សហគមន៍​ ៨ នៅកំពត​ នឹងដាំដើមកោងកាង មួយសែនដើម

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
Mangrove
ក្រុមយុវជនស្ម័គ្រចិត្ត ចូលរួមដាំដើមកោងកាងក្នុងសហគមន៍ត្រពាំងសង្កែរ ខេត្តកំពតកាលពីឆ្នាំ​២០១៦។ រូបថត​ Facebook

​ភ្នំពេញ​៖​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន៣​ ​ប្រជា​សហគមន៍​ ​និង​អាជ្ញាធរ​ ​បាន​រៀបចំ​យុទ្ធនាការ​ដាំ​ដើម​កោងកាង​ ​មួយ​សែន​ដើម​ ​នៅក្នុង​សហគមន៍​ចំនួន៨​ ​ក្នុង​ខេត្តកំពត​ ​ចាប់ពី​ខែកញ្ញា​ ​ដល់​ខែធ្នូ​ ​ដើម្បី​បង្កើន​គម្រប​ព្រៃកោងកាង​ ​និង​អភិរក្ស​ជីវចម្រុះ​ ​ខណៈ​ដែល​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ ​បាន​បន្ត​ដាំ​កូនឈើ​ព្រៃ​ជិត​ ​២ម៉ឺន​ដើម​បន្ថែម​ទៀត​ ​នៅ​ខេត្តសៀមរាប​។​

យុទ្ធនាការ​ដាំ​ដើម​កោងកាង​ ​រៀបចំឡើង​ក្រោម​កិច្ចសហការ​រវាង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​ ​(​AAC​)​ ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​និង​កុមារ​នៅ​កម្ពុជា​ ​(​CWDCC​)​ ​អង្គការ​សាមគ្គី​(​SAMAKY​ ​Organization​)​ ​និង​សហគមន៍​មួយចំនួន​ ​ក្រោម​កិច្ចសហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពត​។​

​ប្រធាន​អង្គការ​សាមគ្គី​ ​លោក​ ​អ៊ុ​ក​ ​អាំង​គីម​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃអាទិត្យ​ថា​ ​យុទ្ធនាការ​ដាំ​ដើម​កោងកាង​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​អភិរក្ស​ដើម​កោងកាង​ ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ ​ការពារ​ដី​ព្រៃកោងកាង​ដែល​រង​ការរំលោភ​ពីសំណាក់​ឈ្មួញ​មួយចំនួន​ ​និង​បង្កើន​ទីជម្រក​សម្រាប់​សត្វ​សមុទ្រ​មួយចំនួន​ពង​កូន​ជាដើម​។​ ​លោក​បន្ត​ថា​ ​ព្រៃកោងកាង​នេះ​ ​មាន​សារសំខាន់​ណាស់​ ​ក្នុង​ការ​រក្សា​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ឆ្នេរ​សមុទ្រ​ ​ដោយ​ស្រូប​យក​នូវ​ឧស្ម័ន​កាបូ​និក​និង​ជាតិ​ពុល​ផ្សេង​ៗ​ ​ជួយ​ទប់ទឹក​រលក​សមុទ្រ​ ​ទប់​ខ្យល់​ ​ការពារ​ចម្រោះ​ដី​ ​និង​ជា​ជម្រក​សត្វ​សមុទ្រ​ពង​ផង​ដែរ​។​ ​

​លោក​ថា​៖​ ​«​ដូច្នេះ​យុទ្ធនាការ​ដាំ​ដើម​កោងកាង​នេះ​ ​គឺ​ដើម្បី​ការពារ​គ្រោះ​ធម្មជាតិ​ ​ហើយ​ការ​រក្សា​ព្រៃកោងកាង​នេះ​ ​ក៏​ជា​ការ​រក្សា​ឆ្នាំងបាយ​របស់់​ប្រជា​នេសាទ​នៅ​តំបន់​នោះ​ផង​ដែរ​ ​ព្រោះ​ដើម​កោងកាង​ជា​ជម្រក​របស់​ត្រី​ ​ក្តាម​ ​បង្គា​ ​ហើយ​កោងកាង​នេះ​ ​ក៏​នាំមក​នូវ​ស្មៅ​សមុទ្រ​ ​និង​ផ្កាថ្ម​ទៀត​ ​ដែល​ជា​ជីវចម្រុះ​ក៏​សំខាន់​នៅក្នុង​សមុទ្រ​»​។​

​បើ​តាម​លោក​ ​អាំង​គីម​ ​សហគមន៍​នេសាទ​ចំនួន៨​ ​ដែល​នឹង​ត្រូវ​ដាំ​ដើម​កោងកាង​នេះ​ ​រួមមាន​ ​សហគមន៍​ត្រពាំងសង្កែ​,​ ​ត្រពាំង​រពៅ​,​ ​កំពង់​សាមគ្គី​,​ ​ព្រែកត្នោត​,​ ​កែប​ថ្មី​,​ ​ទទឹងថ្ងៃ​,​ ​កោះ​គ្រឹ​ស្នា​ ​និង​សហគមន៍​លក​។​

​ប្រធាន​សហគមន៍​នេសាទ​ត្រពាំង​រពៅ​ ​លោក​ ​ទិត្យ​ ​រិន​ ​បាន​ឲ្យដឹង​ថា​ ​ការ​ដាំ​ដើម​កោងកាង​នេះ​ ​នឹងអាច​ជួយ​បង្កើន​ដើម​កោងកាង​បន្ថែម​ទៀត​ក្នុង​សហគមន៍​ ​ក៏ដូចជា​បង្កើន​ទិន្នផល​នេសាទ​ ​ការពារ​ដី​សហគមន៍​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកកាន់​ព្រៃកោងកាង​ផង​ដែរ​។​ ​

