ក្រសួងបរិស្ថានដាក់ចេញបទបញ្ជាជាង ១០ចំណុចដល់មន្ត្រីក្រោមឱវាទ

ប៉ិច សុធារី / Khmer Times No Comments Share:
មន្ត្រីដែលយាមនៅតាមតំបន់ការពារធម្មជាតិនានា ត្រូវគ្រប់គ្រង និងប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវ។ សហការី

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានណែនាំដល់មន្ត្រីដែលយាមកាមនៅតាមតំបន់ការពារធម្មជាតិនានា ត្រូវគ្រប់គ្រងនិងប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យមានប្រសិទ្ធិភាព។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ បានដាក់ចេញនូវបទបញ្ជាជាង ១០ចំណុច ឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនអនុវត្តឲ្យមានប្រសិទ្ធិភាព ក្នុងនោះ បានតម្រូវឲ្យមានការគ្រប់គ្រង និងរៀបចំឃ្លាំង ដាក់អាវុធនៅទីតាំងដែលមានសុវត្ថិភាពឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយការប្រើប្រាស់អាវុធនៅពេលចុះបំពេញបេសកកម្មល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវមានលិខិតបញ្ជាបេសកកម្មនិងប័ណ្ណសម្គាល់អាវុធឲ្យបានត្រឹមត្រូវ និងហាមដាច់ខាតការបាញ់បោះ ដោយលើកលែងក្នុងករណីពិសេស ដែលត្រូវការពារខ្លួននូវគ្រោះថ្នាក់ចំពោះមុខប៉ុណ្ណោះ។

ក្រសួងបានបញ្ជាក់ថា៖ «មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ការពារធម្មជាតិ ដែលមានសិទ្ធិប្រើប្រាស់អាវុធទាំងអស់នេះ ត្រូវបានហាមដាច់ខាតនូវរាល់ការលក់ ការផ្ទេរ ឬឲ្យខ្ចីអាវុធ គ្រាប់រំសេវទៅឲ្យបុគ្គលណាមួយ ទោះក្នុងករណីណាក៏ដោយ»។

ក្រសួងបានជំរុញដល់ប្រទេសមន្ទីរបរិស្ថានរាជធានី-ខេត្ត ដែលបានទទួលអាវុធប្រភេទ CKC ត្រូវស្នើសុំគ្រូបង្វឹកជាយោធាចារ្យ ដើម្បីហ្វឹកហ្វឺនបណ្តុះបណ្តាលអំពីការប្រើប្រាស់ ថែទាំ និងគ្រប់គ្រងអាវុធទាំងនេះ។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏បានចេញសេចក្តីណែនាំមួយផ្សេងទៀត ដល់មន្ត្រីឧទ្យានុរក្ស ត្រូវប្រើប្រាស់ឯកសណ្ឋាន សញ្ញាសក្តិ មួក និងសញ្ញាសម្គាល់ក្រសួងបរិស្ថានឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការប្រើប្រាស់ឯកសណ្ឋានស្របតាមលិខិតបទដ្ឋានច្បាប់ ក្រោយពីក្រសួងបានសង្កេតឃើញមានមន្ត្រី និងឧទ្យានុរក្សមួយចំនួនបានប្រើប្រាស់ឯកសណ្ឋាន ពុំទាន់បានត្រឹមត្រូវនៅឡើយ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានមានប្រសាសន៍កាលពីថ្ងៃពុធថា សេចក្តីណែនាំនេះធ្វើឡើងដើម្បីគ្រប់គ្រងនូវការប្រើប្រាស់អាវុធ និងរំសេវ នៅតាមតំបន់ការពារធម្មជាតិឲ្យបានល្អប្រសើរ ស្របតាមច្បាប់ជាធរមាន ក៏ដូចជាតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ខណៈដែលមន្ត្រីឧទ្យានុរក្សទាំងនោះបានទទួលនូវអាវុធប្រភេទ CKC ដែលជាអាវុធជាតិផ្ទុះ ដើម្បីពង្រឹងការងារអភិរក្សធនធានធម្មជាតិ។

