អក្ខរកម្ម​ផ្សារ​ភ្ជាប់​នឹង​ជំនាញ​មុខ​របរ​

No Comments Share:
កុមារ​ដែល​គ្រប់​អាយុ​ចូល​រៀន​ត្រូវតែ​ទទួល​បានការ​អប់រំ មិន​ត្រឹម​តែ​ជំនាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការ​ចេះ​អាន និង​សរសេរ​គ្រប់​ទម្រង់​ផង​ដែរ។ រូបថត ទេព សូនី

​នៅ​ជុំវិញ​ពិភពលោក​ ​រៀងរាល់ថ្ងៃ​ទី​ ​៨​ ​ខែ​ ​កញ្ញា​ ​គេ​តែង​ប្រារព្វ​ទិវា​អក្ខរកម្ម​អន្តរជាតិ​ ​ដើម្បី​ទទួលស្គាល់​ពីសា​រៈសំ​ខាន់​របស់​អក្ខរកម្ម​ ​ថា​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កាត់បន្ថយ​ភាព​ក្រីក្រ​ ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ​ទឡ្ហីករណ៍​អន្តរជាតិ​បាន​បង្ហាញថា​ ​អក្ខរកម្ម​រួមចំណែក​កែ​លម្អ​គុណភាព​នៃ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ​ដោយសារតែ​អ្នកចេះ​អក្សរ​មាន​សមត្ថភាព​អាច​ស្វែងរក​ដំណោះស្រាយ​បាន​យ៉ាង​ល្អ​ ​ក្នុង​ការ​លើកកម្ពស់​ ​សុខភាព​និង​អាហារូបត្ថម្ភ​ ​និង​មានលទ្ធភាព​ចូលរួម​បាន​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ ​ព្រមទាំង​លើកកម្ពស់​សមភាព​យេនឌ័រ​និង​ធ្វើឲ្យ​គ្រួសារ​ទាំងមូល​មាន​សុភមង្គល​ ​។​

​តាមរយៈ​របាយការណ៍​របស់​វិទ្យាស្ថាន​ស្ថិតិ​អង្គការ​យូ​ណេស្កូ​ឆ្នាំ​ ​២០១៧​ ​បាន​បង្ហាញថា​ ​យុវជន​និង​ជន​ពេញវ័យ​ប្រមាណ​ ​៧៥០​ ​លាន​នាក់​ ​មានចំណេះ​ដឹង​អក្ខរកម្ម​មូលដ្ឋាន​តិចតួច​ ​ក្នុង​នោះ​ ​២​ ​ភាគ​ ​៣​ ​ជា​ស្ត្រី​ ​និង​យុវជន​ដែល​មាន​អាយុ​ចាប់ពី​ ​១៥​ ​ដល់​ ​២៤​ ​ឆ្នាំ​ ​មាន​ប្រមាណ​ ​១០២​ ​លាន​នាក់​។​ ​ជាង​នេះ​ទៀត​ ​ក្នុងចំណោម​យុវជន​និង​ជន​ពេញវ័យ​ទូទាំង​ពិភពលោក​ដែល​គ្មាន​ការងារ​ធ្វើ​ប្រមាណ​ ​១៩២​ ​លាន​នាក់​ ​យុវជន​និង​ជន​ពេញវ័យ​ភាគច្រើន​មាន​ជំនាញ​ជា​មូលដ្ឋាន​តិចតួច​ ​រាប់ទាំង​ចំណេះដឹង​ផ្នែក​អក្ខរកម្ម​ ​ដែល​ជា​ឧបសគ្គ​មួយ​ធើ្វ​ឲ្យ​ពួកគេ​មិន​អាច​បន្ត​រៀន​ជំ​នាញ​ថ្មី​ៗ​ ​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​ទីផ្សារ​ការងារ​។​ ​មូលនិធិ​អក្ខរកម្ម​ពិភពលោក​ ​បាន​លើកឡើង​ថា​ ​“​តម្លៃ​នៃ​អនក្ខរភាព​ចំពោះ​សេដ្ឋកិច្ច​សកល​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ ​១,១៩​ ​កោដិ​ដុល្លារ​អាមេរិក​”​ ​។​