​លោក​ថា​៖​ ​«​រាល់ថ្ងៃ​សហគមន៍​នេសាទ​យើង​ជាង១ពាន់​គ្រួសារ​ ​បាន​រស់នៅ​អាស្រ័យផល​លើ​ការ​នេសាទ​ត្រី​ ​ក្តាម​ ​បង្គា​ ​និង​ការ​រក​ងាវ​ជាដើម​ ​ហើយ​យើង​ក៏បាន​បណ្តុះ​កូន​កោងកាង​ដើម្បី​លក់​ជូន​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​ដាំ​ដើម​កោងកាង​នៅ​សហគមន៍​របស់​យើង​ផង​ដែរ​ ​អីចឹង​សហគមន៍​យើង​អាច​រកចំណូល​បាន​ពី​ការ​នេសាទ​ផង​ ​និង​ផ្នែក​ទេសចរណ៍​ផង​»​។​ ​

​យោង​តាម​របាយការណ៍​ឆ្នាំ២០១៨​ ​របស់​រដ្ឋបាល​ជលផល​ខេត្តកំពត​ ​បាន​ឲ្យដឹង​ថា​ ​ព្រៃកោងកាង​នៅ​ខេត្ត​នេះ​មាន​ទំហំ​ ​១៩៦៦ហិ​ក​តា​ ​និង​ផ្កាថ្ម​មាន​ទំហំ​ ​៩៥៣ហិ​ក​តា​។​ ​

​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពត​ ​លោ​កស​ ​សុរិ​ន​ ​បាន​មានប្រសាសន៍​ថា​ ​ប្រជា​នេសាទ​ដែល​ធ្វើ​នេសាទ​នៅ​សមុទ្រ​ក្នុង​ខេត្តកំពត​មាន​ប្រមាណ​ ​៣០០០​ ​ទៅ​ ​៣៥០០គ្រួសារ​ ​ដែល​អាច​រក​ប្រាក់ចំណូល​បាន​ពី៥ម៉ឺន​រៀល​ទៅ៧០ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។​ ​លោក​ថា​៖​ ​«​អ្នកនេសាទ​ធម្មតា​គាត់​អាច​រក​ប្រាក់ចំណូល​បាន​ពី៥ម៉ឺន​រៀល​ទៅ១០ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ ​ហើយ​សម្រាប់​អ្នក​ដែល​ប្រើ​លប​ឬ​ម៉ង​ចាប់​ក្តាម​ ​គឺ​អាច​រក​ប្រាក់ចំណូល​បាន​ពី២០ម៉ឺន​ទៅ៣០ម៉ឺន​រៀល​ ​ចំណែក​អ្នកនេសាទ​បង្គា​អាច​រក​ប្រាក់ចំណូល​បាន​ពី៤០ម៉ឺន​ទៅ៧០ម៉ឺន​រៀល​»​។​

Tea Banh
លោក​ ​ទៀ​ ​បាញ់​ ​និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​លោក​សាយ​ ​សំ​អាល់ចូលរួមដាំ​កូនឈើ​ព្រៃ​​ ​នៅ​តំបន់​ឧទ្យានជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន​ ខេត្តសៀមរាប។

​កាលពី​សៅរ៍​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ទៀ​ ​បាញ់​ ​និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​លោក​សាយ​ ​សំ​អាល់​ ​រួម​និង​អាជ្ញាធរ​ខេត្តសៀមរាប​ ​ក៏បាន​បន្ត​ដាំ​កូនឈើ​ព្រៃ​ចំនួន​ ​១៧១៧៩ដើម​ ​នៅ​តំបន់​ឧទ្យានជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន​ ​ដើម្បី​ស្តារ​គម្រប​ព្រៃឈើ​នៅ​តំបន់​នោះ​ឡើងវិញ​ ​ក៏ដូចជា​បង្កើន​ធនធាន​ជីវចម្រុះ​ ​និង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។​

​ក្នុង​ពិធី​នោះ​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ទៀ​ ​បាញ់​ ​បាន​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍​ ​ចូលរួម​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​ ​និង​ចូលរួម​ពង្រឹង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​សហគមន៍​ឲ្យ​មាន​និរន្ត​ភាព​ ​ជាពិសេស​ចូលរួម​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្ម​សិទ្ធ​ ​ការ​បរបាញ់​សត្វ​ ​និង​រួមគ្នា​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យបាន​គង់វង្ស​ផង​ដែរ​។​ ​លោក​ថា​៖​ ​«​សូម​ប្រជាពលរដ្ឋ​ចូលរួម​ស្តារ​ព្រៃឈើ​ឡើងវិញ​នៅក្នុង​តំបន់ការពារធម្មជាតិ​ ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់​ ​និង​ពិភពលោក​ ​ជាពិសេស​សហគមន៍​ ​ត្រូវ​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​ ​ផ្តល់​សេវា​ទេសចរណ៍​ ​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ​និង​ការ​អភិវឌ្ឍ​សហគមន៍​ឲ្យ​កាន់តែ​ប្រសើរ​»​៕​

Share and Like this post

Related Posts

Previous Article

កម្មករ​ជិត២០នាក់​ ​ធ្វើការ​នៅ​ចម្ការកៅស៊ូ​ ​ក្នុង​ខេត្តសៀមរាប​ ​ពុលផ្សិត​ចម្រុះ

Next Article

​ ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៦នាក់ លួច​យក​សម្ភារៈ​​នៅក្នុង​​វ៉ាលីរបស់​ភ្ញៀវ​ នៅ​ព្រលាន​​យន្តហោះ​សៀមរាប