អនុវត្ត​ និង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ ​វា​ប្រសើរ​ជាង​គ្រាន់តែ​និយាយ​ចោល​

No Comments Share:
លោក ហ៊ុន​ សែន ចុះជួបជាមួយ​កម្មការនី​កាត់ដេរ។ KT/ វាន់ រដ្ឋាវង្ស

ទស្សនៈ​​៖​ ​ការជំរុញ​ជាបន្តបន្ទាប់​របស់​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ទាក់ទង ​និង​កំណែទម្រង់​ដ៏​អស្ចារ្យ ​និង​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​តម្រូវឲ្យ​មាន​និរន្តរភាព ​និង​គ្របដណ្ដប់​ដល់​គ្រប់​ផ្នែក​ទាំងអស់​របស់​រាជរដ្ឋាភិបាល​។​ ​ដូច្នេះហើយ​ ​វា​តម្រូវឲ្យ​មាន​សកម្មភាព​រួមគ្នា​ពី​គ្រប់​​ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់​រាជរដ្ឋាភិបាល​។​

​មន្រ្តី​ជាន់ខ្ពស់​មួយចំនួន​ត្រូវ​បាន​កោះហៅ​ទៅកាន់​តុលាការ​ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍ ​និង​ការស្វែងរក​ការពិត​។​ ​វា​គួរតែ​មានការ​គ្របដណ្ដប់​ដល់​គ្រប់​វិស័យ​ ​គ្រប់​កម្រិត​ទាំងអស់​របស់​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ​ ​ជាទី​កន្លែង​ដែល​បញ្ហា​ផ្សេង​ៗ​កើតមានឡើង​។​

​បញ្ហា​តូច​ៗ​ទាំងនេះ​កំពុងតែ​បង្ក​ជា​ផល​លំបាក​ដល់​រាជរដ្ឋាភិបាល​ ​គណបក្សប្រជាជន​​កម្ពុជា​ ​ក៏ដូចជា​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ដែល​ជា​អ្នកដឹកនាំ​ប្រទេសជាតិ​។​

​តាមរយៈ​វិធានការ​ហាមឃាត់​ល្បែងភ្នាល់​តាម​អ៊ី​ន​ធើ​ណិ​ត​អន​ឡាញ​ ​ឬ​ប្រព័ន្ធ​អ៊ីនធឺណិត​ ​បាន​បង្ខំឲ្យ​ជនជាតិ​ចិន​ខិលខូច​មួយចំនួន​ចាកចេញ​ពី​ប្រទេស​ ​ហើយ​ពួកគេ​ទាំងនោះ​កំពុងតែ​ត្រូវ​បាន​ជំនួស​ដោយ​ភ្ញៀវ​ទេសចរ​ចិន​ ​និង​វិ​និ​យោ​គិ​ន​ល្អ​ៗ​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​ស្រប​ពេល​ដែល​មានការ​អនុវត្ត​គោលនយោបាយ​ទាំងនេះ​ដើម្បី​លុបបំបាត់​សកម្ម​ភាព​ផ្សេង​ៗ ​ប្រឆាំង​នឹង​អំពើពុករលួយ​និង​ភាព​មិន​ប្រក្រតី​ក្នុង​ប្រព័ន្ធ​តុលាការ​ ​លោកនាយក​រដ្ឋមន្រ្តី​ក៏​ត្រូវ​នឿយហត់​នឹង​មេដឹកនាំ​នានា​នៅក្នុង​គណបក្ស ​និង​រដ្ឋាភិបាល​ដែល​មាន​ឥទ្ធិពល​ នយោ​បាយ​។​ ​មន្ត្រី​ពុករលួយ​នានា​អាចប​ង្កើត​ជា​សម្ព័ន្ធភាព​ដើម្បី​ធ្វើការ​ប្រជែង​អំណាច​របស់​នាយក​រដ្ឋមន្រ្តី​។​

