រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ណែនាំ​​ដល់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​​ទប់ស្កាត់​ការព្យាបាល​ជំងឺ​ និង​ដើរ​ចាក់ថ្នាំ​ខុស​ច្បាប់

ប៉ិច សុធារី / Khmer Times No Comments Share:

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ណែនាំ​បន្ថែមទៀត​ដល់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ ត្រូវ​ទប់ស្កាត់​អ្នក​ប្រក​ប​អាជីវ​កម្ម​ព្យាបាល​ជំងឺ​និង​ដើរ​ចាក់ថ្នាំ​ខុស​ច្បាប់ក្នុង​ដែនសមត្ថកិច្ច​របស់​ខ្លួន និង​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ជៀស​វាងទៅ​ព្យាបាលជំងឺ​​នៅតាមពេទ្យ​​ឯកជន​ដែលគ្មានវិជ្ជាជីវៈឬសញ្ញាបត្រ​​​ត្រឹម​ត្រូវ ដែលអាច​បង្ក​ហានិភ័យ​ដល់​​សុខភាព ជាពិសេស​អាចងាយ​​នឹង​​​ឆ្លងវីរុស​ថ្លើម​ប្រភេទ ​C ។​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ​ម៉ម ប៊ុន​ហេង បាន​ថ្លែង​ក្នុង​​វេទិកា​តុមូល​ ស្តីពី​​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ នៅ​សាកល​​​​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានីភ្នំពេញ ​កាលពី​ថ្ងៃ​សុក្រ​ ដោយបាន​ក្រើន​រំលឹក​ដល់​ប្រធាន​មន្ទីរ​សុខា​ភិបាល​រាជ​ធានី-ខេត្ត ត្រូវ​លុប​បំបាត់ទាំង​ស្រុង​នូវ​សេវាសុខាភិបាល​ខុស​ច្បាប់ និង​ត្រូវ​ចាត់ចែង​រៀបចំ​ឯកសារ​​គតិ​យុត្តិ​ប្តឹង​​ទៅ​សាលា​​ដំបូងរាជ​ធានី-ខេត្ត​ ចំពោះអ្នកដែល​​ប្រកប​អាជីវ​កម្ម​ព្យាបាល​ជំងឺ និងដើរ​ចាក់​ថ្នាំ​ខុស​ច្បាប់​ នៅក្នុង​ដែន​សមត្ថ​កិច្ច​​របស់​ខ្លួន ដើម្បីការពារ​សុខ​មាល​ភាព​របស់​ប្រជាពលរដ្ឋ។​ លោក​បន្តថា ការព្យាបាល និងការ​ចាក់ថ្នាំ​​ដោយ​មិន​មាន​ជំនាញ​ច្បាស់​លាស់ ក៏អាចបង្ក​ឲ្យឆ្លងមេរោគ​ផ្សេងៗ ជាពិសេស​​​វីរុសថ្លើម​ប្រភេទ​ C ​និង​អាច​បង្កគ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​ផង​ដែរ។

លោក​ថា៖ «ខាង​ខ្ញុំ[ក្រសួង​]នេះ នឹង​ណែនាំដល់​គ្រូ​ពេទ្យ​ឲ្យ​ប្រតិបត្តិ​ការងារឲ្យបាន​ល្អ ហើយ​កុំ​ឲ្យ​មាន​អ្នក​រក​ស៊ី​ចាក់​ថ្នាំ​ដែល​​អត់មាន​វិជ្ជា​ជីវៈ អ្នក​ដែលអត់មានរៀនសូត្រ ចាក់​​ដោយអត់មាន​រំងាប់​មេរោគឲ្យ​បាន​​​ត្រឹមត្រូវ»។

លោកបាន​បន្ថែមថា៖ «ដូច្នេះ​ក្រសួង​បានចេញ​លិខិត​រួច​ហើយ​ដល់​មន្ទីរ​សុខាភិបាលរាជធានី-ខេត្ត​ ធ្វើ​យ៉ាង​ណា​លុប​បំបាត់​​អ្នក​ដើរ​ចាក់ថ្នាំ​នៅតាម​ភូមិ​ឲ្យ​អស់ ក្នុ​ងករណីនៅតែ​មាន​អ្នក​ចាក់ថ្នាំ​តាម​ភូមិ​បន្ត​ទៀត​នោះ ស្នើ​ឲ្យ​ប្តឹង​ទៅ​តុលាការ​​ដើម្បី​ឲ្យ​ច្បាប់​ដោះស្រាយ»។

