​អាជ្ញាធរ​អប្សរា​ ​ឲ្យ​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​ ​បញ្ឈប់​សកម្មភាព​ទទួលទាន​អាហារ​នៅមុខ​ប្រាសាទអង្គរវត្ត​

ប៉ិច សុធារី / Khmer Times No Comments Share:
ភ្ញៀវ​ទេសចរ​មួយចំនួន​ ​ក្រាលកន្ទេល​ ​ដាក់​អង្រឹង​ ​និង​សម្ភារៈ​ផ្សេង​ៗ​ ​និង​ទទួលទាន​អាហារ​ ​នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស​មុខ​ប្រាសាទព្រហ្មកិល​ ​និង​នៅ​លើ​វាលស្មៅ​ជុំវិញ​កសិន្ទ​ប្រាសាទអង្គរវត្ត​ ​។​ ​រូបភាព​ ​ហ្វេសប៊ុក

សៀមរាប​៖​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​ដាក់​ឱសានវាទ​រយៈពេល ៤៥ថ្ងៃ​ ​សម្រាប់​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​មួយចំនួន​ ​ដែល​ទទួលទាន​អាហារ​ ​នៅ​បរិវេណ​មុខ​ប្រាសាទព្រហ្មកិល​ ​និង​ប្រាសាទអង្គរវត្ត​ ​ត្រូវ​បញ្ឈប់​សកម្មភាព​នេះ​ជាបន្ទាន់​ ​បើ​ពុំ​នោះ​ទេ​នឹង​ប្រឈម​នឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល​។​

​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ ​លោ​ក​ហង់​ ​ពៅ​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​កន្លងមក​ ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ ​សហការ​ជាមួយ​អង្គភាព​នគរបាល​បេតិកភណ្ឌ​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​មួយចំនួន​ ​ឲ្យ​បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល​ ​ដាក់​អង្រឹង​ ​និង​សម្ភារៈ​ផ្សេង​ៗ​ ​នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស​មុខ​ប្រាសាទព្រហ្មកិល​ ​និង​នៅ​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ទ​ប្រាសាទអង្គរវត្ត​ ​ដើម្បី​ទទួលទាន​អាហារ​ ​និង​លំហែកាយ​ ​ប៉ុន្តែ​នៅតែ​មាន​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​មួយចំនួន​ ​មិនព្រម​បញ្ឈប់​សកម្មភាព​នេះ​ទេ​។​

​លោក​បន្ត​ថា​ ​សកម្មភាព​ទាំងនេះ​ ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌​ ​បរិស្ថាន​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​រមណីយដ្ឋាន​អង្គរ​។​

​លោ​ក​ហង់​ ​ពៅ​ ​បាន​បន្ថែម​ថា​ ​ដើម្បី​លើកកម្ពស់​ ​និង​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ​ ​អាជ្ញាធរ​អប្សរា​ ​ស្នើ​ដល់​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ ​ចូលរួម​សហការ​បញ្ឈប់​សកម្មភាព​ទាំងនេះ​ ​ដោយ​ទុក​រយៈពេល ៤៥ថ្ងៃ​ ​គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​។​ ​លោក​ថា​៖​ ​«​ករណី​បងប្អូន​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​ ​នៅតែ​បន្តសកម្មភាព​ទាំងនេះ​ ​គណៈកម្មការ​ដឹកនាំ​ ​នឹង​សម្របសម្រួល​សណ្តាប់​ធ្នាប់​អ្នកលក់​ដូរ​នៅ​រមណីយដ្ឋាន​អង្គរ​ ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ ​រឹបអូស​សម្ភារៈ​ទាំងនោះ​ ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ណាមួយ​ឡើយ​»​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​លោក​ ​ឡុង​ ​កុសល​ ​បាន​មានប្រសាសន៍​ថា​ ​នៅ​បរិវេណ​ទីតាំង​ប្រាសាទ​ទាំងពីរ​នេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ក៏បាន​ដាក់ជា​ផ្ទាំង​បដា​ហាមឃាត់​ការ​ទទួលទាន​អាហារ​ ​និង​ការ​ដើរ​ជាន់​ស្មៅ​ជាដើម​ ​ប៉ុន្តែ​នៅតែ​មាន​អាជីវករ​និង​ភ្ញៀវ​ទេសចរ​មួយចំនួន​ ​បន្តសកម្មភាព​ទាំងនេះ​ ​និង​បាន​បោះចោល​កាកសំណល់​ពាសវាលពាសកាល​ ​ដែល​ធ្វើឲ្យ​បាត់បង់​សោ​ភណ្ឌ​ភាព​ ​និង​ខូច​បរិស្ថាន​។​

