ពៅ មករា៖ ពី​ការ​និពន្ធ​ប្រលោម​លោក​ឆ្ពោះ​ទៅ​រក​ការ​ដឹក​នាំ​រឿង

វ៉ា សុនីតា / Khmer Times No Comments Share:
និស្សិត​បញ្ចប់​ការសិក្សា​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ លោក ពៅ មករា ជឿថា ចំណេះដឹង​នៅ​សាកលវិទ្យាល័យ​លើ​ជំនាញ Graphic and Communication Design ក៏​អាច​យកមក​ច្នៃ​ប្រតិដ្ឋ​ប្រើប្រាស់​ជាមួយ​ការផលិត​ភាពយន្ត​បានដែរ អាស្រ័យ​លើ​សិល្ប៍​វិធី​នៃ​ការប្រើប្រាស់​របស់​សិស្សានុសិស្សម្នាក់ៗប៉ុណ្ណោះ

វិស័យ​ភាពយន្ត​នា​សង្គម​សិល្បៈ​ទំនើប​នេះ បាន​ទាក់ទាញ​យុវជន​ជាច្រើន​ឲ្យ​បង្កើត​ក្តី​ស្រមៃ​តូចធំ​ខុសៗគ្នា។ ការគាំទ្រ​ពី​គ្រប់ទិសទី​បាន​ក្លាយជា​កម្លាំងចិត្ត​សម្រាប់​អ្នកនិពន្ធ​វ័យក្មេង​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល ហ៊ាន​បូជា​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​សម្រាប់​ការងារ។ ដូចគ្នា​នឹង អ្នកនិពន្ធ ពៅ មករា ម្ចាស់​ស្នាដៃ​កម្រង​រឿង​ខ្លី «ហៃអើ» និង​រឿង​ខ្លី​ដទៃទៀត ដែល​បាន​លះបង់​ពេលវេលា​របស់ខ្លួន​អស់​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​សម្រួច​មុខជំនាញ​របស់ខ្លួន​នៅលើ​វិថី​សិល្បៈ​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ។

«ចាប់តាំងពី​ថ្នាក់​ទី៤ មកម្ល៉េះ ដែល​ខ្ញុំ​ចាប់ផ្តើម​សរសេរ​ជា​សាច់រឿង ប៉ុន្តែ​កាលណោះ​វា​គ្រាន់តែ​ជា​កិច្ចសន្ទនា​រវាង​តួអង្គ​មួយ​និង​តួអង្គ​មួយទៀត​ប៉ុណ្ណោះ។ រហូតដល់​ថ្នាក់​ទី ៧ ដែល​ខ្ញុំ​ចាប់ផ្តើម​ដឹងថា​អ្វី​ជា​ប្រលោម​លោក ហើយ​ចាប់ផ្តើម​សរសេរ​រហូតដល់​ថ្នាក់​ទី ១២ បាន​ចំនួន ១៨រឿង​ទាំង​វែង​និង​ខ្លី» អ្នកនិពន្ធ​វ័យ ២៥ឆ្នាំនេះ បច្ចុប្បន្ន​គឺជា​អ្នកនិពន្ធ​សេណា​រី​យ៉ូ​ក្នុង​ផលិតកម្ម​ហង្ស​មាស ដែលជា​ផលិតកម្ម​ភាពយន្ត និង​ចម្រៀង​ជួរមុខ​នៅក្នុង​ប្រទេស។ ទម្រាំ​ទទួលបាន​ភាពជោគជ័យ​លើ​គោលដៅ​មួយ​ក្នុង​ជីវិត​ដូច​សព្វថ្ងៃនេះ មករា ត្រូវ​ឆ្លងកាត់​ការរៀនសូត្រ​និង​ការប្រកួត​ប្រជែង​ជាច្រើន​ដើម្បី​នាំមក​ឲ្យ​ខ្លួនឯង​នូវ​បទពិសោធន៍​ការងារ​លើ​អាជីព​ជា​អ្នកនិពន្ធ។

ចោទ​សួរថា អ្នកនិពន្ធ​មករា ធ្វើ​ដូចម្តេចខ្លះ​ដើម្បី​បង្កើន​ជំនាញ​ខ្លួនឯង​ពី​អ្នកនិពន្ធ​ប្រលោមលោក​ទៅជា​រក​អាជីព​មួយបែប​ទៀត​ក្នុង​វិស័យ​ភាពយន្ត? អ្នកនិពន្ធ​រូបនេះ​ពោលថា៖ «ខ្ញុំ​ដឹងខ្លួន​ថា​ចូលចិត្ត​ផ្នែក​នេះ (ការនិពន្ធ) ដូច្នេះ​ខ្ញុំ​ចូលចិត្ត​រក​សៀវភៅ ក្បួន​សរសេរ​ប្រលោម​លោក ប្រវត្តិ​អក្សរសិល្ប៍​ខ្មែរ​ដើម្បី​ឲ្យ​ដឹងថា​អក្សរសិល្ប៍​មាន​របត់​យ៉ាងណាខ្លះ ហើយក៏​មើល​អក្សរសិល្ប៍​បារាំង និង​ការវិភាគ​អក្សរសិល្ប៍​ដោយ​វ៉ាន់ឌី​កា​អ៊ុន ជាដើម»

ភាគច្រើន​នៃ​ប្រលោមលោក​ដែល​អ្នកនិពន្ធ​មករា​តាក់តែង​តាំងពី​កុមារភាព ត្រូវបាន​ចែកចាយ​ដល់​មិត្តភក្តិ​អាន​ដោយ​សេរី។ រហូតដល់​ឆ្នាំ ២០១៣ ទើប​អ្នកនិពន្ធ​មករា​បានចេញ​ផ្សាយ​ប្រលោមលោក​ចំនួន​ពីរ​រឿង​របស់ខ្លួន​នៅលើ​ប្រព័ន្ធ​ឌីជីថល​ជា​លើកដំបូង​នៅលើ​គេហទំព័រ sabay.com។

