បុគ្គលិក​អង្គការ​សុវណ្ណ​កុមារ​ផ្ទុះ​ការ​តវ៉ា​ក្រោយពី​បញ្ឈប់​ពួកគេ​ដោយ​គ្មាន​មូលហេតុ​

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
sovan koma
​អង្គការ​សុវណ្ណ​កុមារ​។​ ​រូបភាព​ ​Fresh​ ​News​

​ភ្នំពេញ​៖​ ​បុគ្គលិក​អង្គការ​សុវណ្ណ​កុមារ​ជិត​ ​២០នាក់​ ​រួម​និង​នាយក​ប្រតិបត្តិ​អង្គការ​នេះ​ ​បាន​ផ្ទុះ​ការ​តវ៉ា​ក្រោយពី​មានការ​បញ្ឈប់​ពួកគេ​ដោយ​គ្មាន​មូលហេតុ​ ​ប៉ុន្តែ​ក្រុមប្រឹក្សា​ភិបាល​នៃ​អង្គការ​នេះ​បាន​បញ្ជាក់​ថា​ ​ការបញ្ឈប់​នោះ​ត្រូវ​បាន​ធ្វើឡើង​ក្រោយពី​រក​ឃើញ​ ​អ្នក​ទាំងនោះ​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​មួយចំនួន​ ​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ ​ការរំលោភ​សេចក្តី​ទុកចិត្ត​ ​និង​ការ​ប៉ះពាល់​ដល់​សុវត្ថិភាព​កុមារ​ជាដើម​។​

កាលពី​ថ្ងៃអង្គារ​ ​បុគ្គលិក​អង្គការ​សុវណ្ណ​កុមារ​ប្រមាណ១០នាក់​ ​ក្នុងចំណោម​ជិត២០នាក់​ ​បាន​នាំគ្នា​ធ្វើកូដកម្ម​តវ៉ា​នៅមអង្គការ​សុវណ្ណ​កុមារ​ ​ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​បន្ទាប់ពី​ពួកគេ​បាន​តវ៉ា​ម្តង​រួចមក​ហើយ​កាលពី​ថ្ងៃទី១៦ខែសីហា​ ​ក្រោយពី​ត្រូវ​បាន​ក្រុមប្រឹក្សា​ភិបាល​អង្គការ​នេះ​ ​ដោយមាន​មេធាវី​ជា​តំណាង​បាន​បញ្ឈប់​ពួកគេ​ពី​ការងារ​។​

​លោក​ ​នូ​ ​សាវ៉ា​ត​ ​អតីតប្រធាន​សន្តិសុខ​អង្គការ​សុវណ្ណ​កុមារ​ ​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​កាលដែល​ពួកគាត់​ធ្វើកូដកម្ម​តវ៉ា​នេះ​ ​គឺ​ដោយសារតែ​ខាង​ក្រុមប្រឹក្សា​ភិបាល​អង្គការ​នេះ​បាន​បញ្ឈប់​ពួកគាត់​ពី​ការងារ​ដោយ​ពុំ​បាន​បញ្ជាក់​ហេតុផល​ច្បាស់លាស់​ ​និង​គ្មាន​ការ​ជូនដំណឹង​ជាមុន​ ​ដែល​ផ្ទុយ​នឹង​ច្បាប់​ការងារ​។​ ​

​លោក​ថា​៖​ ​«​បើសិនជា​ពួក​ខ្ញុំ​មាន​កំហុសឆ្គង​ ​ខាង​អង្គការ​គួរតែ​លើក​បញ្ហា​ដាក់លើ​តុ​ ​និង​បង្ហាញ​ភស្តុតាង​ថា​តើ​ពួក​ខ្ញុំ​ធ្វើខុស​យ៉ាងម៉េច​ខ្លះ​ ​អាហ្នឹង​ពួក​ខ្ញុំ​ទទួលយក​ ​តែ​នេះ​យើង​មិនបាន​ធ្វើអ្វី​ផង​ ​បែរជា​មក​បញ្ឈប់​ពួក​ខ្ញុំ​ភ្លាម​ៗ​តែម្តង​ ​ដូច្នេះ​ពួក​ខ្ញុំ​មិន​អាច​ទទួលយក​បានទេ​»​។​

