បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ​ស្នើ​ឲ្យ​បិទ​រោងម៉ាស៊ីន​អារ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​នៅ​ខេត្តក្រចេះ​

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
Prey Lang
បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ​ស្នើ​ឲ្យ​បិទ​រោងម៉ាស៊ីន​អារ​និង​កែច្នៃ​ឈើ​។​ ​រូបថត​ ​CHRTF​

​ភ្នំពេញ​៖​ ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង៤ខេត្ត​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ស្នើ​ដល់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​មាន​វិធានការ​បិទ​រោងម៉ាស៊ីន​អារ​ ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​ ​ខូ​អិល​ធី​ឌី​ ​នៅ​ចំ​ណូច​ភូមិសាស្ត្រ​ភូមិ​កំពង់ដំរី​ ​ឃុំ​បឹងចារ​ ​ស្រុក​សំបូរ​ ​ខេត្តក្រចេះ​ ​ដើម្បី​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​។​

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តក្រចេះ​ ​ស្ទឹងត្រែង​ ​ព្រះវិហារ​ ​និង​កំពង់ធំ​ ​បាន​លើកឡើង​ថា​ ​ក្នុងរយៈ​ពេល​ថ្មី​ៗ​នេះ​ ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​ក្រសួងបរិស្ថាន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​បាន​ធ្វើសកម្មភាព​យ៉ាង​ខ្លាំងក្លា​ ​រហូតដល់​មានការ​ចាប់ខ្លួន​មេ​ជួញដូរ​ឈើ​ធំៗ​ ​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាច្រើន​នាក់​ ​និង​បិទ​ទីតាំង​ស្តុក​ឈើ​ ​រោងម៉ាស៊ីន​កែច្នៃ​ឈើ​និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជា​កន្លែង​។​ ​ជាមួយគ្នា​នេះ​ ​គណៈកម្មការ​ជាតិ​ ​ក៏បាន​រឹបអូស​ឈើ​ជាច្រើន​ពាន់​ម៉ែត្រគូប​ ​និង​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ ​ព្រមទាំង​កម្ទេច​ចោល​មធ្យោបាយ​កាប់​និង​ដឹកជញ្ជូន​ឈើ​ជាច្រើន​រយ​គ្រឿង​ផង​ដែរ​។​

​សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា​ ​ស្រប​ពេល​ដែល​មាន​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាហូរហែ​នេះ​ដែរ​ ​សកម្មភាព​ដឹកនាំ​ការ​ដាំ​កូនឈើ​ឡើងវិញ​ជាច្រើន​ម៉ឺន​ដើម​ ​ដោយ​ក្រសួងបរិស្ថាន​ ​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។​

​សេចក្តី​ថ្លែងការណ៍​ ​បញ្ជាក់​ថា​៖​ ​«​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ​សាទរ​ ​និង​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​ក្រសួងបរិស្ថាន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ដែល​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ​និង​ស្តារ​ព្រៃឈើ​ឡើងវិញ​»​។​ ​

​តែ​យ៉ាងណា​ ​សេចក្តី​ថ្លែងការណ៍​នោះ​ ​បាន​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ​ ​បន្តសកម្មភាព​ស្តារ​ព្រៃឈើ​ឡើងវិញ​ ​និង​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​រហូតដល់​បញ្ចប់​រាល់​បទល្មើស​គ្រប់រូប​ភាព​ ​និង​មាន​វិធានការ​បិទ​រោងម៉ាស៊ីន​អារ​ ​កែច្នៃ​ឈើ​ ​និង​ផលិត​ក្តារ​បន្ទះ​របស់​ក្រុមហ៊ុន​ ​ស៊ីង​ ​បាយ​អូ​ថេ​ក​ ​ខូល​អិល​ធី​ឌី​ ​នៅ​ខេត្តក្រចេះ​។​

​តំណាង​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្តក្រចេះ​ ​លោក​ឯក​ ​សុវណ្ណា​ ​បាន​មាន​លើកឡើង​ថា​ ​ការ​ស្នើ​ឲ្យ​មាន​វិធានការ​ចំពោះ​ទៅលើ​រោងម៉ាស៊ីន​អារឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​នោះ​ ​ក៏​ព្រោះតែ​សហគមន៍​មាន​ក្តី​បារម្ភ​ពី​ការបាត់បង់​ព្រៃឈើ​ ​ខណៈ​ដែល​ទីតាំង​រោងម៉ាស៊ីន​នោះ​ ​នៅ​ជាប់នឹង​ព្រំប្រទល់​ព្រៃ​ឡង់​តែម្តង​។​

