អាជ្ញាធរ​ជាតិ​អប្សរា​ ​នឹង​ជីក​ប្រឡាយ​ធ្វើជា​របងការពារ​ព្រៃឈើ​

ប៉ិច សុធារី / Khmer Times No Comments Share:

​សៀមរាប​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ចាប់ពី​ដើមខែ​កញ្ញា​នេះ​ ​នឹង​ធ្វើការ​ជីក​ប្រឡាយ​តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​ ​ខេត្តសៀមរាប​ ​ដើម្បី​ធ្វើជា​របងការពារ​ព្រៃឈើ​ពី​ការ​កាប់​រានទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​ ​ពីសំណាក់​ជនខិលខូច​មួយចំនួន​។​

​អគ្គនាយក​ស្តីទី​អាជ្ញាធរ​ជាតិ​អប្សរា​ ​លោក​ ​ជុំ​ ​សុភ​មករា​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃអង្គារ​ថា​ ​ជា​យូរលង់​មក​ហើយ​ព្រៃឈើ​នៅក្នុង​ឧទ្យាន​អង្គរ​ ​និង​នៅ​ជុំវិញ​អង្គរ​ ​ជា​ប្រភេទ​ព្រៃស្រោង​ ​ពាក់កណ្តាល​ព្រៃស្រោង​ ​និង​ព្រៃ​ល្បោះ​ ​ដែល​មាន​សត្វ​ស្ទើរគ្រប់​ប្រភេទ​រស់នៅ​ ​ខណៈ​ដែល​ព្រៃឈើ​នៅ​តំបន់​អង្គរ​ក៏​មានប្រយោជន៍​សំខាន់​ដល់​ភាព​គង់វង្ស​នៃ​ប្រាសាទ​ផង​ដែរ​។​ ​ប៉ុន្តែ​បើ​ទោះជា​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ខិតខំ​ទប់ស្កាត់​ ​និង​ការពារ​ព្រៃឈើ​ឲ្យ​ប្រសើរ​ឡើង​ក៏ដោយ​ ​ក៏​នៅ​មាន​ជនខិលខូច​មួយចំនួន​តូច​ ​នៅ​បន្ត​កាប់​ទន្ទ្រាន​ដី​ព្រៃឈើ​បន្តិច​ម្តង​ៗ​ ​ដើម្បី​ពង្រីក​ផ្ទៃដី​ ​ផ្ទះសម្បែង​ ​ស្រែចម្ការ​ ​និង​ចាប់​យក​ដី​ព្រៃ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​លោក​បន្ត​ថា​៖​ ​«​ដើម្បី​អាច​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​មានលទ្ធភាព​គ្រប់គ្រង​ទិន្នន័យ​ព្រៃឈើ​កាន់តែ​ច្បាស់លាស់​ ​និង​ប្រកបដោយ​និរន្ត​ភាព​ ​និង​ការពារ​ព្រៃឈើ​ឲ្យបាន​យូរអង្វែង​ ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ ​ទេសភាព​វប្បធម៌​ ​និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​នឹង​ធ្វើការ​ជីក​ប្រឡាយ​តាម​ព្រំ​ដី​ព្រៃឈើ​ ​និង​ដាំ​ដើមឈើ​ឡើងវិញ​តាម​មាត់​ប្រឡាយ​និង​ផ្ទៃដី​ទំនេរ​ ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឡើងវិញ​»​។​

​បើ​តាម​សេចក្តី​ជូនដំណឹង​នោះ​ ​ការងារ​ជីក​ប្រឡាយ​នេះ​ ​នឹង​ត្រូវ​ធ្វើឡើង​ចំនួន​ ​១៨ខ្សែ​ ​មាន​ប្រវែង​សរុប​ ​២៧,៧៧៧ម៉ែត្រ​ ​ដែល​ស្ថិតនៅ​ទីតាំង​ភូមិ​ចំនួន១០​ ​ក្នុង​សង្កាត់​គោកចក​ ​សង្កាត់​ស្លក្រាម​ ​និង​សង្កាត់​នគរធំ​ ​ក្រុង​សៀមរាប​ ​និង​ភូមិ​ចំនួន២ នៅ​ស្រុក​បន្ទាយស្រី​។​

