ana-air canadia-bank Silk-air nissan acleda cab-bank

បេសកកម្ម​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ស្ដារ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ឡើងវិញ

Khmer Times No Comments Share:
​លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

នៅក្នុង​ឱកាស​ខួប​អនុស្សាវរីយ​លើក​ទី៤០​ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​កាសែត​ខ្មែរ​ថាមស៍​ (Khmer​ Times​) បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ អំពី​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ធនាគារ​ដែល​ជា​ «បេះដូង​» នៃ​សេដ្ឋកិច្ច​កម្ពុជា​។ លោកជំទាវ​ បាន​លើកឡើង​ពី​ដំណើរ​ដ៏​វែងឆ្ងាយ​របស់​ធនាគារ​កណ្ដា​ល បន្ទាប់ពី​បាន​បង្កើត​ឡើងវិញ​ ក្រោយ​កម្ពុជា​ពេល​ដែល​ប្រទេស​កម្ពុជា​រួចចាក​ផុត​ពី​សម័យ​អន្តរកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​។ នៅក្នុង​កិច្ច​សម្ភាសន៍​ លោកជំទាវ​ បាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​ប្រឈម​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជួបប្រទះ​កន្លងមក​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជម្នះ​រាល់​ឧបសគ្គ​ចំពោះមុខ​។

ខ្មែរថាមស៍​៖ តើ​លោកជំទាវ​អាច​បរិយាយ​ដោយ​សង្ខេប​បានទេ​អំពី​ដំណើរ​ដ៏​វែងឆ្ងាយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​រយៈពេល​ ៤០ឆ្នាំ​កន្លង​ទៅ​? ហើយ​តើ​ដំណើរ​នោះ​មាន​ភាព​រលូន​ដែរ​ឬទេ​?

លោកជំទាវ​ ជា​ សិ​រី​៖ កម្ពុជា​បាន​បង្កើត​ធនាគារ​កណ្ដាល​របស់​ខ្លួន​ឡើងវិញ​ នៅ​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ១៩៧៩​ ដែល​មានឈ្មោះ​ថា​ ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​។ បើ​មើល​ត្រឡប់​ទៅវិញ​ អំឡុង​ពេល​នោះ​ គឺជា​ចំណុច​មួយ​នៃ​ប្រវត្តិ​សាស្រ្ត​​កម្ពុជា​ ដែល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទាំងមូល​ត្រូវ​បាន​លុបបំបាត់​ចោល​ទាំងស្រុង។ ប្រជាជន​កម្ពុជា​ដែល​រស់រាន​មានជីវិត​ពី​របប​ ប៉ុល​ ពត​ បាន​ប្រើប្រាស់​ប្រព័ន្ធ​ដោះដូរ​ទំនិញ​និង​ទំនិញ​នៅឡើយ​នា​ពេលនោះ​។ ជា​ការពិត​ណាស់​ ការបង្កើត​ធនាគារ​ជាតិ​ឡើងវិញ​ ចាប់ពី​ចំណុចសូន្យ​គឺជា​ការងារ​មួយ​ដ៏​លំបាក​។ យើង​ខ្វះខាត​ធនធាន​មនុស្ស​ ដោយសារ​បញ្ញវ័ន្ត​ភាគច្រើន​ត្រូវ​បាន​សម្លាប់​នៅ​ក្រោម​របប​ខ្មែរ​ក្រហម​។ ពេលនេះ​ យើង​ត្រូវការ​ជ្រើសរើស​មនុស្ស​ដែល​មាន​សមត្ថភាព​ឱ្យមក​ធ្វើការ​ ប៉ុន្តែ​ពួកគាត់​ភាគ​ច្រើន​មិន​ហ៊ាន​បង្ហាញ​សញ្ញាបត្រ​ទេ​ ព្រោះ​ពួកគាត់​បារម្ភ​ថា​មិនដឹង​គេ​យក​ពួកគាត់​ទៅ​ធ្វើ​អី​។

មួយ​វិញ​ទៀត​ អាគារ​ដើម​នៃ​ធនាគារ​កណ្ដាល ដែល​យើង​ស្គាល់​ថា​ «បង់​ក្រហម​» ឬ (ធនាគារ​ក្រហម​) នោះ​ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ទាំងស្រុង​ដោយ​សារ​ការ​ទម្លាក់​គ្រាប់បែក​ ដូច្នេះ​ពី​ដំបូង​ យើង​មិន​មាន​ទីតាំង​ជាក់លាក់​ឡើយ​។ យើង​បាន​ទទួល​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​វៀតណាម​ និង​អតីត​សហភាព​សូវៀត​។