​ដូចគ្នា​នេះ​ដែរ​ ​កុមារ​មាន​ឪពុក​ម្តាយ​ជា​អក្ខរជន​ប្រមាណ​ ​២​ ​ភាគ​ ​៣​ ​ទទួល​បានការ​ចាក់ថ្នាំ​បង្ការ​ជំងឺ​តាមពេលវេលា​កំណត់​ ​ពួកគេ​ទទួល​បាន​អាហារ​រូ​បត្ថម្ភ​ត្រឹមត្រូវ​ ​ពួកគេ​បាន​ចូលរៀន​ទាន់ពេល​វេលា​ ​ពួកគេ​បាន​បន្ត​ការសិក្សា​រហូតដល់​ចប់​កម្រិត​ថ្នាក់​ ​ព្រមទាំង​មាន​លទ្ធផល​រៀនសូត្រ​ខ្ពស់​ជាង​កុមារ​ដ៏​ទៃ​ទៀត​។​ ​ជាឧទាហរណ៍​ ​ក្នុងរយៈពេល​ ​៥​ ​ឆ្នាំ​ចុងក្រោយ​នេះ​ ​អត្រា​អក្ខរកម្ម​ជន​ពេញវ័យ​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង​ប្រមាណ​ ​២,៥​ ​%​ ​និង​បាន​ឈាន​ដល់​ ​៨២,៥​%​។​ ​ប្រការ​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ ​ការ​កើនឡើង​នៃ​អត្រា​ចុះឈ្មោះ​ចូលរៀន​ ​ ​ការ​ថយ​ចុះ​អត្រា​បោះបង់​ការសិក្សា​ទាប​ ​និង​ការ​កើនឡើង​នៃ​អត្រា​បញ្ចប់​ការសិក្សា​នៅ​បឋមសិក្សា​និង​អត្រា​ចុះឈ្មោះ​ចូលរៀន​នៅ​មធ្យមសិក្សា​បឋមភូមិ​ ​ខ្ពស់​ជាង​មុន​។​ ​យើង​ទាំងអស់គ្នា​មាន​ជំនឿ​ចិត្ត​ថា​ ​អត្រា​អក្ខរកម្ម​ខ្ពស់​នេះ​បាន​ដើរតួ​នាទី​ជា​វិជ្ជមាន​មួយ​ ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​ ​នា​ពេល​បច្ចុប្បន្ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​។​