លោកបន្តថា៖ «ដើម្បីឲ្យការគ្រប់គ្រងឲ្យបានល្អ ព្រោះវាជាអាវុធជាតិផ្ទុះនោះ ដូច្នេះចាំបាច់់យើងត្រូវប្រុងប្រយ័ត្ន និងគ្រប់គ្រងឲ្យបានល្អ អីចឹងហើយបានជាក្រសួងត្រូវចេញសេចក្តីណែនាំទាំងនេះ ដើម្បីឲ្យពួកគាត់អនុវត្តឲ្យបានល្អខ្ជាប់ខ្ជួន»។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក អ៊ា សុខា បានមានប្រសាសន៍ថា ជាទូទៅ នៅពេលដែលមន្ទីរបានទទួលអាវុធពីក្រសួងការពារជាតិ គឺមន្ទីរបានប្រគល់អាវុធទាំងនោះ ដោយភ្ជាប់ជាមួយនូវឯកសារគោលការណ៍ណែនាំ ស្តីពីការប្រើប្រាស់អាវុធទាំងនោះ ទៅឲ្យមន្ត្រីឧទ្យានុរក្ស ដើម្បីឲ្យអនុវត្តការគ្រប់គ្រងអាវុធមានប្រសិទ្ធិភាព។

លោកថា៖ «ឥលូវនេះ ខាងក្រសួងបរិស្ថានបានចេញសេចក្តីណែនាំនេះបន្ថែមទៀត ដូច្នេះយើងបានជូនដំណឹងទៅមន្ត្រីឧទ្យានុរក្សទាំងអស់នៅតាមតំបន់ការពារធម្មជាតិក្នុងខេត្ត ដោយបានថតចម្លងសេចក្តីណែនាំនេះ និងប្រាប់ឲ្យពួកគាត់អនុវត្តទៅតាមខ្លឹមសារក្នុងសេចក្តីណែនាំនោះហើយ»។

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បានគាំទ្រចំពោះការណែនាំរបស់ក្រសួង ដើម្បីឲ្យមន្ត្រីឧទ្យានុរក្សទាំងនោះ មានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងទុកដាក់អាវុធឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងកើតមាននូវបញ្ហាផ្សេងៗ។

លោកថា៖ «ជារឿងល្អសម្រាប់ឲ្យមន្ត្រីមានអាវុធក្នុងការការពារខ្លួន ព្រោះនៅពេលដែលជនល្មើសមានកាំភ្លើងហើយធ្វើការតដៃជាមួយមន្ត្រីយើងពេលដែលចុះល្បាតព្រៃ ប៉ុន្តែទន្ទឹមនឹងនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងកន្លែងទុកដាក់អាវុធទាំងនោះឲ្យបានត្រឹមត្រូវ និងមានអ្នកយាមកាមឲ្យបានល្អផងដែរ ក្រោយពីចុះបំពេញបេសកកម្មរួច ដើម្បីជៀសវាងយកអាវុធទាំងនោះទៅប្រើប្រាស់ក្នុងទិសដៅផ្សេង ដូចជាយកទៅប្រើសម្រាប់ការបរបាញ់សត្វ ឬយកទៅប្រើប្រាស់ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសង្គម»។

បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្ន ក្រសួងបាននិងកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៦២កន្លែង ដែលមានទំហំប្រមាណ ៧,២៤៩,០២៤ហិកតា ដោយមានមន្ត្រីឧទ្យានុរក្សចំនួន ១២២០នាក់ កំពុងឈរជើងការពារធនធានធម្មជាតិយ៉ាងម៉ត់ចត់នៅតំបន់ទាំងនោះ៕

Share and Like this post

Related Posts

Previous Article

សិស្ស​ទើប​បញ្ចប់​ការប្រឡង​បាក់​ឌុប​គួរ​ងាក​មក​ចាប់អារម្មណ៍​ជំនាញ​បន្ទាប់បន្សំ

Next Article

​ក្រសួង​បរិស្ថាន​ ​និង​អង្គការ​អភិរក្ស​សត្វស្លាប​អន្តរជាតិ​អំពាវនាវ​ពលរដ្ឋ​អភិរក្ស​សត្វ​ចាប​ព្រៃ​វែង​