​ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​សំណង់​អាគារ​ពង្រឹង​ប្រព័ន្ធ​បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ

តាំង​ ​វី​ដា​ / Khmer Times No Comments Share:
Fire through wall
សមត្ថកិច្ច​ទំ​លាយ​ជញ្ជាំង​ដើម្បីឲ្យ​មាន​ច្រក​សម្រាប់​ចេញ​ពេល​មាន​អគ្គីភ័យ​ឆាប់​ឆេះ​កន្លងមក​។​ រូបថត​ ​ជរ​ ​សុ​គន្ធា​

​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា​ ​ក្រុមការងារ​របស់​ខ្លួន​ដែល​មាន​ភារកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​បាន​រក​ឃើញថា​ ​សំណង់​អាគារ​មួយចំនួន​ដែល​ត្រូវ​បាន​សាងសង់​រួចរាល់​និង​កំពុង​សាងសង់​មិនបាន​គិតគូរ​ពី​ប្រព័ន្ធ​បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ​នោះ​ទេ​។​

​ក្រុមការងារ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សំណង់​រអា​គារ​បន្ទាប់ពី​មានហេតុ​ការណ៍​នៃ​ការ​បាក់​រលំ​អគារ​កាលពី​ថ្ងៃទី​ ​២២​ ​មិថុនា​ ​នៅ​ក្រុង​ព្រះសីហនុ​ ​ដែល​បាន​សម្លាប់​កម្មករ​សំណង់​ចំនួន​ ​២៨​ ​នាក់​ ​និង​ ​២៦​ ​នាក់​ផ្សេងទៀត​រង​របួស​។​

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ​ស្តី​ពី​ ​“​សុវត្ថិភាព​អគ្គិភ័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”​ ​កាលពី​ម្សិលមិញ​ ​ឯកឧត្តម​ ​អ៊ុ​ក​ ​គឹ​មលេ​ខ​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ក្រុមការងារ​បាន​រក​ឃើញថា​ ​អ​គារ​ខ្ពស់​ៗ​ជាច្រើន​ដែល​កំពុងតែ​ដាក់ឲ្យ​ប្រើប្រាស់​ ​និង​កំពុងតែ​ធ្វើការ​សាងសង់​ពុំ​មាន​ច្រក​សម្រាប់​ចេញ​ពេល​មាន​អាសន្ន​ ​ឬ​ ​ផ្លូវ​ចេញចូល​សុវត្ថិភាព​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​នៅពេល​ដែល​មានហេតុ​ការណ៍​អគ្គីភ័យ​ឆាប់​ឆេះ​ឡើង​។​

​លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​តាមរយៈ​ការ​ត្រួតពិនិត្យ​បាន​បង្ហាញថា​អគារ​មួយចំនួន​ពុំ​មាន​ប្រព័ន្ធ​ការពារ​អគ្គិភ័យ​និង​ឧបករណ៍​ពន្លត់​អគ្គិភ័យ​គ្រប់គ្រាន់​សម្រាប់​ការសង្គ្រោះ​បន្ទាន់​នោះ​ទេ​។​ ​អ​គារ​ខ្ពស់​ៗ​ ​ទាំងនោះ​ពុំ​មាន​ឧបករណ៍​ប្រកាស​អាសន្ន​នៅ​ខាងក្នុង​អគារ​។​ ​វា​ពិតជា​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ​ហើយ​យើង​ត្រូវតែ​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​»​។​

​ជាមួយគ្នា​នេះ​ដែរ​ ​ឯកឧត្តម​ ​អ៊ុ​ក​ ​គឹ​មលេ​ខ​ ​ក៏បាន​ធ្វើការ​បញ្ជាក់​ដែរ​ថា​ ​ម្ចាស់​សំណង់​និង​អគារ​ទាំងអស់​នោះ​ត្រូវ​បាន​ណែនាំ​ឱ្យ​រៀបចំ​ប្រព័ន្ធ​ការពារ​និង​ពន្លត់​អគ្គីភ័យ​ឡើងវិញ​នៅក្នុង​ទីតាំង​របស់​ពួកគេ​។​