​អក្ខរកម្ម​ជន​ពេញវ័យ​ ​គឺជា​សមាសភាគ​មួយ​ក្នុងចំណោម​សមាសភាគ​ទាំងបួន​នៃ​សន្ទស្សន៍​វាយតម្លៃ​មនុស្ស​ ​(​HAI​)​។​ ​សមាសភាគ​ ​៣​ ​ផ្សេងទៀត​មាន​ដូចជា​៖​ ​អាហារូបត្ថម្ភ​ ​អត្រាមរណៈ​ភាព​កុមារ​អាយុ​ក្រោម៥ឆ្នាំ​ ​និង​ការ​បញ្ចប់​ការអប់រំ​កម្រិត​មូលដ្ឋាន​។​ ​រាល់​ប្រទេស​ដែល​មាន​អត្រា​អក្ខរកម្ម​ខ្ពស់​ ​សមាសភាគ​ ​៣​ ​នេះ​ក៏​មាន​ភាព​ប្រសើរ​ផង​ដែរ​។​ ​បន្ថែម​ពីនេះ​ទៀត​ ​តាម​និន្នាការ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​បង្ហាញថា​ ​សន្ទស្សន៍​វាយតម្លៃ​មនុស្ស​ ​(​HAI​)​ ​របស់​ប្រទេស​មួយ​គឺជា​កត្តា​សំខាន់​ក្នុង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​ហើយ​សន្ទស្សន៍​នេះ​នឹង​រីក​សុសសាយ​ថែមទៀត​ ​តាមរយៈ​ឧស្សាហកម្ម​ជំនាន់​ ​៤.០​ ​និង​ការ​រីក​ដុះដាល​នៃ​សេដ្ឋកិច្ច​ពុទ្ធិ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​បាន​ទទួលស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​នៃ​អក្ខរកម្ម​និង​ការសិក្សា​ពេញ​មួយ​ជីវិត​ ​ក្នុង​ការសម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ជាតិ​។​ ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ​សម្តេច​អគ្គមហាសេនា​ ​ ​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​បាន​អនុម័ត​លើ​គោលនយោបាយ​ជាតិ​ស្តី​ពី​ការសិក្សា​ពេញ​មួយ​ជីវិត​ ​នៅ​ថ្ងៃទី​ ​៧​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២០១៩​ ​និង​បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ​១១​ ​ខែ​ ​កក្កដា​ ​ឆ្នាំ​ ​២០១៩​ ​។​ ​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ជាតិនេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នូវ​បំណិន​សម្បទា​ ​កាយសម្បទា​ ​ក្រមសីលធម៌​ ​និង​គុណ​តម្លៃ​ ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ភាព​សុខដុម​នៅក្នុង​សង្គម​ពេញ​មួយ​ជីវិត​។​ ​ជាមួយគ្នា​នេះ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​បាន​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ផែនទី​បង្ហាញផ្លូវ​ការអប់រំ​កម្ពុជា​ ​ឆ្នាំ​ ​២០៣០​ ​ដែល​បាន​ផ្តល់​ជា​ចំណុច​ដៅ​យ៉ាង​សំខាន់​សម្រាប់​ការ​រីកចម្រើន​ ​ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ​៤​ ​ត្រឹម​ឆ្នាំ​ ​២០៣០​។​ ​ផែនការ​យុទ្ធ​សាស្រ្ត​វិស័យ​អប់រំ​ឆ្នាំ​ ​២០១៩​-​២០២៣​ ​បាន​បង្ហាញ​ពិស្តារ​នូវ​សកម្មភាព​នានា​ ​ដើម្បី​សម្រេច​បានការ​អភិវឌ្ឍ​ជំ​នាញ​ផ្សេង​ៗ​និង​បំណិន​អក្ខរកម្ម​ក្នុងអំឡុងពេល​ ​៥​ ​ឆ្នាំ​បន្ទាប់​ ​។​

​នៅ​ឆ្នាំនេះ​ ​ប្រធានបទ​សម្រាប់​ទិវា​អក្ខរកម្ម​អន្តរជាតិ​គឺ​ ​“​អក្ខរកម្ម​និង​ពហុ​ភាសា​”​ ​ដែល​ប្រធានបទ​នេះ​មាន​គោលបំណង​ឆ្លុះបញ្ចាំង​អំពី​វិសាលភាព​ ​នៃ​ពហុ​ភាសា​នៅក្នុង​សកលលោក​យើង​ដូចសព្វថ្ងៃ​ ​ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការ​កសាង​គោលនយោបាយ​និង​ការអនុវត្ត​កម្មវិធី​អក្ខរកម្ម​។​ ​ឆ្នាំនេះ​គឺជា​ឆ្នាំទី​ ​៤​ ​នៃ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​ ​៤​ ​ស្តី​ពី​ការអប់រំ​ ​នៅ​ឆ្នាំ​ ​២០៣០​ ​ដែល​ក្នុង​នោះ​អក្ខរកម្ម​ត្រូវ​បាន​បន្ស៊ី​គ្នា​ ​ឲ្យ​ស្រប​ជាមួយនឹង​ឱកាស​នៃ​ការសិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា​ ​ដោយ​ផ្តោត​យកចិត្ត​ទុកដាក់​ទៅលើ​យុវជន​ ​និង​ជន​ពេញវ័យ​។​ ​ជាពិសេស​ ​គោលដៅ​ទី​ ​៤.៦​ ​ផ្តោត​ទៅលើ​អក្ខរកម្ម​ ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​នៅ​ត្រឹម​ឆ្នាំ​ ​២០៣០​ ​យុវជនទាំងអស់​ ​និង​សមាមាត្រ​នៃ​ជន​ពេញវ័យ​ទាំង​បុរស​និង​ស្ត្រី​ ​ទទួល​បាន​អក្ខរកម្ម​និង​លេខនព្វន្ត​ ​។​

