​នាយក​រដ្ឋ​មន្ដ្រី​ម៉ាឡេស៊ី​ ​លោក​ ​មហា​ធា​ ​មហាម៉ាត់​ ​ថ្លែង​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

បែន សុខហ៊ាន / Khmer Times No Comments Share:
​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​និង​ ​លោកនាយក​រដ្ឋ​មន្ដ្រី​ម៉ាឡេស៊ី​ ​លោក​ ​មហា​ធា​ ​មហាម៉ាត់​។​ ស៊ីវ​ ​ចាន់ណា​

នាយក​រដ្ឋ​មន្ដ្រី​ម៉ាឡេស៊ី​ ​លោក​ ​មហា​ធា​ ​មហាម៉ាត់​ ​កាលពី​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​និស្សិត​កម្ពុជា​មាន​មោទនភាព​ចំពោះ​វប្បធម៌​របស់​ខ្លួន​ ​ខណៈ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជា​ប្រទេស​ដែល​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ​។​

​គួរ​បញ្ជាក់ឲ្យដឹង​ថា​ ​លោក​ ​មហា​ធា​ ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ​រយៈពេល៣ថ្ងៃ​ ​ជាមួយ​និង​ភរិយា​របស់​លោក​ ​លោកស្រី​ ​ស៊ី​ទី​ ​ហាស​ម៉ា​ប៊ី​ន​ទិ​ ​ម៉ូដ​ ​អា​លី​ ​និង​គណៈប្រតិភូ​ជាន់ខ្ពស់​ម៉ាឡេស៊ី​ចំនួន​ ​១៨​ ​រូប​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ​ ​លោក​ ​មហា​ធា​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួប​ជាមួយ​និង​មន្រ្តី​ជាន់ខ្ពស់​របស់​កម្ពុជា​ ​រួម​ទាំង​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​។​

​កាលពី​រសៀល​ម្សិលមិញ​ ​លោក​ ​មហា​ធា​ ​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​បើកចំហ​មួយ​ក្រោម​ប្រធានបទ​ ​”​ការ​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន​”​ ​ធ្វើឡើង​នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ដែល​មាន​វត្តមាន​និស្សិត​រាប់​រយ​នាក់​ចូលរួម​ស្ដាប់ការ​ថ្លែង​របស់​លោក​។​

​ជាមួយគ្នា​នេះ​ផង​ដែរ​ ​និស្សិត​រាប់​សិប​នាក់​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លើកឡើង​ជា​សំណួរ​លើ​បញ្ហា​ផ្សេង​ៗ​ទៅកាន់​លោក​ ​មហា​ធា​។​

​និស្សិត​ម្នាក់​បាន​ចោទសួរ​ថា​ ​តើ​ប្រទេស​មួយ​ដូចជា​ប្រទេស​កម្ពុជា​គួរតែ​ត្រូវ​បាន​ធ្វើ​ប្រជាធិបតេយ្យ​ដោយ​ផ្អែកលើ​ស្តង់ដារ​នៃ​ប្រទេស​លោកខាងលិច​ឬក៏​ធ្វើការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ដោយខ្លួនឯង​ដោយ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន​។​

​លោក​ ​មហា​ធា​ ​បាន​មានប្រសាសន៍​ថា​ ​ប្រទេស​កម្ពុជា​គួរតែ​ប្រកាន់យក​ទិដ្ឋភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​លោកខាងលិច​ដែល​ត្រូវ​ស្រប​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​ពិភពលោក​កាន់តែ​តូច​ទៅៗ​ ​ប្រទេស​ដែល​ធ្លាប់តែ​នៅ​ឆ្ងាយ​ពី​យើង​ ​បាន​ខិតមក​ជិត​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ ​ដូច្នេះ​យើង​នឹង​ទទួលរង​ផល​ប៉ះពាល់​ពី​អ្វី​ដែល​ពួកគេ​ធ្វើ​ប៉ុន្តែ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​ពួកគេ​ក៏​គួរតែ​រង​ឥទ្ធិពល​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​ដូចគ្នា​»​។​

