សិល្បករ​សិល្បៈ​បុរាណ៖ ទីផ្សារ​មិន​មែន​ជា​បញ្ហា

សាយ តុលា / Khmer Times No Comments Share:
កែវ សុ​ផានិត សិល្បករ​ល្ខោន​យីកេ និង​ល្ខោននិយាយ និង ផន ចំរើន គ្រូបង្ហាត់​ទ្រសោ និង​បុគ្គលិក​គ្រប់គ្រង​រដ្ឋបាល។

នៅក្នុង​បរិបទ​ទូទៅ គេ​តែងតែ​លើកឡើងថា ការងារ​សិល្បៈ​ពិតជា​មិនអាច​ធានា​នូវ​ប្រាក់ចំណូល​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវិត​បានឡើយ។ មិន​ខុសពី​ទស្សនៈ​ដែល​បានលើកឡើង​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​ដែល​តែងតែ​ថា ការងារ​សិល្បៈ​មិនអាច​ជួយ​ឲ្យ​គេ​ចំអែត​ក្រពះ​បានទេ។ វា​អាចធ្វើ​ទៅបាន​ល្គឹកណាតែ​សិល្បករ​នោះ​មាន​កិត្តិ​ស័ព្ទ​ល្បីល្បាញ ឬ​គាត់​មានការ​ងារ​ឬ​ជំនួញ​អ្វី​ផ្សេង​ក្រៅពី​ការងារ​សិល្បៈ។ ​ តែ​សម្រាប់​សិល្បករ​វ័យក្មេង កែវ សុ​ផានិត និង  តន្ត្រីករ ផន ចំរើន ការលើកឡើង​ខាងលើនេះ​មិនអាច​ទុក​ថា​ត្រឹមត្រូវ​ឡើយ។ សាយ តុលា បាន​ជជែក​ជាមួយ​ពួកគាត់​ដើម្បី​ស្វែង​យល់បន្ថែមឲ្យ​កាន់តែច្បាស់ពីបញ្ហានេះ។

កែវ សុ​ផានិត សិល្បករ​ល្ខោន​យីកេ និង​ល្ខោននិយាយ

ជា​អ្នក​សម្តែង​ល្ខោននិយាយ និង​ល្ខោន​យីកេ  កែវ សុ​ផានិត គិតថា​ការងារ​សិល្បៈ​អាចជា​អាជីព​មួយ​ដែល​សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​បែប​វិជ្ជមាន​នៅក្នុង​ជីវិត។ ផ្អែកលើ​បទពិសោធន៍​ផ្ទាល់ខ្លួន សិល្បៈ​មិន​ត្រឹមតែ​បង្ហាញផ្លូវ​ឲ្យ​នាង​បានបង្ហាញ​អំពី​ទម្រង់​សិល្បៈ​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់ឱ​កាស​ឲ្យ​នាង​បាន​សម្តែង​នៅក្នុង​កម្មវិធី​របស់​ទូ​រទស្សន៍ធំៗនៅក្នុង​ស្រុក ជា​តួ​សម្តែង​នៅ​ក្នង​ខ្សែភាពយន្ត សម្តែង​នៅក្នុង​កម្មវិធី​ជាតិផ្សេងៗ ហើយ​ជាពិសេស​គឺ​នាង​អាច​ចែករំលែក​ចំណេះដឹង​អំពី​ល្ខោន​យីកេ​ទៅកាន់​ក្មេងជំនាន់ក្រោយ​តាមរយៈ​អាជីព​ជា​គ្រូបង្រៀន។

ទម្រាំ​ទទួលបាន​សមិទ្ធិផល​ដូច​សព្វថ្ងៃ កញ្ញា សុ​ផានិត បាន​លើកឡើងថា នាង​ចាប់ផ្តើម​ដំណើរ​លើ​វិថី​សិល្បៈ​យ៉ាង​លំបាកលំបិន។ ក្នុង​ឆ្នាំ២០១០ នាង​បាន​ចាប់ផ្តើម​រៀនជំនាញ​ល្ខោននិយាយ។ ប៉ុន្តែ​ដោយសារតែ​នាង​មានចំណូលចិត្តខ្ពស់​​ទៅលើ​ការ​ច្រៀង កញ្ញា សុ​ផានិត បាន​ផ្លាស់ប្តូរ​មក​រៀន​ល្ខោន​យីកេ​វិញ ដែល​ជំនាញ​នេះ​ទាមទារ​ឲ្យ​នាង​ចេះ​ទាំង​សម្តែង ច្រៀង និង​រាំ​ក្នុងពេល​ជាមួយគ្នា។

