​ក្រសួង​បរិស្ថាន​ ​និង​អង្គការ​អភិរក្ស​សត្វស្លាប​អន្តរជាតិ​អំពាវនាវ​ពលរដ្ឋ​អភិរក្ស​សត្វ​ចាប​ព្រៃ​វែង​

ប៉ិច សុធារី / Khmer Times No Comments Share:
សត្វ​ចាបព្រៃ​វែង​ ​ឬសត្វ​ ​Yellow​-​Breasted​ ​Bunting​។ សហការី

​ភ្នំពេញ​៖​ ​ក្រសួង​បរិស្ថាន​ ​និង​អង្គការ​អភិរក្ស​សត្វស្លាប​អន្តរជាតិ​ ​កាលពី​ថ្ងៃពុធ​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​អភិរក្ស​សត្វ​ចាបព្រៃ​វែង​ ​(​Yellow​-​Breasted​ ​Bunting​)​ ​ខណៈ​ដែល​សត្វ​ប្រភេទ​នេះ​ ​កំពុង​រង​ការ​គំរាម​ខ្លាំង​ ​ដោយសារ​ការ​ដាក់អន្ទាក់​ ​សារធាតុពុល​ ​និង​ការ​យក​ទៅ​ធ្វើជា​អាហារ​។​

​ការ​អំពាវនាវ​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ ​ការ​អភិរក្ស​សត្វ​ចាបព្រៃ​វែង​នៅ​កម្ពុជា​ ​ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​ ​សហការ​ជាមួយ​អង្គការ​សត្វស្លាប​អន្តរជាតិ​ ​និង​ក្រុម​អ្នក​អភិរក្ស​សត្វស្លាប​-​សត្វព្រៃ​មក​ពី​កម្ពុជា​ ​ហុងកុង​ ​និង​ជប៉ុន​។​

​លោក​ ​អ៊ូ​ ​សេរី​ ​អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ការពារ​ ​និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​ ​បាន​ថ្លែង​ថា​ ​សត្វ​ចាបព្រៃ​វែង​ ​ជា​សត្វ​ចាប​ទេ​សន្ត​ប្រវេសន៍​ជិត​ផុតពូជ​បំផុត​ ​ដែល​កំណត់​ក្នុង​បញ្ជី​ក្រហម​របស់​ ​IUCN​ ​ក្នុង​ឆ្នាំ២០១៧​។​ ​លោក​បន្ត​ថា​ ​សត្វ​ប្រភេទ​នេះ​មាន​សារៈសំខាន់​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ ​និង​បរិស្ថាន​ ​ប៉ុន្តែ​វា​ត្រូវ​បាន​រង​នូវ​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយសារតែ​ការ​ដាក់អន្ទាក់​ ​ម៉ង​ ​សារធាតុពុល​ ​ការបាត់បង់​ជី​ជម្រក​ដែល​សុវត្ថិភាព​ ​និង​ការលក់ដូរ​ធ្វើជា​អាហារ​ក្នុង​ទីផ្សារ​ជាដើម​។​

លោក​ ​អ៊ូ​ ​សេរី​ ​អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ការពារ​ ​និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​។​ ​រូប​ថ​ត​ ​ប៉ាន់​ ​រចនា​

​លោក​ថា​៖​ ​«​ដូច្នេះ​ ​សូមឲ្យ​អង្គការ​ដៃគូ​រពាក់​ព័ន្ធ​ ​និង​ប្រជាពលរដ្ឋ​ទូទៅ​ ​គួរ​នាំគ្នា​គិតគូរ​ពី​បរិស្ថាន​ ​ពី​ជីវិត​សត្វស្លាប​នេះ​ ​ដើម្បីកុំឲ្យ​វា​បាត់បង់​ពី​ផែនដី​របស់​យើង​ ​ព្រោះ​វា​មាន​សារសំខាន់​ខ្លាំង​លើ​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​»​។​

​សត្វ​ចាបព្រៃ​វែង​ ​ឬសត្វ​ ​Yellow​-​Breasted​ ​Bunting​ ​ជា​ប្រភេទ​សត្វ​បក្សី​បង្ក​កំណើត​នៅ​អឺរ៉ុប​ ​និង​ទ្វីបអាស៊ី​ខាងជើង​ ​និង​វា​បាន​ធ្វើការ​បំផ្លាស់​ទី​មកកាន់​តំបន់​អាស៊ី​ ​ប្រទេស​ឥណ្ឌា​ ​និង​ប្រទេស​ចិន​ខាងត្បូង​ ​នៅ​រដូវ​ត្រជាក់​ ​រួច​ហោះហើរ​ទៅ​ប៉ែក​អឺរ៉ុប​វិញ​។​ ​សត្វ​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​រក​ឃើញថា​មាន​វត្តមាន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ ​ចាប់ពី​កំឡុង​ឆ្នាំ១៩៥៨​ ​នៅក្នុង​ខេត្តព្រៃវែង​ ​ទើប​កម្ពុជា​សម្រេច​កំណត់​ឈ្មោះ​សត្វ​ប្រភេទ​នេះ​ថា​ ​«​សត្វ​ចាបព្រៃ​វែង​»​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​។​