ប្រាំមួយ​ខែក្រោយ​មក​ នៅ​ថ្ងៃទី២០​ ខែមីនា​ ឆ្នាំ១៩៨០​ យើង​បាន​បោះផ្សាយ​ប្រាក់​រៀល​ឡើងវិញ​ ខណៈ​ពេល​ដែល​ប្រជាជន​ខ្មែរ​នៅ​ប្រើប្រាស់​អង្ករ​ជា​រូបិយវត្ថុ​នៅឡើយ​។ នៅពេល​ដែល​ក្រដាស​ប្រាក់​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​វិញ​ ប្រជាជន​យើង​មានការ​លំបាក​ក្នុង​ការកំណត់​ជាឯក​តា​ ទាល់តែ​មួយ​រយៈ​កន្លងមក​ទើប​ប្រជាជន​ទម្លាប់​នឹង​ការប្រើ​ប្រាស់​ប្រព័ន្ធ​ថ្មីនេះ​។ ទោះ​យ៉ាងណា​ នៅពេល​នោះ​ ប្រជាជន​នៅតែ​មិន​ទុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ ដោយសារតែ​ពួកគាត់​បាន​ឆ្លងកាត់​របប​ដ៏​ជូរចត់​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​។ នៅ​ឆ្នាំ១៩៧៥​ ពេល​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស​ តម្លៃ​លុយ​របស់​ពួក​គាត់​នៅក្នុង​គណនី​ធនាគារ​ ឬក្នុង​ហោ​ប៉ៅ​បស់​ពួកគាត់​ មួយ​រំពេច​នោះ​ក៏​ត្រូវ​បាត់បង់​តម្លៃ​ភ្លាមៗ ដូច្នេះហើយ​ពួកគាត់​បាន​ប្រើប្រាស់​មាស​ជា​រូបិយវត្ថុ​ចម្បង​។

គិត​ត្រឹម​ឆ្នាំ១៩៨៩​ ធនាគារ​ជាតិ​នៃ​ប្រជាជន​កម្ពុជា​បាន​បំពេញ​មុខ​ងារ​ជា​ធនាគារ​កណ្ដាល​ផង​ និង​ធនាគារ​ពាណិជ្ជ​ផង​ ដោយ​បាន​បោះពុម្ព​ផ្សាយ​រូបិយវត្ថុ​ជាតិ​ផង​និង​ផ្តល់​កម្ចី​ផង​។ ប្រព័ន្ធ​នេះ​មិន​មាន​ប្រសិទ្ធភាព​ទេ​ ប៉ុន្តែ​នៅពេល​នោះ​មិន​ទាន់​មាន​វត្ថ​មាន​ធនាគារពាណិជ្ជ​នៅ​កម្ពុជា​នៅឡើយ​។ យើង​បាន​ផ្តាច់​ធនាគារ​ពាណិជ្ជ​ក្រៅ​ប្រទេស​នៃកម្ពុជា (FTB) ចេញ​ទៅ​ជា​បុត្តសម្ព័ន្ធ​ស្វយ័ត​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ដើម្បី​ផ្តល់​កម្ចី​ទៅដល់​ប្រជាជន​។ នៅ​ឆ្នាំ​នោះ​ដែរ​ យើង​ឃើញ​មាន​ការ​មក​ដល់​របស់​ធនាគារ​កម្ពុជា​ពាណិជ្ជ​ (CCB​) ជា​បុត្ត​សម្ព័ន្ធ​មួយ​របស់​ធនាគារ​ Siam​ Commercial​ Bank​ នៅ​ប្រទេស​ថៃ​ ហើយ​បន្ទាប់មក​គឺ​ធនាគារ​កម្ពុជា​សាធារណៈ​។ ធនាគារ​ទាំងពីរ​នេះ​បាន​វិនិយោគ​រួមគ្នា​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ ហើយ​បាន​ចាប់ផ្តើម​ធ្វើ​ឯកជន​វូប​នី​យក​ម្ម​ បន្តិច​ម្ដង​ៗ​រហូត​ក្លាយជា​ធនាគារឯកជន​ទាំងស្រុង​ដូច​សព្វ​ថ្ងៃ​នេះ​។

ខ្មែរថាមស៍​៖ តើ​នៅពេល​ណា​ដែល​វិស័យ​ធនាគារ​នៅ​កម្ពុជា​បានការ​រីក​ចម្រើន​ខ្លាំង​ជាលើក​ដំបូង​?