​«​យើង​គួរតែ​មាន​មោទនភាព​ចំពោះ​វប្បធម៌​និង​ប្រវត្តិ​សាស្រ្ត​របស់​យើង​ ​ពីព្រោះ​អរិយធម៌​របស់​យើង​ជាពិសេស​អរិយធម៌​ខ្មែរ​គឺ​មាន​ភាព​ចំណាស់​ជាង​អរិយ​ធម៌​នៃ​បស្ចឹម​ប្រទេស​មួយចំនួន​ទៅទៀត​»​។​

​លោក​បាន​បន្ថែម​ទៀត​ថា​៖​ ​«​វា​មាន​ភាព​ចំណាស់​ជាង​អរិយធម៌​អាមេរិក​។​ ​អាមេរិក​ជា​ប្រទេស​ដែល​មាន​វ័យក្មេង​ណាស់​បើ​ធ្វើការ​ប្រៀបធៀប​នឹង​ប្រទេស​កម្ពុជា​។​ ​អ្នកដឹង​ទេ​ថា​ ​នៅ​ទីនេះ​ ​អ្នកមាន​កេរ្តិ៍ដំណែល​ជាច្រើន​ដែល​មាន​ដូចជា​ប្រាសាទ​ដ៏​អស្ចារ្យ​ ​ខណៈ​ដែល​វត្ថុ​ទាំងនេះ​មាន​តាំងពី​មុន​វត្តមាន​របស់​អាមេរិក​ទៀតផង​»​។​

​លោក​បាន​ថ្លែង​ថា​ ​«​ដូច្នេះ​ ​ហេតុអ្វីបានជា​អ្នក​មិន​មាន​មោទនភាព​ចំពោះ​វប្បធម៌​ផ្ទាល់ខ្លួន​របស់​អ្នក​?​ ​របៀប​នៃ​ការរស់នៅ​ ​និង​ការ​គិត​?​ ​សព្វថ្ងៃ​នេះ​ ​ដោយសារតែ​ការ​ប្រាស្រ័យ​ទាក់ទង​មាន​ភាព​ងាយស្រួល​ ​យើង​អាច​មើលឃើញ​អ្វី​ដែល​កំពុងតែ​កើតឡើង​នៅក្នុង​ប្រទេស​ដទៃទៀត​ ​។​ ​ពេលខ្លះ​អ្នកចម្លង​ពី​ពួកគេ​ ​ដែល​វា​មិន​ចោទ​ជា​បញ្ហា​អ្វី​នោះ​ទេ​ ​បើជា​រឿង​ដែល​ល្អ​។​ ​ជាឧទាហរណ៍​ ​ខ្ញុំ​គិតថា​ប្រព័ន្ធ​របស់​រដ្ឋាភិបាល​និង​លទ្ធិប្រជាធិបតេយ្យ​គឺ​ល្អ​ណាស់​ ​យើង​គួរតែ​ចម្លង​វា​»​។​

​ទោះ​យ៉ាងណាក៏ដោយ​ ​លោក​ ​មហា​ធា​ ​បាន​កត់សម្គាល់​ថា​ ​ទិដ្ឋភាព​មួយចំនួន​នៃ​ការគោរព​សិទ្ធិមនុស្ស​ដូចជា​ការជំរុញ​ឱ្យ​មាន​អាពាហ៍​ពិពាហ៍​ភេទ​ដូចគ្នា​មិន​គួរ​ត្រូវ​បាន​អនុម័ត​ទេ​។​