​លោក​បន្ត​ថា​ ​ពួកគាត់​បាន​តវ៉ា​ ​និង​រង​ចាំ​ដំណោះស្រាយ​តាំងពី​ថ្ងៃទី​ ​១៦សីហា​មក​ ​ប៉ុន្តែ​មកដល់ពេលនេះ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​ណាមួយ​ឡើយ​ ​ទើប​ពួកគាត់​នាំគ្នា​ធ្វើកូដកម្ម​តវ៉ា​ជាថ្មី​កាលពី​ថ្ងៃអង្គារ​ ​ទាមទារ​ឲ្យ​អង្គការ​នេះ​ដោះស្រាយ​ជូន​ពួកគាត់​តាមផ្លូវ​ច្បាប់​ ​ទូរ​ទាត់​ប្រាក់ខែ​ ​ប្រាក់​អតីតភាព​ការងារ​ ​និង​ប្រាក់​សំ​ណង​ផ្សេង​ៗ​ទៅតាមច្បាប់​ការងារ​។​

​ស្ថានិ​ក​ ​និង​ជានា​យក​ប្រតិបត្តិ​អង្គការ​សុវណ្ណ​កុមារ​ ​លោក​អា​រុ​ណ​ ​សុធា​ ​ដែល​ត្រូវ​បាន​ក្រុមប្រឹក្សា​ភិបាល​បាន​បញ្ឈប់​ការងារ​ដែរ​នោះ​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃម្សិលមិញ​ដែរ​ថា​ ​រូបលោក​ពុំ​បាន​ចូលរួម​ក្នុង​កូដកម្ម​តវ៉ា​ជាមួយ​បុគ្គលិក​ទាំងនោះ​ទេ​ ​ខណៈ​ដែល​លោក​កំពុង​រៀបចំ​ឯកសារ​តវ៉ា​តាមផ្លូវ​ច្បាប់​ ​ប្រឆាំង​នឹង​ការបញ្ឈប់​រូបលោក​ ​រួម​និង​បុគ្គលិក​ជាច្រើន​នាក់​ពី​ការងារ​ដោយ​អយុត្តិធម៌​ ​និង​មិន​មានការ​ជូនដំណឹង​ជាមុន​។​ ​

​លោក​ថា​៖​ ​«​គេ​ចោទ​ខ្ញុំ​ថា​ប្រព្រឹត្ត​កំហុសឆ្គង​ ​ពុករលួយ​ ​កិបកេង​លុយ​អង្គការ​ជាដើម​ ​ដូច្នេះ​ខ្ញុំ​គិតថា​វា​ជា​រឿង​ចំ​លែក​ដែលគេ​ចោទ​ខ្ញុំ​បែបនេះ​ ​ព្រោះ​ខ្ញុំ​ជា​អ្នកបង្កើត​អង្គការ​នេះ​តាំងពី​ឆ្នាំ២០០៣មក​ ​ជាមួយ​លោកស្រី​ ​Elizabeth​ ​Johnson​ ​ដើម្បី​ជួយ​ដល់​កុមារ​រងគ្រោះ​ ​កុមារ​កំព្រា​ ​គ្មាន​ទីពឹង​និង​គ្មាន​ទីជម្រក​ជាច្រើន​នាក់​»​។​

​លោក​បាន​បន្ត​ថា​៖​ ​«​យើង​បាន​ដំណើរការ​អង្គការ​នេះ​រហូត​មក​ ​និង​បាន​ផ្ញើរ​បាយ​ការណ៍​ហិរញ្ញវត្ថុ​ទៅ​គេ​ជា​រៀងរាល់​ខែ​ ​ទើប​គេ​ក៏​ទម្លាក់​លុយ​ឲ្យ​ ​ដូច្នេះ​បើ​ខ្ញុំ​ខុស​ ​គួរតែ​ធ្វើ​ទៅតាម​គោលការណ៍​របស់​អង្គការ​ ​ដោយធ្វើ​សវនកម្ម​ ​និង​ត្រួតពិនិត្យ​របាយការណ៍​នោះ​ ​រក​ឃើញ​កំហុស​ត្រង់ណា​ ​ហៅ​ទៅ​ជជែក​ដោះស្រាយ​គ្នា​ ​ប៉ុន្តែ​គេ​អត់​ធ្វើ​ដូច្នេះ​ទេ​ ​ហើយ​បញ្ឈប់​ខ្ញុំ​ពី​ការងារ​ទៀត​»​។​

