សំឡេង​ចាប៉ីដងវែង

សំ កន្និកា / Khmer Times No Comments Share:
អ្នក​ចាប៉ី​ រិត រឿន សម្ដែង​ធ្វើ​ជា​អ្នក​ចាប៉ីពេល​កំពុង​ប្រកាស​ហៅ​អ្នក​ភូមិ​មក​មើល​ការ​សម្ដែង​របស់​ខ្លួន

មាន​វ័យ ២៨ ឆ្នាំ យុវជន រិត​រឿន បាន​ចំណាយ​ពេលវេលា​របស់ខ្លួន​ជាង​មួយ​ទសវត្ស​ហើយ​ក្នុងការ​សិក្សា​ពី​បច្ចេកទេស​នៃ​ការលេង​ចាប៉ី។ ម្រាមដៃ​លេង​ចាប៉ី​បណ្តើរ​ច្រៀង​បណ្តើរ អ្នក​ចាប៉ី រិត រឿន គឺជា​អ្នក​សម្តែង​ទោល​នៅក្នុង​ល្ខោននិយាយ​មួយ​រឿង​ដែលមាន​ចំណងជើង​ថា «បុរស​ចាប៉ី»។ ក្នុង​រឿង​នោះ​រៀបរាប់​អំពី​ការនិទាន​រឿង​រប​ស់បុ​រស​ម្នាក់​ដែល​បាន​សន្យា​នឹង​ជីតា​ខ្លួន​ថា​ថែរក្សា​ចាប៉ី​ឲ្យ​បានល្អ​បំផុត។ រិត រឿន បាន​ប្រើ​ទេពកោសល្យ​របស់ខ្លួន​ស​ម្តែ​ង​ផង​និង​កេះ​ចាប៉ី​ផង ពោលគឺ​សម្តែង​តែម្នាក់ឯង​ជំនួស​ឲ្យ​គ្រប់​តួអង្គ​ដែល​បាន​រំលេច​ឡើង​នៅក្នុង​សាច់រឿង។

«តាំងពី​នៅ​ក្មេង ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​លើ​ឃ្លាឃ្លោង​ដែលចាស់ៗរៀបរាប់​ក្នុង​ចម្រៀង​ចាប៉ី។ អនុស្សាវរីយ៍​នា​វ័យ​កុមារ​ដែល​ខ្ញុំ​អង្គុយជុំៗជាមួយ​អ្នក​ឯទៀត​នៅក្រោម​ម្លប់ឈើ ស្តាប់ចាស់ៗច្រៀង​រៀបរាប់​តាម​ខ្សែ​ចាប៉ី នៅឯ​ស្រុកកំណើត នៅតែ​ដក់​ជាប់​ក្នុង​ការចងចាំ​របស់ខ្ញុំ» នេះ​ជាការ​រំ​ឮ​ក​ពី​អតីតកាល​របស់លោក​រិត រឿន ខណៈ​ខ្លួន​ត្រៀម​សម្តែង​នៅក្នុង​ព្រឹត្តិការណ៍«សិល្បៈ​ដើម្បី​សន្តិភាព» នា​ខែវិច្ឆិកា​នេះ ។

នៅ​ក្នុង​រឿង​«បុរស​ចាប៉ី»​រិត រឿន គ្របក្បាល​នឹង​ក្រមា​ដើរ​ចំកោង​ខ្លួន​​ ពេលត្រូវសម្ដែង​ជា​តួ​ជីដូន​និយាយជាមួយ​ចៅ។

អ្នក​ចាប៉ី​រូបនេះ​បន្តថា៖ «ខ្ញុំ​តែងតែ​ស្រមៃ​ចង់​កាន់​ឧបករណ៍​នេះ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មិន​ត្រឹមតែ​កាន់​វា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ខ្ញុំ​ក៏មាន​ឱកាស​ក្នុងការ​សម្តែង​ចាប៉ី​នៅ​ចំពោះមុខ​មនុស្ស​ជាច្រើន​ទៀតផង» ។

រិត រឿន មិនមាន​ឈាមជ័រ​ជា​អ្នកលេង​ចាប៉ីដងវែង​ក្នុង​គ្រួសារ​ទេ តែ​យុវជន​មកពី​ខេត្តកំពង់ធំ​រូបនេះ​បែរជា​មានការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុងការ​សម្តែង​ឧបករណ៍​បុរាណ​ប្រភេទ​នេះ។ ល្ខោននិយាយ​ចាប៉ីដងវែង គឺជា​ការសម្តែង​លើកដំបូង​របស់ អ្នក​ចាប៉ី រិត រឿន ដែល​បង្ហាញ​អំពី​ការសន្យា​ដែល​ក្មេងប្រុស​បានធ្វើ​ជាមួយ​ជីតា​របស់គាត់​ដើម្បី​ថែរក្សា​ឧបករណ៍​បុរាណ​ខ្មែរ​ចំណាស់ គឺ​ចាប៉ីដងវែង។

មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ថែរក្សា​ឧបករណ៍​ប្រពៃណី​ខ្មែរ​ចាប៉ីដងវែង យុវជន​រូបនេះ​បាន​ប្តេជ្ញា​ថា​នឹង​ប្រឈមមុខ​នឹង​បញ្ហា​ទាំងអស់ ដើម្បី​បានមក​ទីក្រុង​ភ្នំពេញ​ក្នុងន័យ​សម្តែង​នៅក្នុង​មហោស្រព​ល្ខោននិយាយ។

«ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាំង​នៅពេល​ដែល​ខ្ញុំ​ត្រូវបាន​គេ​ជ្រើសរើស​ជា​អ្នក​សម្តែង​ដំបូង​ក្នុងតួនាទី​នេះ»

មុនពេល​សម្តែង អ្នក​ចាប៉ី​វ័យក្មេង​រូបនេះ​បាន​ព្យាយាម​ហ្វឹកហាត់​ឥតឈប់ឈរ​អស់​រយៈពេល​ប្រមាណ៤ខែ មុននឹង​មក​បង្ហាញ​ការសម្តែង​រឿង «បុរស​ចាប៉ី» នៅ​សារមន្ទីរ​ជាតិ​កាលពី​សប្តាហ៍​មុន។

«តាមពិតទៅ​វា​ពិបាក​និង​ភ័យ​ណាស់​ប៉ុន្តែ​ខ្ញុំ​អាច​បង្ហាញ​រឿងនេះ​នៅ​ចំពោះមុខ​ទស្សនិកជន​នៅពេល​ខ្ញុំ​ប្រាប់​ខ្លួន​ខ្ញុំ​ថា​ឆាក​នៅទីនេះ​គឺជា​របស់ខ្ញុំ ហើយ​វត្តមាន​របស់ខ្ញុំ​នៅទីនេះ​គឺ​ដើម្បី​សម្តែង​និង​ប្រាប់​ទស្សនិកជន​អំពី​រឿងរ៉ាវ​របស់ខ្ញុំ»៕

Share and Like this post

Related Posts

Previous Article

GMAC​ ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ការសម្រេច​ដំឡើង​ប្រាក់​ ​៥ដុល្លារ​ ​ដល់​កម្មករ​មកវិញ​

Next Article

លទ្ធផល​ដែល​រង់ចាំ