ឈុន ម៉ារីណែត៖ ពី​និស្សិត​ច្បាប់ ចាប់​យក​អាជីព​បញ្ចូល​សំឡេង

ប៉ា សុខេង / Khmer Times No Comments Share:

អាជីព​បញ្ចូល​សំឡេង​ជា​អាជីព​អាថ៌កំបាំង​មួយ​ដែល​មិន​មាន​មនុស្ស​ច្រើន​ឡើយ​និយាយ​ពី​វា​ ឬសិក្សា​ឱ្យ​ស៊ីជម្រៅ​ពី​សក្តា​នុ​ពល​របស់​អាជីព​នេះ​។ ជាក់ស្ដែង​ អាជីព​នេះ​ជា​អាជីព​ដែល​មាន​ទីផ្សារ​ការងារ​ខ្ពស់​ និង​អាច​រកចំណូល​បាន​ច្រើន​ស្មាន​មិនដល់​។ បើ​ទោះជា​យ៉ាងនេះ​ក្ដី​ ​វា​អាស្រ័យ​លើ​ទេពកោសល្យ​ពី​ធម្មជាតិ​ និង​ការ​ខិតខំ​ដុះ​ខាត់​ជំនាញ​បន្ថែម​។ អ្នកនាង​ ឈុន​ ម៉ា​រី​ណែ​ត ដែល​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​បញ្ចូល​សំឡេង​រយៈពេល​ ៨ឆ្នាំ​មក​ហើយ​ បាន​ពន្យល់​ពី​ឱកាស​ការងារ​ទាក់ទង​នឹង​អាជីព​ជា​អ្នក​បញ្ចូល​សំឡេង​៖

តើ​ហេតុអ្វី​អ្នកនាង​ជ្រើសរើស​ជំនាញ​ជា​អ្នក​បញ្ចូល​សំឡេង​?

ម៉ា​រី​ណែ​ត៖ ​ការពិត​ទៅ​ ដំបូង​ឡើយ​ខ្ញុំ​សិក្សា​ផ្នែក​ច្បាប់​ទេ​ តែ​ក្រោយមក​ក៏​មាន​មិត្តភក្តិ​ដែល​ធ្វើជា​ពិធីករ​ក្នុង​វិទ្យុ​ស្រាប់​បាន​បបួល​ និង​ណែនាំ​នូវ​ឱកាស​ការងារ​ជាពិធី​ការ​នី​ដល់​ខ្ញុំ​។ គ្រាន់តែ​លឺ​ពី​ឱកាស​នេះ​ភ្លាម​ ខ្ញុំ​ក៏​ពិចារណា​ហើយ​ចាប់​យក​ភ្លាម​។ ​ក្រោយពី​ប្រឡូក​ក្នុង​ការងារ​នោះ​ ខ្ញុំ​ក៏​ត្រូវ​បាន​ម្ចាស់​ស្ថានីយ​តម្រូវ​ឱ្យ​បញ្ចូល​សំឡេង​ក្នុង​ល្ខោននិយាយ​ ហើ​យក្រោយៗ​មក​ក៏​បន្ត​ដើរ​លើ​អាជីព​នេះ​ដោយ​មិន​រុញរា​។ ​;ទស្សនិកជន​ធ្លាប់​បាន​ស្ដាប់​សំឡេង​ខ្ញុំ​តាមរយៈ​ល្ខោននិយាយ​ក្នុង​វិទ្យុ​ និង​ស្ព​តពាណិជ្ជកម្ម​មួយចំនួន​លើ​កញ្ចក់​ទូរទស្សន៍​ ប៉ុន្តែ​គេ​មិនដែល​ធ្លាប់​ដឹង​ទេ​ថា​ ខ្ញុំ​មានមុខមាត់​យ៉ាងណា​? អ្នក​ទាំងនោះ​តែង​ស្រមើស្រមៃ​ប្រៀប​សំឡេង​របស់​របស់ខ្ញុំ​ថា​ប្រហែល​មានមុខមាត់​យ៉ាងនេះ​ រឺ​យ៉ាងនោះ​ទៀតផង​។

តើ​អ្នកនាង​មាន​បច្ចេកទេស​អ្វី​ដើម្បី​ទាក់ទាញ​មិត្ត​អ្នកស្ដាប់​ឱ្យ​តាមដាន​ការផ្សាយ​របស់​អ្នកនាង​?

