​ខេត្ត​ចំនួន​៣ ពុំ​មាន​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​

ប៉ិច ​សុធារី / Khmer Times No Comments Share:
កុមារ​ដែល​ធ្វើការ​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​កន្លង​មក​។​ ​រូបថត​ ​ម៉ៃ​ ​វិរៈ​

​ភ្នំពេញ​៖​ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​បាន​អះអាង​ថា​ ​ពុំ​មាន​ពលកម្ម​កុមារ​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ក្នុង​ខេត្ត​ចំនួន៣​ ​ខណៈ​ដែល​ក្រុមការងារ​របស់ក្រសួង​ ​បាន​និង​កំពុង​បន្ត​ចុះ​ធ្វើ​យុទ្ធនាការ​ត្រួតពិនិត្យ​ដល់ទី​តាំង​សិប្បកម្ម​ឡឥដ្ឋ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ ​ដើម្បី​ការពារ​កុមារ​កុំ​ឲ្យ​ធ្លាក់​ក្នុងរង្វង់​ការងារ​ដែល​ប្រកបដោយ​គ្រោះថ្នាក់​នេះ​។​

​យុទ្ធនាការ​នេះ​បាន​ធ្វើឡើង​ឡើង​ ​ក្រោយពី​រាជរដ្ឋាភិបាល​ ​បាន​កំណត់​គោលដៅ​ក្នុង​ការ​បញ្ចប់​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​នៅ​ឆ្នាំ២០២០​។​

​ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ​នៃ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​លោក​ ​វ៉េ​ង​ ​ហៀង​ ​ត្រូវ​បាន​ក្រសួង​ស្រង់​ប្រសាសន៍​ផ្សាយ​ក្នុង​ហ្វេ​សប៊ុ​ក​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​ចាប់តាំងពី​ថ្ងៃទី២​ ​ខែកញ្ញា​មក​ ​ក្រុមការងារ​បាន​ចុះទៅ​ដល់​សិប្បកម្ម​ផលិត​ឥដ្ឋ​ជាង​ ​៥០ទីតាំង​ ​នៅ​ខេត្ត​កំពង់ចាម​ ​ត្បូងឃ្មុំ​ ​និង​ក្រចេះ​ ​ដើម្បី​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ការងារ​ ​និង​យុទ្ធនាការ​សហគមន៍​ផលិត​ឥដ្ឋ​គ្មាន​ពលកម្ម​កុមារ​។​

​លោក​បន្ត​ថា​ ​តាមរយៈ​ការ​ចុះទៅ​ទីតាំង​សិប្បកម្ម​ផ្ទាល់​នេះ​ ​ក្រុមការងារ​ ​បាន​ពិនិត្យ​ឃើញថា​ ​និយោជក​ ​កម្មករ​និយោជិត​ ​ក្រុម​គ្រួសារ​ ​និង​សហគមន៍​ក្នុង​វិស័យ​នេះ​ ​មានការ​យល់​អំពី​ការទប់ស្កាត់​ការប្រើ​ប្រាស់​ពលកម្ម​កុមារ​ ​ច្រើនជាង​មុន​ ​និង​គ្រប់​សិប្បកម្ម​ទាំងអស់​ ​ក៏បាន​ប្រើប្រាស់​ឧស​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ​ប៉ុន្តែ​ម៉ាស៊ីន​ផ​លិ​ត​ដ​ដុំឥដ្ឋ​ក្នុង​សិប្បកម្ម​ទាំងនោះ​នៅ​មិនទាន់​មាន​លក្ខណៈ​ស្វ័យប្រវត្តិ​នៅឡើយ​។​ ​លោក​ថា​៖​ ​«​គ្រប់​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំងអស់​មិន​មាន​ប្រើប្រាស់​ពលកម្ម​កុមារ​នោះ​ទេ​ ​និង​និយោជក​ប្រមាណ​ ​១០ភាគរយ​ ​មាន​សញ្ញា​ហាម​ប្រើប្រាស់​កុមារ​អាយុ​ក្រោម​ ​១៥ឆ្នាំ​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​គ្មាន​ការ​កាត់​បំណុល​ ​ការ​ដាក់បន្ទុក​សេរីភាព​កម្មករ​និយោជិត​ ​ការងារ​ដោយបង្ខំ​ ​និង​ទាសភាព​បំណុល​ ​ឬ​អន្ទាក់​បំណុល​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំងនោះ​ទេ​»​។​

​បើ​តាម​ ​លោក​ ​វ៉េ​ង​ ​ហាង​ ​យុទ្ធនាការ​នេះ​ ​នឹង​បន្ត​ធ្វើ​នៅ​ទូទាំង​រាជធានី​-​ខេត្ត​ ​ដែល​មាន​សិប្បកម្ម​ផលិត​ឥដ្ឋ​ដោយ​មិន​លើកលែង​ ​និង​គ្មាន​ការយោគយល់​ណាមួយ​ឡើយ​។​

