ហ៊ួ​ត យូ​ឡែ​ន៖ ពិការភាព មិនបាន​បញ្ឈប់​ចំណូលចិត្ត​ខ្ញុំ​លើ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ

ប៉ា សុខេង / Khmer Times No Comments Share:
បើទោះបីជា​ យូឡែន ពិការ​ដៃ​ពី​កំណើត ប៉ុន្តែ​​យុវជន​រូប​នេះ​នៅ​តែ​​ខិត​ខំ​​ពង្រឹង​សមត្ថភាព​ផ្នែក​សរសេរ​កម្មវិធី​តាម​ក្តី​ស្រមៃ​។ ស្រី គំនិត

ខណៈដែល​អ្នក​រាល់គ្នា​នៅ​ជុំវិញខ្លួន​ភាគច្រើន​មាន​កាយសម្បទា​គ្រប់គ្រាន់​សម្រាប់ធ្វើ​កិច្ច​ការដែល​ខ្លួន​ចូលចិត្ត យុវជន​វ័យ ២១ឆ្នាំ ហ៊ួ​ត យូ​ឡែ​ន ដែលជា​និស្សិត​ឆ្នាំ​ទី៤ សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ បាន​និយាយ​ទាំង​ទឹកមុខ​សៅហ្មង​ថា កន្លងមក​លោក​បាន​ត្រឹម​សម្លឹងមើល​អ្នក​ជុំវិញខ្លួន កាន់​របស់របរផ្សេងៗ និង​ប្រើប្រាស់​ដៃ​តាម​បំណង ទាំង​អារម្មណ៍​ខ្លួនឯង​តូចចិត្ត ព្រោះ​លោក​មិនមាន​ដៃ​ពេញលក្ខណៈ​ដូច​មនុស្ស​ទូទៅ។

យូ​ឡែ​ន​និយាយ​ទាំង​ទឹកមុខ​ស្រពោន​ប្រាប់ Ignite the Youth ថា៖«គេ​មាន​ដៃ គេ​អាច​ធ្វើបាន​គ្រប់សព្វ តែ​ខ្ញុំ​មិនអាច ខ្ញុំ​តូចចិត្ត ចឹ​ង​ហើយក៏​ចង់​មាន​ដៃ​ដូច​គេ​ដែរ តែ​ធ្វើ​ម្តេច​បើ​ធម្មជាតិ​មក​អ៊ីចឹង មានតែ ខំ​ស្វះស្វែង​ធ្វើ​អី​ដែល​សក្តិសម​នឹង​សមត្ថភាព​យើង ពោលគឺ​ប្រើ​សមត្ថភាព​ខួរក្បាល»។

ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​ប្រុស៤នាក់ មានតែ​យូ​ឡែ​ន​ម្នាក់​ប៉ុណ្ណោះ​ដែល​ពិការ​ដៃ។ យូ​ឡែ​ន​រៀប​រាប់ទាំង​ស្រងូតស្រងាត់​ថា៖ «ពុក​ម៉ែ និង​បងប្អូន​ខ្ញុំ​សុទ្ធ​តែមាន​កាយសម្បទា​គ្រប់គ្រាន់ មានតែ​ខ្ញុំ​ម្នាក់​ទេ​ដែល​កើតមក​មិនមាន​ម្រាមដៃ» ទោះបី​មានការ​លើកទឹកចិត្ត​ពី​គ្រួសារ យូ​ឡែ​ន​ថា​ខ្លួន​ធ្លាប់​ប្រៀបធៀប​ខ្លួនឯង​នឹង​អ្នកដទៃ ហើយ​តូចចិត្ត​ដែល​កើតមក​ពុំមាន​កាយសម្បទា​គ្រប់លក្ខណៈ​ដូច​អ្នកដទៃ។

មនុស្ស​មួយចំនួន​និយាយថា៖ «ដៃ​ឯង​ចឹ​ង ធ្វើ​អី​បាន? អត់​មាន​ម្រាម​ផង។ ដៃ​អញ​មាន​ម្រាម​គ្រប់ ធ្វើ​មិនបាន​ផង ចុះ​ទម្រាំ​ឯង? រៀន​ជំនាញ​ផ្សេង​ទៅ ដៃ​បែប​ហ្នឹង​កាន់​mouseមិនកើត​ទេ» នេះ​ជា​ពាក្យសម្តី​ដែល​យូ​ឡែ​ន​និយាយថា វា​ធ្វើ​ឲ្យ​លោក​ឈឺចាប់​នៅពេល​ស្តាប់​ហើយ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី យូ​ឡែ​ន​ក៏​នៅតែ​ចង់​ជំនះ​ការ​បញ្ឈឺ​ទាំងនោះ​ដោយ​តាំងចិត្ត​ចូលរៀន​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ឲ្យ​បាន។

