​ ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៦នាក់ លួច​យក​សម្ភារៈ​​នៅក្នុង​​វ៉ាលីរបស់​ភ្ញៀវ​ នៅ​ព្រលាន​​យន្តហោះ​សៀមរាប

ប៉ិច សុធារី / Khmer Times No Comments Share:

សៀមរាប៖ ជន​សង្ស័យចំនួន​ ៦នាក់ ដែល​ធ្វើ​សកម្ម​ភាព​រ៉ូត​ និង​ឆ្កឹះ​សោរ​វ៉ាលីរបស់​ភ្ញៀវ​ ដើម្បី​លួចយកសម្ភារៈ​នៅ​ព្រលាន​​យន្តហោះ​សៀមរាប ត្រូវបានកម្លាំងនគរបាល​ស្នងការ​ដ្ឋាន​នគរ​បាលខេត្ត​សៀម​រាប បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត កាល​ពី​ថ្ងៃម្សិល​មិញ ​ដើម្បីចាត់ការបន្ត​​តាមនីតិវិធី​ច្បាប់។

លោក​វរៈសេនីយ៍ឯក ហង្ស សុផាតភារម្យ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាលនៃ​ស្នងការដ្ឋាន​នគរ​បាល​​​​ខេត្ត​សៀមរាប បាន​​ឲ្យ​ដឹង​កាលពីថ្ងៃព្រហស្បត្តិ៍​ថា ក្រោយ​ពី​មាន​ពាក្យបណ្តឹងពីក្រុម​​​សន្តិ​សុខ​ព្រលាន​យន្តហោះ​ខេត្ត​​សៀមរាប និង​ខាងក្រុម​ហ៊ុន​ខេម​បូ​ឌា​អ៊ែរ​ផត សមត្ថកិច្ច​បាន​ធ្វើការស្រាវជ្រាវលើ​កាមេរ៉ា​សុវត្ថិ​ភាព​​របស់ព្រលាន​យន្ត​ហោះ និងបាន​​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦នាក់ ដែល​បាន​ធ្វើ​សកម្ម​ភាពរ៉ូត​ និង​ឆ្កឹះវ៉ាលីលួ​​ច​យកទ្រព្យ​សម្បត្តិ​របស់​ភ្ញៀវ ​ដែលធ្វើដំណើរតាមយន្ត​ហោះ។

លោក​បន្តថា បុរស​ជា​​ជន​សង្ស័យ​ទាំង​៦នាក់នោះ មានឈ្មោះ សុខ សុខន អាយុ​ ៤០ឆ្នាំ, សុវណ្ណ វីរៈ អាយុ​ ៣២​ឆ្នាំ, រុណ រ៉ា អាយុ​ ៣៧​ឆ្នាំ, ឌុល សុវណ្ណ អាយុ​​ ៣១​ឆ្នាំ​, រិទ្ធ សារៃ អាយុ​ ២៩ឆ្នាំ និង អេង ផៃ អាយុ​ ៣៩ឆ្នាំ ជា​អ្នក​រស់នៅ​ខេត្ត​សៀម​រាប និង​មានមុខរបរ​ជាបុគ្គ​លិក​ក្រុម​ហ៊ុន​ខេម​បូឌា​អ៊ែរ​ផត។

លោកបាន​បញ្ជាក់ថា៖ «ជន​សង្ស័យ៥នាក់ ត្រូវបាន​ចាប់ឃាត់ខ្លួន​កាលពីថ្ងៃ​អង្គារ និងម្នាក់ទៀត ចាប់ខ្លួន​​កាល​ពី​ថ្ងៃ​ពុធ ហើយបច្ចុប្បន្ន កម្លាំងសមត្ថកិច្ចយើង​ កំពុងតែ​បន្តធ្វើការស្រាវ​ជ្រាវ​​​​រកមុខសញ្ញា​​ដែលនៅ​សេស​សល់មួយចំនួន​​បន្ថែម​​​ទៀត តែ​យើងមិនអាច​បញ្ជាក់អត្ត​សញ្ញាណ​ពួកគេបានទេ»។