ម៉ា​រី​ណែ​ត៖ ​ខ្ញុំ​តែង​ប្រើ​ឥទ្ធិពល​នៃ​ការសម្ដែង​ដោយ​ដាក់​អារម្មណ៍​ខ្លាំង​ គ្រាន់តែ​ស្ដាប់​ល្ខោន​វិទ្យុ​សោះ​ មាន​ទស្សនិកជន​ខ្លះ​ដល់​ថ្នាក់​យំ​តាម​ទៀតផង​។ បើ​ដើរទៅ​ទី​សាធារណៈ​ស្រាប់តែ​លឺ​សំឡេង​ខ្លួនឯង​ តើ​នឹង​មាន​អារម្មណ៍​បែប​ណា​ទៅ​ណ? នេះ​ជា​សំណួរ​ដែល​ខ្ញុំ​តែងតែ​សួរ​ខ្លួនឯង​ ពេល​ឃើញ​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​នានា​របស់​អ្នកដទៃ​។

តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​អ្នកនាង​ជួបប្រទះ​ក្នុង​អាជីព​ជា​អ្នក​បញ្ចូល​សំឡេង​?

ម៉ា​រី​ណែ​ត៖ ​មែនទែន​ទៅ​ ខ្ញុំ​ក៏​ធ្លាប់​មាន​ឧបសគ្គ​ក្នុង​អាជីព​ជា​អ្នក​បញ្ចូល​សំឡេង​នេះ​ដែរ​។ នៅពេល​មានការ​រិះគន់​ថា​ សំឡេង​បញ្ចូល​បែន​នេះ​មិនទាន់​ល្អ​ទេ​ មិន​ល្មម​ទេ​ ដូចជា​មិន​ពិរោះ​សោះ​ មិន​សមជា​តួឯក​ទេ​។​ ដំបូង​ខ្ញុំ​មាន​អារម្មណ៍​តូចចិត្ត​ ហើយ​ចង់​ស្ថាបនា​ដែរ​ តែ​មិនដឹង​ថាត្រូវ​ធ្វើ​យ៉ាងណា​ព្រោះ​យើង​មិន​អាច​ទិញ​សំឡេង​អ្នកដទៃ​មក​បាន​។ វា​ជា​ធម្មជាតិ​របស់​យើង​ អ៊ីចឹង​យើង​ត្រូវ​ទទួលយក​អ្វី​ដែល​យើង​មាន​។ ខ្ញុំ​ចាំ​បាន​ថា​កាលពី​លើកទីមួយ​ដែល​ខ្ញុំ​បញ្ចូល​សំ​ឡេង​ក្នុង​ស្ព​តពាណិជ្ជកម្ម​មួយ​ គេ​សរសើរ​ថា​សំឡេង​ខ្ញុំ​ល្អ​ គេ​បាន​ចំណាយ​ថវិកា​លើ​សំឡេង​ខ្ញុំ​ តែ​ដល់ពេល​ពាណិជ្ជកម្ម​ចេញផ្សាយ​គេ​មិនបាន​យក​សំឡេង​ខ្ញុំ​ទេ​។ ពេល​ហ្នឹង​ខ្ញុំ​គិតថា​សំឡេង​ខ្លួនឯង​អន់​ណាស់​ ទើប​គេ​មិន​យក​ បាក់ទឹកចិត្ត​មែនទែន​ គិតថា​បោះបង់​ហើយ​ តែ​ក្រោយមក​ក៏​តាំងចិត្ត​ម្ដងទៀត​ថាត្រូវ​តែ​អាច​តស៊ូ​ឱ្យ​គេ​ព្រម​ទទួល​សំឡេង​យើង​ឱ្យ​បាន​។

