cellcard cellcard

ពិធីបុណ្យភ្ជំបិណ្ឌ

Ethan Scully / Khmer Times Share:
pchum ben
KT/ ខឹម សុវណ្ណារ៉ា

ពិធីបុណ្យភ្ជំបិណ្ឌគឺជាពិធីបុណ្យសាសនាធំមួយសម្រាប់ពុទ្ធសាសនិកជនដូចជាប្រជាជនកម្ពុជា ដែលអ្នកកាន់ពុទ្ធសាសនាទាំងក្មេងចាស់ប្រុសស្រី តែងតែចំណាយពេលយ៉ាងហោចណាស់១ថ្ងៃដើម្បីទៅធ្វើបុណ្យឧទ្ទិសកុសលដល់ញាតិការទាំង៧សន្តានដែលបានចែកឋាន នៅតាមបណ្តាវត្តអារាមនានា។ ពិធីបុណ្យនេះក៏ជាឱកាសមួយដែលយុវជនមួយចំនួនតែងប្រមូលគ្នាជាក្រុមដើម្បីធ្វើបុណ្យសាងកុសលជុំគ្នា ដោយការធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងបរិច្ចាគបច្ច័យដើម្បីកសាងសម្មិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា។ សហការីនៃ Youth Today បានចូលរួមដាក់បិណ្ឌនៅបិណ្ឌទី២ នៃពិធីបុណ្យភ្ជំបិណ្ឌឆ្នាំនេះ និងបានដកស្រង់យកសកម្មភាពមួយចំនួនដែលយុវជនគួរយល់ដឹងនិងអាចចូលរួមបាននៅពេលទៅចូលរួមពិធីបុណ្យភ្ជំនៅវត្តអារាម៖

សម្លៀកបំពាក់

pchum ben dress

សម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងការចូលរួមក្នុងពិធីសាសនា មានដូចជាអាវប៉ាក់ពណ៌ស និងសំពត់បត់។ ប្រសិនបើអ្នកមិនអាចរកសម្លៀកបំពាក់ប្រពៃណីបាន អ្នកក៏អាចស្លៀកសម្លៀកបំពាក់សមរម្យដោយអាវស ឬអាវពណ៌ស្រាល ជាមួយនឹងសំពត់វែង ធ្វើយ៉ាងណាមិនលិចលើលិចក្រោម និងមិនឆើតឆាយពេក។

ទំនៀមទំលាប់

pchum ben

អ្នកកាន់ព្រះពុទ្ធសាសនាមានទំលាប់ថ្វាយបង្គំព្រះ នៅពេលចូលដល់ព្រះវិហារក្នុងទីអារាមណាមួយ។ ស្របជាមួយនឹងការថ្វាយបង្គំចំនួន៣ដង ពុទ្ធសាសនិកក៏តែងតែអុជធូប ថ្វាយផ្កាភ្ញី ដើម្បីបួងសួងសុំសេចក្តីសុខពីការធ្វើបុណ្យរបស់ខ្លួន។

ពូនភ្នំខ្សាច់

pchum ben sand mount

មិនមែនញឹកញាប់ទេដែលពុទ្ធសាសនិកមានឱកាសពូនភ្នំខ្សាច់ ដើម្បីបួងសួងសុំសេចក្តីសុខ លាងជម្រះបាបកម្មដែលធ្លាប់សាង។ បច្ចុប្បន្ន យុវជនអាចធ្វើការបរិច្ចាគថវិកាតាមសទ្ធារបស់ខ្លួន តាមរយៈការពូនភ្នំខ្សាច់ ដែលថវិកាទាំងនោះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការចំណាយនិងការអភិវឌ្ឍនានាក្នុងវិស័យព្រះពុទ្ធសាសនា។

សាងកុសល

pchum ben offer

វប្បធម៌នៃការចែករំលែកនៅតែដក់ជាប់នៅក្នុងទឹកចិត្តប្រជាជនខ្មែរ មិនថាវ័យណាក៏ដោយ។ ក្នុងពេលដែលពុទ្ធសាសនិកជនចំណុះជើងវត្តជាច្រើនបានចំណាយពេលនិងកម្លាំងដើម្បីកម្មវិធីបុណ្យភ្ជំបិណ្ឌឲ្យបានរលូន អ្នកក៏អាចចូលរួមលើកទឹកចិត្តអ្នករៀបចំកម្មវិធីដោយការបរិច្ចាគតាមសទ្ធាផ្ទាល់ខ្លួន៕
Previous Article

តើអ្នកបានដឹង និងធ្វើអ្វីខ្លះក្នុងពិធីបុណ្យភ្ជុំបិណ្ឌ?

Next Article

Editor’s Note: Welcome to Youth Today edition 37