​មន្រ្តី​ទាំងពីរ​ប្រភេទ​នេះ​ទាំង​នៅក្នុង​គណបក្ស ​និង​រដ្ឋាភិបាល​គួរតែ​ដឹង​ថា​ ​ពួកគេ​គ្មាន​អំណាច​អ្វី​ដូចដែល​ពួកគេ​គិត​នោះ​ទេ​។​ ​ពួកគេ​ត្រូវ​យល់​ច្បាស់​ថា​ ​លោកនាយក​រដ្ឋមន្រ្តី​​ និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​នឹង​អនុវត្ត​នូវ​រាល់​អ្វី​ដែល​លោក​មានប្រសាសន៍​។​

​ប្រសិនបើ​ករណីនេះ​មិនកើត​ឡើង​នោះ​ទេ​ ​លទ្ធភាព​នៃ​ការ​ប្រតិកម្ម​ឬ​ការ​ឆ្លើយតប​ជា​អវិជ្ជមាន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​ក៏ដូចជា​របៀបវារៈ​កំណែទម្រង់​របស់​ខ្លួន​។​ ​ហានិភ័យ​នយោបាយ​សម្រាប់​រដ្ឋាភិបាល​គឺ​មានកម្រិត​ខ្ពស់​ប្រសិនបើ​ខ្លួន​បរាជ័យ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​សាធារណៈ​របស់​ខ្លួន​។​

​កត្តា​ទាំងនេះ​អាច​នឹង​មិន​មានប្រសិទ្ធភាព​ហើយ​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​ក៏ដូចជា​រាជរដ្ឋាភិបាល​កំពុងតែ​ជំរុញ​។​ ​ក្នុង​ន័យ​នេះ​ ​លោកនាយក​រដ្ឋមន្រ្តី​ត្រូវតែ​ទប់ទល់​រាល់​សម្ពាធ​ពី​ខាងក្នុង​និង​ពី​ប្រភព​ខាងក្រៅ​ហើយ​មិន​ត្រូវ​ចុះចាញ់​ជាមួយ​និង​បញ្ហា​តូច​ៗ​នោះ​ទេ​។​

​រាជរដ្ឋាភិបាល​ត្រូវតែ​ខិតខំ​បន្ត​ដើម្បី​អភិវឌ្ឍ​ខ្លួន​ ​ស្រប​ពេល​ដែល​ខ្លួន​ត្រៀម​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ជាច្រើន​នៃ​សង្គ្រាម​ពាណិជ្ជកម្ម ​និង​លទ្ធភាព​នៃ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុងតែ​កើតមានឡើង​ ​ប្រសិនបើ​ការ​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពីសំណាក់​អ្នកធ្វើ​ពាណិជ្ជ​កម្ម​ធំៗ​ ​ការ​គំរាមកំហែង​នៃ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍​» ​(​EBA​)​ ​លទ្ធភាព​នៃ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន​ ​សហភាព​អឺរ៉ុប​ ​សហរដ្ឋអាមេរិក​ ​និង​ការ​បន្ត​អស្ថិរភាព​នៃ​បញ្ហា​ដ៏​ស្មុគស្មាញ​ស្ទើរតែ​នៅ​គ្រប់តំបន់​ក្នុង​ពិភពលោក​ ​រួម​ទាំង​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅតែ​មាន​ឥទ្ធិពល​។​

​ដើម្បី​ជំនះ​រាល់​ឧបសគ្គ​ទាំងអស់​នេះ​ ​លោក​ ​ហ៊ុន​ ​សែន​ ​និង​រាជរដ្ឋាភិបាល​របស់​លោក​ត្រូវតែ​មាន​ភាពរឹងមាំ​ក្នុង​ការ​ប្រឈមមុខ​និង​ចាត់វិធានការ​បង្ការ​ទុកជាមុន​ ​ដោយ​មិន​ត្រូវ​ពឹងផ្អែក​លើស​កម្ម​ភាព​ប្រឆាំង​ក្នុង​ការ​ចាត់វិធានការ​ជាមួយ​នឹង​ការ​គំរាមកំហែង​ទាំងនេះ​​ឡើយ​។​

