​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​អ្នក​ពាក់ព័ន្ធ​ទប់ស្កាត់​ជាបន្ទាន់​ទៅលើ​បញ្ហា​គ្រឿង​ញៀន​លើ​កុមារ​

ប៉ិច សុធារី / Khmer Times No Comments Share:
​វេទិកា​យុវជន​ថ្នាក់​ជាតិ​ ​ស្តី​ពី​ ​ការ​ទប់ស្កាត់​គ្រឿងញៀន​ ​និង​ការ​អភិវឌ្ឍ​យុវជន​។​ ​​ ​ប៉ាន់​ ​រចនា

ភ្នំពេញ​៖​ ​ក្រុម​យុវជន​ ​និង​អង្គការ​ ​Good​ ​Neighbors​ ​Cambodia​ ​កាលពី​ថ្ងៃម្សិលមិញ​ ​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ ​និង​អ្នក​ពាក់ព័ន្ធ​ ​បង្កើន​កិច្ច​គាំពារ​លើ​សុវត្ថិភាព​កុមារ​ ​និង​អន្តរាគមន៍​ទប់ស្កាត់​ជាបន្ទាន់​ទៅលើ​បញ្ហា​គ្រឿងញៀន​ ​ខណៈ​ដែល​របាយការណ៍​ស្ទង់មតិ​ពួកគេ​ ​បាន​រក​ឃើញថា​ ​កុមារ​ជាច្រើន​នាក់​ត្រូវ​បាន​ណែនាំ​ ​និង​លួងលោម​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​។​

​ការ​ស្នើ​នេះ​ ​បាន​ធ្វើឡើង​នៅក្នុង​វេទិកា​យុវជន​ថ្នាក់​ជាតិ​ ​ស្តី​ពី​ ​«​ការទប់ស្កាត់​គ្រឿងញៀន​ ​និង​ការ​អភិវឌ្ឍ​យុវជន​»​ ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ ​រៀបចំ​ដោយ​អង្គការ​ ​Good​ ​Neighbors​ ​Cambodia​ ​និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួងមហាផ្ទៃ​ ​តំណាង​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​តំណាង​ក្រសួងការងារ​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​និង​យុវជន​ ​ប្រមាណ​ជាង​ ​២០០នាក់​។​

​កុមារី​ ​រិន​ ​ណង​គា​ ​អាយុ ១៤ឆ្នាំ​ ​ជា​ប្រធាន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​នៅ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​បាន​លើកឡើង​ថា​ ​កាលពី​ខែឧសភា​ ​ដល់​ខែកក្កដា​ ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ ​បាន​ធ្វើការ​សិក្សា​ស្ទង់មតិ​ ​ស្តី​ពី​ ​ការ​រាយការណ៍​របស់​កុមារ​អំពី​ស្ថានភាព​នៃ​ការប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍​ ​ដោយ​បាន​ធ្វើការ​សម្ភាសន៍​ទៅលើ​កុមារ​ចំនួន​ ​២៨៣នាក់​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​បន្ទាយមានជ័យ​ ​បាត់ដំបង​ ​ក្រចេះ​ ​និង​មណ្ឌលគិរី​ ​ដែល​មាន​អាយុ​ចន្លោះ​ពី១៣​ ​ទៅ១៨ឆ្នាំ​។​

​កុមារី​រូប​នេះ​ ​បាន​បន្ត​ថា​ ​យោង​តាម​លទ្ធផល​នៃ​ការស្ទង់មតិ​បាន​រក​ឃើញថា​ ​កុមារ​ជាង ៩២ភាគរយ​ ​ធ្លាប់​លឺ​ព័ត៌មាន​អំពី​បញ្ហា​គ្រឿងញៀន​ ​និង​កុមារ​ជាង ៨០ភាគរយ​ ​ធ្លាប់​ឃើញ​ការប្រើ​ប្រាស់​ ​និង​ការ​ជួញដូរ​គ្រឿងញៀន​ក្នុង​សហគមន៍​ដែល​ពួកគេ​រស់នៅ​ ​ប៉ុន្តែ​កុមារ​ភាគច្រើន​មិន​ហ៊ាន​រាយការណ៍​ករណីនេះ​ ​ទៅកាន់​ឪពុក​ម្តាយ​ឬ​អាជ្ញាធរ​នោះ​ទេ​ ​ខណៈ​កុមារ​ ​៨៩ភាគរយ​ ​មានការ​ភ័យខ្លាច​អ្នកប្រើ​ប្រាស់​គ្រឿងញៀន​ប្រព្រឹត្ត​អំពើ​អ្វីមួយ​ទៅលើ​ពួកគេ​ ​ដូចជា​អំពើ​ហិង្សា​ ​អំពើ​លួច​ប្លន់​ ​ការ​ធ្វើឃាត​និង​ការប្រព្រឹត្ត​ពេស្យាចារ​ទៅលើ​ពួកគេ​ជាដើម​។​