Fire fighter​លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​ម្ចាស់​សំណង់​អគារ​ទាំងអស់​ដែល​ពុំ​បាន​គោរព​តាម​បទដ្ឋាន​កំណត់​ដោយ​ក្រសួងមហាផ្ទៃ​ក៏ដូចជា​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​»​។​

​លោក​ ​អ៊ុ​ក​ ​គឹ​មលេ​ខ​ ​បាន​បន្ថែម​ថា​ ​ស្ថាបត្យករ​ទាំងអស់​ត្រូវតែ​រៀបចំ​ឧបករណ៍​សុវត្ថិភាព​អគ្គិភ័យ​ ​បង្កើត​បទប្បញ្ញត្តិ​ចាំបាច់​ ​និង​វិធានការ​បង្ការ​អគ្គិភ័យ​ដែល​ទាមទារ​ឱ្យ​មានការ​គិតគូរ​ពី​ប្រព័ន្ធ​ការពារ​និង​ឧបករណ៍​ពន្លត់​អគ្គីភ័យ​។​

​លោក​ឧត្តមសេនីយ៍​ទោ​ ​នេត​ ​វន្ថា​ ​ប្រធានា​យក​ដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គីភ័យ​ ​និង​សង្រ្គោះ​ ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យដឹង​ថា​ ​ទីតាំង​រៀបចំ​កម្មវិធី​អាពាហ៍​ពិពាហ៍​ចំនួន​ ​៦​ ​កន្លែង​ ​ដែល​រួមមាន​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​និង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ក្នុង​រាជធានី​ភ្នំពេញ​ពុំ​មាន​ច្រក​សម្រាប់​ចេញ​ពេល​មាន​អាសន្ន​នោះ​ទេ​។​

​លោក​បាន​ឲ្យដឹង​ថា​ ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​និង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ត្រូវ​បាន​ណែនាំ​ឱ្យ​រៀបចំ​ប្រព័ន្ធ​ការពារ​អគ្គីភ័យ​ឡើងវិញ​ ​ខណៈ​ដែល​អាជ្ញាធរ​កំពុងតែ​រៀបចំ​វិធានការ​សម្រាប់​ទីតាំង​ចំនួន​ ​៤​ ​ផ្សេងទៀត​ ​។​

​លោក​បាន​បន្ត​ឲ្យដឹង​ថា​៖​ ​«​ក្នុងករណី​ដែល​អគ្គិភ័យ​ឆាបឆេះ​អំឡុង​ពេល​កម្មវិធី​ពាហ៍​ពិពាហ៍​ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​និង​ ​ម៉ុង​ឌី​យ៉ា​ល់​ ​តើមាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​នឹង​រងគ្រោះ​?​ ​នេះ​មិនមែន​ជា​បញ្ហា​តូចតាច​នោះ​ទេ​ ​។​ ​អាជ្ញាធរ​នឹង​ចេញ​បទបញ្ជា​សម្រាប់​ទីតាំង​ផ្សេងទៀត​ដែល​ខ្វះ​ប្រព័ន្ធ​ការពារ​អគ្គីភ័យ​ដើម្បី​រៀបចំ​ប្រព័ន្ធ​ការពារ​ឡើងវិញ​»​។​

​គួរ​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ខែមុន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជា​ឱ្យ​ស្នងការ​នគរបាល​ទាំងអស់​ពិនិត្យមើល​ប្រព័ន្ធ​ការពារ​អគ្គីភ័យ​ ​ផែនការ​ជម្លៀស​ពេល​មានហេតុ​ការណ៍​អគ្គិភ័យ​ ​និង​បញ្ឈប់​រាល់​សកម្មភាព​សំណង់​ណា​ដែល​មិនបាន​បំពេញ​លក្ខខណ្ឌ​នៃ​ការ​បង្ការ​អគ្គិភ័យ​ឱ្យ​បាន​គ្រប់គ្រាន់​។​