​លោក​ថា​៖​ ​«​យើង​បារម្ភ​ខ្លាច​ក្រុមហ៊ុន​នោះ​ធ្វើអាជីវកម្ម​ឈើ​របស់​គាត់​ ​ហួស​ទីតាំង​ដែល​គាត់​មាន​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់​ ​ហើយ​ណាមួយ​កន្លងមក​ ​មាន​របាយការណ៍​មួយចំនួន​ថា​ ​ក្រុមហ៊ុន​នេះ​មិនទាន់​ស្របច្បាប់​ ​ដូច្នេះហើយ​បាន​ជា​យើង​ស្នើ​ឲ្យ​គណៈកម្មការ​ជាតិ​ ​ត្រួតពិនិត្យ​ទៅលើ​ក្រុមហ៊ុន​នេះ​ ​បើសិន​ក្នុងករណី​រក​ឃើញថា​មិន​ស្របច្បាប់​ ​សុំ​ឲ្យ​ចាត់វិធានការ​បិទ​ជាបន្ទាន់​»​។​

​ទោះជាយ៉ាងណា​ ​សកម្មជន​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​ចាប់តាំងពី​ខែកក្កដា​មក​ ​ករណី​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ហាក់​មានការ​ស្ងប់ស្ងាត់​ ​ស្ទើរតែ​មិន​មាន​បទល្មើស​ព្រៃឈើ​តែម្តង​ ​ដែល​នេះ​បង្ហាញថា​ ​វិធានការ​តឹង​រឹង​ក្នុង​ការ​បង្ក្រាប​របស់​គណៈកម្មការ​មានប្រសិទ្ធភាព​។​

​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​លោក​ឧត្តមសេនីយ៍​ត្រី​ ​អេង​ ​ហ៊ី​ ​បាន​មានប្រសាសន៍​ថា​ ​គណៈកម្មការ​ជាតិ​នឹង​បន្ត​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​បន្ថែម​ទៀត​ ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​។​ ​ចំពោះ​ការ​ស្នើ​ឲ្យ​មាន​វិធានការ​បិទ​រោងម៉ាស៊ីន​អារឈើ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​នោះ​ ​លោក​បាន​ស្នើ​ឲ្យ​បណ្តាញ​សហគមន៍​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ខេត្ត​ ​ដើម្បី​ស្រាវជ្រាវ​និង​មាន​វិធានការ​លើ​រឿង​នេះ​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​សូម​អគុណ​ដល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែល​បាន​គាំទ្រ​វិធានការ​របស់​គណៈកម្មការ​ជាតិ​លើ​បញ្ហា​ព្រៃឈើ​នេះ​ ​និង​អរគុណ​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​នេះ​ ​ប៉ុន្តែ​ចំពោះ​រឿង​រោងម៉ាស៊ីន​អា​ឈើ​ណាមួយ​នោះ​ ​សូមឲ្យ​គាត់​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ខេត្ត​ ​ដែល​មានសមត្ថកិច្ច​លើ​ការងារ​នេះ​ ​ហើយ​បើសិន​ខេត្ត​មិន​ដោះស្រាយ​ ​នោះ​ចាំបន្ត​មក​ថ្នាក់​ជាតិ​»​។​ ​

​តំណាង​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​លើ​ករណីនេះ​។​

​លោក​នេត្រ​ ​ភក្ត្រា​ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ​បាន​មានប្រសាសន៍​ថា​ ​ការ​បង្ក្រាប​ ​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ ​និង​ការ​បង្ក្រាប​បទល្មើស​ផ្សេងទៀត​ ​ជា​កិច្ចការ​ដែល​ក្រសួងបរិស្ថាន​ ​រួម​និង​អាជ្ញាធរ​មានសមត្ថកិច្ច​ ​បាន​អនុវត្ត​ជាប្រចាំ​ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​ច្បាប់​ ​និង​អភិរក្ស​ព្រៃឈើ​និង​ជីវចម្រុះ​ឲ្យបាន​គង់វង្ស​។​ ​

លោក​បន្ត​ថា​៖​ ​«​អរគុណ​ក្រុម​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែល​ទទួលស្គាល់​ការពិត​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការងារ​អភិរក្ស​ ​និង​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​បទល្មើស​ធនធាន​ធម្មជាតិ​ ​ហើយ​ ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​និង​សហគមន៍​ ​គឺជា​ការចាំបាច់​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ឲ្យបាន​គង់វង្ស​»​។​

​លោក​បញ្ជាក់​បន្ថែម​ថា​៖​ ​«​ជនល្មើស​ត្រូវ​ប្រឈមមុខ​ច្បាប់​ ​ហើយ​ការអនុវត្ត​ច្បាប់​គឺ​មិនរើសមុខ​ឡើយ​»​៕​

Share and Like this post

Related Posts

Previous Article

​ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​សំណង់​អាគារ​ពង្រឹង​ប្រព័ន្ធ​បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ

Next Article

​ឃាត់ខ្លួន​គ្រូពេទ្យ​ចាក់ថ្នាំ​តាម​ភូមិ​ ​បន្ទាប់ពី​ព្យាបាល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​