«ខ្ញុំ​ឈឺចាប់​នៅពេលដែល​គេ​និយាយថា គ្មាន​ដៃ​គ្រប់គ្រាន់​ដូច​ខ្ញុំ រៀន​កុំព្យូទ័រ​មិនកើត​ទេ ព្រោះ​គ្មាន​ម្រាមដៃ​ចុច​ផង។ តែ​ខ្ញុំ​មិន​បោះបង់​ការប្រឹងប្រែង​ទេ ខ្ញុំ​នៅតែ​ស៊ូ​ដើម្បី​ឈ្នះ​ពាក្យសំដី​ទាំងនោះ។ ទីបំផុត ខ្ញុំ​ក៏​រៀន​បាន ខ្ញុំ​អាច​សរសេរ​កម្មវិធី (coding) បាន»។

ក្រៅពី​ពាក្យសម្តី​ដែល​ធ្វើ​ឲ្យ​ស្មុគស្មាញ​ក្នុង​ចិត្ត យុវជន​មកពី​ខេត្តកំពង់ចាម​រូបនេះ​បានលើកឡើង​ពី​ទុក្ខលំបាក​របស់ខ្លួន​ថា៖«ពិបាក​ជាងគេ​គឺ​ពេល​ចង់​ចូល​បន្ទប់ទឹក ពេល​បិទ​ឡេវអាវ​តែ​ពុំមាន​ម្រាមដៃ​បិទ ពេល​ជិះ​កង់ រឺ​ម៉ូតូ ពេល​ចង់​ញាំ​ផ្លែឈើ​ដូចជា​ប៉ោម​ជាដើម តែ​ពុំ​អាច​កាន់​កាំបិត​ចិត​បាន។ ពេល​ប្រើ​កុំព្យូទ័រ គេ​មាន​ម្រាមដៃ​ដើម្បី​ចុច​លើ ​key តែ​យើង​អត់​មាន ពេលខ្លះ​ដូចជា​ control key ជាដើម។ មួយទៀត​ពេល​បោក​ខោអាវ ដោយសារ​ដៃ​ខ្ញុំ​អត់​ម្រាម​ទើប​ពិបាក​បន្តិច» យូ​ឡែ​ន​បន្ថែមថា បើទោះបីជា​មានការ​លំបាកខ្លះៗក្តី ប៉ុន្តែ​លោក​នៅតែ​អាច​បើកបរ​ម៉ូតូ​ដោយ​ខ្លួនឯង និង​ប្រើប្រាស់​កុំព្យូទ័រ​ដូច​ធម្មតា គ្រាន់តែ​មានការ​យឺតយ៉ាវ​បន្តិចបន្តួច។

តាំងពី​ឪពុក​របស់​យុវជន​រូបនេះ​ចែក​ឋាន​ទៅ​តាំងពី​យូ​ឡែ​ន​នៅ​រៀន​ថ្នាក់​អនុវិទ្យាល័យ យូ​ឡែ​ន​បាន​បាត់បង់​បុគ្គល​​ ដែល​ធ្លាប់​លើកទឹកចិត្ត និង​អ្នកទទួល​បន្ទុកគ្រួសារ​ដ៏​ធំ។ បងប្អូន​ទាំងអស់​បានសម្រេច​ចិត្ត​បោះបង់​ការសិក្សា​ដើម្បី​រកប្រាក់​ចំណូល​សម្រាល​បន្ទុកគ្រួសារ។បើទោះបីជា​មានការ​លំបាក​លើ​បញ្ហា​ជីវភាព​ក្តី ក៏​ក្រុមគ្រួសារ​របស់​យូ​ឡែ​ន​នៅតែ​ផ្តល់​ឳ​កាស​ឲ្យ​លោក​ចូល​សិក្សា​តាម​ក្តី​ស្រមៃ។

