សត្វ​ព្រៃ​ចម្រុះ​ខុស​ច្បាប់​ជាង​ ​២០០​គីឡូក្រាម​ត្រូវ​បាន​បង្ក្រាប​តាម​រថយន្ត​ក្រុង​

ប៉ិច សុធារី / Khmer Times No Comments Share:

​កំពង់ធំ​៖​ ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ធំ​ ​កាលពី​ថ្ងៃអាទិត្យ​នេះ​ ​បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន​សត្វព្រៃ​ចម្រុះ​ខុសច្បាប់​ជាង​ ​២០០គីឡូក្រាម​ ​តាម​រថយន្តក្រុង​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​ ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នកបើកបរ​ថ​យន្ត​ដើម្បី​យក​ទៅ​សួរនាំ​ផង​ដែរ​។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ ​លោក​ឧត្តមសេនីយ៍​ត្រី​ ​ហង្ស​ ​ថុល​ ​បាន​មានប្រសាសន៍​ថា​ ​ការ​បង្ក្រាប​ករណី​ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ស្លាក​ក្រាញ់​ ​ឃុំ​សំព្រោ​ជ​ ​ស្រុក​ស្ទោង​ ​ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​មួយចំនួន​ ​ដូចជា​ ​សត្វ​អណ្តើក​,​ ​សត្វ​ពស់​ ​និង​សត្វ​អន្សង​ជាដើម​ ​ហើយ​ក្នុង​ប្រតិបត្តិ​ការនោះ​ ​ក៏​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នកបើកបរ​ថ​យន្ត​ក្រុង​បូព៌ា​អាស៊ី​ផង​ដែរ​។​

​លោក​ថា​៖​ ​«​ក្រោយពី​កម្លាំង​យើង​បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន​សត្វ​ខុសច្បាប់​នេះ​ហើយ​ ​យើង​បាន​បញ្ជូន​ទាំង​ជនសង្ស័យ​ ​និង​វត្ថុ​តាង​ទៅ​ខាង​មន្ត្រី​ជំនាញ​នៅ​រដ្ឋបាល​ព្រៃឈើ​អស់ហើយ​ ​ដើម្បីឲ្យ​ខាង​ជំនាញ​គេ​សួរនាំ​ ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ​ដូច្នេះ​សួរ​ទៅ​ខាង​ជំនាញ​បន្ថែម​ទៅ​»​។​

សមត្ថកិច្ច​រឹបអូស​សត្វ​ព្រៃ​ខុស​ច្បាប់​។ Fresh News

​យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ខេត្ត​ ​ក្នុង​ប្រតិបត្តិ​ការនោះ​ ​កម្លាំង​សមត្ថកិច្ច​បាន​រឹបអូស​បាន​វត្ថុ​តាង​ ​រួមមាន​ ​សត្វ​អណ្តើក​សកល​ ​២៨ក្បាល​ ​ស្មើនឹង​១៧៩គីឡូក្រាម​,​ ​សត្វ​ពស់​ ​ចំនួន​ ​៨២ក្បាល​ ​ស្មើនឹង​ ​៤៥គីឡូក្រាម​ ​និង​អន្សង៤ក្បាល​ ​ស្មើនឹង​ ​៨គីឡូក្រាម​ ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ​ងន​ ​វុន​រ៉ា​ ​អាយុ​ ​២៧ឆ្នាំ​ ​រស់នៅ​ស្រុក​វាលវែង​ ​ខេត្តពោធិ៍សាត់​ ​មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ ​រួម​និង​រថយន្តក្រុង​មួយ​គ្រឿង​ម៉ាក​ ​KIA​ ​ជា​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​ ​លោក​ ​ប៊ុ​ន​ ​សុធី​ ​និង​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្តកំពង់ធំ​ ​លោក​ ​ធីវ​ ​វណ្ណ​ធី​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​ ​កាលពី​ថ្ងៃអាទិត្យ​។​

​របាយការណ៍​របស់ក្រ​សួង​កសិកម្ម​ ​បាន​ឲ្យដឹង​ថា​ ​ក្នុង​ឆមាស​ទី១​ ​ឆ្នាំ២០១៩នេះ​ ​អង្គភាព​ជំនាញ​បាន​ចុះ​អន្តរាគមន៍​ទប់ស្កាត់​ ​និង​បង្ក្រាប​ករណី​ជួញដូរ​សត្វព្រៃ​នៅ​ខេត្តមណ្ឌលគិរី​ ​រតនគិរី​ ​ស្ទឹងត្រែង​ ​កំពង់ធំ​ ​និង​ព្រះវិហារ​ ​ដោយ​រឹបអូស​បាន​សាច់​ជ្រូកព្រៃ​ចំនួន​ ​៤៩គីឡូក្រាម​ ​សាច់​ឈ្លួស​ចំនួន​ ​១២គីឡូក្រាម​ ​សត្វ​អន្សង​រស់​ចំនួន​ ​២ក្បាល​ ​សត្វ​ត្រកួត​រស់​ចំនួន​ ​២ក្បាល​ ​និង​បាន​ប្រទះឃើញ​ជ្រូកព្រៃ​ជាប់អន្ទាក់​ងាប់​ចំនួន​ ​១ក្បាល​។​ ​របាយការណ៍​បន្ត​ថា​ ​អង្គភាព​ជំនាញ​ ​នៅតែ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ ​ការ​កសាង​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ផ្សេង​ៗ​ ​និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ចាត់វិធានការ​ជាក់ស្តែង​ ​ដើម្បី​លុបបំបាត់​បទល្មើស​ចលនា​សត្វព្រៃ​ខុសច្បាប់​នេះ​បន្ថែម​ទៀត​៕​

Share and Like this post

Related Posts

Previous Article

អតីត​កីឡាករ​ហង្ស​ក្រហមLiverpool​ ​និង​ ​Real​ ​Madrid​ ​នឹង​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​

Next Article

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ណែនាំ​​ដល់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​​ទប់ស្កាត់​ការព្យាបាល​ជំងឺ​ និង​ដើរ​ចាក់ថ្នាំ​ខុស​ច្បាប់