លោកជំទាវ​ ជា​ សិ​រី​៖ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ១៩៩៣​ វិស័យ​ធនាគារ​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​ ភាព​ច្បាស់លាស់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ តាម​ការ​កត់សម្គាល់​របស់ខ្ញុំ​ វិស័យ​នេះ​មាន​សន្ទុះ​រីកចម្រើន​ ខ្លាំង​ បន្ទាប់ពី​ការ​បោះឆ្នោត​ឆ្នាំ១៩៩៨​ នៅពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​ ហើយ​ទាំង​វិនិយោគិន​និង​ប្រជាជន​ធម្មតា​ បាន​ចាប់ផ្តើម​មានទំនុក​ចិត្ត​ឡើងវិញ​លើ​ប្រព័ន្ធ​ធនាគារ​។ ទន្ទឹម​នោះ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ ដែល​រួមមាន​ការ​អនុម័ត​ច្បាប់​ស្ដី​ពី​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ១៩៩៩​ និង​ការ​កំណត់​ដើមទុន​អប្បបរមា​សម្រាប់​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ស្ថិរភាព​នៃ​ស្ថាប័ន​ទាំង​នោះ​។ ​;ក្នុង​ឆ្នាំ២០០០​ យើង​បាន​បិទ​ធនាគារ​ចំនួន​ ១៧​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​មិន​ពេញចិត្ត​ ដោយ​សារ​តែ​ពួកគាត់​មិន​ទទួល​បាន​ ប្រាក់​បញ្ញើ​របស់​ពួកគាត់​ត្រឡប់​មកវិញ​។ ក៏ប៉ុន្តែ​ ប្រសិន​ជា​យើង​មិន​ចាត់​វិធានការ​បែប​នោះ​ទេ​ យើង​មិន​អាច​ធ្វើ​កំណែទម្រង់​បានទេ​ យើង​ត្រូវតែ​ដើរ​ឆ្ពោះ​ទៅមុខ​។ នៅចន្លោះ​ឆ្នាំ២០០២​ និង​២០០៣​ វិស័យ​ធនាគារ​របស់​យើង​បាន​ជួបនឹង​សន្ទុះ​ខ្លាំង​មែនទែន​ជាង​ពេល​ណាៗ​ទាំង​អស់​។

ខ្មែរថាមស៍​៖ បច្ចុប្បន្ន​នេះ​ មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ប៉ុន្មាន​នៅ​កម្ពុជា? ហើយ​តើ​ប្រជាជន​កម្ពុជា​មាន​ឥរិយាបថ​យ៉ាង​ណា​ចំពោះ​ស្ថាប័ន​ទាំង​នោះ​?

លោកជំទាវ​ ជា​ សិ​រី​៖ សព្វថ្ងៃ​នេះ​យើង​មាន​គ្រឹះស្ថាន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដទៃទៀត​ជាង១០០​។ ប្រជាជន​ជាច្រើន​បាន​ទុក​ប្រាក់​របស់​ពួក​គាត់​នៅ​ក្នុង​ធនាគារ​ជាជាង​ទុកជា​មាស​ និង​ជា​ដីធ្លី​ ហើយ​ពួកគាត់​អាច​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើសរើស​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​ ដាក់​ប្រាក់​របស់​ពូក​គាត់​។ ការណ៍​នេះ​គឺជា​រឿង​មួយ​សំខាន់​ដោយសារ​ធនាគារ​ជួយ​ឱ្យ​មាន​អន្តរការីយកម្ម​ហិរញ្ញវត្ថុ​ ដោយសារ​នៅក្នុង​សេដ្ឋកិច្ច​ គឺ​មាន​អ្នក​ដែល​ត្រូវការ​ប្រាក់​ និង​អ្នក​ដែល​មាន​ប្រាក់​នៅសល់​ ហើយ​ប្រសិនបើ​មិន​មាន​អន្តរ​កា​រី​យក​ម្ម​ហិរញ្ញវត្ថុ​ នោះ​សេដ្ឋកិច្ច​មិន​អាច​ដើរទៅ​មុខ​បានទេ។

ខ្មែ​រថា​មស៍​៖ តើ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​ធ្វើអ្វី​ខ្លះ​ដើម្បី​ទទួល​បានការ​ទុកចិត្ត​ពី​ប្រជាជន​ឡើងវិញ​ ខណៈ​ដែល​មាន​សោកនាដកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ជាច្រើន​នៅក្នុង​ប្រវត្តិ​សាស្រ្ត​ដូចជា​ការ​បំបាត់​តម្លៃ​រូបិយវត្ថុ​ដោយ​ខ្មែរ​ក្រហម​ជាដើម​?