​លោក​ថា​៖​ ​«​វិធានការ​ជាក់លាក់​យ៉ាងណា​នោះ​ ​ខ្ញុំ​ក៏​មិនទាន់​អាច​បញ្ជាក់​បាន​ដែរ​ ​ប៉ុន្តែ​យើង​នឹង​បង្ខំចិត្ត​បញ្ឈប់​សកម្មភាព​របស់​ពួកគាត់​ ​ដូចជា​ ​យើង​ផ្អាក​[​អាជីវកម្ម​]​គាត់​ ​ឬ​អាច​កម្លាំង​ទៅ​ហាមឃាត់​អី​ជាដើម​ ​ប៉ុន្តែ​បើសិនជា​នៅតែ​ពិបាក​ហាមឃាត់​ ​ឬ​ក្នុងករណី​ចាំបាច់​ ​ប្រហែលជា​នឹងអាច​ឈាន​ដល់​ការ​ផាកពិន័យ​ហើយ​»​។​

​លោក​ ​លី​ ​សុ​ផា​រិទ្ធ​ ​ប្រជាពលរដ្ឋ​មួយ​រូប​រស់នៅ​ខេត្តសៀមរាប​ ​បាន​គាំទ្រ​ឲ្យ​មាន​ចំណាត់ការ​លើ​បញ្ហា​នេះ​ ​ជាពិសេស​ហាមឃាត់​ការ​ទទួលទាន​គ្រឿងស្រវឹង​ ​និង​ការ​បោះចោល​កាកសំណល់​ពាសវាលពាសកាល​ ​នៅ​តំបន់​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ ​ដើម្បី​រក្សា​បរិស្ថាន​ស្អាត​ ​និង​សោ​ភណ្ឌ​ភាព​នៅ​បរិវេណ​ប្រាសាទ​។​ ​លោក​ថា​៖​ ​«​ការបញ្ឈប់​ការលក់ដូរ​ ​ដាក់​កន្ទេល​ ​និង​អង្រឹង​ក្នុង​បរិវេណ​ម្តុំ​ប្រាសាទ​អង្គរ​ ​គឺជា​រឿង​ល្អ​ ​ប៉ុន្តែ​ចំពោះ​បងប្អូន​ទេសចរ​ដែល​គាត់​ចង់​អង្គុយ​លំហែកាយ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ ​គួរតែ​មានការ​យោគយល់​ ​ប៉ុន្តែ​ចំពោះ​ការ​ផឹក​គ្រឿងស្រវឹង​ ​ចាក់ភ្លេង​ស្តាប់​ខ្លាំង​ៗ​ ​គឺ​ហាមឃាត់​ដាច់ខាត​»​។​

​កន្លងមក​ ​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បី​ ​Trip​ ​Advisor​ ​ក៏​ធ្លាប់​បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ១​ ​ផ្នែក​សំណង់​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​នៅ​លើ​ពិភពលោក​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ ​ខណៈ​ដែល​គេហទំព័រ​ ​និង​ទស្សនា​វត្តី​ល្បី​ៗ​ ​រួមមាន​ ​Archaeo​ ​Madness​ ​និង​ ​Lonely​ ​Planet​ ​ដែល​ផ្សាយ​ពី​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ពិភពលោក​មួយ​ ​ក៏បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ១ជាប់​ៗ​គ្នា​ចំនួន៥ឆ្នាំ​ដល់​ប្រាសាទអង្គរវត្ត​ផង​ដែរ​។​

​បើ​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​កាលពីដើម​ខែ​ ​បាន​ឲ្យដឹង​ថា​ ​ក្នុងរយៈពេល ៦ខែ​ដើមឆ្នាំ​នេះ​ ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ខេត្តសៀមរាប​ ​មាន​ប្រមាណ ១.២៤លាន​នាក់​៕​

Share and Like this post

Related Posts

Previous Article

​លោក​ ​ស​ ​ខេង៖​ ​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ថ្មី​តម្រូវ​ឲ្យ​បោះបង់​ចោល​នូវ​តួនាទី​មួយ​

Next Article

​ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​សំណង់​អាគារ​ពង្រឹង​ប្រព័ន្ធ​បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