​លោក​ ​ខៀវ​ ​កាញារីទ្ធ​ ​ថា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​តាក់តែង​ឡើង​ស្រប​តាម​ស្តង់​ដា​អន្តរជាតិ​

ប៉ិច សុធារី / Khmer Times No Comments Share:
​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ​លោក ​ខៀវ​ ​កាញារីទ្ធ​ ​ថ្លែង​ក្នុង​ពិធី​កាលពី​ព្រឹកមិញ​។​រូបភា​ព​ ​ទេព​ ​សូនី

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ​លោក​ ​ខៀវ​ ​កាញារីទ្ធ​ ​បាន​អះអាង​ថា​ ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ​បាន​តាក់តែង​ឡើង​ស្រប​តាម​ស្តង់់​ដា​អន្តរជាតិ​ ​ដោយ​រាជរដ្ឋាភិបាល​ ​បាន​បង្រួម​ព័ត៌មាន​សម្ងាត់​របស់​ជាតិ​ឲ្យ​នៅ​តិច​បំផុត​ ​ដើម្បី​ធានា​ឲ្យ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កាន់តែ​ទូលំទូលាយ​ ​និង​ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​ ​និង​អភិបាលកិច្ច​ល្អ​។​

​ការ​បញ្ជាក់​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​ទិវាអន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាស​កល​ឆ្នាំ២០១៩​ ​ក្រោម​ប្រធានបទ​ ​«​សិទ្ធិ​ទទួល​ព័ត៌មាន​៖​ ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បំភ្លេច​ចោល​»​ ​ដែល​រៀបចំ​ដោយ​អង្គការ​យូ​ណេស្កូ​ ​និង​ក្រសួងព័ត៌មាន​ ​ក្រោម​កិច្ចសហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សង្គម​ស៊ីវិល​ ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃអង្គារ​។​

​លោក​ ​ខៀវ​ ​កាញារីទ្ធ​ ​បាន​ថ្លែង​ថា​ ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​ ​ដូច្នេះ​រាជរដ្ឋាភិបាល​ ​បាន​ខិតខំ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ ​តាមរយៈ​ការបង្កើត​នូវ​យន្តការ​ចាំបាច់​នានា​ ​ដូចជា​ ​ការបង្កើត​ឲ្យ​មាន​ក្រុម​អ្នកនាំពាក្យ​ដើម្បី​ឆ្លើយតប​នូវ​រាល់​បញ្ហា​ដែល​កើតមាន​ ​និង​បង្កើត​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​នៅ​តាម​ទីរួមខេត្ត​ទូទាំង​ប្រទេស​ ​ដើម្បី​ផ្តល់​សេវា​ព័ត៌មាន​អំពី​ការបម្រើ​សេវា​នានា​ ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទទួល​សេវា​សាធារណៈ​។​

​លោក​រដ្ឋមន្ត្រី​ ​បាន​បន្ត​ថា​ ​ទន្ទឹម​នឹង​នោះ​ ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ​ដែល​មាន​ ​៩ជំពូក​ ​៣៨មាត្រា​ ​ដែល​គ្រោង​នឹង​ដាក់​ជូន​គណៈរដ្ឋ​មន្ត្រី​ ​និង​សភាជាតិ​ពិនិត្យ​ ​និង​អនុម័ត​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ស្របតាម​ច្បាប់​អន្តរជាតិ​ ​ដែល​គាំទ្រ​ដល់​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​ ​អភិបាលកិច្ច​ល្អ​ ​និង​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព​ផង​ដែរ​។​

​លោក​ថា​៖​ ​«​ឯកសារ​គតិ​យុត្ត​ទាំងនេះ​ហើយ​ ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ​ ​ក្នុង​ការ​ផ្តល់​ ​និង​ទទួល​បាន​ព័ត៌មាន​ ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ស្របតាម​ស្តង់​ដា​អន្តរជាតិ​ ​ព្រោះ​ការ​ទទួល​បាន​ព័ត៌មាន​ ​គឺជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​ ​ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​

