​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​បញ្ជា​ឲ្យ​ស្រាវជ្រាវ​រក​អ្នក​ដែល​សូកប៉ាន់​ជា​ថ្នូរ​នឹង​ការ​ចូល​បម្រើ​ការ​ងារ​មេ​បញ្ជាការ​

ប៉ិច សុធារី / Khmer Times No Comments Share:
លោក​ ​ហ៊ុន​ ​ម៉ាណែត​មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក​។​ ស៊ីវ​ ​ចាន់​ណា​

​ភ្នំពេញ​៖​ ​អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ​លោក​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បញ្ជា​ឲ្យ​ស្រាវជ្រាវ​រក​អ្នក​ដែល​សូកប៉ាន់​លុយ​ ​ជា​ថ្នូរ​នឹង​ការ​ចូល​បម្រើការ​ងារ​មេបញ្ជាការ​ ​និង​នាយសេនាធិការ​ ​នៅ​តំបន់​ប្រតិបត្តិ​ការ​សឹក​ ​និង​កង​ព្រំដែន​ ​ខណៈ​ដែល​លោក​ថា​ ​ការ​ជ្រើសរើស​នេះ​ ​គឺ​ធ្វើឡើង​ដោយមាន​ការវាយតម្លៃ​ត្រឹមត្រូវ​ ​និង​មាន​តម្លាភាព​ ​ពុំមែន​ដោយ​ការទិញ​កៅអី​នោះ​ទេ​។​ ​

​លោក​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ាណែត​ ​បាន​ប្រសាសន៍​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​មេបញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​ព្រះសីហនុ​ ​កាលពី​ថ្ងៃទី៨សីហា​ថា​ ​គោលការណ៍​របស់​កងទ័ពជើងគោក​ ​ការ​ជ្រើសរើស​មេបញ្ជាការ​ ​និង​នាយសេនាធិការ​ ​ចាប់ពី​តំបន់​ប្រតិបត្តិ​ការ​សឹក​ ​និង​កង​ព្រំដែន​ឡើង​ទៅ​ ​គឺ​ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​ដោយ​តម្លាភាព​ ​និង​សុ​ក្រឹត្យ​ភាព​ក្នុង​ការ​ជ្រើសរើស​ ​ពីសំណាក់​ក្រុមការងារ​នៃ​គណៈកម្មការ​ជើងគោក​ ​ពុំមែន​ធ្វើឡើង​ដោយ​ការ​សូកប៉ាន់​ទិញ​តំណែង​នោះ​ទេ​។​ ​

​លោក​ថា​៖​ ​«​ការ​ជ្រើសរើស​មេបញ្ជាការ​ ​និង​នាយសេនាធិការ​ ​គឺ​ត្រូវ​មាន​គណៈកម្មការ​ជើងគោក​មួយ​ដើម្បី​ធ្វើការ​វាយតម្លៃ​ ​ដើម្បី​ធានា​បាន​តម្លាភាព​ ​និង​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ជ្រើសរើស​ ​ហើយ​ការវាយតម្លៃ​គឺ​ធ្វើឡើង​ពីរ​ទៅ​បី​តង់​[​ពីរ​ទៅ​បី​វគ្គ​]​»​។​ ​

​ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​នេះ​ដែរ​ ​លោក​ឧត្តមសេនីយ៍ឯក​ ​ក៏បាន​អំពាវនាវ​ដល់​នាយទាហាន​ទាំងអស់​ ​រាយការណ៍​ទៅ​លោក​ក្នុងករណី​មានការ​សូកប៉ាន់​ណាមួយ​ ​ដើម្បី​ទទួល​បាន​តំណែង​ទាំងនេះ​ផង​ដែរ​។​

​លោក​ថា​៖​ ​«​កន្លងទៅ​ ​មាន​អ្នកដើរ​និយាយ​ថា​ ​យក១០ម៉ឺន​ដុល្លារ​[​ជា​ថ្នូរ​នឹង​ការបាន​តំណែង​ជា​មេបញ្ជាការ​ឬ​នាយសេនាធិការ​]​ ​ដូច្នេះ​ខ្ញុំ​កំពុងតែ​ស្រាវជ្រាវ​ ​ខ្ញុំ​សួរ​ទៅ​អ្នកដើរ​និយាយ​ ​ថា​អត់មាន​ទេ​ ​តែ​ឥឡូវ​បើសិន​មានការ​អស់​លុយ​បែបនេះ​ ​គឺ​សូម​រាយការណ៍​ឲ្យ​ខ្ញុំ​ ​ឬមួយ​បើ​មិន​រាយការណ៍​ឲ្យ​ខ្ញុំ​ ​អាច​រាយការណ៍​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​ឬក៏​ឧត្តម​ក្រុមប្រឹក្សា​ទៅ​ ​ព្រោះ​វា​គ្មាន​ការងារ​អី​ដែល​ត្រូវ​ទាក់ទង​នឹង​រឿង​ផលប្រយោជន៍​នេះ​ទេ​ ​គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​ទេ​»​។​ ​