​កុមារី​ ​ណង​គា​ ​បាន​បន្ត​ថា​៖​ ​«​ការស្ទង់មតិ​ក៏បាន​រក​ឃើញ​ដែរ​ថា​ ​កុមារ​ចំនួន ៧២ភាគរយ​ ​បាន​ឆ្លើយ​ថា​ ​ពួកគេ​មានការ​ភ័យខ្លាច​មាន​គេ​ណែនាំ​ ​លួងលោម​ ​ឬ​បង្ខំឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ ​ក្នុង​នោះ​កុមារ​ ​៤ភាគរយ​ ​ធ្លាប់​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ ​ហើយ​កុមារ​ ​៣ភាគរយ​ ​បាន​ប្រាប់​ថា​ ​ពួកគាត់​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​»​។​

​កុមារី​ ​ណង​គា​ ​បាន​និយាយ​ថា​៖​ ​«​គ្រឿងញៀន​គឺជា​ឧបសគ្គ​ធំ​មួយ​ដល់​ការ​អភិវឌ្ឍ​សហគមន៍​ ​កុមារ​ ​និង​យុវជន​ ​និង​បាន​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​ ​សុវត្ថិភាព​ ​ការអប់រំ​កុមារ​ ​និង​ការ​អភិវឌ្ឍ​យុវជន​ ​ហើយ​កិច្ច​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​ ​អាជ្ញាធរ​ ​សាលារៀន​ ​និង​អ្នក​ពាក់ព័ន្ធ​ ​គឺជា​ភាព​ចាំបាច់​បំផុត​»​។​

​យុវជន​ ​សាន​ ​ចាន់​ណា​ ​អាយុ ១៧ឆ្នាំ​ ​មក​ពី​ខេត្តមណ្ឌលគិរី​ ​ដែល​បាន​ចូលរួម​វេទិកា​នេះ​ ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ ​និង​អនាគត​របស់​កុមារ​ ​ដោយសារ​ការ​រីក​ដុះដាល​ច្រើន​នៃ​ការប្រើ​ប្រាស់​គ្រឿងញៀន​ ​ការ​ទទួលទាន​គ្រឿងស្រវឹង​ ​និង​បារី​នៅក្នុង​សហគមន៍​ ​ជាពិសេស​នៅ​តំបន់​ដាច់ស្រយាល​ ​ហើយ​ការទប់ស្កាត់​និង​បង្ក្រាប​ ​ហាក់​ពុំសូវ​មាន​ប្រសិទ្ធិ​ភាព​។​ ​កញ្ញា​ថា​៖​ ​«​នៅពេល​ដែល​កុមារ​ត្រូវ​បាន​គេ​អូសទាញ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ ​និង​ទទួលទាន​គ្រឿងស្រវឹង​ហើយ​ ​គឺ​ប៉ះពាល់​ដល់​អនាគត​របស់​ពួកគេ​ ​ធ្វើឲ្យ​ពួកគេ​បោះបង់​ការសិក្សា​ ​និង​លែង​ចង់​ចូលរួម​ការងារ​សង្គម​ជាមួយ​សហគមន៍​ ​ហើយ​ខ្ញុំ​ក៏​មានការ​ព្រួយបារម្ភ​ដែរ​ ​ខ្លាច​បញ្ហា​គ្រឿងញៀន​កាន់តែ​ខ្លាំង​ ​ធ្វើឲ្យ​មាន​ចោរកម្ម​ច្រើន​ ​ឬ​ភេរវកម្ម​ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​អី​ជាដើម​»​។​

