តើ​សិស្ស​ត្រៀមប្រលង​អាច​ប្រឈម​អា​ការៈព្រួយបារម្ភ​និង​តានតឹង​ឬទេ?

សំ កន្និកា និង សាយ តុលា / Khmer Times No Comments Share:
អនុរក្ស​ត្រួតពិនិត្យ​បេក្ខជន​ប្រលង​​នៅ​ក្នុង​មណ្ឌល​ប្រលង​នៅ​ទី​ក្រុង​ភ្នំពេញ​។ រូបភាព ជរ សុគន្ធា

ពេលវេលា​ដែល​សិស្សានុសិស្ស​ត្រៀម​បញ្ចប់​កំរិតសិក្សា​ទុតិយភូមិ​ជិត​មកដល់​ហើយ ដែល​នេះ​ជា​ពេលវេលា​ដែល​សិស្ស​ថ្នាក់​ទី១២ ទាំងអស់គ្នា​កំពុង​ប្រឹងប្រែង​រៀន​សូត្រ​យ៉ាងសកម្ម ដើម្បី​ឆ្លើយតប​​​នឹង​​​​ការប្រលង។ បើ​ទោះ​យ៉ាងនេះ​ក្តី សិស្សា​នុសិស្ស​មួយចំនួន​តែងតែ​លើកឡើង​ពី​ការព្រួយបារម្ភ និង​បង្ហាញ​ពី​ភាព​តានតឹង​របស់ខ្លួន ខណៈដែល​ការប្រលង​ថ្នាក់ជាតិ​ខិតជិត​មកដល់។

អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​លើក​ឡើង​ថា អារម្មណ៍​ច្របូកច្របល់ ឬ ភាព​ភ័យខ្លាច​ដែល​កើតឡើង​ចំពោះ​សិស្ស​នៅ​ជិត​ពេល​ប្រលង​គឺជា​រឿង​ទូទៅ​មួយ​ដែល​តែង​កើតឡើង ប៉ុន្តែ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សិស្សានុសិស្ស​ប្រសិនបើ​ពួកគេ​មិនបាន​រក​ដំណោះស្រាយ​ឲ្យ​អារម្មណ៍​ធូរស្រាល។ អ្នកនាង យឹម សុធារី អ្នក​ជំនាញ​ចិត្ត​វិទ្យា​ប្រចាំ​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ (TPO) បាន​បញ្ជាក់ថា អាកា​រៈរ​បស់​អ្នកមាន​បញ្ហា​ព្រួយបារម្ភ​និង​ភ័យខ្លាច​អាចធ្វើ​ឲ្យ​ការបំពេញ​ការងារ​មាន​ភាពរអាក់រអួល។ អ្នកនាង សុធា​រី​និយាយថា៖ «ជាទូទៅ អ្នក​ដែលមាន​អា​ការៈព្រួយបារម្ភ អាច​សង្កេត​បាន​តាមរ​យៈ​អាកា​រៈ​ដូចជា ចង្វាក់បេះដូង​លោត​ញាប់ បែកញើស​លើ​ដៃ ដកដង្ហើមខ្លីៗ មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន»។ អ្នកនាង បាន​បន្ថែមទៀតថា អ្នក​ដែលមាន​ភាពភ័យខ្លាច អាច​បណ្តាល​ឲ្យ​សមត្ថភាព​ក្នុង​ការគិត និង ការធ្វើការងារផ្សេងៗចុះខ្សោយ។ បើ​ទោះ​យ៉ាងនេះ​ក្តី ការព្រួយបារម្ភ​កំឡុងពេល​ត្រៀមប្រលង​និង​ពេល​ប្រលង គឺជា​ករណី​ទូទៅ​មួយ ដែល​កើត​ឡើងលើ​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​ការស្រាវជ្រាវ​បង្ហាញថា មនុស្ស​មួយចំនួន​អាច​ប្រឈម​នឹង​អា​ការៈភ័យខ្លាច​ការប្រលង​ច្រើនជាង​មនុស្ស​ធម្មតា។

ការ​រំងាប់​ភាព​ភ័យ​ខ្លាច​អាច​ជួយ​ជំរុញ​ឲ្យ​ខួរ​ក្បាល​ធ្វើ​ការ​បាន​ប្រសើរ​នៅ​ពេល​ប្រលង។ រូបភាព ជរ សុគន្ធា