Fire Fighters

​លោក​ ​សុខ​ ​គីន​ ​ប្រធាន​សហព័ន្ធ​សហជីពកម្មករ​សំណង់​ ​និង​ព្រៃឈើ​ ​បាន​ថ្លែង​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា​ ​ក្រសួង​គួរតែ​ផ្តល់​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ដល់​អ្នក​ពន្លត់​អគ្គីភ័យ​និង​បង្កើន​ការយល់​ដឹង​របស់​ប្រជាជន​អំពី​មូលហេតុ​ទូទៅ​នៃ​អគ្គិភ័យ​។​

​លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​វា​ជា​ការសំខាន់​ដែល​តម្រូវឲ្យ​មាន​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​សមស្រប​ ​ដើម្បីឲ្យ​ពួកគេ​អាច​ពន្លត់​អគ្គីភ័យ​បាន​លឿន​ជាង​មុន​។​ ​ខ្ញុំ​គិតថា​អាជ្ញាធរ​ក៏​ត្រូវតែ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​នៃ​ការប្រើ​ប្រាស់​ឧបករណ៍​ពន្លត់​អគ្គីភ័យ​នៅ​តាម​គេហដ្ឋាន​ទាំងអស់​ដើម្បី​ឱ្យ​ប្រជាជន​អាច​ត្រៀម​ទុកជាមុន​នៅពេល​ដែល​មាន​អគ្គិភ័យ​កើតឡើង​»​។​

​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គីភ័យ​ ​និង​សង្រ្គោះ​ ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​បាន​រាយការណ៍​ឲ្យដឹង​ថា​ ​ក្នុង​ឆមាស​ទី​ ​១​ ​នៃ​ឆ្នាំ​ ​២០១៩នេះ​ ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​ ​៤២៩​ ​ករណី​ ​ដែល​មានការ​កើនឡើង​ចំនួន​ ​៧៨​ ​ករណី​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ជាមួយគ្នា​នេះ​ដែរ​ ​មនុស្ស​ចំនួន​ ​១០​ ​នាក់​បាន​ស្លាប់​បាត់បង់ជីវិត​ ​និង​ ​៤៦​ ​នាក់​ផ្សេងទៀត​បាន​រង​របួស​ ​ខណៈ​ដែល​លំនៅឋាន​ចំនួន​ ​៤១៨​ ​ខ្នង​ ​ក៏​ត្រូវ​បាន​បំផ្លាញ​ផង​ដែរ​ទូទាំង​ប្រទេស​។​

​នៅក្នុង​ខែកក្កដា​ ​របាយការណ៍​បាន​បញ្ជាក់​ថា​ ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​ ​៤១​ ​ករណី​ ​នៅ​ទូទាំង​ប្រទេស​ ​ដែល​បាន​ឆក់​យកជីវិត​មនុស្ស​ចំនួន​ ​២​ ​នាក់​ ​របួស​ ​៥​ ​នាក់​ ​ខណៈ​ដែល​ផ្ទះ​ចំនួន​ ​៣៦​ ​ខ្នង​ ​ត្រូវ​បាន​ខូចខាត​។​

​មូលហេតុ​នៃ​អគ្គីភ័យ​ដែល​កើតឡើង​ញឹកញាប់​បំផុត​គឺ​បណ្ដាលមកពី​បញ្ហា​ឆ្លង​ចរន្ត​អគ្គិសនី​ចំនួន​ ​៤០​ ​ភាគរយ​។​ ​ការប្រើ​ប្រាស់​សារធាតុ​ងាយ​ឆាបឆេះ​ចំនួន​ ​៣៨ភាគរយ​ ​និង​ ​២២​ ​ភាគរយ​ផ្សេងទៀត​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​។​

Share and Like this post

Related Posts

Previous Article

​អាជ្ញាធរ​អប្សរា​ ​ឲ្យ​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​ ​បញ្ឈប់​សកម្មភាព​ទទួលទាន​អាហារ​នៅមុខ​ប្រាសាទអង្គរវត្ត​

Next Article

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ​ស្នើ​ឲ្យ​បិទ​រោងម៉ាស៊ីន​អារ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​នៅ​ខេត្តក្រចេះ​