​លោក​ ​Sardar​ ​Umar​ ​Alam​ ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាពលរដ្ឋ​ ​ឲ្យ​មាន​ឱ​កា​សស្មើៗ​គ្នា​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​ខាងសេដ្ឋកិច្ច​ ​វប្បធម៌​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ដូច្នេះ​ទាមទារ​ឲ្យ​មានការ​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ​និង​ការ​ពង្រឹង​ច្បាប់​ផ្សេង​ៗ​ ​ដើម្បី​ធានា​ថា​ពលរដ្ឋ​គ្រប់រូប​ទទួល​បាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។​

​លោក​ថា​៖​ ​«​ហើយ​នៅពេល​ដែល​មានច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ហើយ​ ​ក៏​ទាមទារ​ឲ្យ​មានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​នេះ​ ​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ផង​ដែរ​ ​ហើយ​យើង​ក៏​ជំរុញ​ឲ្យ​ស្ថាប័ន​សាធារណៈ​អនុវត្ត​ច្បាប់​នេះ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ ​និង​ទាមទារ​ឲ្យ​មានការ​កសាង​សមត្ថភាព​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​ផង​ដែរ​ ​ហើយ​មន្ត្រី​អង្គការ​យូ​ណេស្កូ​ ​ត្រៀម​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​សកម្មភាព​ទាំង​អស់​នេះ​»​។​

​លោក​ ​ឡាំ​ ​សុ​ជាតិ​ ​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ ​និង​គោលនយោបាយ​ ​(​API​)​ ​បាន​មាន​ប្រសាសន៍​ថា​ ​បច្ចុប្បន្ន​ ​ប្រជាពលរដ្ឋ​កម្ពុជា​ ​មិនទាន់​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​ដែល​ធានា​ដោយ​ច្បាប់​នៅឡើយ​ ​ដែល​ធ្វើឲ្យ​ស្ថាប័ន​នីតិ​បញ្ញត្តិ​ ​នីតិប្រតិបត្តិ​ ​និង​តុលាការ​ ​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​បើក​ចំហរ​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​សំ​ខាន់​ៗ​ជាច្រើន​ ​ដោយសារ​មូលហេតុ​ចម្បង​មួយ​ ​គឺ​ខ្វះ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។​

​លោក​ថា​៖​ ​«​សង្គម​ស៊ីវិល​និង​យុវជន​កម្ពុជា​ ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ​និង​ស្ថាប័ន​សភា​កម្ពុជា​ ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឲ្យបាន​ឆាប់​ ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ ​និង​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ​និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដោយ​តម្លាភាព​»​។​

​លោក​ក៏បាន​ស្នើ​ដល់​ស្ថាប័ន​នីតិ​បញ្ញត្តិ​ ​នីតិប្រតិបត្តិ​ ​និង​តុលាការ​ ​ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​របស់​រដ្ឋ​ ​ត្រូវ​បើក​ចំហរ​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​ឲ្យបាន​ទូលំទូលាយ​ ​ផ្តល់​កិច្ចការពារ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​បង្ហាញ​ព័ត៌មាន​ពិត​ ​ឬ​ព័ត៌មាន​ដែល​បម្រើ​ដល់​ប្រយោជន៍​សាធារណៈ​ ​និង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ​ព្រមទាំង​បង្កើត​យន្តការ​បណ្តឹង និង​គណៈកម្មការ​ឯករាជ្យ​មួយ​សម្រាប់​ដោះស្រាយ​ករណី​នៃ​ការ​មិន​ផ្តល់​ព័ត៌មាន​ក្រោយពី​មាន​សំ​ណើរ​សុំ​ជាក់លាក់​ផង​ដែរ​៕​

Share and Like this post

Related Posts

Previous Article

លោ​ក​ឈាង​ ​វុន​ ​រង់ចាំ​ការ​កោះហៅ​ពី​តុលាការ​ ​ក្រោយពី​អ្នកវិភាគ​បាន​ដាក់ពាក្យ​បណ្ដឹង​

Next Article

​រយៈពេល៩ខែ​ ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត៥០០នាក់​