​ក្រសួងសាធារណការ​ ​នឹង​ដាក់ឲ្យ​ដំណើ​ការ​ឡើងវិញ​នូវ​មជ្ឈមណ្ឌល​បង្រៀន​អ្នកបើកបរ​ម៉ូតូ​

ប៉ិច សុធារី / Khmer Times No Comments Share:
​លោកស្រី​ ​មឹន​ ​មាណវី​ ​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ ​និង​ដឹក​ជញ្ជូន​ ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​ ​ប៉ាន់​ ​រចនា​

​ភ្នំពេញ​៖​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​គ្រោង​នឹង​ដាក់ឲ្យ​ដំណើ​ការ​ឡើងវិញ​នូវ​មជ្ឈមណ្ឌល​បង្រៀន​អ្នកបើកបរ​ម៉ូតូ​ឡើងវិញ​ ​ដើម្បីឲ្យ​អ្នកបើកបរ​យល់ដឹង​ពី​បច្ចេកទេស​នៃ​ការ​បើកបរ​ ​និង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ​ខណៈ​ដែល​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំនេះ​ ​បាន​បង្ហាញថា​ ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជិត៨០ភាគរយ​ ​គឺជា​អ្នក​ជិះ​ម៉ូតូ​។​

​លោកស្រី​ ​មឹន​ ​មាណវី​ ​រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​ប្រចាំឆ្នាំ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃពុធ​ថា​ ​បើ​ទោះជា​រាជរដ្ឋាភិបាល​ ​អង្គការ​សង្គម​ស៊ីវិល​ ​និង​ដៃគូ​រពាក់​ព័ន្ធ​ ​បាន​ខិតខំ​ចូលរួម​ទប់ស្កាត់​ ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក៏ដោយ​ ​ប៉ុន្តែ​ចំនួន​ករណី​គ្រោះថ្នាក់​ ​និង​អ្នក​ស្លាប់​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​នៅតែ​មានការ​កើនឡើង​គួរឲ្យ​ព្រួយបារម្ភ​។​

​លោកស្រី​បន្ត​ថា​ ​បើ​តាម​របាយការណ៍​ ​ក្នុងរយៈពេល ៦ខែ​ ​មាន​អ្នក​ស្លាប់​រហូតដល់​ទៅ​ ​១០៣៣នាក់​ ​កើន​លើស​ឆ្នាំ​ចាស់​ចំនួន ១០៣នាក់​ ​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​ ​មាន៧៦ភាគរយ​ ​គឺជា​អ្នកប្រើ​ម៉ូតូ​ក្រោម ១២៥សេ​សេ​ ​ក្នុង​នោះ​មាន​អ្នក​មិនបាន​ពាក់មួក​សុវត្ថិភាព​ ​៧៩ភាគរយ​។​

​លោកស្រី​ថា​៖​ ​«​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ​ក្រសួង​ក៏ដូចជា​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ ​នឹង​បើក​ជា​មជ្ឈមណ្ឌល​ដើម្បី​អប់រំ​អ្នកបើកបរ​ម៉ូតូ​ ​នៅ​ពេល​ឆាប់​ៗ​នេះ​ ​ដើម្បីឲ្យ​ពួកគាត់​យល់ដឹង​ពី​ច្បាប់​ ​យល់ដឹង​ពី​បទដ្ឋាន​បច្ចេកទេស​ ​ធ្វើ​យ៉ាងណា​ប្រើប្រាស់​ម៉ូតូ​ឲ្យ​មាន​សុវត្ថិភាព​.​.​.​យើង​នឹង​ដាក់​កម្មវិធី​បង្រៀន​ឲ្យបាន​ច្បាស់លាស់​ក្នុង​មួយ​ខែ​ត្រូវ​បង្រៀន​ប៉ុន្មាន​វគ្គ​ ​ដូច្នេះ​យើង​នឹង​រៀបចំ​»​។​

​លោកស្រី​ ​បាន​បញ្ជាក់​ថា​ ​មជ្ឈមណ្ឌល​បង្រៀន​អ្នកបើកបរ​ម៉ូតូ​នេះ​ ​មានស្រាប់ហើយ​នៅ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ខណៈ​ដែល​នៅ​តាម​បណ្តា​ខេត្ត​ ​ក្រសួង​ក៏​នឹង​ណែនាំ​ដល់​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​រួម​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ​បើក​វគ្គ​បណ្តុះបណ្តាល​ដូចគ្នា​នេះ​ទៅដល់​អ្នកបើកបរ​ម៉ូតូ​ផង​ដែរ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​លោកស្រី​ ​មឹន​ ​មាណវី​ ​ក៏បាន​បង្ហាញ​ពី​ការ​បារម្ភ​ផង​ដែរ​ ​ខណៈ​ដែល​របាយការណ៍​ក៏បាន​បង្ហាញថា​ ​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ការ​មិន​គោរព​សិទ្ធិ​ជាអាទិភាព​បាន​កើនឡើង​គួរឲ្យ​កត់សម្គាល់​ ​បើ​ទោះ​ករណី​គ្រោះថ្នាក់​ដោយសារ​លើស​ល្បឿន​កំណត់​ ​និង​ករណី​ល្មើស​ដោយសារ​គ្រឿងស្រវឹង​បាន​ថយ​ចុះ​ក៏ដោយ​។​

​លោ​ក ​គឹម​ ​បញ្ញា​ ​នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​និង​ជា​សហប្រធាន​សម្របសម្រួល​បណ្តាញ​សុ​ត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ​ទាន់ពេល​វេលា​ ​គឺ​ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ថែម​ពីលើ​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​ដែល​ទទួលខុសត្រូវ​។​