​លោ​ក ​ជូរ៉ា​ ​ឌី​ណា​ ​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃពុធ​ថា​ ​ការងារ​ជីក​ប្រឡាយ​នេះ​ ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​នេះ​ទៅ​ ​ដោយ​ចាប់ផ្តើម​ពី​សង្កាត់​នគរធំ​ ​ដែល​ជា​ចំ​ណុ​ចរ​ស៊ើប​ក្នុងករណី​នេះ​។​ ​លោក​បន្ត​ថា​ ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​បាន​កំណត់​ទីតាំង​ដែល​ត្រូវ​ជីក​ប្រឡាយ​នេះ​រួចហើយ​ ​គឺ​នៅ​តាម​ទីតាំង​ដែល​មាន​ដី​ព្រៃ​ ​ដី​ដែល​មិន​អាស្រ័យផល​ ​និង​ដី​ដែល​មាន​ព្រៃ​រិច​រិល​ ​ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យផល​ឡើយ​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​ការ​ជីក​ប្រឡាយ​ព្រំ​ការពារ​ព្រៃឈើ​នេះ​ ​គ្រាន់តែ​ជា​វិធានការ​បណ្តោះអាសន្ន​ក្នុង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ព្រៃឈើ​ប៉ុណ្ណោះ​ ​មិនមែន​ជា​ការ​ផ្តល់​កម្មសិទ្ធិ​ ​ឬ​ជា​ព្រំ​ដី​ ​ឬ​ជា​ការ​ទទួល​សិទ្ធិ​ស្របច្បាប់​នៃ​ការ​កាន់កាប់​ដី​ខុសច្បាប់​ណាមួយ​នៅ​ក្បែរ​តំបន់​ការ​ពា​ព្រៃឈើ​នោះ​ទេ​»​។​

​បើ​តាម​មន្ត្រី​រូប​នេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ក៏​គ្រោង​នឹង​បន្ត​ការ​នេះ​ជាបន្តបន្ទាប់​ ​តាម​ផែនការ​ដែល​បាន​ដាក់ចេញ​ជាប្រចាំ​ឆ្នាំ​ ​ក្នុង​នោះ​ ​នៅ​ឆ្នាំ២០២០ ខាងមុខ​ ​ក្រុមការងារ​ជំនាញ​នឹង​បន្ត​ចុះ​ជីក​ប្រឡាយ​តាម​ព្រំ​ដី​ប្រវែង​ជាង ១៩គីឡូម៉ែត្រ​បន្ថែម​ទៀត​ ​បន្ទាប់ពី​ជោគជ័យ​ក្នុង​ការងារ​នៅ​ឆ្នាំនេះ​រួច​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ ​លោក​ ​វន​ ​វីរៈ​ ​អាយុ ៤០ឆ្នាំ​ ​បាន​គាំទ្រ​នឹង​វិធានការ​ជីក​ប្រឡាយ​ការពារ​ដី​ព្រៃឈើ​នេះ​ ​និង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បង្កើន​ការអនុវត្ត​ច្បាប់​គ្រប់គ្រង​ដី​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ​ដើម្បី​ថែរក្សា​ព្រៃឈើ​ឲ្យ​មាន​និរន្ត​ភាព​។​ ​លោក​បន្ត​ថា​៖​ ​«​សូម​ចូលរួម​ថែរក្សា​ព្រៃឈើ​ទាំងអស់គ្នា​ ​ដើម្បីប្រទេស​ជាតិ​យើង​ ​និង​ដើម្បី​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​របស់​យើង​ដែល​ជា​របស់​មនុស្សជាតិ​ទាំងមូល​»​។​

​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​បញ្ជាក់​ថា​ ​ក្នុងរយៈពេល​ ​៨ខែ​ឆ្នាំនេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ដាំ​កូនឈើ​គ្រប់​ប្រភេទ​ក្នុង​ឧទ្យាន​អង្គរបាន​ប្រមាណ​ជាង​ ​២ម៉ឺន​ដើម​៕​

Share and Like this post

Related Posts

Previous Article

លទ្ធផល​ដែល​រង់ចាំ

Next Article

GMAC មានបំណងរក្សាប្រាក់ឈ្នួលអប្បបរមាកម្មករ ឱ្យនៅដដែល