និស្សិត​ITរូបនេះ​បាន​លើក​ទឹកចិត្ត​ដល់​ជនពិការ​ដទៃ​ថា៖ «មិនមាន​នរណាម្នាក់​ច​ង់​កើត មក​ខ្វះ​ម្រាម​ទេ ធ្វើ​ម្តេច​វា​ជា​ធម្មជាតិ។ ខ្ញុំ​មិនមែនជា​បន្ទុក​របស់​ស​ង្គ​ម​ទេ។ ខ្ញុំ​តែង​លើកទឹកចិត្ត​ដល់​អ្នក​ នៅ​ជុំវិញខ្លួន​ឲ្យ​មាន​ស្នាម ញញឹម។ ចំពោះ​អ្នក​អត់​មាន​កាយសម្បទា​ដូច​ខ្ញុំ យើង​ត្រូវ​ប្រឹង​ឡើង យើង​កុំ​ខ្វល់​នឹង​ការនិយាយ​អាក្រក់​ពី​អ្នកដទៃ​ថា​យើង​ធ្វើ​អ្វី​មិនបាន។ យើង​មិនអាច​ពឹង​គេ​គ្រប់ពេល​ឡើយ គ្មាន​នរណា​អាចជួយ​យើង​បាន​រហូត​នោះទេ។ ដើម្បី​អនាគត យើង​ត្រូវ​តស៊ូ ទោះ​មិនបាន​ដូច​គេ ក៏បាន ៧០% ទៅ ៨០%ដែរ អ៊ីចឹង​ត្រូវ​ជួយ​ខ្លួនឯង»។

ជា​កូនប្រុស​តែ​ម្នាក់​ក្នុង​គ្រួសារ​ដែល​បាន​បន្ត​ការរៀនសូត្រ​ដល់​មហាវិទ្យាល័យ យូ​ឡែ​ន​ហាក់​មាន​ក្តីបារម្ភ​ពី​ស្ថានភាព​អនាគត​ដែរ។ យូ​ឡែ​ន​ថា ខ្លួន​ភ័យខ្លាច​នៅពេល​រៀន​ចប់​ហើយ​ពុំមាន​ក្រុមហ៊ុន​រឺ​ស្ថាប័ន​ណា​ទទួល​ឲ្យ​ចូលធ្វើការ ព្រោះ​បញ្ហា​កង្វះ​កាយសម្បទា។ ចំណែក​ចំណុច​មួយទៀត​គឺ​គូជីវិត ត្បិត​មិនដឹងថា​មាន​អ្នកទទួលយក​នូវ​ស្ថានភាព​របស់លោក​ដែរ​ឬ​អត់​នោះទេ។

គួរ​រំ​ឮ​កថា យូ​ឡែ​ន​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ឆ្នាំ២០១៦។ លទ្ធផល​ប្រឡង​បានធ្វើ​ឲ្យ​យុវជន​រូបនេះ​មាន​មោទកភាព​ជាខ្លាំង ដែល​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ធ្វើ​ឲ្យ​យូ​ឡែ​នស​ម្រេច​ក្តី​ស្រមៃ​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា។

និស្សិត​ជិត​បញ្ចប់​ការសិក្សា​រូបនេះ សង្ឃឹម ថានឹង​ក្លាយជា​អ្នកសរសេរ​កម្មវិធី​ដ៏​ឆ្នើម​ ម្នាក់​នាពេល​អនាគត។ លើសពីនេះ យូ​ឡែ​ន​មាន​សុទិដ្ឋិនិយម​ថា កម្ពុជា​បច្ចុប្បន្ន​ត្រូវការ​អ្នកជំនាញ​ព័ត៌មានវិទ្យា​ជាច្រើន​នាក់​ទៀត​ដើម្បី​ផលិតកម្ម​វិធី​សម្រាប់​ប្រើប្រាស់​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដូចនេះ​វា​អាចជា​ឳ​កាស​ដែល​យូ​ឡែ​ន​អាចបង្កើត​ផលិតភាព​ការងារ​ច្រើន​សម្រាប់​ខ្លួនឯង៕

Share and Like this post

Related Posts

Previous Article

Best FIVE Poetry Books to read

Next Article

HANDS OF FATE: Computer Science senior pursues his BSc – despite having no hands and fingers