​នៅ​ឆ្នាំនេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ជ្រើសរើស​យក​ប្រធានបទ​កម្រិត​ជាតិ​ ​ដោយ​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​អក្ខរកម្ម​ផ្សារភ្ជាប់​នឹង​ជំនាញ​មុខរបរ​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ទំនុកចិត្ត​ដល់​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ក្នុង​ការ​លុបបំបាត់​គ្រោះ​មិន​ចេះអក្សរ​ ​តាមរយៈ​ការ​យកចិត្ត​ទុកដាក់​និង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​មុខរបរ​ ​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ ​រួមបញ្ចូល​ទាំង​ជំនាញ​ទន់​ ​និង​ជំនាញ​ឌីជីថល​ផង​ដែរ​។​ ​ស្របតាម​របៀបវារៈ​សកល​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ក៏បាន​ព្យាករណ៍​អត្រា​អក្ខរកម្ម​ជន​ពេញវ័យ​ ​ពី​ ​៨២,៥​%​ ​ក្នុង​ឆ្នាំ២០១៧​ ​ទៅដល់​ ​៨៨​%​ ​ក្នុង​ឆ្នាំ​ ​២០១៩​-​២០២៣​ ​និង​ ​៩៥,៧​%​ ​ក្នុង​ឆ្នាំ​ ​២០៣០​ ​(​ផែនទី​បង្ហាញ​ ​ផ្លូវ​ស្តី​ពី​ការអប់រំ​កម្ពុជា​,​ ​២០១៩​)​ ​។​

​ដើម្បី​ពន្លឿន​កិច្ច​ខិតខំ​ប្រឹងប្រែង​ខាង​ផ្នែកការ​ងារ​អក្ខរកម្ម​នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​បាន​និង​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ជាតិ​និង​អន្តរជាតិ​នានា​។​ ​អង្គការ​យូ​ណេស្កូ​ជា​ដៃគូ​មួយ​ដ៏​សំខាន់​ ​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​នានា​នៅក្នុង​អនុ​វិស័យ​អប់រំ​ក្រៅ​ប្រព័ន្ធ​ដូចជា​៖​ ​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ ​យុទ្ធនាការ​អក្ខរកម្ម​ជាតិ​ឆ្នាំ​ ​២០១៥​ ​ការរៀបចំ​គោលនយោបាយ​ជាតិ​ស្តី​ពី​ការអប់រំ​ពេញ​មួយ​ជីវិត​ ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ​ ​ការពិនិត្យ​ឡើងវិញ​នូវ​កម្មវិធី​លម្អិត​និង​សៀវភៅ​សិក្សា​គោល​អក្ខរកម្ម​សម្រាប់​សហគមន៍​ ​និង​ការ​ពង្រឹង​សមត្ថភាព​អនុ​វិស័យ​អប់រំ​ក្រៅ​ប្រព័ន្ធ​។​ ​ចំពោះ​ការអប់រំ​ក្នុង​ប្រព័ន្ធ​ ​អង្គការ​យូ​ណេស្កូ​បាន​កៀរគរ​ធនធាន​ថវិកា​ពី​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​ ​ដើម្បី​អនុវត្ត​កម្មវិធី​ពង្រឹង​ការអប់រំ​គ្រូបង្រៀន​នៅ​កម្ពុជា​ ​ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​សិក្សា​នៅ​ថ្នាក់ដំបូង​នៃ​បឋមសិក្សា​ ​(​មុខវិជ្ជា​ភាសាខ្មែរ​និង​គណិតវិទ្យា​)​ ​ដើម្បី​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការសិក្សា​ពេញ​មួយ​ជីវិត​។​