​លោក​បន្ត​ថា​៖​ ​«​ជាង​នេះ​ទៅទៀត​ ​យើង​ចាំបាច់​ត្រូវ​ធ្វើការ​ឆ្លុះបញ្ចាំង​ ​និង​ផ្លាស់​ប្តូរ​យោបល់​ឲ្យបាន​ទៀងទាត់​លើស​កម្ម​ភាព​ដែល​បាន​អនុវត្ត​ ​ហើយ​ធ្វើការ​កំណត់​នូវ​សកម្មភាព​និង​វិធាន​កា​រថ្មីៗ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​ដើម្បីឲ្យ​ស្រប​ទៅ​នឹង​ការវិវត្តន៍​ប្រែប្រួល​នៃ​ស្ថានភាព​ចរាចរណ៍​នៅ​កម្ពុជា​»​។​

​លោក​ក៏បាន​រំពឹង​ដែរ​ថា​ ​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី២​ ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​ក្រោម​ប្រធានបទ​ ​«​ធ្វើការ​រួមគ្នា​ដើម្បី​សង្គ្រោះ​ជីវិត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​បច្ចុប្បន្ន​ ​និង​ក្នុង​ទស្ស​វត្ស​ន៍​បន្ទាប់​»​ ​ដោយមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ទាំង​មន្ត្រី​រាជរដ្ឋាភិបាល​ ​សង្គម​ស៊ីវិល​ ​វិស័យ​ឯកជន​ ​និង​សិស្ស​និ​សិត្​សនេះ​ ​នឹង​រួមចំណែក​ជួយ​ពន្លឿន​វឌ្ឍនភាព​ឆ្ពោះទៅ​សម្រេច​គោលដៅ​សង្គ្រោះ​ជីវិត​ ​ដែល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​ឲ្យ​នៅ​ត្រឹម១៦០០នាក់​ក្នុង​ឆ្នាំ២០២០​។​

​កាលពី​ថ្ងៃពុធ​នេះ​ដែរ​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ដកា់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ថែទាំ​ ​និង​ស្តារ​នីតិសម្បទា​ជន​វិបល្លាស​ស្មារតី​នៅ​ខេត្តកណ្តាល​ថា​ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ដោយសារ​មូលហេតុ​មួយចំនួន​ ​ដូចជា​ ​ការ​បើកបរ​មិន​គោរពច្បាប់​ ​អ្នកបើកបរ​មិនទាន់​ចេះ​បើកបរ​ពិតប្រាកដ​ ​បើកបរ​ដោយមាន​ជាតិ​គ្រឿងស្រវឹង​ឬ​គ្រឿងញៀន​ ​និង​បើកបរ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ជាដើម​។​

​លោក​បន្ត​ថា​ ​បើ​ទោះជា​មន្ត្រី​ជំនាញ​ ​បានដឹង​ពី​មូលហេតុ​ទាំងនេះ​ ​និង​បាន​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​គោរពច្បាប់​ចរាចរណ៍​ ​ជាពិសេស​រឹង​បន្តឹង​លើ​ការ​ពាក់មួក​សុវត្ថិភាព​ក៏ដោយ​ ​ប៉ុន្តែ​អត្រា​អ្នក​ស្លាប់​នៅតែ​ខ្ពស់​ដដែល​ ​ដែល​ករណីនេះ​ ​លោក​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ ​ត្រូវ​សិក្សា​រក​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនបែប​នេះ​បន្ថែម​ទៀត​ ​ហើយ​យក​មូលហេតុ​ដែល​បាន​រក​ឃើញ​នោះ​មក​ដោះស្រាយ​ឲ្យ​ចំ​គោលដៅ​។​

​លោក​ថា​៖​ ​«​ខ្ញុំ​ឃើញ​តួលេខ​អ្នក​ស្លាប់​នៅតែ​ច្រើន​ ​អីចឹង​តើ​មូលហេតុ​ដែល​ជំនាញ​ដាក់​មកនេះ​សិក្សា​បាន​ច្បាស់​ហើយ​ឬនៅ​ ​ហើយ​បើមិនទាន់​ច្បាស់លាស់​ ​ត្រូវ​រក​មូលហេតុ​ផ្សេងទៀត​ឲ្យ​ឃើញ​ ​ទើប​យើង​ដាក់ថ្នាំ​ទៅ​វា​ត្រូវ​»​។​

​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​ក្នុងរយៈពេល ៦ខែ​ឆ្នាំនេះ​គ្រោះ​ថ្នា​ក់​ចរា​ ​ចរណ៍​នៅ​កម្ពុជា​ ​បាន​កើតឡើង​ចំនួន​ ​២,១៧១លើក​ ​កើនឡើង​ ​៥៣៨លើក​ ​ស្មើនឹង​ប្រមាណ​ ​៣៣ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​។​ ​គ្រោះថ្នាក់​ចរាចរ​នេះ​ ​បាន​ផ្តាច់​ជីវិត​ប្រជាពលរដ្ឋ​ ​១,០៣៣នាក់​ ​និង​របួស​ចំនួន​ ​៣,២២៤នាក់​៕​

Share and Like this post

Related Posts

Previous Article

GMAC មានបំណងរក្សាប្រាក់ឈ្នួលអប្បបរមាកម្មករ ឱ្យនៅដដែល

Next Article

សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានជាប់សង្ស័យពីបទញុះញង់