លោក​រំឮកថា នៅ​គ្រានោះ ការ​ការ​អាន​​របស់​មហា​ជន​ក្នុងស្រុកនៅ​​​ មិនទាន់​ទូលំទូលាយ​នៅឡើយ ដូច្នេះ ហើយ​ទើប​លោក​ត្រូវ​បន្ត​ស្វែងរក​ឱកាស ផ្សេងៗ បន្តបន្ទាប់​ទៀត​ដើម្បី​បង្ហាញស្នាដៃ​ របស់ ខ្លួន។ អ្នកនិពន្ធ​រូបនេះ ក៏បានចូលរួម​ ផងដែរ​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព​អ្នកនិពន្ធ​វ័យក្មេង​របស់​ផលិតកម្ម​ក្នុងស្រុក ដូចជា​ផលិតកម្ម​រ៉ុ​ក និង​ផលិតកម្ម​ថោ​ន។

«អាច​និយាយថា​ខ្ញុំ​ចេះ​មកពី​ការប្រកួត​កម្មវិធី​អ្នកនិពន្ធ​ខ្លះៗដែរ នៅ​ពេលដែល​គេ​បង្ហាត់បង្ហាញ​ពី​គន្លឹះ​នៃ​ការសរសេរ script អំឡុងពេល​ប្រកួត។ ក្រោយមកទៀត ខ្ញុំ​រៀន​តាមរយៈ​ការធ្វើការងារ​ជា script writer តែម្ដង ដែល​ធ្វើការ​បណ្តើរ​រៀន​បណ្តើរ។ បន្ថែម​ពី​នោះ​ខ្ញុំ​ក៏​ទទួលបាន​ការណែនាំ​ពី​រៀមច្បង​ដូចជា នាង សុធា​រី និង​ខាំ ភូ​រិ»។

ចាប់ផ្តើម​ពី​អ្នកនិពន្ធ​ប្រលោមលោក ការងារ​ជា​ជំនួយការ​ដឹកនាំ និង​ជា​អ្នកនិពន្ធ​សេណា​រី​យ៉ូ អ្នកនិពន្ធ​មករា តែងតែ​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​រៀនសូត្រ​ពី​ការងារថ្មីៗជា​បន្តបន្ទាប់។ បទពិសោធន៍​ការងារ​ដែល​លោក​ឆ្លងកាត់​ធ្វើ​ឲ្យ​លោក​ជឿជាក់ថា៖ «បើសិនជា​យើង​នៅ​មួយកន្លែង ខ្ញុំ​នឹង​មើលឃើញ​ពិភពលោក​នេះ​តូច​មែនទែន។ ការពិត បើ​យើង​នៅ​ធ្វើការ​តែមួយ​កន្លែង យើង​នឹង​មើលឃើញថា ការងារ​របស់​យើង​នេះ​វា​អស្ចារ្យ​ណាស់ ប៉ុន្តែ​លុះ​ពេលដែល​ខ្ញុំ​បាន​ប្រឡូក​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​ទើប​ខ្ញុំ​ដឹងថា តាមពិត​អ្វីដែល​ខ្ញុំ​ចេះ​អ្វីដែល​ខ្ញុំ​ដឹង​វា​មិនទាន់​ពេញលេញ​សម្រាប់​ខ្ញុំ​នៅឡើយ»

ពេលនេះ​អ្នកនិពន្ធ​មករា​កំពុង​សាក​ល្បង​​ដឹកនាំ​ការថត​បទ​ចម្រៀង ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួនឯង​បន្ថែម។ មករា​បង្ហើប​ថា​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ រឿង​ភាគ​ពីរ​រឿង​សម្រាប់​ផលិតកម្ម​ហង្ស​មាស​ ដែល​លោក​បាន​ចូល​រួម​ផលិត នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ទន្ទឹម​គ្នា​នឹង​ ​វីដេអូ បទ​ចម្រៀង​ថ្មីៗ​ផ្សេង​ទៀត​ដែល​មករា​ទើប​បញ្ចប់​ការ​ដឹកនាំ​ថត។ មករា​បញ្ជាក់​ថា​ ការ​ខិតខំ​​ជា​ច្រើន​ឆ្នាំ​លើ​ការ​តែង​និពន្ធ​ ក៏​ដូច​ជា​ការ​ហ្វឹកហាត់​ការងារ​ជា​អ្នក​ដឹកនាំ ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ធំ​មួយទៀត​របស់លោក គឺ​ចង់​ក្លាយជា​អ្នកដឹកនាំ​រឿង​ឆ្នើម​មួយរូប​ក្នុងប្រទេស​កម្ពុជា។ បើ​ទោះ​បី​ជា​មមារញឹក​បន្តិច​ក្តី មករា ពុំ​ដែល​បោះបង់​ការងារ​​និពន្ធ​ប្រលោមលោក ឬ​រឿង​ខ្លី​នោះ​ទេ ខណៈដែល​នៅ​ខែធ្នូ​ខាងមុខនេះ អ្នកនិពន្ធ​មករា នឹង​ចេញផ្សាយ​ប្រលោមលោក​ថ្មី​មួយទៀត​មាន​ចំណងជើង​ថា «ម៉ឺន​ឯក»៕

Share and Like this post

Related Posts

Previous Article

វិស្សមកាល​នាទី​ជនបទ

Next Article

Amazon rainforest – area gutted bigger than Cambodia