កាល​ពី​៨ឆ្នាំ​មុន​ នៅ​ពេល​ដែល​បណ្តាញ​សង្គម​មិន​ទាន់​ទូលំទូលាយ​ តើ​អ្នក​នាង​ធ្លាប់​បាន​ទទួល​មតិ​ត្រលប់​ពី​មិត្ត​អ្នក​ស្តាប់​យ៉ាង​ណា​ខ្លះ​?
ម៉ា​រី​ណែ​ត៖ មាន​ទស្សនិកជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​បាន​បើក​ស្ដាប់​សំឡេង​ខ្ញុំ​។ ​គេ​សរសើរ​នូវ​សមត្ថភាព​ពិសេស​របស់ខ្ញុំ​តាមរយៈ​ការ​ខល​ចូលក្នុង​កម្មវិធី​ និង​ទូរសព្ទ​មក​ផ្ទាល់​ជាដើម​។ ខ្ញុំ​កាន់តែ​មានទំនុក​ចិត្ត​ ហើយ​មាន​អារម្មណ៍​ថា​ខ្ញុំ​អាច​ធ្វើ​បាន​កាន់តែ​ល្អ​ជាង​មុន​ ព្រោះ​បាន​ប្រើ​សំឡេង​តាម​រលកធាតុអាកាស​ជ្រាប​ដល់​បេះដូង​របស់​ពួកគាត់​។

តើ​អ្នកនាង​យល់​យ៉ាងណា​ចំពោះ​អាជីព​បញ្ចូល​សំឡេង​?

ម៉ា​រី​ណែ​ត៖ អាជីព​បញ្ចូល​សំឡេង​ ជា​អាជីព​ដ៏​អា​ថ៍​កំបាំង​ អ្នក​ប្រហែលជា​មិនដែល​ដឹង​ទេ​ថា​មនុស្ស​នៅ​ខាងក្រោយ​ផ្ទាំង​ទស្សនីយភាព​នានា​ ជា​នរណា​។ ការងារ​នេះ​មាន​តម្រូវការ​ទីផ្សារ​ខ្លាំង​ ហើយ​ប្រាក់កម្រៃ​គឺ​ច្រើន​មិនធម្មតា​ អ៊ីចឹង​មិន​ងាយ​មាន​អ្នក​ទម្លាយ​នូវ​ចំណេះ​នេះ​ ដើម្បី​បង្រៀន​បន្ត​ឡើយ​។ ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​មានកម្ម​វិ​ធី​ផ្សេង​ៗដូច​ជាស្ពតពាណិជ្ជកម្ម​ ភាពយន្ត​បញ្ចូល​សំឡេង​ខ្មែរ​-បរទេស​ តុ​ក្ក​តា និង​សូម្បីតែ​ល្ខោននិយាយ​នានា​ដែល​ត្រូវការ​អ្នក​បញ្ចូល​សំឡេង​។

នៅ​ស្រុកខ្មែរ​អ្នក​បញ្ចូល​សំឡេង​មាន​មិន​ដល់​១០០នាក់​ទេ​ អ៊ីចឹង​ហើយ​អ្នកមាន​ទេព្យ​កោសល្យ​គឺ​មាន​ទីផ្សារ​ខ្ពស់​ណាស់​។ ​មាន​ក្រុមហ៊ុន​ជាច្រើន​ត្រូវការ​អ្ន​កច​ញ្ចូល​សំឡេង​ ហើយ​បច្ចុប្បន្ន​អ្នកចាប់​យក​អាជីព​នេះ​មាន​ចំនួន​តិច​ វ័យ​ក៏​កាន់តែ​ចំណាស់​ហើយ​ ពិតជា​ត្រូវការ​អ្នក​ជំនាន់​ថ្មី​។ អ៊ីចឹង​ចំពោះ​អ្នក​ដែល​មាន​ទេពកោសល្យ​ខ្លះ​ហើយ​ និង​ចង់​អភិវឌ្ឍ​ខ្លួន​ក៏អាច​ ទំនាក់ទំនង​ទៅកាន់​អ្នក​អាជីព​ដើម្បី​សិក្សា​ រឺ​ហ្វឹកហាត់​ដោយខ្លួន​ ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​ក្នុង​កម្មវិធី​ប្រឡង​នានា​ រឺ​បង្ហាញ​សមត្ថភាព​តាម​បណ្ដាញ​សង្គម​នានា​។ ​

