល​បានការ​អប់រំ​ យើង​នឹង​ច្បាស់​ថា​ យើង​ជៀស​ផុត​ពី​ភាព​ក្រីក្រ​។»

លោក​ថ្លែង​ថា​ រូបភាព​ពិតជា​សំខាន់​សម្រាប់​បង្ហាញ​ព័ត៌មាន​ឲ្យ​កាន់តែ​លម្អិត​ ទន្ទឹម​នឹង​នោះ​ក៏​ត្រូវការ​ ការ​ប្តូរ​ទិដ្ឋភាព​មួយចំនួន​ដែរ​។ ជាឧទាហរណ៍​ ពេលខ្លះ​ប្រធានបទ​តែមួយ​តែ​ប្រើ​រូបភាព​ខុសគ្នា​ មិន​ឲ្យ​ច្រំដែល​ ហើយ​រំលេច​មុំ​ និង​ជ្រុង​ថ្មី​ៗ។ ទស្សនិកជន​ កាន់តែ​ចង់​អាន​ ចង់​ទស្សនា​ ដោយសារ​រូបភាព​ទាក់ទាញ​។
លោក​ ភី​ឡុង ​បញ្ជាក់​ថា​ «ចំណុច​មួយទៀត​ មិនថា​ នា​ពេល​អនាគត​មាន​អ្វី​កើតឡើង​ ស្នាដៃ​របស់​យើង​នឹង​នៅតែ​បង្រៀន​អ្នក​ជំនាន់​ក្រោយ​ ចឹ​ងយើង​គួរ​បង្កើត​ស្នាដៃ​ដែលគេ​ទទួលស្គាល់​ រូបភាព​អាច​មិន​មានអី​អស្ចារ្យ​ទេ​ តែ​ផ្នត់គំនិត​របស់​អ្នក​ថត​ ប្រាកដជា​មាន​ឥទ្ធិពល​លើ​អ្នកទស្សនា​។»

លោក​ សុវណ្ណ​ ភី​ឡុង ​ហាក់​មាន​សុទិដ្ឋិនិយម​ចំពោះ​ជំនាញ​នេះ​ណាស់​។ លោក​ថា​ វិស័យ​ថតរូប​ក៏ដូចជា​វិស័យ​ផ្សេងទៀត​ដែរ​ អាជីព​នេះ​នឹង​បំពេញ​ក្តី​ស្រ​ម៉ៃ​របស់​អ្នកដែលស្រលាញ់វា។ លោកនិយាយថា៖ «គ្រប់គ្នា​ចង់បាន​រូបថត​ដែល​ស្អាត​ វិស័យ​ថតរូប​នេះ​ ទូលំទូលាយ​ណាស់​ អ្នក​ចង់​ចាប់​ជំនាញ​នេះ​ គួរ​សិក្សា​ឲ្យបាន​ស៊ីជម្រៅ​។ បើ​ចង់​ចាប់​អាជីព​នេះ​ឲ្យ​ជាប់​ ត្រូវ​ប្រាកដ​ចិត្ត​ថា​ ខ្លួនឯង​នឹង​ស្វែងយល់​កាន់តែ​ខ្លាំង​ពី​វា​ ហើយ​ប្រកាន់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​»៕

Share and Like this post

Related Posts

Previous Article

តើ​វាំងនន​បាន​ធ្លាក់​បាំង​ជិតឆាក​ល្ខោន​នយោបាយ​លោក​ ​សម​ ​រង្ស៊ី​ ​ហើយ​ឬនៅ​?​

Next Article

Scholarships