លោកជំទាវ​ ជា​ សិ​រី​៖ ធនាគារជាតិ​នៃ​កម្ពុជា​តែងតែ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ឱ្យ​ប្រព័ន្ធ​ធនាគារ​ក្នុង​ស្រុក​ទទួល​បាន​ទំនុក​ចិត្ត​ពី​ប្រជាជន​ឡើងវិញ​។ បន្ថែម​ទៅលើ​ច្បាប់​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ គ្រឹះស្ថាន​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​និង​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ ទន្ទឹម​នឹង​នេះ​ដែរ​ ធនាគារជាតិ​នៅ​តែ​បាន​បន្ត​ការ​កែ​លម្អ​ និង​ អភិវឌ្ឍន៍​វិស័យ​នេះ​ដើម្បី​ឱ្យ​មាន​តម្លាភាព​។ ជាឧទាហរណ៍​ គ្រឹះស្ថាន​ធនាគារ​គឺជា​គ្រឹះស្ថាន​តែ​មួយ​គត់​ដែល​តម្រូវ​ឱ្យ​បោះពុម្ព​ផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជា​សាធារណៈ​ មាន​ន័យ​ថា​ គ្រប់គ្នា​ទាំងអស់​ ជា​ពិ​សេ​សប​ណ្ដ​ា​ក្រុមហ៊ុន​ឯកជន​ អាច​ចូល​ទៅ​មើល​ពី​ដំណើរការ​របស់​ធនាគារ​បា​ន។ របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​នី​មួយៗ​ត្រូវ​រួមបញ្ចូល​នូវ​សវនកម្ម​ប្រចាំឆ្នាំ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​សវនកម្ម​ដាច់ដោយឡែក​និង​ឯករាជ្យ។ បន្ថែម​លើ​នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បោះពុម្ព​ផ្សាយ​នូវ​របាយការណ៍​ត្រួត​ពិនិត្យ​ប្រចាំឆ្នាំ​ចាប់តាំងពី​ឆ្នាំ២០0៤​ ដែល​មាន​បរិយាយ​លម្អិត​ពី​ស្ថានភាព​នៃ​ធនាគារ​ទាំងអស់​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ រួមមាន​ទំហំ​ទុន​សរុប​ ឥណទាន​ និង​ ប្រាក់​បញ្ញើ​ជាដើម​។ ជា​ថ្នូរ​នឹង​ទំនុក​ចិត្ត​របស់​ពួកគាត់​ ប្រជាជន​ត្រូវការ​ដឹង​ថា​ តើ​ធនាគារ​កំពុង​ធ្វើអ្វី​ជាមួយ​នឹង​ប្រាក់​របស់​ពួកគាត់​។

ខ្មែ​រថា​មស៍​៖ តើ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​រួម​ចំណែក​យ៉ាងដូច​ម្ដេច​ចំពោះ​ការអប់រំ​ប្រជាជន​ទាក់ទង​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​?

