តើអ្នកបានដឹង និងធ្វើអ្វីខ្លះក្នុងពិធីបុណ្យភ្ជុំបិណ្ឌ?

Ethan Scully / Khmer Times No Comments Share:
pchum-ben-dakbat

នៅក្នុងប្រទេសកម្ពុជាមានថ្ងៃដែលឈប់សម្រាក គួរឲ្យកត់សម្គាល់ធំៗ២។ ទីមួយ គឺបុណ្យប្រពៃណីចូលឆ្នាំខ្មែរ និងទីពីរគឺបុណ្យភ្ជុំបិណ្ឌ។ បុណ្យភ្ជុំបិណ្ឌគឺជាថ្ងៃឈប់សម្រាកបុណ្យជាតិដែលប្រារព្ធឡើងដោយប្រជាជនកម្ពុជាទាំងមូល ភ្ជុំបិណ្ឌជាបុណ្យប្រពៃណីមួយដែលប្រជាពលរដ្ឋខ្មែររីករាយក្នុងការប្រារព្ធ ប៉ុន្តែចំពោះប្រជាពលរដ្ឋចំណូលថ្មីអាចនឹងមានផលលំបាកបន្តិចបន្តួចក្នុងការប្រារព្ធពិធីបុណ្យមួយនេះ។ តោះយើងទៅមើលទាំងអស់គ្នាថា យើងអាចធ្វើអ្វីបានខ្លះក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ!

តើអ្វីជាបុណ្យភ្ជុំបិណ្ឌ?
ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីខ្មែរមួយដែលប្រជាជនកម្ពុជាប្រារព្ធធ្វើជាយូរលង់ណាស់មកហើយ។ ភ្ជុំបិណ្ឌជាពិធីបុណ្យពុទ្ធសាសនាមួយដែលធ្វើឡើងសម្រាប់ឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅហើយត្រូវបានគេជឿថាកំពុងតែរស់នៅយ៉ាងវេទនានៅក្នុងឋាននរក។ បុណ្យបែបសាសនាមួយនេះក៏ធ្វើឡើងសម្រាប់ ផ្ដល់ឱកាសដល់សាច់ញាតិជួបជុំគ្នាដើម្បីប្រគេនចង្ហាន់ និងសម្ភារៈនានាដើម្បីឧទ្ទិសកុសលដល់ញាតិសន្តានដែលបានចែកឋានទៅ។

អត្ថន័យនៃពាក្យថាភ្ជុំបិណ្ឌត្រូវបានគេផ្គុំឡើងដោយពាក្យថាភ្ជុំ និងបិណ្ឌដែលក្នុងនោះផងដែរ ភ្ជុំមានន័យថាការជួបជុំគ្នារវាងញាតិសន្ដាន ចំណែកបិណ្ឌវិញសំដៅទៅលើបាយដែលគេបិណ្ឌសម្រាប់បោះទៅឲ្យប្រែត។

តើពិធីភ្ជុំបិណ្ឌត្រូវប្រារព្ធឡើងដោយរបៀបណា?
ពិធីភ្ជុំបិណ្ឌជាពិធីមួយ ដែលធ្វើឡើងដើម្បីរំឭកវិញ្ញាណក្ខន្ធបងប្អូនសាច់ញាតិ និងបុព្វការីជនដែលបានចែកឋានទៅ វាក៏ជាពេលមួយដែលប្រជាជនត្រឡប់ទៅស្រុកកំណើតវិញដើម្បីជួបជុំបងប្អូនផងដែរ។ ភ្ជុំបិណ្ឌក៏ត្រូវបានគេហៅថាជាពិធីបុណ្យប្រពៃណីជាតិ និងជាពិធីបុណ្យសាសនាផងដែរ ដែលជានិច្ចកាលបើកទូលាយទាំងអស់សម្រាប់មនុស្សទូទៅមិនថាជាអ្នកកាន់ពុទ្ធសាសនាឬក៏សាសនាដទៃឡើយ។

១៤ ថ្ងៃដំបូងនៃពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានគេហៅថាបុណ្យដាក់បិណ្ឌ អំឡុងពេលបុណ្យដាក់បិណ្ឌប្រជាជនខ្មែរទាំងអស់ភាគច្រើននាំគ្នាត្រឡប់ទៅស្រុកកំណើត និងខេត្តរៀងខ្លួនដើម្បីទៅវត្តសាងកុសល អំឡុងពេលនោះដែរ ព្រះសង្ឃដែលគង់ក្នុងវត្តអារាមសូត្រធម៌ពេញមួយយប់ដើម្បី ហៅវិញ្ញាណក្ខន្ធទាំងអស់នោះឱ្យមកជួបញាតិសន្ដាន ចំណែកឯលោកតាលោកយាយក៏ដូចជាប្រជាជនក្នុងស្រុកភូមិតែងតែងើបពីព្រលឹមចម្អិនអាហារដើម្បីប្រគេនទៅព្រះសង្ឃ ក៏ដូចជាធ្វើបម្រុងទុកសម្រាប់បោះបាយបិណ្ឌ។ ការប្រគេនចង្ហាន់ទៅព្រះសង្ឃពេលព្រឹកព្រលឹមបែបនេះគឺដោយសារតែព្រះសង្ឃមិនអាចឆាន់អ្វីបាននោះឡើយនាពេលថ្ងៃត្រង់។

ថ្ងៃចុងក្រោយនៃពិធីបុណ្យគឺជាថ្ងៃដែលសំខាន់បំផុត ស្ទើរតែគ្រប់គ្នាក្នុងប្រទេសកម្ពុជាឈប់សម្រាកយ៉ាងហោចណាស់បីថ្ងៃ ដើម្បីត្រឡប់ទៅលេងស្រុកកំណើតរបស់ពួកគេ។ នៅក្នុងឆ្នាំនេះពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានគេប្រារព្ធឡើងនៅចន្លោះថ្ងៃទី ២៧ និង ៣០ ខែកញ្ញា។

ដើម្បីចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ តើអ្នកត្រូវធ្វើដូចម្ដេច?
ប្រសិនបើអ្នកជាសាសន៍ដទៃឬក៏ជនបរទេសហើយមានបំណងចង់ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះវាជាការល្អបំផុតប្រសិនបើអ្នកអាចស្វែងរកមិត្តភ័ក្រណាមួយដែលជាជនជាតិខ្មែរដើម្បីចូលរួមពិធីនេះជាមួយអ្នក ព្រោះមិត្តភក្តិរបស់អ្នកអាចប្រាប់អ្នកបានច្រើនពីទម្លាប់ប្រពៃណីនៃពិធីបុណ្យនេះ។ ជាឧទាហរណ៍មួយគឺអ្នកប្រហែលត្រូវងើបតាំងពីព្រលឹម ដើម្បីទៅវត្ត។

កំណត់សម្គាល់មួយក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌគឺពោរពេញទៅដោយមនុស្សច្រើនកុះករ ដូច្នេះហើយអ្នកត្រូវតែចេះគោរព និងអធ្យាស្រ័យឱ្យគ្នា។ ចុងក្រោយនោះគឺស្លៀកពាក់បានសមរម្យ ដោយព្យាយាមស្លៀកពាក់សំពត់ឬខោខៀវអាវស ព្រោះឯកសណ្ឋានមួយនេះជាឯកសណ្ឋានប្រពៃណីមួយដែលប្រជាជននិយមស្លៀកនៅពេលដែលពួកគេទៅវត្តអារាម។

តើអ្វីខ្លះទៀតដែលអ្នកគួរតែដឹងអំពីពិធីបុណ្យភ្ជុំបិណ្ឌ?
ភ្ជុំបិណ្ឌជាពិធីបុណ្យជាតិមួយដែលតែងតែធ្វើឡើងនៅក្នុងប្រទេសកម្ពុជា វាជាពេលមួយដែលប្រជាជននៅទីក្រុងតែងតែទៅស្រុកកំណើតឬក៏ទៅលេងនៅតាមខេត្ត។ ជាធម្មតាអ្នកនឹងឃើញភោជនីយដ្ឋានក៏ដូចជាកន្លែងលក់ទំនិញជាច្រើនបិទទ្វារ និងឈប់សំរាកក្នុងអំឡុងពិធីបុណ្យមួយនេះ។ វាពិតជាប្រសើរប្រសិនបើអ្នកមានអាហារបម្រុងទុកនៅផ្ទះ៕

បកប្រែដោយ សំ កន្និកា

Share and Like this post

Related Posts

Previous Article

បុរស​ទន្រ្ទាន​ដី​ព្រៃ​ការពារ​រាប់​រយ​ហិកតា​ ​នៅ​ស្រុក​សំឡូត​ត្រូវ​បាន​ចាប់ខ្លួន

Next Article

ពិធីបុណ្យភ្ជំបិណ្ឌ