​កញ្ញា​ ​អៀង​ ​ផល្លី​ ​មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ដីសើម​ទឹកសាប​នៃ​ក្រសួងបរិស្ថាន​ ​បាន​លើកឡើង​ថា​ ​កំណត់ត្រា​ចំនួន​សត្វ​ចាបព្រៃ​វែង​នៅ​កម្ពុជា​ ​មុន​ឆ្នាំ២០០២​ ​មាន​ជាង​ ​១៥០០ក្បាល​ ​ហើយ​ចំនួន​នេះ​បាន​ថយ​ចុះ​ខ្លាំង​នៅចន្លោះ​ឆ្នាំ២០០២​ ​ដល់​ ​២០១២​ ​ដែល​ត្រូវ​បាន​គេ​ប្រទះឃើញ​តែ​ប្រមាណ២០​ ​ទៅ​ ​១០០ក្បាល​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ចាប់ពី​ឆ្នាំ២០០២មកដល់​បច្ចុប្បន្ន​ ​មិន​មានការ​ចុះ​សិក្សា​ឬ​ទិន្នន័យ​ណាមួយ​ជុំវិញ​ចំនួន​សត្វ​ប្រភេទ​នេះ​ឡើយ​។​ ​កញ្ញា​បន្ត​ថា​ ​កន្លងមក​ ​សត្វ​ប្រភេទ​នេះ​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​តំបន់​ទំនាប​លិចទឹក​ទន្លេសាប​ ​និង​វាលស្រែ​មួយចំនួន​ ​ក្នុង​ខេត្តព្រៃវែង​ ​កណ្តាល​ ​ក្រចេះ​ ​ពោធិ៍សាត់​ ​សៀមរាប​ ​និង​កំពង់ធំ​។​

​កញ្ញា​ថា​៖​ ​«​ចំពោះ​ជំហាន​បន្ទាប់​ក្នុង​ការ​អភិរក្ស​សត្វ​ចាបព្រៃ​វែង​នេះ​ ​ក្រសួង​នឹង​សិក្សា​ពី​វត្តមាន​របស់​វា​និង​កំណត់​តំបន់​សំ​ខាន់​ៗ​ក្នុង​ការ​អភិរក្ស​ ​ក៏ដូចជា​បង្ក្រាប​ការ​ជួញដូរ​សត្វ​ចាបព្រៃ​វែង​ ​រៀបចំផែនការ​អភិរក្ស​សត្វ​កម្រ​នេះ​ ​និង​លើកកម្ពស់​ការយល់​ដឹង​និង​លើកទឹកចិត្ត​ដល់​កសិករ​ធ្វើស្រែ​ដោយ​ប្រើប្រាស់​ជីធម្មជាតិ​ ​និង​ជៀសវាង​ប្រើ​ថ្នាំ​គីមី​សម្លាប់សត្វ​ល្អិត​ដែល​ប៉ះពាល់​ដល់​សត្វ​កម្រ​នេះ​»​។​

​លោក​ ​ស៊ី​ម​បា​ ​ចាន់​ ​(​Simba​ ​Chan​)​ ​តំណាង​នៃ​អង្គការ​សត្វស្លាប​អន្តរជាតិ​ ​បាន​មានប្រសាសន៍​ថា​ ​កន្លងមក​ ​រាជរដ្ឋាភិបាល​ ​និង​អង្គការ​ដៃគូ​រពាក់​ព័ន្ធ​ជាច្រើន​ ​បាន​ធ្វើការ​រួមគ្នា​ក្នុង​ការ​អភិរក្ស​សត្វស្លាប​ជាច្រើន​ប្រភេទ​នៅ​កម្ពុជា​ ​ដូចជា​ ​សត្វ​គ្រៀល​ ​សត្វ​ត្មាត​ ​និង​សត្វស្លាប​ដទៃទៀត​ ​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។​ ​លោក​បន្ត​ថា​ ​បើ​តាម​ការសង្កេត​របស់​លោក​ ​ការ​អភិរក្ស​សត្វស្លាប​ទាំងនោះ​ ​ធ្វើឡើង​ភាគច្រើន​ទៅលើ​សត្វ​ស្លាប​ធំៗ​ ​និង​មាន​គេ​ស្គាល់​ច្រើន​ប៉ុណ្ណោះ​ ​ប៉ុន្តែ​សម្រាប់​សត្វ​ស្លា​បតូចៗ​ ​ដែល​ប្រឈម​នឹង​ការបាត់បង់​ទាំងនេះ​ ​នៅ​ពុំ​ទាន់​មានការ​អភិរក្ស​ល្អ​ប្រសើរ​នៅឡើយ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ដូច្នេះ​ ​យើង​សង្ឃឹមថា​ ​នឹង​មាន​កិច្ចសហការ​កាន់តែ​ច្រើនឡើង​បន្ថែម​ទៀត​ ​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​រួម​ទាំង​កម្ពុជា​ ​សម្រាប់​កិច្ចការពារ​សត្វ​ស្លា​បតូចៗ​ទាំងនេះ​ ​រួម​និង​កិច្ច​គាំពារ​បរិស្ថាន​ផង​ដែរ​»​៕​

Share and Like this post

Related Posts

Previous Article

ក្រសួងបរិស្ថានដាក់ចេញបទបញ្ជាជាង ១០ចំណុចដល់មន្ត្រីក្រោមឱវាទ

Next Article

​ខេត្ត​ចំនួន​៣ ពុំ​មាន​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​