​ស្របតាម​ប្រធានបទ​ទិវា​អក្ខរកម្ម​កម្រិត​ជាតិ​និង​អន្តរជាតិ​នៅ​ឆ្នាំនេះ​ ​ក្រសួង​អប់រំ​ ​យុវជន​និងកីឡា​បាន​អនុវត្ត​នូវ​គោល​វិធី​ឆ្លើយតប​ពីរ​សម្រាប់​កម្មវិធី​អក្ខរកម្ម​ ​និង​ការរៀនសូត្រ​ពេញ​មួយ​ជីវិត​។​ ​ទី១​ ​៖​ ​ការ​ផ្តល់​បំណិន​អក្ខរកម្ម​មូលដ្ឋាន​ដល់​អនក្ខរជន​ទាំងអស់​ ​និង​ទី២​៖​ ​ធ្វើឲ្យ​ប្រសើរ​ឡើង​ថែមទៀត​នូវ​ប្រសិទ្ធ​ផល​នៃ​បំណិន​អក្ខរកម្ម​ ​ឆ្ពោះទៅ​រក​ការ​រៀន​ដោយខ្លួនឯង​និង​ការ​អភិវឌ្ឍ​ជាប់​ជាប្រចាំ​។​

​ជាផ្នែក​មួយ​ការជំរុញ​កម្មវិធី​អក្ខរកម្ម​មូលដ្ឋាន​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ដោយមាន​ការ​ជួយ​គាំទ្រ​ពី​អង្គការ​យូ​ណេស្កូ​ ​និង​មាន​កិច្ចសហការ​ល្អ​ពី​ក្រសួងកិច្ចការនារី​ ​អង្គការ​ ​SIPA​ ​ក្រុមហ៊ុន​ ​SMART​ ​និង​ដៃគូ​អភិវឌ្ឍ​ជាតិ​និង​អន្តរជាតិ​ដ៏​ទៃ​ទៀត​ ​បាន​បង្កើត​កញ្ចប់​កម្មវិធី​អក្ខរកម្ម​សម្រាប់​កម្មករ​ ​កម្មការិនី​នៅ​តាម​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​ភាគច្រើន​មានកម្ម​ករ​ ​ជា​ស្រ្តី​។​ ​មកទល់​បច្ចុប្បន្ន​ ​កម្មករ​ ​កម្មការិនី​ចំនួន​ ​១៧០០​ ​នាក់​ ​ក្នុង​នោះ​ ​៩៥​%​ជា​ស្រ្តី​ ​បាន​ចូលរួម​នៅក្នុង​កម្មវិធី​អក្ខរកម្ម​នេះ​ ​នៅ​តាម​រោងចក្រ​កាត់ដេរ​ចំនួន​ ​២៥​ ​មាន​ទីតាំងនៅ​ ​៩​ ​រាជធានី​ ​ខេត្ត​ ​ដូចជា​៖​ ​រាជធានី​ភ្នំពេញ​ ​ខេត្តកណ្តាល​ ​កំពង់ស្ពឺ​ ​កំពង់ចាម​ ​ត្បូងឃ្មុំ​ ​ព្រៃវែង​ ​ស្វាយរៀង​ ​កំពង់ឆ្នាំង​ ​និង​ខេត្តសៀមរាប​។​ ​សំខាន់​ជាង​នេះ​ទៀត​ ​សិស្ស​អក្ខរកម្ម​នៅ​តាម​រោងចក្រ​អាច​ ​ ​បន្ត​រៀន​បន្ថែម​ទៀត​ដោយខ្លួនឯង​បាន​ ​តាមរយៈ​ ​កម្មវិធី​អក្ខរកម្ម​តាម​ទូរសព្ទ​ ​(​literacy​ ​app​)​និង​ឧបករណ៍​ឌីជីថល​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​និង​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​បណ្ណាល័យ​នៅ​តាម​ ​ ​រោងចក្រ​ ​។​