​លោក​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​៖​ ​«​នៅពេល​ដែល​ពួកគេ​សំរេចចិត្ត​ថា​បុរស​គួរតែ​រៀបការ​ជាមួយ​បុរស​ដូចគ្នា​ ​តើ​យើង​ត្រូវតែ​ធ្វើតាម​ទិដ្ឋភាព​បែបនេះ​ដែរ​ឬទេ​?​ ​ស្ត្រី​រៀបការ​ជាមួយ​ស្ត្រី​ដូចគ្នា​?​ ​តើ​អ្នកដឹង​ទេ​ថា​នឹង​មាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​នោះ​?​ ​វា​នឹង​មានតែ​មួយ​ជំនាន់​ប៉ុណ្ណោះ​»​។​

​នៅពេល​ដែល​លើកឡើង​ជា​សំណួរ​ទាក់ទង​អំពី​ឥទ្ធិពល​របស់​ប្រទេស​មហាអំណាច​ ​លោក​ ​មហា​ធា​ ​បាន​មានប្រសាសន៍​ថា​ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី​មាន​ភាព​ស្រដៀងគ្នា​លើ​ចំណុច​មួយចំនួន​។​ ​លោក​បាន​មានប្រសាសន៍​ថា​ ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដ៏​តូច​មួយ​ដែល​មិន​អាច​ជួយ​ឲ្យ​រួចផុត​ពី​ផល​ប៉ះពាល់​បានទេ​។​

​លោក​ ​មហា​ធា​ ​បាន​ថ្លែង​ថា​៖​ ​«​ពួកគេ​និយាយ​ថា​ ​នៅពេល​ដែល​ដំរី​ប្រយុទ្ធ​គ្នា​ ​ស្មៅ​នឹង​ត្រូវ​បាន​ជាន់​កំទេច​ ​ដូច្នេះហើយ​ ​យើង​អាច​នឹង​ត្រូវ​បាន​ជាន់ឈ្លី​។​ ​មិនមែន​ត្រឹមតែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះទេ​ ​ប្រទេស​ម៉ាឡេស៊ី​ក៏​ដូចគ្នា​។​ ​លោក​ ​មហា​ធា​ ​ថ្លែង​ដូច្នេះ​ដោយធ្វើ​ការ​សំដៅ​ទៅលើ​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​។​ ​ដូច្នេះ​ដើម្បី​ចៀសវាង​ពី​ការ​ជាន់ឈ្លី​ដោយ​ការ​ប្រយុទ្ធ​របស់​សត្វ​ដំរី​ ​យើង​គួរតែ​រួមគ្នា​ ​ដើម្បី​យើង​អាច​ពង្រឹង​ខ្លួន​យើង​បាន​»​។​

​លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​យើង​មិន​អាច​ធ្វើអ្វី​ច្រើន​ទៅលើ​ពួកគេ​បានទេ​ ​ប៉ុន្តែ​យើង​អាច​ប្រាប់​ពួកគេ​នូវ​ការពិត​នៅក្នុង​ឱកាស​ណាមួយ​ដែល​យើង​អាច​បញ្ចេញ​សំឡេង​របស់​យើង​បាន​នៅក្នុង​វេទិកា​អន្តរជាតិ​»​។​

​លោក​ ​មហា​ធា​ ​ក៏បាន​ធ្វើការ​កត់សម្គាល់​ដែរ​ថា​ ​កម្ពុជា​អាច​ឈរ​រួមគ្នា​ជាមួយ​អាស៊ាន​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​អន្តរជាតិ​ទាក់ទង​នឹង​ភាព​តានតឹង​វាង​ប្រទេស​មហាអំណាច​ទាំងពីរ​។​

​លោក​បាន​ថ្លែង​ថា​៖​ ​«​ប្រទេស​មហាអំណាច​គិតគូរ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​ ​ពួកគេ​មិនបាន​សម្លឹង​មើល​ពី​ប្រយោជន៍​របស់​យើង​នោះ​ទេ​ ​ដូច្នេះ​យើង​ត្រូវតែ​រួប​រូ​ម​គ្នា​ហើយ​ប្រឈម​នឹង​ពួកគេ​ ​ដើម្បី​អរិយធម៌​ប្រទេស​របស់​យើង​»​។​