​លោក​ ​ប៉ិច​ ​ធា​រ៉ា​ ​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ឬស្សី​ចារ​ ​ស្រុក​ចិត្រ​បុរី​ ​ខេត្តក្រចេះ​ ​បាន​និយាយ​ថា​ ​សិប្បកម្ម​នេះ​ ​បាន​អនុវត្ត​ទៅតាម​ការណែនាំ​របស់ក្រ​សួង​ ​និង​ច្បាប់​ការងារ​ ​ដោយ​មិន​ជ្រើសរើស​កុមារ​ឲ្យ​ចូល​ធ្វើការ​នោះ​ទេ​។​ ​លោក​ថា​៖​ ​«​ក្រុមការងារ​របស់ក្រ​សួង​ ​បាន​ចុះ​មក​ណែនាំ​ ​និង​ហាមមិនឲ្យ​ប្រើប្រាស់​ពលកម្ម​លើ​កុមារ​ទេ​ ​ណាមួយ​ការងារ​នេះ​ទាល់តែ​មនុស្ស​ពេញវ័យ​ ​ពេញកម្លាំង​ ​ទើប​អាច​ធ្វើការ​បាន​ ​បើ​កុមារ​ធ្វើ​អាច​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​»​។​

​កាលពី​ខែមិថុនា​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​លោ​ក​អ៉ិ​ត​ ​សំ​ហេង​ ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ស្តី​ពី​ ​ការ​ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​នៃ​ផលិតកម្ម​នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​ដើម្បី​បញ្ចៀស​នូវ​ឧបទ្ទវហេតុ​ដែ​ឡ​អាច​កើតមាន​ជាយថាហេតុ​ចំពោះ​ក្មេង​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ​។​

​លោក​ក៏បាន​ណែនាំ​ដល់​ម្ចាស់​ ​ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​មូលដ្ឋាន​ ​រៀបចំ​ដាក់​ស្លាក​សញ្ញា​ធំៗ​ ​ដូចជា​ ​ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​សង្វាក់​ផលិតកម្ម​ ​ជន​ណា​ដែល​នាំ​ក្មេង​ចូល​ទៅ​បរិវេណ​សង្វាក់​ផលិតកម្ម​ ​និង​ការប្រើ​ប្រាស់​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ ​ព្រមទាំង​បាន​តម្រូវឲ្យ​មានការ​ឃ្លាំមើល​ជាប្រចាំ​និង​ហាម​ក្មេង​ចូលលេង​ឬ​ធ្វើការ​នៅ​សិប្បកម្ម​ឡឥដ្ឋ​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​ហាមឃាត់​ដាច់ខាត​រាល់​ទម្រង់​នៃ​ការ​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ​ ​និង​ការ​បង្ខំឲ្យ​កុមារ​ធ្វើការ​ដើម្បី​ដោះស្រាយ​បំណុល​»​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ​ ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ ​កាលពី​ខែមិថុនា​ ​ក៏​ធ្លាប់​បាន​ស្នើ​យ៉ាង​ទទូច​ដល់​រាជរដ្ឋាភិបាល​ ​អនុវត្ត​វិធានការ​ច្បាប់​ឲ្យបាន​តឹង​រឹង​ ​និង​គួរ​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ​ដើម្បី​ប្រឆាំង​រាល់​ទម្រង់​នៃ​ការប្រើ​ប្រាស់​ពលកម្ម​កុមារ​ ​និង​ទាសភាព​បំណុល​នេះ​ ​បើ​ពុំ​នោះ​ទេ​បញ្ហា​នេះ​នឹង​រីក​រាលដាល​ពេញ​ផ្ទៃ​ប្រទេស​។​

​បើ​តាម​របាយការណ៍​របស់ក្រ​សួង​ការងារ​ ​គិត​មកដល់​ខែមិថុនា​ឆ្នាំនេះ​ ​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ ​៤២៧ទីតាំង​ ​ដែល​មានកម្ម​ករ​បម្រើការ​ងារ​ប្រមាណ​ជិត​ ​៦ពាន់​នាក់​ ​ក្នុង​នោះ​មាន​កុមារ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើការ​មាន​ចំនួន​ ​៣៩១នាក់​។​ ​សម្រាប់​កុមារ​ដែល​ត្រូវ​បាន​រក​ឃើញថា​ ​មាន​គ្រោះថ្នាក់​ដោយសារ​ការងារ​ក្នុង​វិស័យ​សិប្បកម្ម​ឡឥដ្ឋ​ ​ក្នុង​ឆ្នាំ២០១៩​ ​នេះ​ ​មានតែ​មួយ​ករណី​ប៉ុណ្ណោះ​ ​ដែល​បាន​កើតឡើង​កាលពី​ខែ​មិនា​ ​ទៅលើ​កុមារី​អាយុ​ ​១០ឆ្នាំ​ម្នាក់​ ​ឈ្មោះ​ ​ស្រី​ភ័ក្​រ​ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​ ​បាន​គ្រោះថ្នាក់​ដាច់ដៃ​ស្តាំ​ដោយសារ​កៀប​ចូល​ម៉ាស៊ីន​កិន​ឥដ្ឋ​ ​ខណៈ​ដែល​រូប​នាង​ ​និង​ក្រុម​គ្រួសារ​បំពេញការងារ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​កន្លែងនៅ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្តកណ្តាល​៕​

Share and Like this post

Related Posts

Previous Article

​ក្រសួង​បរិស្ថាន​ ​និង​អង្គការ​អភិរក្ស​សត្វស្លាប​អន្តរជាតិ​អំពាវនាវ​ពលរដ្ឋ​អភិរក្ស​សត្វ​ចាប​ព្រៃ​វែង​

Next Article

ប្រព័​ទ្ធ​សម្ពាធ​ទាប​ថ្មី​ ​នឹង​ធ្វើ​ឱ្យ​ខេត្ត​តាម​ទន្លេមេគង្គ​ជន់​លិច​បន្ថែម​ទៀត