​ប្រាកដ​ណាស់​ ​វា​គឺជា​ក្ដី​ព្រួយបារម្ភ​របស់​មនុស្ស​គ្រប់រូប​ ​ហើយ​ក្នុងករណី​ដែល​មាន​វិបត្តិសេដ្ឋកិច្ច​សកល ​និង​កង្វះ​វិធានការ​បង្ការ​ ​ការ​រក្សា​ឲ្យបាន​នូវ​សណ្តាប់​ធ្នាប់​សង្គម​ស្រប​ពេល​ដែល​មានការ​ធ្លាក់ចុះ​នៃ​ឱកាស​ការងារ​និង​ការ​កើនឡើង​នៃ​អតិផរណា​គឺជា​កត្តា​ដែល​ចាំបាច់​។​

​រាល់​ការ​គំរាមកំហែង​ទាំងនេះ​អាច​កើតមានឡើង​ចេញពី​ផ្ទៃក្នុង​ ​ការ​កាត់​ផ្តាច់​ប្រជាជន ​និង​សេវាកម្ម​សាធារណៈ​។​ ​ក្នុង​ពេល​ដែល​មាន​វិបត្តិ​ និង​ភាព​ច្របូកច្របល់​ផ្នែក​សេដ្ឋកិច្ច​ ​ការ​ចងចាំ​នឹង​ត្រូវ​បាត់បង់​ហើយ​សមិទ្ធិ​ផល​ដែល​សម្រេច​បាន​កាលពី​ពេល​កន្លង​នានា​នឹង​ត្រូវ​បាន​បំភ្លេច​ចោល​យ៉ាង​ឆាប់រហ័ស​។​

​ក្នុង​ទិដ្ឋភាព​នេះ​ ​យើង​ចាំបាច់​យកចិត្ត​ទុកដាក់​ចំពោះ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ទីក្រុង​ហុងកុង​ ​ដែល​ត្រូវ​បាន​មើលឃើញ​ថា​ ​កង្វះខាត​នៃ​ការប្រើ​ប្រាស់​កម្លាំង​សមស្រប​នៅពេល​ដែល​ការ​តវ៉ា​ចាប់ផ្ដើម​ ​នាំ​ឱ្យ​មានការ​វិវត្ត​នៃ​ការ​តវ៉ា​ទៅជា​កុបកម្ម​យ៉ាង​ឆាប់រហ័ស​។​

​បទពិសោធន៍​ដែល​ប្រជាជន​ហុងកុង​កំពុង​ឆ្លងកាត់​នេះ​អាច​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ​វា​គឺជា​កិច្ចការ​បន្ទាន់​ដែល​រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ​បង្ការ​ទុកជាមុន​។​

​ករណីនេះ​នឹង​នាំ​ឱ្យ​មានការ​គំរាមកំហែង​និង​បញ្ហា​ប្រឈម​ដែល​អាច​នឹង​ពិបាក​ដោះស្រាយ​នៅពេល​ដែល​មនុស្សជា​ច្រើន​មានទម្លាប់​រស់នៅ​ក្នុង​របៀបរស់នៅ​ដ៏​សុខ​ស្រួល​ដូច​បច្ចុប្បន្ន​។​ ​ដូច្នេះហើយ​ ​នៅពេល​ដែល​ប្រជាជន​ទាំងនេះ​ត្រូវ​បាន​ដកចេញ​ពី​តំបន់​ដែល​ពួកគេ​កំពុងតែ​រស់នៅ​យ៉ាង​សុខសាន្ត​ ​វា​នឹង​បង្ក​ជា​បញ្ហា​ដល់​ប្រទេសជាតិ​ទាំងមូល​៕​ ​ប្រែ​សម្រួល​ដោយ​ ​ភុន​ ​ច័ន្ទ​ឧសភា​

Share and Like this post

Related Posts

Previous Article

បទពិសោធន៍​ដែល​ត្រូវ​ធ្វើការ​ស្វែងយល់​ពី​ចលនា​បដិវត្ត​ពណ៌​ និង​សន្តិភាព​នៅ​កម្ពុជា​

Next Article

ប្រទេស​ថៃ​គួរ​រារាំង​លោក​ សម​ រង្ស៊ី​ ក្នុង​ការប៉ុនប៉ង​យក​ទឹកដី​ខ្លួន​ធ្វើ​ទីលាន​នយោបាយ​