លោក​ ​ភារម្យ បានបញ្ជាក់​​ថា តាម​ការ​សាកសួរ ជនសង្ស័យ​ទាំង​នោះ បាន​ឆ្លើយ​​សារ​ភាពថា ពួកគេ​ពិត​ជា​បាន​ធ្វើ​សកម្ម​​​ភាព​​លួច​ពិតប្រាកដមែន​ ក្នុងនោះ​មានជនសង្ស័យ​ខ្លះ​បាន​ធ្វើសកម្ម​ភាពលួច​ពី​ ៤០លើក ទៅ ​១០០លើក។ ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច ក៏បាន​ដក​ហូតនូវ​វត្ថុតាង​​ដែលជន​សង្ស័យ​ប្រើប្រាស់​សម្រាប់​លួច ក្នុង​នោះ ប៊ិចមានចុង​ស្រួច​រឹង​សម្រាប់ប្រើប្រាស់​ចាក់​ឆ្កឹះ​កូនសោរ ឬរ៉ូតកាបូបវ៉ាលីលួចយក​​ទ្រព្យ​សម្បត្តិ​របស់​ភ្ញៀវចំនួន​៤ដងផង​ដែរ។

ស្នងការរង​នគរបាលខេត្តសៀមរាប លោកឧត្តម​សេនីយ៍ត្រី ភឹង ចិន្តារ៉េត បាន​ឲ្យដឹង​បន្ថែមថា ក្រោយពី​ការ​សាកសួរ សមត្ថកិច្ចជំនាញ បានសម្រេច​ចោទ​ប្រកាន់ជន​​សង្ស័យទាំង​នោះ ពីបទ អំពើលួចមាន​ស្ថាន​ទំងន់​ទោស និងបាន​បញ្ជូន​​​​​​​ខ្លួន និងសំណុំរឿង​ទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវ​ច្បាប់។ លោកថា៖ «​ជនសង្ស័យ​ទាំង​នោះ ​ត្រូវបាន​​បញ្ជូន​ខ្លួន​​ទៅ​តុលាការ​​នៅព្រឹក​ថ្ងៃព្រហស្បត្តិ៍នេះ​ហើយ ប៉ុន្តែ​ខ្ញុំមិន​ទាន់​ដឹង​ថាមកដល់​ពេលនេះ​ តុលាការ​សម្រេច​យ៉ាង​ណា​នោះ​​ទេ»។

អ្នកនាំពាក្យសាលាដំបូង​ខេត្តសៀមរាប លោក យិន ស្រាង បាន​មាន​ប្រសាសន៍ថា ជនសង្ស័យ​ទាំង​៦​រូប ត្រូវ​បាន​បញ្ជូនខ្លួនមក​ដល់សាលាដំបូងហើយ ប៉ុន្តែ​​គិត​​មក​ដល់ល្ងាចថ្ងៃម្សិលមិញ ជន​សង្ស័យ​ទាំងនោះ​ កំពុង​ស្ថិតនៅក្នុង​ដំណាក់កាល​សាកសួរ​របស់ព្រះរាជ​អាជ្ញារង​អមសាលាដំបូង​នៅឡើយ ដោយលោកនៅពុំទាន់ដឹង​ថា​នឹងបញ្ចប់ការ​​សាក​សួរនៅពេលណា​នៅឡើយ៕

 

Share and Like this post

Related Posts

Previous Article

សហគមន៍​ ៨ នៅកំពត​ នឹងដាំដើមកោងកាង មួយសែនដើម

Next Article

តើ​ការងារ​ ​១០​ ​មុខ​អ្វីខ្លះ​ ​ដែល​ជនបរទេស​មិន​អនុញ្ញាតឱ្យ​ដណ្ដើម​ពី​ពលរដ្ឋខ្មែរ​?​