GMAC មានបំណងរក្សាប្រាក់ឈ្នួលអប្បបរមាកម្មករ ឱ្យនៅដដែល

មំុ គន្ធា / Khmer Times No Comments Share:
Kaing Monika
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ KT/Mom Sophon

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលពីម្សិលមិញបាននិយាយថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅឆ្នាំ ២០២០ នឹងមិនអាចទៅរួចទេ ខណៈដែលឧស្សាហកម្មនេះប្រឈមនឹងបញ្ហាជាច្រើន។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីម្សិលមិញ បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅពេលបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការជាតិប្រាក់ឈ្នួលអប្បបរមានៅក្រសួងការងារថា ការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ បាននិងកំពុងធ្លាក់ចុះដោយសារតែអ្នកទិញកាត់បន្ថយការបញ្ជាទិញ។

លោកបានមានប្រសាសន៍ថា “ខ្ញុំមិននិយាយក្នុងនាមជាតំណាង NCMW នោះទេ ប៉ុន្តែខ្ញុំកំពុងនិយាយក្នុងនាមជាតំណាងនិយោជក ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង”។ ដោយផ្អែកលើលក្ខខណ្ឌបច្ចុប្បន្នក្នុងវិស័យនេះ វានឹងពិបាកក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២០”។

លោកបានបន្ថែមថា“ វាគួរតែរក្សានៅដដែល ពីព្រោះបើប្រៀបធៀបជាមួយប្រទេសជិតខាងជាគូប្រកួតប្រជែង ប្រាក់ឈ្នួលរបស់យើងគឺខ្ពស់ជាងគេ”។
លោក ម៉ូនីកា បានកត់សម្គាល់ថា ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា គឺខ្ពស់ជាងប្រទេសវៀតណាមបន្តិចរួចទៅហើយ ប្រាក់ឈ្នួលអប្បបរមានៅប្រទេសវៀតណាម ១៨០ ដុល្លារក្នុងមួយខែ ខណៈនៅកម្ពុជា ១៨២ ដុល្លារក្នុងមួយខែ។

លោកបានមានប្រសាសន៍ថា “មធ្យោបាយដ៏ល្អបំផុតគឺ រក្សាតួលេខប្រាក់ឈ្នួលអប្បបរមាឲ្យនៅដដែល។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានថ្លែងកាលពីម្សិលមិញថា នេះមិនមែនជាលើកទី ១ ទេដែលតំណាងនិយោជកប្រឆាំងនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករ។

លោក ស៊ីណា បានមានប្រសាសន៍ថា “យើងមិនដឹងថាតើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២០ នឹងកើនឡើងប៉ុន្មានទេ ពីព្រោះគ្រប់ភាគីកំពុងចរចានៅឡើយ”។ លោកបានបន្ថែមថាបច្ចុប្បន្នលោកកំពុងគិតពីការដំឡើង ១៥ ភាគរយឬស្មើនឹង ២៧ ដុល្លារ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដែលបានដឹកនាំកិច្ចប្រជុំកាលពីម្សិលមិញបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា កម្មករត្រូវការប្រាក់ឈ្នួលខ្ពស់ ដោយបន្ថែមថារដ្ឋាភិបាលនឹងបន្តជួយសម្រួលដល់ការចរចា សម្រាប់គ្រប់ភាគីទាំងអស់ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

លោកបានមានប្រសាសន៍ថា “យើងបានពិភាក្សា និងផ្លាស់ប្តូរគំនិតទាក់ទងនឹងព័ត៌មាន និងស្ថិតិស្តីពីបទបង្ហាញអ្នកចូលរួមប្រជំរបស់យើង”។ សហជីពដែលតំណាងឲ្យកម្មករនិង GMAC ដែលតំណាងឲ្យនិយោជកបានស្នើឲ្យមានការប្រជុំផ្ទៃក្នុង ចាប់ពីពេលនេះរហូតដល់ព្រឹកថ្ងៃសុក្រ។

លោកបានមានប្រសាសន៍ថា គ្មានភាគីណាមួយបានស្នើលទ្ធផលចុងក្រោយនៅឡើយទេ។

លោកបានមានប្រសាសន៍ថា “ទាំងសហជីពនិង GMAC មានការឆ្លើយតបជាវិជ្ជមានទៅវិញទៅមកនៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ដោយផ្តោតលើលទ្ធផលរបស់ក្រុមហ៊ុន និងផលប៉ះពាល់នៃលក្ខណៈវិនិច្ឆ័យនីមួយៗ”៕

Share and Like this post

Related Posts

Previous Article

អាជ្ញាធរ​ជាតិ​អប្សរា​ ​នឹង​ជីក​ប្រឡាយ​ធ្វើជា​របងការពារ​ព្រៃឈើ​

Next Article

​ក្រសួងសាធារណការ​ ​នឹង​ដាក់ឲ្យ​ដំណើ​ការ​ឡើងវិញ​នូវ​មជ្ឈមណ្ឌល​បង្រៀន​អ្នកបើកបរ​ម៉ូតូ​