ជាការ​ពិត មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​សិស្សានុសិស្ស​អាច​ប្រើប្រាស់​បាន ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ដែល​ភ័យខ្លាច​ប្តូរ​មកជា​ធូរស្រាល​វិញ។ យោងតាម​អ្នក​ចិត្តវិទូ​ដដែល ដែល​ធ្លាប់​ឆ្លងកាត់​ការកត់សម្គាល់​លើ​អ្នកជំងឺ​ជាច្រើន បាន​សង្កត់ធ្ងន់ថា ការដឹង​ពី​អាការៈ​​របស់​ខ្លួនឯង​អាចជួយ​ឲ្យ​សិស្ស​អាច​ផ្តោតលើ​ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង​បច្ចុប្បន្ន ហើយ​អាច​ទទួលស្គាល់​ការពិត​បន្តិចម្ដងៗពី​អារម្មណ៍​ភ័យខ្លាច​ការប្រលង ការបញ្ចេញ​គំនិត និង​ការធ្វើសកម្មភាព​របស់​ខ្លួន។ នៅពេលដែល​សិស្ស​ដែល​ត្រៀម​ប្រលង​អាច​ស្វែងយល់​ពី​ធម្មជាតិ​នៃ​ភាពភ័យខ្លាច​របស់ខ្លួន នោះ​ពួកគេ​នឹង​អាច​គ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​ព្រួយបារម្ភ​របស់ខ្លួន​ដោយមាន​ប្រសិទ្ធភាព។

តែ ស៊ូ​ចេង សិស្ស​ឆ្នើម​និ​ន្ទេ​ស A ឆ្នាំ ​២០១៦ បាន​​ចែករំលែក​ថា ការទទួល​ទាន​អាហារ​​​ដែលមាន​អាហារ​រូប​ត្ថ​ម្ភ និង​ការ​ទទួលទានដំណេក​បាន​គ្រប់គ្រាន់ អាចជួយ​ឲ្យ​សុខភាព​ផ្លូវកាយ​និង​ចិត្ត​មាន​សុខ​ភាពល្អ មុនពេល និង ពេល​ប្រលង។ ស៊ូ​ចេង​និយាយ​ថា៖ «យើង​ផ្តល់​អាហារ​ដល់​ខួរក្បាល​យើង​ដោយ​ការបញ្ចូល​ព័ត៌មាន ដូច្នេះ​យើង​គួរតែ​ផ្តល់​អាហារ​ដល់​រាងកាយ​របស់​យើង​ដោយ​អាហារ​រូប​ត្ថ​ម្ភ​គ្រប់គ្រាន់​ដូចគ្នា​ដែរ ដោយ​ការ​ញ៉ាំ​អាហារល្អៗ និង​ព្យាយាម​គេង​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន។ នៅពេលដែល​រាងកាយ​មាន​សុខ​ភាពល្អ យើង​នឹង​អាច​រៀន​បាន​ទៅមុខ​រហូត»។

ជាការ​ពិត ភាពភ័យខ្លាច​ការប្រលង គឺជា​ការព្រួយបារម្ភ​កកើតឡើង​នៅពេលដែល​ពេល​ប្រលង​ខិតជិត​មកដល់ ដូច្នេះ ការរៀន​ពី​របៀប​គ្រប់គ្រង​ភាពភ័យខ្លាច​របស់ខ្លួន​អាច​ផ្តល់​មក​នូវ​លទ្ធផល​វិជ្ជមាន ក៏ដូចជា​ធ្វើ​ឲ្យ​ការសិក្សា​មាន​លទ្ធផល​ខ្ពស់ បង្កើន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ស្មារតី ទំនុកចិត្ត និង​កាត់បន្ថយ​អារម្មណ៍​តានតឹង៕

រាយការណ៍​បន្ថែម​ដោយ អ៊ុក សុវណ្ណ​លីដា / ប្រែ​សម្រួល​ដោយ វ៉ា សុនី​កា

Share and Like this post

Related Posts

Previous Article

លោក​ ​សៅ​ ​សុខា​ ​ឲ្យ​សមត្ថកិច្ច​ ​ត្រៀម​បំផ្ទុះ​រថយន្ត​ដឹកឈើ​ជាង​ ​៤០គ្រឿង​ ​ដែល​បង្ក្រាប​បាន​នៅ​ខេត្តមណ្ឌលគិរី​

Next Article

Scholarships & Events