កម្មករ​ជិត២០នាក់​ ​ធ្វើការ​នៅ​ចម្ការកៅស៊ូ​ ​ក្នុង​ខេត្តសៀមរាប​ ​ពុលផ្សិត​ចម្រុះ

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
poisonous mashroom
ពល​រដ្ឋ​សម្រាក់​ព្យាបាល​ ​ក្រោយពី​ពុលផ្សិត។​ ​រូបថត​ ​Arey​ ​News​

​សៀមរាប​៖​ ​កម្មករ​ជិត២០នាក់​ ​ធ្វើការ​នៅ​ចម្ការកៅស៊ូ​របស់​ក្រុមហ៊ុន​ខេន​ក្នុង​ខេត្តសៀមរាប​ ​បាន​ពុលផ្សិត​ចម្រុះ​ជាច្រើន​ប្រភេទ​ ​បណ្តាល​ឲ្យ​រាគ​និង​ក្អួត​ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។​

អធិការ​នគរបាល​ស្រុក​ស្វាយលើ​ ​លោក​វរៈ​សេនីយ៍​ឯក​ ​ស៊ុន​ ​អេង​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ហេតុការណ៍​នេះ​ ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃសៅរ៍​ ​នៅ​ចំណុច​ចម្ការកៅស៊ូ​ក្នុង​ក្រុមហ៊ុន​ខេន​ ​ស្ថិតនៅ​ភូមិ​ទ័ព​ជ័យ​ ​ឃុំ​បឹងមាលា​ ​ដែល​មានកម្ម​ករ​ប្រុសស្រី​ចំនួន១៩នាក់​ ​បាន​រងគ្រោះ​ដោយសារ​ពុលផ្សិត​។​

​លោក​បាន​និយាយ​ថា​៖​ ​«​មុន​ពេល​កើតហេតុ​កម្មករ​ទាំងនោះ​បាន​នាំគ្នា​ដើរ​ដក​ផ្សិត​ចម្រុះ​ជាច្រើន​ប្រភេទ​ ​នៅក្នុង​ព្រៃ​ក្បែរ​ចម្ការ​ ​យក​មក​ធ្វើម្ហូប​ហូប​ជុំគ្នា​ ​ហើយ​ក្រោយពី​បាន​ហូប​រួច​ ​ក៏​ស្រាប់តែ​មាន​អាការ​រមាស់​ស្បែក​ ​រាគ​ ​និង​ក្អួតចង្អោរ​តែម្តង​»។​

​លោក​ស៊ុន​ ​អេង​ ​បាន​បន្ត​ថា​ ​ក្រោយ​ហេតុការណ៍​នោះ​ ​ប្រជាពលរដ្ឋ​ ​និង​កម្លាំង​សមត្ថកិច្ច​ ​បាន​នាំគ្នា​ដឹក​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មណ្ឌលសុខភាព​ឃុំ​ខ្វាវ​ ​ស្រុក​ជីក្រែង​ ​ដែល​រហូតមកដល់​ថ្ងៃម្សិលមិញ​នេះ​ ​ជនរងគ្រោះ​បាន​ធូរស្រាល​ឡើងវិញ​ហើយ។​ ​

​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​គួរ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ទទួលទាន​ផ្សិត​ដែល​ដុះ​នៅក្នុង​ព្រៃ​ ​និង​មិន​ស្គាល់​ប្រភេទ​ច្បាស់​ ​ដែល​អាច​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ​និង​អាច​ឈាន​ដល់​ការបាត់បង់​ជីវិត​ផង​ដែរ​។​ ​

​កាលពី​ខែឧសភា​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​ក៏​មាន​ករណី​ស្ត្រី​ម្នាក់​បាន​ស្លាប់​ ​និង​មនុស្ស​ប្រុសស្រី​ ​៤នាក់​ផ្សេងទៀត​ ​មាន​អាការៈ​ពុល​ធ្ងន់ធ្ងរ​រហូតដល់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ​ដោយសារ​ការ​ទទួលទាន​ផ្សិត​នេះ​ផង​ដែរ​។​ ​

​កាលពី​ខែមេសា​ ​ក្រសួងសុខាភិបាល​ ​ក៏បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ទទួល​អាហារ​ ​និង​ភេ​សជ្ជៈ​ផ្សេង​ៗ​ ​ខណៈ​ដែល​ក្រសួង​សង្កេតឃើញ​ថា​ ​មាន​ករណី​ពុល​ចំណីអាហារ​ ​និង​ពុល​ស្រា​ ​នៅតែ​បន្ត​កើតមានឡើង​នៅក្នុង​សហគមន៍​នៃ​បណ្តា​ខេត្ត​មួយចំនួន​។​ ​

​លោក​ម៉ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​បាន​ក្រើនរំលឹក​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ត្រូវ​ជៀសវាង​ទទួលទាន​អាហារ​ ​និង​ភេសជ្ជៈ​ ​ដែល​ខូចគុណភាព​ ​ឬ​គ្មាន​អនាម័យ​ ​និង​ត្រូវ​ជៀសវាង​ទទួលទាន​ស្រា​ ​ដែល​ផលិត​ដោយ​ពុំ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។​ ​លោក​ថា​៖​ ​«​ខ្ញុំ​សូម​លើក​ទឹក​ចិ​ត្ត​គ្រប់​ៗ​គ្នា​ ​ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​ប្រុងប្រយ័ត្ន​ ​និង​មាន​អនាម័យ​ ​រួម​ទាំង​ការ​ការពារ​ផ្ទាល់ខ្លួន​ ​និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ ​ដើម្បី​ជៀស​ផុត​ពី​បញ្ហា​សុខភាព​ទាំងនេះ​»។​

​បើ​តាម​ក្រសួងសុខាភិបាល​ ​គិត​ត្រឹម​ខែមីនា​ ​ឆ្នាំនេះ​ ​មាន​ករណី​ពុល​ចំណីអាហារ​កើតមាន​ ​៦លើក​ ​ដោយមាន​អ្នក​ពុល​សរុប​ ​២៤៦នាក់​ ​ក្នុង​នោះ​ស្លាប់២នាក់​។​ ​ចំណែក​នៅ​ឆ្នាំ២០១៨​ ​មាន​ករណី​ពុល​អាហារ១៩លើក​ ​មាន​អ្នក​ពុល​សរុប​ ​៨៥២នាក់​ ​ក្នុង​នោះ​ស្លាប់​ចំនួន១៣នាក់​ ​និង​ពុល​ស្រា​ ​៥លើក​ ​មាន​អ្នក​ពុល២០៦នាក់​ ​ក្នុង​នោះ​ស្លាប់១២នាក់​៕​

Share and Like this post

Related Posts

Previous Article

លោក ហ៊ុន សែនប្រកាសបន្ថែមរថយន្ដក្រុង និងធ្វើដំណើរដោយឥតគិតថ្លៃសម្រាប់ភ្ជំបិណ្ឌ ៥ថ្ងៃ

Next Article

សហគមន៍​ ៨ នៅកំពត​ នឹងដាំដើមកោងកាង មួយសែនដើម