បើ​ក្រឡេក​ទៅ​មើល​កាលពី១០ឆ្នាំមុន សិល្បករ​​វ័យ២២ឆ្នាំ​រូបនេះ​ បាន​រំ​ឮ​កថា៖ «ឪពុកម្តាយ​ខ្ញុំ​មិន​យល់ស្រប និង​មិន​សប្បាយចិត្ត​ទេ​ពេលដែល​ខ្ញុំ​ប្រាប់ថា​ខ្ញុំ​ចង់​រៀន​ជំនាញ​សិល្បៈ។ ពួកគាត់​ចង់​ឲ្យ​ធ្វើការ​ក្នុង​ធនាគារ ឬ​ក្រុមហ៊ុន​ឯកជន​អី​ជាដើម។ តែ​ពេលនោះ ខ្ញុំ​ដឹង​ខ្លួនឯង​ច្បាស់​ថា ខ្ញុំ​ចង់​រៀន​ជំនាញ​ល្ខោន​យីកេ។ ខ្ញុំ​ធ្វើតាម​ក្តី​ស្រមៃ​របស់ខ្ញុំ ដោយ​សង្ឃឹម​ក្នុង​ចិត្ត​ថា​ខ្ញុំ​អាចជា​ផ្នែក​មួយ​នៃ​សង្គម​ក្នុង​ការធ្វើ​ឲ្យ​សិល្បៈ​ខ្មែរ​រស់​រវើក​ឡើងវិញ»។

វា​ប្រហែល​មិន​ពិបាក​ទេ​ដែល​និយាយ​ពី​គម្រោង​ដែល​ខ្លួន​ចង់​ធ្វើ ប៉ុន្តែ​អ្នក​អាចយល់  ពី​ទំហំ​នៃ​ការលំបាក ​នៅពេលដែល​អ្ន​ក​អនុវត្ត​គម្រោង​នោះ។ បើ​ត្រឡប់​ទៅ​ពេល​ពីមុន កញ្ញា សុ​ផានិត លើកឡើងថា​បញ្ហា​ផ្លូវចិត្ត​ស្ទើរតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ចិត្ត​នាងម្តងៗ ពីព្រោះ​ការសិក្សា​អំពី​សិល្បៈ​ទាមទារ​ឲ្យ​នាង​មានការ​អត់ធ្មត់​ខ្ពស់ ការតស៊ូ​យ៉ាង​មុតមាំ និង​ការតាំង​ចិត្ត​ដោយ​ឈរលើ​គោល​ការមិន​បោះបង់។

ប៉ុន្តែ ៦ឆ្នាំ​ក្រោយមក សិល្បកររូបនេះ​ក៏​ មើលឃើញថា​រាល់​ការប្រឹងប្រែង​របស់គាត់​ពិតជា​បាន​ហុច​ផល​ពិតប្រាកដ​មែន។ បច្ចុប្បន្ននេះ នាង​កំពុង​បំពេញការងារ​ជា​បុគ្គលិក​នៅ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ជា​គ្រូបង្ហាត់​ទម្រង់​ល្ខោន​យីកេ​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ ជា​អ្នក​សម្តែង​ល្ខោន​យីកេ និង​ជា​តួ​សម្តែង​ក្នុង​ខ្សែភាពយន្ត។

បើទោះជា​កញ្ញា សុ​ផានិត មាន​តួនាទី​ជាច្រើន​យ៉ាងនេះ​ក្តី នាង​ថា​នាង​មិន​ដែលមាន​ក្តី​ស្រមៃ​ថា​នាង​អាចមាន​តួនាទី​ទាំងនេះ​ពីមុនមក​ទេ។ សុផានិត​ថា៖ «ក្នុងនាម​ជា​សិល្បករ​មួយរូប ខ្ញុំ​គិត​ថា ​​​អ្វីដែល​ត្រូវ​គិត​មុនគេ​គឺ​ត្រូវ​ព្យាយាម​យ៉ាងណា​ធ្វើ​ការងារ​សិល្បៈ​ឲ្យ​អស់ពី​លទ្ធភាព។ សិល្បករ​គួរតែ​គិតពី​ស្នាដៃ​មុន​ប្រាក់ចំណូល។ ប្រសិនជា​ពួកគេ​មាន​ជំនាញ និង​ពូកែ លុយ​នឹងរ​ត់មករក​ពួកគេ»។