​ស្រដៀងគ្នា​នេះ​ដែរ​ ​ជាផ្នែក​មួយ​នៃ​ការ​លើកកម្ពស់​ជំនាញ​ឆ្ពោះទៅ​រក​ការសិក្សា​ពេញ​មួយ​ជីវិត​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​និង​ក្រសួងការងារ​ ​បណ្តុះបណ្តាល​ ​និង​វិជ្ជាជីវៈ​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត​នៅ​ទីក្រុង​ភ្នំពេញ​ ​និង​ខេត្តសៀមរាប​ ​ដែល​ហៅ​កាត់​ថា​ ​(​BEEP​:​ ​Basic​ ​Education​ ​Equivalency​ ​Program​)​។​ ​កម្មវិធី​ ​BEEP​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​ជំនួយ​បច្ចេកទេស​និង​ថវិកា​ពី​អង្គការ​យូ​ណេស្កូ​ ​ដើម្បី​ ​ ​ ​ផ្តល់​ឱកាស​រៀនសូត្រ​បន្ត​សម្រាប់​យុវជន​និង​ជន​ពេញវ័យ​ ​ដែល​បាន​បោះបង់​ការសិក្សា​ ​ហើយ​មានបំណង​ចង់​បន្ត​ការសិក្សា​ទៅមុខ​ទៀត​ ​ប៉ុន្តែ​ដោយសារតែ​មាន​កាតព្វកិច្ច​ទទួលខុសត្រូវ​ ​ ​ផ្សេង​ៗ​ ​ពួកគេ​មិន​អាច​បន្ត​ការសិក្សា​បាន​។​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​រួម​ជាមួយនឹង​អង្គការ​យូ​ណេស្កូ​ ​សូម​អបអរសាទរ​នូវ​ភាពជា​ដៃគូ​រវាង​ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​អង្គការ​អប់រំ​ពិភពលោក​ ​ក្រុមហ៊ុន​ ​SMART​ ​និង​កម្មវិធី​រួមគ្នា​របស់​អង្គការសហប្រជាជាតិ​ ​អំពី​គម្រោង​ ​“​ការងារ​សម្រាប់​យុវជន​”​ ​ដែល​ផ្តល់​ថវិកា​ដោយ​កិច្ចសហការ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ស្វីស​ ​។​

​ដើម្បី​អបអរសាទរ​ទិវា​អក្ខរកម្ម​អន្តរជាតិ​ ​ក្រោម​ប្រធានបទ​ថ្នាក់​ជាតិ​ ​“​អក្ខរកម្ម​ផ្សារ​នឹង​ជំនាញ​មុខរបរ​”​ ​យើងខ្ញុំ​សូម​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ​ឱ្យ​ផ្តោត​លើ​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ធ្វើឲ្យ​ប្រាកដ​ថា​ ​“​បុគ្គល​ម្នា​ក់ៗ​យ៉ាងហោចណាស់​ចេះ​ជំនាញ​មួយ​ក្នុង​ជីវិត​របស់​ខ្លួន​”​ ​។​ ​ផ្អែក​តាម​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​នេះ​ ​យើងខ្ញុំ​សូម​អំពាវនាវ​ ​ឲ្យ​ធ្វើការ​វិនិយោគ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​ ​ក្នុង​ការ​លើកកម្ពស់​ការសិក្សា​ពេញ​មួយ​ជីវិត​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ ​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​រៀន​ជំនាញ​ ​រៀន​ជំនាញ​ឡើងវិញ​ ​និង​បង្កើន​កម្រិត​ជំនាញ​របស់​ខ្លួន​ ​ធ្វើ​យ៉ាងណា​គាំទ្រ​ដល់​ការ​រក្សា​បាន​នូវ​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច​ ​សន្តិភាព​ ​និង​ភាព​សុខដុម​ក្នុង​សង្គម​កម្ពុជា​ ៕​

Share and Like this post

Related Posts

Previous Article

បុគ្គលិក​អង្គការ​សុវណ្ណ​កុមារ​ផ្ទុះ​ការ​តវ៉ា​ក្រោយពី​បញ្ឈប់​ពួកគេ​ដោយ​គ្មាន​មូលហេតុ​

Next Article

GMAC​ ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ការសម្រេច​ដំឡើង​ប្រាក់​ ​៥ដុល្លារ​ ​ដល់​កម្មករ​មកវិញ​