​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​៖​ យើង​គ្រប់គ្រង​បាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​

ប៉ិច សុធារី / Khmer Times No Comments Share:
មន្ត្រី​បាញ់ថ្នាំ​ការពារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​។​ ​រូបថត​ សហការី​

ភ្នំពេញ​៖​ ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម​ ​នៅ​ថ្ងៃអាទិត្យ​នេះ​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​កុំ​ឲ្យ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ផ្ទុះឡើង​ជាថ្មី​ទៀត​នៅ​កម្ពុជា​ ​បន្ទាប់ពី​នៅ​តំបន់​ផ្ទុះ​ជំងឺ​ក្នុង​ខេត្ត​ទាំង៥​ ​លែង​មាន​សត្វ​ជ្រូក​ឈឺ​ ​និង​ងាប់​បន្ត​ទៀត​។​

​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ ​លោក​ តាន់​ ​ផាន់​ណា​រ៉ា​ ​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ប្រគល់​ម៉ាស៊ីន​បាញ់ថ្នាំ​និង​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ដល់ទី​សត្តឃាតដ្ឋាន​រាជធានី​ភ្នំពេញ​ ​និង​ការ​បរិភោគ​សាច់​ជ្រូក​សុវត្ថិភាព​ថា​ ​កម្ពុជា​ ​បាន​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​បាន ១០០​%​ហើយ​ ​នៅ​តាម​បណ្តា​ខេត្ត​ដែល​ផ្ទុះ​ជំងឺ​ ​រួមមាន​ ​ខេត្តរតនគិរី​ ​តាកែវ​ ​ត្បូងឃ្មុំ​ ​កណ្តាល​ ​និង​ស្វាយរៀង​ ​ដោយ​ក្នុងរយៈពេល២សប្តាហ៍​ចុងក្រោយ​នេះ​ ​ពុំ​មាន​សត្វ​ជ្រូក​ឈឺ​ឬ​ងាប់​បន្ត​ទៀត​ទេ​។​ ​

​លោក​បាន​បន្ត​ថា​ ​មូលហេតុ​ដែល​ក្រសួង​អាច​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​បាន​នោះ​ ​គឺ​ដោយសារ​ក្រសួង​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ចរចា​ជាមួយ​ពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​នៅ​តំបន់​ផ្ទុះ​ជំងឺ​ ​ដើម្បី​ទិញ​យក​ទៅ​កំទេច​ចោល​ ​រួច​បាញ់ថ្នាំ​ជីវ​សុវត្ថិភាព​ ​កំណត់​តំបន់​ផ្ទុះ​ដោយ​មិន​ឲ្យ​មាន​ចរាចរណ៍​ជ្រូក​ចេញចូល​ ​និង​អប់រំ​ប្រជាពលរដ្ឋ​ពី​ការ​ធ្វើ​អនាម័យ​និង​ការពារ​ជំងឺ​នេះ​ជាដើម​។​

​លោក​និយាយ​ថា​៖​ ​«​នេះ​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា​ដែរ​ ​ដែល​ជំងឺ​នេះ​បាន​កើតឡើង​ហើយ​ ​តែ​យើង​បាន​ធ្វើការ​ទប់ស្កាត់​បាន​ល្អ​ប្រសើរ​ ​បើ​យើង​ងាក​ទៅ​មើល​ប្រទេស​ចិន​ ​ឥឡូវនេះ​ឆ្លង​រាលដាល​ពេញប្រទេស​ ​ហើយ​បើ​ប្រទេស​វៀតណាម​ខែកុម្ភៈ​ ​កើតឡើង​នៅ​ហាណូយ​ ​រហូតមកដល់​ខែកក្កដា​នេះ​ ​បាន​ឆ្លង៦២ខេត្ត​ក្នុងចំណោម​ខេត្ត​ទាំង៦៣​»​។​

​ករណីនេះ​ ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​និង​អ្នក​ពាក់ព័ន្ធ​ ​ចូលរួម​ការពារ​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ​ត្រឡប់មកវិញ​ទៀត​ ​ជាពិសេស​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ ​ខណៈ​ដែល​លោក​ថា​ប្រទេស​នេះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិ្វ​ក​នៅ​បន្ត​ផ្ទុះឡើង​នៅឡើយ​។​ ​តែ​យ៉ាងណា​លោក​ថា​ ​ក្រសួង​នឹង​បន្ត​តាមដាន​ករណីនេះ​យ៉ាង​យកចិត្ត​ទុកដាក់​ ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ប្រសិនបើ​មានការ​ឆ្លង​ណាមួយ​ទៀត​មក​កម្ពុជា​។​ ​

​បើ​តាម​លោក​ ​តាន់​ ​ផាន់​ណា​រ៉ា​ ​ជំងឺ​នេះ​បាន​ឆ្លង​មក​កម្ពុជា​ ​ពី​ប្រទេស​វៀតណាម​ ​តាមរយៈ​ការទិញ​ដូរ​ទំនិញ​សាច់​ជ្រូក​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ព្រំដែន​។​ ​

​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​រាជធានី​ភ្នំពេញ​ ​លោក​ ​ចាន់​ ​វុទ្ធី​ ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​កុំ​ឲ្យ​មានការ​ភ័យខ្លាច​នឹង​ការ​ទទួលទាន​សាច់​ជ្រូក​ ​ដោយសារ​ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​ ​ហើយ​សាច់​ជ្រូក​ដែល​លក់​នៅ​លើ​ទីផ្សារ​ ​គឺ​មានការ​ត្រួតពិនិត្យ​ច្បាស់លាស់​ ​និង​បោះត្រា​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ ​តាំងពី​មុន​បញ្ជូន​សត្វ​ជ្រូក​ចូល​ទីស​ត្ត​ឃាត​ ​រហូតដល់​ការ​ដាក់​លក់​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​។​ ​

​លោក​ថា​៖​ ​«​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ​សូមកុំ​មានការ​ព្រួយបារម្ភ​នឹង​ការ​ហូប​សាច់​ជ្រូក​ ​សូម​ចូលរួម​ទាំងអស់គ្នា​ហូប​សាច់​ជ្រូក​ឡើងវិញ​ ​ហើយ​ដើម្បី​ចូលរួម​ការពារ​ជំងឺ​ប៉េស្ត​ជ្រូក​នេះ​បាន​ ​គឺ​មានតែ​ការចូលរួម​ទាំងអស់គ្នា​»​។​

​ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា​ ​លោក​ ​ស៊ុន​ ​ពៅ​ ​បាន​មានប្រសាសន៍​ថា​ ​សមាគម​បាន​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ពង្រឹង​ការទប់ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​តាមរយៈ​ការ​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ ​និង​បាញ់ថ្នាំ​ជីវ​សុវត្ថិភាព​នៅ​តាម​ទីស​ត្ត​ឃាត​ ​និង​កន្លែង​ចិញ្ចឹមសត្វ​ជ្រូក​របស់​ប្រជាកសិករ​ ​ព្រមទាំង​មានការ​ផ្តល់​ជា​ម៉ាស៊ីន​បាញ់ថ្នាំ​និង​ចែក​ថ្នាំ​ជីវ​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ការពារ​ជំងឺ​នេះ​ដើម​។​ ​

​លោក​ថា​៖​ ​«​ជាក់ស្តែង​យើង​ចែក​ម៉ាស៊ីន​បាញ់ថ្នាំ​នៅ​តាម​ទីស​ត្ត​ឃាត​ក្នុង​រាជធានី​ភ្នំពេញ​ ​ចំនួន ១០គ្រឿង​នៅ​ថ្ងៃអាទិត្យ​នេះ​[​ថ្ងៃម្សិលមិញ​]​ ​គឺ​ដើម្បី​ពង្រឹង​ការទប់ស្កាត់​ ​ព្រោះ​ពេលយប់​មាន​ឡាន​ដឹក​សត្វ​ចេញចូល​អីចឹង​យើង​មិន​អាច​បាញ់ថ្នាំ​បានទេ​ ​ដូច្នេះហើយ​បាន​ចែក​ម៉ាស៊ីន​ដល់​សត្តឃាតដ្ឋាន​នេះ​ព្រមទាំង​មាន​ថ្នាំ​សម្លាប់​មេរោគ​ទៀត​ ​ហើយ​យើង​នឹង​បន្ត​តាមដាន​ការ​បាញ់ថ្នាំ​របស់​ពួកគេ​ផង​ដែរ​»​។​

​បើ​តាម​ ​លោក​ ​ស៊ុន​ ​ពៅ​ ​ចាប់តាំងពី​កម្ពុជា​មាន​ឡើង​ផ្ទុះ​ជំងឺ​នេះ​កាលពី​ខែមីនា​ ​ការ​ទទួលទាន​សាច់​ជ្រូក​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ​មានការ​ធ្លាក់ចុះ​ជាង​ពាក់កណ្តាល​ ​ដែល​កាលពីមុន​ ​ការ​ទទួលទាន​សាច់​ជ្រូក​មាន​ប្រមាណ​ ៧០០០ក្បាល​ ​ឬ​ស្មើ​និង ៧០០តោន​ក្នុង​មួយថ្ងៃ​ ​ប៉ុន្តែ​បច្ចុប្បន្ន​បាន​ធ្លាក់ចុះ​មក​នៅចន្លោះ​ពី ២០០០​ទៅ​៣០០០ ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​៕​

Share and Like this post

Related Posts

Previous Article

​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​បញ្ជា​ឲ្យ​ស្រាវជ្រាវ​រក​អ្នក​ដែល​សូកប៉ាន់​ជា​ថ្នូរ​នឹង​ការ​ចូល​បម្រើ​ការ​ងារ​មេ​បញ្ជាការ​

Next Article

​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ពេស្យាចា​លើ​អនីតិជន​