​ទោះជាយ៉ាងណា​ ​លោកស្រី​ ​Kara​ ​Heide​ ​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​ ​Golden​ ​Children​,​ ​Inc​ ​ដែល​គ្រប់គ្រង​អង្គការ​អន្តរជាតិ​សុវណ្ណ​កុមារ​ ​បាន​ឲ្យដឹង​តាមរយៈ​លិខិត​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃពុធ​ថា​ ​ការបញ្ឈប់​បុគ្គលិក​ទាំងនោះ​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្អែកលើ​ភស្តុតាង​នៃ​ការប្រព្រឹត្ត​អំពើខុស​ច្បាប់​របស់​ពួកគេ​ដែល​ត្រូវ​បាន​រក​ឃើញ​ ​ក្នុង​នោះ​អង្គការ​ក៏បាន​បាន​រៀបចំ​នូវ​បណ្តឹង​ព្រហ្មទណ្ឌ​ដើម្បី​ប្រឆាំង​នឹង​បុគ្គលិក​មួយចំនួន​ផង​ដែរ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ ​បាន​បន្ត​ថា​ ​ចំពោះ​ករណី​លោក​ ​អា​រុ​ណ​ ​សុធា​ ​នាយក​ប្រតិបត្តិ​អង្គការ​នេះ​ ​ត្រូវ​បាន​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ផ្ញើ​លិខិត​បញ្ឈប់​ការងារ​តាម​រយៈ​អ៉ី​ម៉ែ​ល​ ​កាលពី​ថ្ងៃទី២៣សីហា​ ​ដោយ​មូលហេតុ​ពាក់ព័ន្ធ​នឹង​ការបោកប្រាស់​ផ្នែក​ហិរញ្ញវត្ថុ​ ​ការប្រើ​ប្រាស់​មូលនិធិ​របស់​អង្គការ​មិន​ត្រឹមត្រូវ​ ​អំពើពុករលួយ​ ​ការរំលោភ​លើ​ការ​ទុកចិត្ត​ ​ការបំពាន​លើ​រាងកាយ​ ​ការ​បង្ក​ឲ្យ​មាន​បរិយាកាស​ដែល​ពោរពេញ​ដោយ​ហិង្សា​ ​ការ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​និង​សុខមាលភាព​របស់​កុមារ​ជាដើម​។​ ​

​លោកស្រី​ ​Heide​ ​បាន​និយាយ​ថា​៖​ ​«​យើង​កំពុងតែ​យកចិត្ត​ទុកដាក់​លើ​ការប្រព្រឹត្ត​ខុស​នេះ​យ៉ាង​តឹង​រឹង​បំផុត​ ​ហើយ​ការធានា​សុវត្ថិភាព​និង​សុខមាលភាព​របស់​កុមារ​នៅ​អង្គការ​សុវណ្ណ​កុមារ​ ​គឺជា​អាទិភាព​ទីមួយ​របស់​យើង​»​។​

​ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​លោក​ ​ជ្រុន​ ​ធា​រ៉ា​វង្ស​ ​មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ជុំវិញ​ការសម្រប​សម្រួល​ដោះស្រាយ​វិវាទ​នេះ​បានទេ​ ​កាលពី​ថ្ងៃម្សិលមិញ​៕​

Share and Like this post

Related Posts

Previous Article

សាលាក្រុង​ភ្នំពេញ​ ​កំពុង​ស្វែងរក​កន្លែង​ចាក់សំរាម​ថ្មី​

Next Article

អក្ខរកម្ម​ផ្សារ​ភ្ជាប់​នឹង​ជំនាញ​មុខ​របរ​