​លោក​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បន្ថែម​ថា​៖​ ​«​ព្រោះ​ឆន្ទៈ​ក្រោម​ការដឹកនាំ​របស់ខ្ញុំ​ ​គឺ​មិន​ឲ្យ​មាន​ទេ​ ​ការ​ជ្រើសរើស​គឺ​យើង​វាយតម្លៃ​ទៅលើ​អ្នក​ដែល​មាន​ស្នាដៃ​ ​មាន​ឆន្ទៈ​បម្រើ​ជាតិ​ ​មិនមែន​ទៅ​ទិញ​កៅអី​»​។​

​កាលពី​ថ្ងៃសៅរ៍​ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ក៏បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​ ​ម៉ី​ ​ផា​និ​ត​ ​អាយុ៤៤ឆ្នាំ​ ​មាន​តួនាទី​ជា​ជំនួយការ​សម្ភារ​នៃ​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើងអាកាស​ ​ពី​បទ​ ​ឆបោក​ ​តាម​ដីកាបញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​ ​

​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​អេង​ ​សោភា​ ​(​Eng​ ​Sorphea​,​ ​municipal​ ​penal​ ​office​ ​chief​)​ ​បាន​ឲ្យដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ ​ស្ត្រីជា​ជនសង្ស័យ​ ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នៅ​សង្កាត់​ក្រាំង​ធ្នុង​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ព្រឹក​ថ្ងៃសៅរ៍​ ​និង​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ចាត់ការ​បន្ត​ទៅតាមច្បាប់​។​ ​បើ​តាម​លោក​ ​អេង​ ​សោភា​ ​បច្ចុប្បន្ន​ស្ត្រីជន​សង្ស័យ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ហើយ​ ​កាលពី​ថ្ងៃម្សិលមិញ​។​

​ចំណែក​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​លោក​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ ​ស្ត្រីជន​សង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ ​ពាក់ព័ន្ធ​នឹង​ករណី​សង្ស័យ​ថា​បាន​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ​ជាច្រើន​នាក់​ ​ឲ្យ​ចូល​បម្រើការ​ងារ​ជាម​ន្ត្រី​យោធា​។​ ​លោក​ថា​៖​ ​«​យើង​អនុវត្ត​ទៅតាម​ដីកា​របស់​តុលាការ​ ​ដែល​ចោទ​អំពី​ករណី​ឆបោក​ឲ្យ​ចូល​ធ្វើ​មន្ត្រី​ទាហាន​ ​ខ្ញុំ​មិនសូវ​ច្បាស់​ដែរ​ ​មើលតាម​ក្នុង​ដី​កា​ហ្នឹង​ចឹង​»​។​

​ចំណែក​ ​អ្នកនាំពាក្យ​កងទ័ព​ជើងអាកាស​ ​លោក​ឧត្តមសេនីយ៍​ទោ​ ​ប្រាក់​ ​សុខា​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ ​អ្នកស្រី​ ​ម៉ី​ ​ផា​និ​ត​ ​ពិតជា​មន្ត្រី​បម្រើការ​នៅ​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើងអាកាស​ពិតមែន​ ​ប៉ុន្តែ​លោក​នៅ​ពុំ​ទាន់បាន​ដឹង​ថា​ ​ស្ត្រី​រូប​នេះ​ពិតជា​បាន​ឆបោក​ប្រាក់​ជាង​ ​១២ម៉ឺន​ដុល្លារ​ ​ពី​ជនរងគ្រោះ​ជិត ២០នាក់​ ​ដែល​ចង់​ចូល​ធ្វើ​មន្ត្រី​យោធា​ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ​ ​ដូច​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​នានា​ពិតមែន​ ​ឬ​យ៉ាងណា​នោះ​ទេ​។​ ​លោក​ថា​៖​ ​«​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នេះ​ដែរ​ ​ប៉ុន្តែ​ខ្ញុំ​មិនទាន់​ដឹង​យ៉ាងណា​ទេ​ ​ខ្ញុំ​កំពុងធ្វើការ​ស្រាវជ្រាវ​រឿង​នេះ​ដែរ​»​៕​ ​

Share and Like this post

Related Posts

Previous Article

ប្រទះឃើញ​សត្វ​ទន្សោង​ជិត​ផុតពូជ​មួយ​ក្បាល​ ​ស្លាប់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​

Next Article

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​៖​ យើង​គ្រប់គ្រង​បាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​