លោកជំទាវ​ ជា​ សិ​រី​៖ យើង​មាន​យន្តការ​ច្រើន​សម្រាប់​អប់រំ​ប្រជាជន​ពី​ការ​សន្សំ​ និង​ការខ្ចី​ប្រាក់​។ យើង​បាន​ពន្យល់​សាធារណជន​ពី​សារៈ​សំខាន់​នៃ​ការ​ដាក់​ប្រាក់បញ្ញើ​នៅក្នុង​ធនាគារ​ ដល់​សេដ្ឋកិច្ច​ជាតិ​ និង​ការ​រក្សា​សុវត្ថិភាព​ប្រាក់​បញ្ញើ​របស់​ពួកគាត់​។ យើង​កំពុងតែ​ណែនាំ​ពួកគាត់​អំពី​របៀប​វិនិយោគ​សាច់​ប្រាក់​ដែល​ពួក​គាត់​បាន​ខ្ចី​ពី​ធនាគារ​ឱ្យ​មាន​ប្រយោជន៍​។ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ជាច្រើន​មាន​ដូចជា​ យុទ្ធនាការ​ “តោះ​! និយាយ​ពី​លុយ​” ជាដើម​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​នឹង​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដើម្បី​បញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​កម្មវិធី​សិក្សា​ពី​ថ្នាក់​ទី១​ ដល់ទី១២​។ យើង​ក៏បាន​សហការ​ជាមួយ​នឹង​ក្រសួង​កិច្ចការនារី​ ដោយ​សារ​តែ​ស្ដ្រី​មាន​តួនាទី​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​គ្រួសារ​និង​សេដ្ឋកិច្ច​ជាតិ​ ដើម្បី​ឱ្យ​យើង​អាច​ផ្តល់​ចំណេះដឹង​និង​ព័ត៌មាន​ស្ដី​ពី​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ដល់​ពួក​គាត់​ផង​ដែរ​។

ជាមួយគ្នា​នេះ​ ក្រុម​មន្ត្រី​ធនាគារជាតិ​នៃកម្ពុជា​ បាន​និង​កំពុង​ចុះទៅ​តាម​ទី​ជនបទ​នៅ​ទូទាំង​ប្រទេស​ដើម្បី​រៀបចំ​សិក្ខាសាលា​ និង​វគ្គបណ្ដុះ​បណ្ដាល​ស្ដី​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​មានការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ អាជ្ញាធរ​មូលដ្ឋាន​ និង​តំណាង​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។ យើង​ចង់ឱ្យ​ពួកគាត់​និយាយ​ចេញពី​បញ្ហា​ប្រឈម​របស់​ពួកគាត់​ ដើម្បី​ឱ្យ​យើង​អាច​ការពារ​ពួកគាត់​ពី​ការ​ទទួលយក​កម្ចី​មិន​ស្របច្បាប់​ឬវិនិយោគ​ទៅលើ​គម្រោង​បោក​ប្រាស់​បែប​ Pyramid​ Scheme​ (ជា​គម្រោង​ដែល​ផ្តល់​ការប្រាក់​ខ្ពស់​ចេញពី​ប្រាក់​ដែល​ទទួល​បាន​ពី​អ្នក​វិនិយោគ​ថ្មី​ទៅ​ឱ្យ​អ្នក​វិនិយោគ​ចាស់​រហូតដល់​លែង​មាន​អ្នក​វិនិយោគ​ ហើយ​អ្នក​ផ្តើម​គំនិត​នៅ​ខាងលើ​ប្រមូល​លុយ​រត់​ ហើយ​អ្នក​វិនិយោគ​នៅ​ខាងក្រោម​មិន​ត្រឹមតែ​មិនបាន​ទទួល​ប្រយោជន៍​ ហើយ​ថែមទាំង​បាត់បង់​ប្រាក់​ដើម​ថែម​ទៀត​ផង​)។

ខ្មែ​រថា​មស៍​៖ តើ​លោកជំទាវ​មាន​សារ​អ្វី​បន្ថែម​ទៅ​ដល់​បណ្ដា​អ្នកអាន​របស់​យើង​?

លោកជំទាវ​ ជា​ សិ​រី​៖ សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ប្រៀប​ដូចជា​រាងកាយ​មនុស្ស​ម្នាក់ៗ​។ វិស័យ​នានា​ គឺជា​សរីរាង្គ​ដែល​ទ្រទ្រង់​រាងកាយ​នោះ។ វិស័យ​ធនាគារ​គឺជា​បេះដូង​ដែល​បញ្ជូន​ឈាម​ទៅ​សរីរាង្គ​ដទៃទៀត​។ ធនាគារជាតិ​នៃ​កម្ពុជា​គឺ​គ្រូពេទ្យ​បេះដូង​ដែល​ថែរក្សា​បេះដូង​នោះ​ឱ្យ​មាន​សុខភាព​ល្អ​៕

Related Posts

Previous Article

40TH ANNIVERSARY OF NBC

Next Article

កម្រង​សំណួរ​និង​ចម្លើយ​ របស់​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ខួប​អនុស្សាវរីយ៍​លើក​ទី៤០​ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