កញ្ញា សុ​ផានិត​ទទួលស្គាល់ថា រាល់​ការចាប់ផ្តើម​តែងតែមាន​ឩ​ប​សគ្គ។ រំ​ឮ​ក​ដល់ ពេលដែល​នាង​នៅ​ជា​សិស្ស នាង​និយាយថា៖ «ដោយសារ​គេ​ថា ខ្ញុំ​មាន​សម្លេង​មិនសូវ​ល្អ ខ្ញុំ​ត្រូវ​ក្រោក​ពី​ព្រលឹម​ដើម្បី​ច្រៀង​សម​សម្លេង។ ហើយ​ខ្ញុំ​អនុវត្ត​បែប​ហ្នឹង​ក្នុង​រយៈពេល៥ឆ្នាំ។ ខ្ញុំ​ពិតជា​មាន​សម្ពាធ​ពេលដែល​គេ​រិះគន់​ខ្ញុំ។ តែ​ពេលនេះ ខ្ញុំ​អរគុណ​ពួកគេ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មានអ្វីៗដូច​ថ្ងៃនេះ»។

ផ្ទុយ​ពី​ទស្សនៈ​ដែល​បានលើកឡើង​ខាងលើ កញ្ញា សុ​ផានិត គិតថា​ការងារ​សិល្បៈ​អាចជួយ​ជីវិត​គាត់​បាន​ប្រសើរ។ ដោយ​ធ្វើការ​លើ​ទម្រង់​សិល្បៈ​ដែល​មិនសូវមាន​គេ​ចាប់អារម្មណ៍​រៀន​ផង នាង​គិតថា​មានតែ​ជំនាញ​សិល្បៈ​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ តែ​សិល្បករ​ទូទៅ​គួរ​ចេះ​កសាង​ទំនាក់ទំនង​ល្អ មាន​ឥរិយាបថ​ល្អ និង​ចេះ​បត់បែន​ក្នុងការ​ធ្វើការ។

ផន ចំរើន គ្រូបង្ហាត់​ទ្រសោ និង​បុគ្គលិក​គ្រប់គ្រង​រដ្ឋបាល

សម្រាប់​ត​ន្រី្ត​ករ ផន​ ចំរើន ការងារ​ជា​គ្រូបង្ហាត់​ឧបករណ៍​ទ្រសោ​បាន​ជួយ​ឲ្យ​គាត់​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ជាច្រើន ដើម្បី​បង្ហាញ​ពី​ទម្រង់​សិល្បៈ​តន្ត្រី​របស់​កម្ពុជា។ ការលេង​ឧបករណ៍​ទ្រសោ​មិន​ត្រឹមតែ​ផ្តល់ឱកាស ​ឲ្យ​លោក​យល់​ពី​ពិភពលោក​ខាងក្រៅ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជា​គ្រឹះ​សំខាន់​សម្រាប់​ជីវិត​លោក​ទៀតផង។

បន្ទាប់ពី​ចំណាយពេល​អស់១៣ឆ្នាំ​ក្នុង​ការរៀន​ឧបករណ៍​ភ្លេង​ទម្រង់​នេះ លោក ចំរើន បាន​ក្លាយជា​បុគ្គល​សំខាន់​មួយរូប​ដែល​ត្រូវបាន​មហាជន​ទូទៅ​ទទួលស្គាល់។

ទ្រសោ គឺជា​ឧបករណ៍​តន្ត្រីបុរាណ​មួយ​ប្រភេទ​ដែល​អាច​លេង​បាន​នៅក្នុង​វង់ភ្លេង​ជាច្រើន​ដូចជា៖ វង់ភ្លេង​មហោរី ភ្លេង​ប្រជាប្រិយ ភ្លេង​អា​យ៉ៃ ហើយ​ជាពិសេស​ឧបករណ៍​មួយ​នេះ​ក៏​អាច​លេង​ជាមួយ​វង់ភ្លេង​អន្តរជាតិ​ផងដែរ។

ក្រៅពី​អាជីព​ជា​គ្រូបង្រៀន​ឧបករណ៍​ទ្រសោ លោក ចំរើន ក៏បាន​បំពេញការងារ​ដែល​លោក​ស្រមៃ​តាំងពី​កុមារ​ជា​បុគ្គលិក​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​នៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។ ទោះ​ជា​​បែបនេះ​ក៏ដោយ លោក​នៅតែ​គិតថា​ការងារ​សិល្បៈ​នៅតែ​គោល​សំខាន់​នៃ​ជីវិត​គាត់។

