​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ស្នើ​ដល់​បណ្តា​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ ​រួមគ្នា​ដោះស្រាយ​បញ្ហា​ឱសថ​ក្លែងក្លាយ​

ប៉ិច សុធារី / Khmer Times No Comments Share:
​លោក​ ​ទៀ​ ​បាញ់​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​។ Fresh​ ​News​

សៀមរាប​៖​ ​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​កាល​ពី​ថ្ងៃ​ព្រ​ហស្ប​តិ៍​ ​បាន​ស្នើ​ដល់​បណ្តា​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ ​ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​ ​ចំពោះ​បញ្ហា​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​ ​ដែល​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ​ ​សុវត្ថិភាព​សង្គម​ ​និង​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ទៀ​ ​បាញ់​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ​ដែល​ជា​តំណាង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី១៤​ ​នៅ​ខេត្តសៀមរាប​ថា​ ​បញ្ហា​ឱសថ​ក្លែងក្លាយ​ ​និង​អន់​គុណភាព​ ​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ ​សុវត្ថិភាព​សង្គម​ ​និង​ធ្វើឲ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​ខណៈ​ដែល​បច្ចុប្បន្ន​ ​បញ្ហា​នេះ​ ​បាន​និង​កំពុង​រីក​រាលដាល​គួរឲ្យ​ព្រួយបារម្ភ​ទាំង​នៅក្នុង​តំបន់​ ​និង​ពិភពលោក​ ​ជាពិសេស​ការ​ផ្សព្វផ្សាយ​លក់​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​ ​គ្មាន​ប្រភព​ច្បាស់លាស់​ ​និង​មិន​មានការ​ចុះបញ្ជី​ការត្រឹមត្រូវ​ជាដើម​។​

​លោក​បន្ត​ថា​៖​ ​«​ទន្ទឹម​នឹង​នេះ​យន្តការ​នៃ​ការគ្រប់គ្រង​គុណភាព​ឱសថ​ក្នុង​ពេល​ផលិត​ ​និង​ចរាចរ​ឱសថ​នៅ​លើ​ទីផ្សារ​ ​មិន​មាន​ប្រសិទ្ធិ​ភាព​ ​ហើយ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ឲ្យបាន​យល់ដឹង​ពី​ឱសថ​ក្លែងក្លាយ​នៅ​មានកម្រិត​ ​ដែល​កត្តា​ទាំងនេះ​ ​គឺជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​ដល់​សុខមាលភាព​និង​អាយុជីវិត​របស់​ប្រជាជន​»​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​ដូច្នេះ​បញ្ហា​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​ ​គឺជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ ​ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​ ​ទាំង​នៅក្នុង​ប្រទេស​ ​តំបន់​ ​និង​សកលលោក​»​។​

​ជាមួយគ្នា​នោះ​ដែរ​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ទៀ​ ​បាញ់​ ​បាន​ផ្តល់​នូវ​អនុសាសន៍​មួយចំនួន​ទៅដល់​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ ​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​ ​និង​អន់​គុណភាព​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​អន្តរ​វិស័យ​ ​ការ​បន្ត​ពង្រឹង​ក្របខណ្ឌ​ច្បាប់​ ​ការ​លើកកម្ពស់​សមត្ថភាព​មន្ត្រី​បច្ចេកទេស​ ​តាមដាន​និង​ស្រាវជ្រាវ​ជាប្រចាំ​ ​និង​ការ​បន្ត​ពង្រឹង​យន្តការ​អភិបាលកិច្ច​ល្អជា​ដើម​។​

​លោក​បន្ត​ថា​៖​ ​«​អាស៊ាន​ ​ត្រូវ​រួមគ្នា​ជាមួយ​ដៃ​គូរ​អភិវឌ្ឍន៍​ ​និង​អង្គការសុខភាព​ពិភពលោក​ ​ដើម្បី​ជំរុញ​ការអនុវត្ត​យន្តការ​ថ្នាក់​តំបន់​ ​និង​សកលលោក​ ​ដែល​មានស្រាប់​ ​និង​បង្កើត​យន្តការ​ ​ឬ​គោលការណ៍​ណែ​នាំ​ថ្មី​ៗ​បន្ថែម​ទៀត​ ​សម្រាប់​ការ​ធ្វើ​សុខដុម​នី​យក​ម្ម​វិស័យ​សុខាភិបាល​ ​ព្រមទាំង​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ​និង​ថវិកា​សម្រាប់​ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​»​។​