លោក ​ម៉ម ប៊ុនហេង ក៏បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ចូលរួម​អនុវត្ត​ផែន​ការ​​ និង​ទិសដៅដែល​បាន​ដាក់​ចេញ​ចំនួន​​ ៥​ចំណុច ដែលស្រប​ទៅនឹង​ការ​លើក​ទិស​ដៅ​របស់អង្គការ​សហ​ប្រជាតិ ក្នុងការ​លុប​បំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង​ C ក្នុង​ពិភព​លោក​នៅ​ត្រឹម​ឆ្នាំ​២០៣០ ក្នុងនោះ​រួម​មាន​ ការ​ផ្តល់​វ៉ាក់សាំង​ជំងឺរលាក​ថ្លើម​​ប្រភេទ ​B ចំនួន​៣​​​លើ​ក​ដល​កុមារ​ឲ្យបាន ៩០%, ការពារ​ការឆ្លងជំងឺ​ថ្លើម​ប្រភេទ​ B ពីម្តាយ​ទៅ​កូន​ឲ្យបាន​ ៩០%, សុវត្ថិ​ភាព​ឈាម​និង​សុវត្ថិ​ភាពនៃការ​ចាក់ថ្នាំ​ឲ្យ​បាន​១០០%, ការ​ផ្តល់ជូន​សារ៉ាងនិង​ម្ជុល​ដែលមាន​សុវត្ថិ​ភាព​ដល់​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន, និង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​រលាកថ្លើម​ប្រភេទ ​B និង​ C ឲ្យ​បាន​៩០% និងព្យាបាល​​​អ្នក​​ដែលត្រូវ​​​ការ​ការព្យាបាល​ឲ្យ​បាន​៨០%។

លោក​បានបញ្ជាក់ថា៖ «គោល​​ដៅ​សំខាន់​របស់​​រាជរដ្ឋាភិបាល ធ្វើ​យ៉ាង​ម៉េចឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​ទូទាំងប្រទេស​ ជា​ពិសេស​ពលរដ្ឋ​ក្រី​ក្រ​ កម្មករ​ កម្មការិនី ទទួល​បាន​ការថែទាំ ​និងពិនិត្យ​ព្យាបាល​ពីគ្រូពេទ្យ​យើង​គ្រប់ៗ​គ្នា ដោយ​មិន​ទុក​ចោល​នរណា​ម្នាក់​ឡើយ»។

សាកល​វិទ្យាធិការសាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បា​នលើកឡើង​កាលពីថ្ងៃ​សុក្រ​ដែរថា​ រាជ​រដ្ឋាភិបាលនិង​ដៃគូរ​អភិវឌ្ឍន៍​​​បាន​និង​កំពុង​ផ្លាស់ប្តូរ​យោបល់​គ្នា និង​ធ្វើការងារ​បង្ការ ទប់​ស្កាត់ និងព្យាបាល​អ្នក​ជំងឺ​រលាកថ្លើម​ ដើម្បីប្រមូល​ធាតុ​ចូលបន្ថែមទៀតសម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រជាតិ និង​អន្តរាគមន៍សំដៅឈាន​ទៅ​លុប​បំបាត់​ជំងឺ​រលាក​ថ្លើម​​​ ជាពិសេសកុំឲ្យជំងឺនេះ​បន្តការគំរាម​កំហែង​ដ់​សុខ​ភាព​សាធារណៈ​​បន្ត​ទៀត។

ចំណែក ប្រធាន​មន្ទីរសុខាភិបាល​ខេត្តព្រះវិហារ លោក គួង ឡូ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃអាទិត្យ​​ថា មន្ទីរ​សុខា​ភិបាល​​ខេត្ត​ បាន​និងកំពុងសហការ​ជាមួយ​អាជ្ញាធរ​ និង​មណ្ឌលសុខ​ភាព​នានាក្នុងមូលដ្ឋាន ក្នុងការចាត់វិធាន​ការ​ចំពោះ​​អ្នក​​ព្យាបាល​និងចាក់ថ្នាំ​តាម​ភូមិជា​បន្ត​បន្ទាប់​ ​ទៅតាមអនុសាសន៍​របស់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងចុះ​ពិនិត្យ​ជាប្រចាំ​នៅ​តាម​ឱសថ​ស្ថាន​​​​ផងដែរ ដើម្បីទប់ស្កាត់​ការលួចផ្តល់​សេវា​ព្យាបាល​ដែលពុំមានច្បាប់អនុញ្ញាត និងការ​លក់​ថ្នាំ​​ហួស​កាល​បរិច្ឆេតប្រើប្រាស់ដែល​ធ្វើ​​​ឲ្យប៉ះ​ពាល់​ដល់សុខ​ភាព​របស់​​ប្រជាពលរដ្ឋផងដែរ។

លោកថា៖ «កន្លងមក នៅ​ពេល​ដែល​មានការ​រាយ​​ការណ៍ថា​មានអ្នក​ដើរ​ចាក់ថ្នាំតាមភូមិខុសច្បាប់ គឺ​យើ​ងបាន​ហៅ​គាត់​ទៅ​ណែនាំ និងឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជា​​បន្ទាន់​ផង​ដែរ ហើយ​​យើង​ក៏បាន​បន្តតានដានសកម្មភាព​របស់​ពួកគាត់​ដែរ ក្នុងករណី​ដែល​ពួកគាត់់តែបន្ត​សកម្មភាពនេះ យើងនឹង​រៀបចំ​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ»៕

Share and Like this post

Related Posts

Previous Article

សត្វ​ព្រៃ​ចម្រុះ​ខុស​ច្បាប់​ជាង​ ​២០០​គីឡូក្រាម​ត្រូវ​បាន​បង្ក្រាប​តាម​រថយន្ត​ក្រុង​

Next Article

បុរស​ទន្រ្ទាន​ដី​ព្រៃ​ការពារ​រាប់​រយ​ហិកតា​ ​នៅ​ស្រុក​សំឡូត​ត្រូវ​បាន​ចាប់ខ្លួន