ប្រព័​ទ្ធ​សម្ពាធ​ទាប​ថ្មី​ ​នឹង​ធ្វើ​ឱ្យ​ខេត្ត​តាម​ទន្លេមេគង្គ​ជន់​លិច​បន្ថែម​ទៀត

មំុ គន្ធា / Khmer Times No Comments Share:
Flood
ក្មេងពីរនាក់កំពុងដើរឆ្លងថ្នល់មួយខ្សែដែលបានជន់លិចដោយទឹកជំនន់។ រូបថត​ សហការី

​​កាលពី​ម្សិលមិញ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ចេញ​សេចក្តី​ណែនាំ​មួយទៀត​ដល់​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​រួម​ទាំង​អាជ្ញាធរ​ដែនដី​ទាំងអស់​ ​ត្រូវ​ចាត់វិធានការ​បង្ការ​ដើម្បី​ទប់ទល់​ ​នឹង​ទឹកជំនន់​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​

​លោក​បាន​កត់សម្គាល់​ថា​ ​ជំនន់​ទន្លេមេគង្គ​ ​បាន​បង្ក​ឲ្យ​មានការ​លិចលង់​យ៉ាងធ្ងន់ធ្ងរ​ ​នៅ​បណ្តា​ខេត្ត​តាម​ដងទន្លេ​មេគង្គ​ផ្នែក​ខាងលើ​ ​ដែល​បាន​កើតឡើង​កាលពី​សប្តាហ៍​មុន​ ​ខណៈនេះ​បើ​ទោះបីជា​ ​ទឹកបាន​ចាប់ផ្តើម​ស្រក​ចុះ​ ​ប៉ុន្តែ​ការ​ស្រក​ចុះ​នេះ​ ​មាន​សភាព​យឺត​ ​ជាក់ស្ដែង​នៅ​ខេត្ត​ស្ទឹងត្រែង​។​

​ទឹកទន្លេ​នៅក្នុង​ខេត្ត​នេះ​ ​បាន​ស្រក​ត្រឹមតែ​ ​០,៦​ ​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុងរយៈពេល​ ​៤​ ​ថ្ងៃ​កន្លះ​បន្ទាប់ពី​បាន​ជន់​លិច​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​“​ការ​ស្រក​ទៅវិញ​យឺត​នេះ​ ​ដោយសារតែ​បរិមាណ​ទឹក​ ​ដែល​កើនឡើង​ដោយសារ​ជំនន់​នា​ពេល​កន្លងមក​ ​មាន​បរិមាណ​ទឹក​ដ៏​ច្រើនលើស​លប់​ ​ទន្ទឹម​នឹង​ភ្លៀង​នៅតែ​បន្ដ​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ ​ក្នុង​តំបន់​ផ្ទៃ​រង​ពី​ទឹកភ្លៀង​លើ​ទន្លេមេគង្គ​ថែមទៀត​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ ​យោង​តាម​ការព្យាករណ៍​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​បាន​ឲ្យដឹង​ថា​ ​នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​ ​(​ITCZ​)​ថ្មី​មួយ​ ​កើតឡើង​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខេត្ត​ស្ទឹងត្រែង​ជាថ្មី​ទៀត​។​

​ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មីនេះ​ ​នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ ​បណ្តាល​ឱ្យ​កម្ពស់​ទឹកទន្លេ​មេគង្គ​កើនឡើង​ជាថ្មី​ម្តង​ទៀត​ ​ដែល​នឹង​ធ្វើឲ្យ​ទឹកជំនន់​ឆ្នាំនេះ​ ​អាច​ចាត់ទុក​ចំណាត់ថ្នាក់​ជា​ ​ទឹកជំនន់​ធំ​”​។​ ​“​​យោង​តាម​ស្ថានភាព​កម្ពស់​ទឹក​នៅ​តាម​ដងទន្លេ​សព្វថ្ងៃ​ ​និង​ការព្យាករណ៍​អាកាសធាតុ​ ​រដ្ឋាភិបាល​បាន​ធ្វើការ​ណែនាំ​ដល់​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​អាជ្ញាធរ​ដែនដី​ទាំងអស់​ ​ត្រូវ​បន្ត​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ ​និង​វិធានការ​ចាំបាច់​នានា​ ​ត្រៀម​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​ ​ដែល​អាច​នឹង​កើនឡើង​ជាថ្មី​ ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ ​ដើម្បី​កាត់បន្ថយ​ឲ្យបាន​ជា​អតិបរមា​ ​នូវ​ការ​លំបាក​ ​និង​ការ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ ​ឫ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​​”​