​លោក​ក៏បាន​ជំរុញ​ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ​ត្រូវ​រួមគ្នា​លើកកម្ពស់​ ​និង​ជំរុញ​ការអនុវត្ត​សកម្មភាព​នានា​ ​ដើម្បី​ធ្វើ​សុខដុម​នី​យក​ម្ម​វិស័យ​សុខាភិបាល​ក្នុង​តំបន់​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ ​និង​ត្រៀម​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ផ្នែក​សុខភាព​សាធារណៈ​ ​ជាពិសេស​ការ​ផ្ទុះឡើង​នូវ​ជំងឺឆ្លង​នានា​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​ ​លោក​ម៉ម​ ​ប៊ុ​ន​ហេង​ ​បាន​មានប្រសាសន៍​ថា​ ​សម្រាប់​កម្ពុជា​ ​បាន​ដាក់ចេញ​នូវ​យន្តការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​នឹង​បញ្ហា​ឱសថ​ក្លែងក្លាយ​ ​និង​អន់​គុណភាព​នេះ​ ​ដូចជា​ ​ការ​ដាក់​ប្រព័ន្ធ​ចុះបញ្ជី​តាម​អន​ឡាញ​ ​និង​ការ​ ​QR​ ​Code​ ​ព្រមទាំង​ការស្រាវជ្រាវ​និង​បង្ក្រាប​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​ជាបន្តបន្ទាប់​ជាដើម​។​

​លោក​ថា​៖​ ​«​វា​មាន​បញ្ហា​ប្រឈម​ខ្លាំង​ ​ដូច្នេះហើយ​បាន​យើង​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​នេះ​ ​ដើម្បីឲ្យ​រាជរដ្ឋាភិបាល​បណ្តា​ប្រទេស​អាស៊ាន​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​រួមគ្នា​ ​ពីព្រោះ​ធ្វើ​តែ​យើង​ ​[​កម្ពុជា​]​ ​ក៏​មិន​អាច​ឆ្លើយតបទៅនឹង​បញ្ហា​នេះ​បាន​ពេញលេញ​ដែរ​ ​ទាល់តែ​រួម​កម្លាំង​គ្នា​ទាំង​នៅក្នុង​តំបន់​ ​ទាំង​នៅក្នុង​ពិភពលោក​ ​ហើយក៏​មានដៃ​គូរ​អភិវឌ្ឍន៍​ជាច្រើន​បាន​ចូលរួម​ជាមួយ​យើង​ដែរ​»​។​

​លោក​រដ្ឋមន្ត្រី​ ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​កុំ​ជឿ​ ​និង​ជៀសវាង​ការប្រើ​ប្រាស់​ឱសថ​ដែល​បាន​ផ្សព្វផ្សាយ​លើ​តាម​អន​ឡាញ​ ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ផង​ដែរ​។​

​បើ​តាម​របាយការណ៍​របស់ក្រ​សួង​សុខាភិបាល​ ​កិច្ចប្រជុំ​នៃ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី១៤​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ត្រូវ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី២៦​ ​ដល់​ថ្ងៃទី៣០​ ​ខែសីហា​នេះ​ ​នៅ​ខេត្តសៀមរាប​ ​ដែល​មានការ​ចូលរួម​ពី​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០​ ​អាស៊ាន​បូក៣​(​ចិន​ ​ជប៉ុន​ ​និង​កូរ៉េ​)​ ​អគ្គលេខាធិការ​អាស៊ាន​ ​និង​ប្រតិភូ​អមដំណើរ​ជាច្រើន​រូប​ទៀត​។​ ​ក្រសួង​បាន​បន្ត​ថា​ ​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​ផ្តោត​លើ​ប្រធានបទ​សំ​ខាន់​ៗ​ចំនួន៤​ ​រួមមាន​ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​ ​ការធានា​និរន្តរភាព​ហិរញ្ញប្បទាន​សេវា​ថែទាំ​សុខភាព​ ​ការ​ពង្រឹង​សមត្ថភាព​ក្នុង​ការអនុវត្ត​និយ័ត​កម្ម​សុខភាព​អន្តរជាតិ​របស់​អង្គការសុខភាព​ពិភពលោក​ ​និង​នវានុវត្តន៍​នៃ​ការ​ពង្រឹង​សេវា​ថែទាំ​សុខភាព​៕​

Share and Like this post

Related Posts

Previous Article

តើ​ការងារ​ ​១០​ ​មុខ​អ្វីខ្លះ​ ​ដែល​ជនបរទេស​មិន​អនុញ្ញាតឱ្យ​ដណ្ដើម​ពី​ពលរដ្ឋខ្មែរ​?​

Next Article

ក្រសួងធនធានទឹក​ ​ក្រើនរំលឹក​ឲ្យ​ប្រុងប្រយ័ត្ន​ទឹកជំនន់​ដែល​នឹង​មកដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​