​នាយក​ប្រចាំ​ប្រទេស​អង្គការ​ ​Good​ ​Neighbors​ ​Cambodia​ ​លោក​ ​ជេក​យ៉ុន​ ​រ៉ូ​ ​បាន​មានប្រសាសន៍​ថា​ ​ការចូលរួម​ទប់ស្កាត់​ ​និង​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​គ្រឿងញៀន​ ​គឺជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់គ្នា​ ​ដោយ​លោក​សង្ឃឹមថា​ ​បញ្ហា​នេះ​នឹង​ត្រូវ​បាន​ទប់ស្កាត់​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ ​ហើយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ​ជាពិសេស​កុមារ​ ​និង​យុវជន​ ​ត្រូវ​បានការ​ពារ​និង​មាន​សុវត្ថិភាព​ចាក​ផុត​ពី​បញ្ហា​គ្រឿងញៀន​។​ ​លោក​ថា​៖​ ​«​បញ្ហា​នេះ​ក៏​ត្រូវការ​ចាំបាច់​នូវ​ការចូលរួម​ ​និង​កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល​ ​អាជ្ញាធរ​មូលដ្ឋាន​ ​ដៃគូ​រពាក់​ព័ន្ធ​ ​និង​ប្រជាពលរដ្ឋ​គ្រប់រូប​ផង​ដែរ​»​។​

​លោក​ឧត្តមសេនីយ៍ឯក​ ​ថោង​ ​សុ​គន្ធា​ ​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ថ្លែង​គាំទ្រ​ចំពោះ​សកម្មភាព​ចុះ​ស្ទង់មតិ​នេះ​ ​ដែល​អាច​ជួយ​ដល់​ក្រសួង​ពាក់ព័ន្ធ​បាន​ទទួល​ព័ត៌មាន​បន្ថែម​ជុំវិញ​ស្ថានភាព​គ្រឿងញៀន​ ​ខណៈ​ដែល​រាជរដ្ឋាភិបាល​ ​បាន​និង​កំពុង​ខិតខំ​បង្កើន​សកម្មភាព​បង្ក្រាប​ ​និង​ទប់ស្កាត់​ករណី​គ្រឿងញៀន​ ​ព្រមទាំង​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​មូលដ្ឋាន​ឲ្យបាន​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ការប្រើ​ប្រាស់​គ្រឿងញៀន​នេះ​។​

​លោក​ថា​៖​ ​«​ការសិក្សា​ស្ទង់មតិ​នេះ​ ​គឺជា​ពន្លឺ​មួយ​ ​ជា​ព័ត៌មាន​ល្អ​មួយ​ ​ដូច្នេះ​ខ្ញុំ​លើកទឹកចិត្ត​បន្តការងារ​នេះ​ឲ្យបាន​ទូលំទូលាយ​ថែមទៀត​ ​ដើម្បី​ចូលរួម​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​»​។​

​យោង​តាម​របាយការណ៍​របស់ក្រ​សួង​មហាផ្ទៃ​ ​បាន​ឲ្យដឹង​ថា​ ​ក្នុងរយៈពេល ៦ខែ​ដើមឆ្នាំ​នេះ​ ​សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​ចំនួន​ ​៣៦៧៦ករណី​ ​ដោយ​ចាប់បាន​ជនសង្ស័យ​ ​៧៦៦៤នាក់​ ​ក្នុង​នោះ​មាន​ជនបរទេស​ ​១៧៧នាក់​៕​

Share and Like this post

Related Posts

Previous Article

​នាយក​រដ្ឋ​មន្ដ្រី​ម៉ាឡេស៊ី​ ​លោក​ ​មហា​ធា​ ​មហាម៉ាត់​ ​ថ្លែង​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

Next Article

លោក ហ៊ុន សែនប្រកាសបន្ថែមរថយន្ដក្រុង និងធ្វើដំណើរដោយឥតគិតថ្លៃសម្រាប់ភ្ជំបិណ្ឌ ៥ថ្ងៃ