​លោក​ ​មហា​ធា​ ​បាន​មានប្រសាសន៍​ថា​ ​មុន​ពេល​ដែល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ​លោក​បាន​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ដទៃទៀត​រួមមាន​ ​ឥណ្ឌូណេស៊ី​ ​ព្រុយ​ណេ​ ​ហ្វីលីពីន​ ​ថៃ​ ​និង​វៀតណាម​ផង​ដែរ​។​

​លោក​ ​មហា​ធា​ ​បាន​ថ្លែង​ថា​៖​ ​«​គិត​ចាប់ពី​ពេល​ជាប់ឆ្នោត​ ​នេះ​ជា​លើក​ទី​ ​១​ ​ហើយដែល​ខ្ញុំ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ​ហើយ​ខ្ញុំ​ចូលចិត្ត​មក​ទស្សនា​ប្រទេស​កម្ពុជា​ ​ពីព្រោះ​ខ្ញុំ​ស្គាល់​កម្ពុជា​ច្បាស់​។​ ​ពីមុន​មក​ ​ខ្ញុំ​ធ្លាប់​បាន​មក​ទស្សនា​ប្រទេស​នេះ​ចំនួន​បីដង​រួចមក​ហើយ​។​ ​ទំនាក់ទំនង​របស់​យើង​មាន​ភាពល្អ​ប្រសើរណាស់​ ​ហើយក៏​មានការ​លើកទឹកចិត្ត​ឲ្យ​អ្នកជំនួញ​ជនជាតិ​ម៉ាឡេស៊ី​អោយ​មក​ជួយ​វិនិយោគ​ក្នុង​ប្រទេស​ដើម្បី​បង្កើត​ការងារ​និង​អភិវឌ្ឍ​ប្រទេស​។​ ​នេះ​ជា​អ្វី​ដែល​យើង​បាន​ធ្វើ​»​។​

​លោក​ ​មហា​ធា​ ​ក៏បាន​ធ្វើការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​លើកឡើង​ដោយ​និស្សិត​កម្ពុជា​ដូចជា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ​កិច្ចការ​អាស៊ាន​ ​នយោបាយ​ម៉ាឡេស៊ី​ ​និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ​លោក​ ​មហា​ធា​ ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​និង​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​ជាមួយ​លោក​ ​ហ៊ុន​សែន​ ​នា​ថ្ងៃនេះ​។​

​ឆែម​ ​គា​តរិទ្ធី​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​លោក​អរគុណ​ចំពោះ​វិនិយោគិន​ម៉ាឡេស៊ី​ដែល​បាន​មកកាន់​ប្រទេស​កម្ពុជា​។​

​លោក​ ​ឆែម​ ​គា​តរិទ្ធី​ ​មានប្រសាសន៍​ថា​ ​ប្រទេស​ម៉ាឡេស៊ី​គួរតែ​ជួយ​អភិវឌ្ឍ​កម្មវិធី​វិទ្យាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​គួរ​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​កាលពី​ម្សិលមិញ​បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ ​លោក​ ​មហា​ធា​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​។​

​លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​កម្ពុជា​សូមស្វាគមន៍​ ​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ​មហា​ធា​ ​មហាម៉ាត់​ ​Mahathir​ ​Mohamad​។​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ ​លោក​បណ្ឌិត​ ​មហា​ធា​ ​មហាម៉ាត់​ ​នៅ​កម្ពុជា​ ​នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុ​ ​ង​ការ​ពង្រឹង​ ​និង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​ ​នូវ​ចំណងមិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ​ក្នុង​កម្រិត​តំបន់​ ​និង​អន្តរជាតិ​»​។​

Share and Like this post

Related Posts

Previous Article

សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានជាប់សង្ស័យពីបទញុះញង់

Next Article

​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​អ្នក​ពាក់ព័ន្ធ​ទប់ស្កាត់​ជាបន្ទាន់​ទៅលើ​បញ្ហា​គ្រឿង​ញៀន​លើ​កុមារ​