ត​ន្រី្ត​ករ​វ័យ២៨ឆ្នាំ​រូបនេះ​លើកឡើងថា៖ «ប្រសិនបើ​និយាយថា ការងារ​សិល្បៈអាច​ជួយ​សិល្បករ​ឲ្យ​មាន​ជីវភាព​សមរម្យ​ឬ​អត់ ខ្ញុំ​ថា​រឿងនេះ​អាស្រ័យ​លើ​បុគ្គល។ អ្នកខ្លះ​រៀន​ជំនាញ​សិល្បៈ​រាប់​ឆ្នាំ ប៉ុន្តែ​គាត់​មិនអាច​បំពេញការងារ​ឲ្យ​គេ​បាន។ ហើយ​មួយវិញទៀត ខ្ញុំ​មិន​បន្ទោស​លើរឿង​ទីផ្សារការងារ​ទេ ប៉ុន្តែ​ខ្ញុំ​ថា​វា​ទាក់ទង​និង​សមត្ថភាព​របស់​បុគ្គល​ច្រើនជាង។ ហើយ​សមត្ថភាព​នេះ​ទៀតសោត​ក៏មាន​តាម​កម្រិត ដូច្នេះ​ការងារ​ក៏មាន​តាម​កម្រិត​ចំណេះដឹង​ដែរ»។

លោក​បញ្ជា​ក់លើ​ការងារ​បច្ចុប្បន្ន​ថា៖ «ការងារ​ជា​អ្នកគ្រប់គ្រង​រដ្ឋបាល​ក៏​ជា​ក្តី​ស្រមៃ​មួយ​ដែល​ខ្ញុំ​ប៉ង​តាំងតែ​ពី​ខ្ញុំ​នៅ​ក្មេង។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ខ្ញុំ​មិន​បោះបង់​ការងារ​សិល្បៈ​ដែរ។ ខ្ញុំ​មានតែ​ធ្វើយ៉ាងណា​ដើម្បី​ចែករំលែក​ចំនេះដឹង​ទៅកាន់​ក្មេងជំនាន់ក្រោយ​បន្ថែមទៀត»។

ដោយ​ឈរលើ​បទពិសោធន៍​ខ្លួនឯង លោក ចំរើន ថា​ចំនេះដឹង​ខាង​ឧបករណ៍​តន្ត្រី​បាន​ជួយ​ឲ្យ​លោក​មានលទ្ធភាព​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ជាច្រើន។ នាពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ទៅ​សម្តែង​ក្នង​កម្មវិធី​ពិសេស​មួយ​របស់​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

ឆ្លើយតប​ទៅ​មតិ​ខាងលើ លោក​ថា៖اមនុស្ស​យើង​មិនអាច​កាប់​បំពង់​រងចាំ​ទឹកភ្លៀង​ទេ ពួកគេ​ត្រូវ​ស្វែងរក​ប្រភពទឹក។ ដូច្នេះ​សម្រាប់​សិល្បករ ពួកគេ​ត្រូវ​ចេះ​ស្វែងរក និង​ចាប់​ឱកាស ជាពិសេស​គេ​ត្រូវ​កែខៃ​ស្នាដៃ​សិល្បៈ​គេ​ឲ្យ​កាន់តែ​ប្រសើរ»។

ដោយសារ​បច្ចេកវិទ្យា​ចេះតែជឿនលឿន​​​​​​​ ទៅមុខ លោក​បន្ថែមថា៖ «តាម​សាកលភាវូបនីយកម្ម សិល្បករ​គួរតែ​អភិវឌ្ឍ​ខ្លួនគេ​ឲ្យ​ទាន់​សម័យកាល។ សម្រាប់​តន្ត្រីករ ពួកគេ​គួរតែ​យល់​អំពី​ពាក្យ​បច្ចេកទេស​របស់​ភាសា​ត​ន្ត្រី ស្ទាត់ជំនាញ​ក្នុង​ការមើល​ភាសា​ភ្លេង អាច​ប្រើប្រាស់​ភាសាបរទេស និង​ជាពិសេស​ចេះ​ប្រើ​សារ​អេ​ឡិ​ក​ត្រូ​និក​បាន»៕

Share and Like this post

Related Posts

Previous Article

ជនជាប់ចោទ​៖​ ​ដើមបណ្ដឹង​បង្ខំឲ្យ​ចេញ​សែក​ស្អុយ​ ​ជា​ភ័ស្ដុតាង​ប្ដឹងតុលាការ

Next Article

Scholarships & Events