​ឃាត់ខ្លួន​គ្រូពេទ្យ​ចាក់ថ្នាំ​តាម​ភូមិ​ ​បន្ទាប់ពី​ព្យាបាល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​

ប៉ិច សុធារី / Khmer Times No Comments Share:
បុរស​ម្នាក់​ដែល​ប្រកបរបរ​ចាក់ថ្នាំ​តាម​ភូមិ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ​កាលពី​ថ្ងៃអាទិត្យ​។​ Post​ ​News

ឧត្តរមានជ័យ​៖​ ​បុរស​ម្នាក់​ដែល​ប្រកបរបរ​ចាក់ថ្នាំ​តាម​ភូមិ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ​កាលពី​ថ្ងៃអាទិត្យ​ ​បន្ទាប់ពី​បុរស​រូប​នោះ​បាន​ព្យាបាល​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ ​នៅ​ចំណុច​ភូមិ​ជ្រឹង​ខាងលិច​ ​សង្កាត់​កូន​គ្រៀល​ ​ក្រុង​សំរោង​ ​ខេត្ត​ឧត្តរមានជ័យ​។​

​នាយរង​សេនាធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​ ​លោក​ ​ជៀប​ ​សា​រៀប​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ជនសង្ស័យ​មានឈ្មោះ​ ​ស្រឿង​ ​ប៊ុ​នរិទ្ធ​ ​អាយុ៦១ឆ្នាំ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ ​បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ​ ​បាន​ព្យាបាល​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ​ឈូក​ ​ម៉ៅ​ ​អាយុ​ ​២៤ឆ្នាំ​ ​បណ្តាល​ឲ្យ​ស្លាប់​ ​ដោយសារ​ការ​ផ្តល់​ថ្នាំ​លើសចំណុះ​។​

​លោក​ថា​៖​ ​«​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​មាន​អាការៈ​មិន​ស្រួលខ្លួន​ ​ក៏បាន​ទៅ​រក​សេវា​ព្យាបាល​ពី​គ្រូពេទ្យ​ជា​ជនសង្ស័យ​ ​ហើយ​ពេលនោះ​ជនសង្ស័យ​បាន​ឲ្យ​ថ្នាំ​ប្រភេទ​ ​Glugose​ ​និង​ ​Vitamin​ ​Becom​-​plex​ ​B1​ ​លើសចំណុះ​ទើប​បណ្តាល​ឲ្យ​ជនរងគ្រោះ​ប្រតិកម្ម​ថ្នាំ​ ​ហើយ​បាន​ស្លាប់​តែម្តង​»​។​

​លោក​ ​ជៀប​ ​សា​រៀប​ ​បាន​បន្ត​ថា​ ​សមត្ថកិច្ច​ក៏បាន​រក​ឃើញ​ផង​ដែរ​ថា​ ​ជនសង្ស័យ​ជា​គ្រូពេទ្យ​នោះ​ ​បាន​ប្រកបមុខរបរ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​នោះ​ទេ​ ​ហើយ​បច្ចុប្បន្ន​ ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​

​ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​ឧត្តរមានជ័យ​ ​លោក​ ​ឃ្លោក​ ​ហួត​ ​បាន​មានប្រសាសន៍​ថា​ ​គ្រូពេទ្យ​ដែល​ជា​ជនសង្ស័យ​រូប​នេះ​ ​បាន​បើក​បន្ទប់​ព្យាបាល​ជំងឺ​ដោយ​ខុសច្បាប់​ ​និង​ពុំ​មាន​សញ្ញាប័ត្រ​នោះ​ទេ​។​ ​លោក​ថា​៖​ ​«​គ្រូពេទ្យ​ហ្នឹង​ ​គេ​ហៅថា​ពេទ្យ​ជំរុំ​ ​អីចឹង​គាត់​ចេះ​ពី​វិធី​ព្យាបាល​ដោយ​រៀន​តៗ​គ្នា​ ​ហើយក៏​បើក​កន្លែង​ព្យាបាល​លួចលាក់​។​ ​ណាមួយ​ ​យើង​ក៏​ក្តាប់​មិនបាន​ដែរ​ ​ថា​តើ​គាត់​បាន​បើក​បន្ទប់​ព្យាបាល​នេះ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​នោះ​ទេ​ ​ដោយសារតែ​ទីតាំង​ផ្ទះ​របស់​ពេទ្យ​គ្មាន​ជំនាញ​ត្រឹមត្រូវ​នោះ​ ​ស្ថិតនៅ​តំបន់​ព្រៃ​ដាច់ស្រយាល​ឆ្ងាយ​ពី​ភូមិ​»​។​

​លោក ​ឃ្លោក​ ​ហួត​ ​បាន​បន្ត​ថា​ ​ក្រោយពី​កើតហេតុ​មន្ទីរ​សុខាភិបាល​បានសម្រេច​បិទ​អាជីវកម្ម​នោះ​ ​និង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​ ​ពី​បទ​បើក​សេវា​ព្យាបាល​ដោយ​គ្មាន​វិជ្ជាជីវៈ​សុខាភិបាល​ ​និង​ព្យាបាល​អ្នកជំងឺ​បណ្តាល​ឲ្យ​ស្លាប់​ ​ដើម្បីឲ្យ​តុលាការ​មាន​ចំណាត់ការ​បន្ត​ទៅតាម​នីតិវិធី​ច្បាប់​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​មន្ទីរ​សុខាភិបាល​ ​នឹង​ធ្វើការ​ប្រជុំ​ជាមួយ​មន្ត្រី​មន្ទីរ​សុខាភិបាល​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ដើម្បីឲ្យ​ពួកគាត់​ជួយ​តាមដាន​រក​ទីតាំង​ដែល​ប្រកប​សេវា​ព្យាបាល​ជំងឺ​ដោយ​ខុសច្បាប់​ដូចគ្នា​នេះ​ ​ដើម្បី​លុបបំបាត់​ចោល​នូវ​ឲ្យអស់​និង​ពង្រឹង​សេវា​សុខាភិបាល​ឲ្យបាន​ប្រសើរ​ឡើង​។​

​កាលពី​ខែឧសភា​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​លោក​ ម៉ម​ ​ប៊ុ​ន​ហេង​ ​ក៏បាន​ណែនាំ​ដល់​ប្រធានមន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ ​រៀបចំ​ឯកសារ​គតិយុត្តិ​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​-​ខេត្ត​ ​ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ​ ​និង​ដើរ​ចាក់ថ្នាំ​ខុសច្បាប់​ ​ដើម្បី​លុបបំបាត់​ទាំងស្រុង​នូវ​សេវា​សុខាភិបាល​ខុសច្បាប់​ ​ខណៈ​ដែល​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ​និង​ដើរ​ចាក់ថ្នាំ​ខុសច្បាប់​ ​បាន​បណ្តាល​ឲ្យ​ខាតបង់​ថវិកា​ ​ប៉ះពាល់​សុខភាព​ ​និង​ឈាន​ដល់​ការបាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​៕​

Share and Like this post

Related Posts

Previous Article

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ​ស្នើ​ឲ្យ​បិទ​រោងម៉ាស៊ីន​អារ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​នៅ​ខេត្តក្រចេះ​

Next Article

ប្រទះឃើញ​សត្វ​ទន្សោង​ជិត​ផុតពូជ​មួយ​ក្បាល​ ​ស្លាប់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​