ប៉ុន្តែ​និយាយ​មែន​ មកដល់ពេលនេះ​សូម្បីតែ​គ្រួសារ​របស់ខ្ញុំ​ក៏​មិនដឹង​ដែរ​ថា​ សំឡេង​ក្នុង​ពាណិជ្ជកម្ម​ មួយ​ណា​ជា​សំឡេង​ខ្ញុំ​ ពួកគាត់​ពិបាក​នឹង​ចំណាំ​ណាស់​ ព្រោះថា​ខ្ញុំ​អាច​បញ្ចូល​បាន៧ទៅ៨សំឡេង​ផ្សេងគ្នា​ឯណោះ​។ ពួកគាត់​ដឹង​ថា​ជា​សំឡេង​ខ្ញុំ​នៅពេល​ដែល​ខ្ញុំ​ឃើញ​ស្ព​តពាណិជ្ជកម្ម​ ហើយ​ខ្ញុំ​ប្រាប់​គាត់​ថា​ នេះ​ជា​សំឡេង​ខ្ញុំ​។ ​ពួកគាត់​ក៏​សួរ​ថា​ ហើយ​សំឡេង​ហ្នឹង​គេ​ធ្វើ​យ៉ាងម៉េច​ទៅ? ទាំង​ដែល​ការពិត​ខ្ញុំ​ប្រឡូក​ក្នុង​អាជីព​នេះ​ជាង៨ឆ្នាំ​ហើយ​។

ខ្ញុំ​ចង់​បន្ថែម​ម្ដង​ហើយ​ម្ដងទៀត​ អាជីព​នេះ​ជួយ​ខ្ញុំ​ឱ្យ​រកចំណូល​បាន​ច្រើនលើស​ពី​ការ​រំពឹង​ទុក​។ ខ្ញុំ​នឹង​នៅតែ​បន្ត​ដើរ​លើ​អាជីព​នេះ​នា​ពេល​អនាគត​។ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​ចំណាយ​ត្រឹម​ពេលទំនេរ​ក្រៅ​ម៉ោង​សម្រាប់​ធ្វើ​វា​ប៉ុណ្ណោះ​។

មាន​គេ​សួរ​ខ្ញុំ​ថា​ បើ​រកចំណូល​បាន​ច្រើន​អ៊ីចឹង​ ហេតុ​អី​មិន​ចាប់​អាជីព​ជា​អ្នក​បញ្ចូល​សំឡេង​ពេញ​ម៉ោង​តែម្ដង​ទៅ​? ចំពោះ​ខ្ញុំ​ផលវិបាក​គឺ​ការ​ឃុំខ្លួន​ឯង​នៅក្នុង​បន្ទប់​ជាមួយ​មេក្រូ​ ព្រោះថា​ខ្ញុំ​ពិបាក​ស្គាល់​អ្នកដទៃ​ ​និង​មិន​ងាយ​បាន​បណ្ដុះ​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេងទៀត​ បើ​មួយ​ថ្ងៃៗ​អង្គុយតែ​ផ្ចង់​ជាមួយ​ក្បាល​មេក្រូ​នោះ​។ ចឹង​ហើយ​ខ្ញុំ​ចង់​ធ្វើ​វា​ត្រឹម​ជា​ការងារ​ក្រៅ​ម៉ោង​សិន​ ព្រោះ​ក៏​មានការ​ងារ​ផ្សេង​មួយទៀត​ដែរ​។បើ​ពេល​មួយ​ខ្ញុំ​ធុញ​នឹង​ការងារ​បច្ចុប្បន្ន​ ខ្ញុំ​នឹង​ចាប់​យក​ការងារ​បញ្ចូល​សំឡេង​ផ្តាច់​មុខតែ​ម្ដង​៕

Share and Like this post

Related Posts

Previous Article

ក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​លោក​ ​សម​ ​រង្ស៊ី​

Next Article

​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​មាន​ទូក​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន​