លោក​ ​សៅ​ ​សុខា​ ​ឲ្យ​សមត្ថកិច្ច​ ​ត្រៀម​បំផ្ទុះ​រថយន្ត​ដឹកឈើ​ជាង​ ​៤០គ្រឿង​ ​ដែល​បង្ក្រាប​បាន​នៅ​ខេត្តមណ្ឌលគិរី​

ប៉ិច សុធារី / Khmer Times No Comments Share:
រថយន្តដឹកឈើដែលបានធ្វើការបំផ្ទុះកន្លងមក។ រូបថត ហ្វេសប៊ុក

​ភ្នំពេញ​៖​ ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បាន​ជំរុញ​ជាថ្មី​ដល់​ក្រុមការងារ​អន្តរក្រសួង​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​បន្ត​ទប់ស្កាត់​ ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ​និង​បំផ្លាញ​ចោល​នូវ​មធ្យោបាយ​ដែល​កែច្នៃ​សម្រាប់​បំផ្លាញ​ឈើ​ ​ខណៈ​ដែល​ក្រុមការងារ​បាន​ត្រៀម​ធ្វើការ​បំផ្ទុះ​រថយន្ត​ដឹកឈើ​ជាង​ ​៤០គ្រឿង​ ​ដែល​បង្ក្រាប​បាន​នៅ​ខេត្តមណ្ឌលគិរី​នា​ពេល​កន្លងមក​។​

​ការជំរុញ​នេះ​ ​បាន​ធ្វើឡើង​ខណៈ​ដែល​ប្រធាន​គណៈកម្ម​ធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​លោកនាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​បាន​ចុះ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នូវ​ការទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ ​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ម្សិលមិញ​។​

​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ ​លោក​ឧត្តមសេនីយ៍​ ​អេង​ ​ហ៊ី​ ​បាន​ឲ្យដឹង​នៅ​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​នេះ​ថា​ ​បេសកកម្ម​របស់​គណៈកម្មការ​ជាតិ​នា​ពេលនេះ​ ​មាន​គោលដៅ​សំខាន់​ ​គឺ​ការពារ​ព្រៃឈើ​ដែល​នៅសល់​ឲ្យបាន​គង់វង្ស​ ​ពង្រឹង​ការអនុវត្ត​ច្បាប់​ ​ការពារ​វិនិយោគ​ទន់​ស្របច្បាប់​ ​និង​បង្ក្រាប​ការបំពាន​ច្បាប់​។​

​លោក​បន្ត​ថា​ ​ក្នុង​នោះ​ប្រធាន​គណៈកម្មការ​ជាតិ​ ​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់​មួយចំនួន​ ​ដូចជា​ ​ជំរុញ​ឲ្យ​ក្រុមការងារ​ចម្រុះ​ពង្រឹង​ការ​ចេញ​លិខិត​បទដ្ឋាន​នានា​ដែល​ពាក់ព័ន្ធ​នឹង​អនុផល​ព្រៃឈើ​ ​ដីសម្បទាន​នានា​ ​ពង្រឹង​ការគ្រប់គ្រង​និង​ល្បាត​តាម​សមត្ថ​កិ​ច្ច​រៀង​ៗ​ខ្លួន​ ​និង​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ណែនាំ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ ​ត្រូវ​អនុវត្ត​កិច្ចសន្យា​ ​ឬកិច្ច​ព្រមព្រៀង​ ​និង​សហការ​ឲ្យបាន​ល្អ​ ​ត្រឹមត្រូវ​តាមច្បាប់​។​

​លោក​បន្ត​ថា​៖​ ​«​លោកនាយក​ឧត្តមសេនីយ៍​ ​ក៏បាន​ជំរុញ​ឲ្យ​បន្ត​ខិតខំ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ​ហើយ​មធ្យោបាយ​ដែល​កែច្នៃ​សម្រាប់​តែ​បំផ្លាញ​ព្រៃឈើ​ ​ត្រូវតែ​បន្ត​កម្ទេច​ចោល​ ​រី​ឯ​មធ្យោបាយ​ប្រើប្រាស់​ជា​ប្រយោជន៍​បាន​ត្រូវ​រក្សាទុក​ ​និង​ឈើ​ដែល​រឹបអូស​បាន​ត្រូវការ​ពារ​កុំ​ឲ្យ​បាត់បង់​ ​កុំ​ឲ្យ​ឆេះ​ ​រក្សាទុក​រង​ចាំ​ការសម្រេច​»​។​

​លោក​ឧត្តមសេនីយ៍​ ​អេង​ ​ហ៊ី​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​ក្នុង​បេសកកម្ម​នោះ​ដែរ​ ​លោកនាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​ក៏បាន​ចុះទៅ​ពិនិត្យ​ទីតាំង​ដែល​រក្សាទុក​នូវ​រថយន្ត​វេ​អង​ជាង​ ​២០គ្រឿង​ ​និង​រថយន្ត​បា​កុង​ជាង២០គ្រឿង​ ​ដែល​កម្លាំង​មានសមត្ថកិច្ច​បាន​បង្ក្រាប​កន្លងមក​ ​ហើយ​ក្រុមការងារ​បាន​កាត់​ជា​កំ​ណា​ត់ៗ​រួចរាល់​ ​ត្រៀម​ធ្វើការ​បំផ្ទុះ​ជាមួយ​ម្សៅ​ ​TNT​ ​ដើម្បី​បំផ្លាញ​ចោល​នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​ ​លោក​ ​ហែម​ ​បូ​ណា​រ៉ែ​ល​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ជុំវិញ​វិធានការ​កម្ទេច​រថយន្ត​ទាំងនោះ​បានទេ​ ​នៅ​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​នេះ​។​

​ពាក់ព័ន្ធ​នឹង​ការជំរុញ​របស់​គណៈកម្មការ​ជាតិ​ ​អភិបាលខេត្ត​ក្រចេះ​ ​លោក​ ​វ៉ា​ ​ថន​ ​បាន​មានប្រសាសន៍​យ៉ាង​ខ្លី​ថា​ ​អាជ្ញាធរ​ខេត្ត​បាន​ចាត់វិធានការ​យ៉ាង​ម៉ឹង​ម៉ាត់​ ​ក្នុង​ការទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ ​ទៅតាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​គណៈកម្មការ​ជាតិ​ ​ដើម្បី​ការពារ​ព្រៃឈើ​ឲ្យ​បាន​គង់់​វង្ស​។​ ​លោក​ថា​៖​ ​«​យើង​បាន​ចាត់វិធានការ​ ​និង​បង្ក្រាប​បាន​ជាបន្តបន្ទាប់​រហូតដល់​រាប់​សិប​ករណី​ ​ហើយ​យើង​នឹង​បន្ត​ពង្រឹង​ការងារ​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​»​។​

​កាលពី​ខែកក្កដា​ ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បាន​ប្រកាស​ពី​ការអនុវត្ត​វិធានការ​ច្បាប់​តឹង​រឹង​ ​រួម​ជាមួយនឹង​ការបំផ្លាញ​ចោល​នូវ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅនឹង​កន្លែង​ ​ដោយសារ​កន្លងមក​ ​បើ​ទោះជា​មានការ​ផ្សព្វផ្សាយ​អប់រំ​ ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាបន្តបន្ទាប់​ក៏ដោយ​ ​នៅតែ​មានការ​លួច​បន្លំ​កាប់​ឈើ​ ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់​តាម​គ្រប់​មធ្យោបាយ​ ​និង​គ្រប់រូប​ភាព​។​

​គិត​ចាប់ពី​ប្រតិបត្តិ​ការ​បង្ក្រាប​កាលពី​ខែកក្កដា​មក​ ​យ៉ាងហោចណាស់​ ​មាន​មនុស្ស​ជាង១០នាក់​ហើយ​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​ ​ក្នុង​នោះ​ ​មាន​ឧកញ៉ា​ ​ស៊ឹង​ ​សំ​អុល​ ​និង​គូកន​,​ ​ជនជាតិ​ចិន​ ​៣នាក់​ ​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ​២រូប​ ​ខណៈ​ដែល​មនុស្សជា​ច្រើន​ទៀត​ ​ត្រូវ​បាន​តុលាការ​កោះហៅ​ទៅ​សាកសួរ​៕​

Share and Like this post

Related Posts

Previous Article

​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ពេស្យាចា​លើ​អនីតិជន​

Next Article

តើ​សិស្ស​ត្រៀមប្រលង​អាច​ប្រឈម​អា​ការៈព្រួយបារម្ភ​និង​តានតឹង​ឬទេ?