​លោក​ ​ឈុន​ ​ប៊ុណ្ណា​រិទ្ធិ​ ​អនុប្រធាន​មន្ទីរ​ធនធានទឹក​ ​និងឧតុនិយម​ខេត្ត​កំពង់ចាម​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​ស្រុក​ចំនួន​ ​៦​ ​ត្រូវ​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​​វា​ជា​រឿង​ធម្មតា​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ទាំងនេះ​ ​ដោយសារ​ពួកគាត់​រស់នៅ​ក្បែរ​ទន្លេ​ ​ហើយ​ធ្លាប់​ទទួលរង​នូវ​ការ​កើនឡើង​នៃ​កម្ពស់​ទឹក​បែបនេះ​”​​។​ ​ប៉ុន្តែ​យើង​នៅតែ​ព្រមាន​ពួកគេ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ ​និង​ជូនដំណឹង​ឲ្យ​ទាន់ពេល​ក្នុង​ពេល​មាន​ទឹកជំនន់​”​។​

​លោក​ ​ប៊ុ​នណា​រិទ្ធ​ ​មានប្រសាសន៍​ថា​ ​លោក​មិនទាន់​ដឹងពី​ទំហំ​នៃ​ការខូចខាត​ដោយសារ​ទឹកជំនន់​នា​ពេល​ថ្មី​ៗ​នេះ​ទេ​ ​ព្រោះ​ទឹក​មិនទាន់​ស្រក​អស់​នៅឡើយ​។​

​ស្រុក​ទាំង​ ​៦ដែល​រង​ផល​ប៉ះពាល់​នោះ​ ​រួមមាន ស្រុក​ស្ទឹងត្រង់​ ​ស្រុក​កំពង់សៀម​ ​ស្រុក​កងមាស​ ​ស្រុក​កោះសូទិន​ ​ស្រុក​ស្រីសន្ធរ​ ​និង​ស្រុក​បាធាយ​។​

​លោក​ ​ប៊ុ​នណា​រិទ្ធ​ ​បាន​កត់សម្គាល់​ថា​ ​លោក​ ​គន់​ ​គីន​ ​អនុប្រធាន​ទី១​ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ​លោក​ ​អ៊ុន​ ​ចិន្តា​ ​អភិបាលខេត្ត​ ​រួម​ជាមួយ​មន្ត្រី​បាន​ចុះ​សួរសុខទុក្ខ​ ​និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ចំនួន​ ​១.៣០០​ ​គ្រួសារ​នៅ​ឃុំ​កោះសំរោង​ ​ស្រុក​កំពង់សៀម​។​

​លោក​ ​ប្រាក់​ ​សុវណ្ណ​ ​អភិបាលខេត្ត​ព្រះវិហារ​ ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​បន្លាស់​ទី​ជ្រូក​ ​ពី​កសិដ្ឋាន​មួយ​កន្លែងនៅ​ក្នុង​ភូមិ​ស្រែ​ព្រេង​ ​ស្រុក​ត្បែងមានជ័យ​ ​ដែល​ត្រូវ​បាន​ជន់​លិច​។​

​លោក​វរៈ​សេនីយ៍​ទោ​ ​រិទ្ធ​ ​សូ​ណា​ ​អធិការ​នគរបាល​ស្រុក​បាន​មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា​ ​មន្ត្រី​របស់​លោក​បាន​ជញ្ជូន​ជ្រូក​រាប់​រយ​ក្បាល​ ​ខណៈ​សត្វ​ផ្សេងទៀត​ក៏​ត្រូវ​បាន​ទឹកជន់​លិច​៕​

Share and Like this post

Related Posts

Previous Article

​ខេត្ត​ចំនួន​៣ ពុំ​មាន​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​

Next Article

​មន្ត្រី​នគរបាល​ម្នាក់​ ​និង​បក្ខពួក​ ​៩នាក់​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​ករណី​ហិង្សា​និង​ប្រើប្រាស់​គ្រឿងញៀន​