តំណាងសហគមន៍​នៅដង​ទន្លេមេគង្គ ​​​​ជំរុញ​ដល់​​រាជរដ្ឋាភិបាល ​​គួរ​​​ផ្អាក​នូវ​រាល់​​គម្រោងសាង​សង់​ទំនប់​វារី​អគ្គិសនី​​​នៅ​លើ​ដង​ទន្លេមេគង្គ

ប៉ិច សុធារី / Khmer Times No Comments Share:
តំណាងសហគមន៍​នៅកម្ពុជា ថៃ និងវៀតណាមក្នុង​វេទិកា​សាធារណៈ​ស្តីពី «​មេគង្គ​ដែល​យើង​ចង់​បាន! ពង្រឹង​ភាពជា​ដៃ​គូរ​​ជា​​មួយ​​​ប្រជា​ពលរដ្ឋ​​ដើម្បីធានាបាន​នូវ​និរន្ត​​ភាព​ទន្លេ​​មេគង្គ»។ ស៊ីវ ចាន់ណា

ភ្នំពេញ៖ តំណាងសហគមន៍​នៅកម្ពុជា ថៃ និងវៀតណាម​ នៅថ្ងៃ​អង្គារ​នេះ​ បាន​​​​ជំរុញ​ដល់​​រាជរដ្ឋាភិបាល​នៃ​បណ្តា​​ប្រ​ទេស​ក្នុងតំបន់​ ត្រូវ​​បង្កើន​ការ​​យក​​ចិត្ត​ទុក​​ដាក់​ដោះ​​ស្រាយ​​​​ផលប៉ះ​​ពាល់ និង​​គួរ​​​ផ្អាក​នូវ​រាល់​​គម្រោងសាង​សង់​ទំនប់​វារី​អគ្គិសនី​​​នៅ​លើ​ដង​ទន្លេមេគង្គ ដែល​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទន្លេ​ និង​​​ជីវ​ភាព​រស់នៅ​របស់​សហគមន៍ដែល​ពឹង​​​​អាស្រ័យលើធនធាន​ទន្លេ។

ការជំរុញនេះ​​​ បានធ្វើ​​​ឡើង​នៅក្នុង​វេទិកា​សាធារណៈ​ស្តីពី «​មេគង្គ​ដែល​យើង​ចង់​បាន! ពង្រឹង​ភាពជា​ដៃ​គូរ​​ជា​​មួយ​​​ប្រជា​ពលរដ្ឋ​​ដើម្បីធានាបាន​នូវ​និរន្ត​​ភាព​ទន្លេ​​មេគង្គ» នៅ​រាជ​ធានីភ្នំពេញ​ ដែលមាន​ការ​ចូល​​រួម​តំណាងស្ថាប័នរាជរដ្ឋាភិបាល គណៈកម្មការទន្លេមេគង្គ អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល និង​​ សហគមន៍​មូលដ្ឋាន​​​មក​ពី​ប្រទស​កម្ពុជា ថៃ និង​​វៀត​ណាម​ សរុប​​ប្រមាណ ២០០នាក់។

តំណាង​សហគមន៍​មកពីខេត្ត​ស្ទឹង​ត្រែង​​ លោក ​គង់ ចាន់ធី អាយុ​៥២ឆ្នាំ ​ដែលបាន​ចូលរួម​ក្នុង​វេទិកា​នេះ​ បាន​លើក​ឡើង​​​ថា​ បច្ចុប្បន្ននេះ​ ស្ថាន​ភាព​ទន្លេ​មេគង្គ​​​មានភាព​មិន​ប្រក្រតី​ច្រើន ក្រោយ​ពី​មានការ​សាង​សង់ទំនប់វារីអគ្គិសនី​​​ជា​បន្ត​បន្ទាប់​នៅ​​តាម​ដងទន្លេ​មេគង្គផ្នែក​ខាងលើ ដូចជា​​ នៅ​ប្រទេសចិន ឡាវ និង​ថៃជា​​ដើម ដែលធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​ដែល​រ​ស់នៅ​តាមដង​ទន្លេមេគង្គ​ខ្សែទឹកខាង​ក្រោម​ ជួប​​ការ​លំបាក​ក្នុង​ការ​រស់​នៅ និង​ធ្វើ​ឲ្យ​បាត់បង់​នូវ​ធន​ធាន​ធម្មជាតិ ត្រី និង​​​ជីវ​​ចម្រុះជា​ដើម​។​ លោកថា៖ «​យើងមាន​កង្វល់​ខ្លាំង​លើ​ការថយ​ចុះធន​ធាន​ត្រី ការប៉ះពាល់​លំហូរ​ទឹកដែល​​ធ្វើឲ្យ​យើង​​​ខ្វះ​ខាត​ទឹក​​ប្រើ​ប្រាស់​ស្រោច​ស្រព្វ​​​ស្រែចំការ​​របស់​យើង ហើយ​មួយ​ទៀត​ធ្វើ​ឲ្យ​ព្រៃ​លិច​ទឹកក្នុងតំបន់​ងាប់ច្រើន​ និង​​ជីវ​ចម្រុះ​​ក្នុង​ទឹក​ទន្លេ​​មេ​គង្គ​​ថយ​ចុះ​»។

លោក​បន្តថា៖ «ដូច្នេះ​យើង​សុំ​សំណូម​ពរដល់​រដ្ឋាភិបាល​ទាំង​អស់ដែលជាប្រទេស​​ជាប់​ដង​ទន្លេមេគង្គ មុន​នឹង​ធ្វើ​ការ​សាង​​​សង់​ទំនប់​វារីអគ្គិសនី​​តាម​ដង​ទន្លេ​មេ ឬដៃ​ទន្លេ សូម​ឲ្យ​គាត់​ធ្វើការ​សិក្សា​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​ជាមួយ​ប្រជា​ពល​រដ្ឋ​​ឲ្យ​បាន​ច្បាស់​លាស់​ ហើយ​កន្លែង​ខ្លះ​ដែលមាន​ផល​ប៉ះពាល់​​ខ្លាំង ​​គឺ​សូម​ឲ្យផ្អាកតែម្តង ព្រោះការកសាង​ទំនប់វារី​អគ្គិស​នី​​​មានផល​ប៉ះ​ពាល់ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ដែលអាស្រ័យ​ផល​រាប់​លាន​នាក់​»។

តំណាង​សហគមន៍​មក​ពីប្រទេសវៀតណាម លោក Trung Tin Nguyen ក៏បាន​លើក​ឡើ​ងដែរ​ថា ក្រោយ​ពី​​មាន​​ការ​​​​​សាង​​សង់​ទំនប់​​​វារីអគ្គិសនី​នៅលើដង​ទន្លេមេគង្គនោះ ​លំហូរទឹកទន្លេបាន​ចាប់​ផ្តើម​មានការប្រែ​ប្រួល​ខ្លាំង កម្រិត​ទឹក​ទន្លេ​​​​​​​​បាន​​ធ្លាក់​ចុះ​​​​ទាប ​ធន​ធាន​ត្រី​ថយ​ចុះ និង​មាន​ការជំលៀស​​ប្រជាពលរដ្ឋ​​ពី​ទីតាំង​​ដែលពួកគេ​ធ្លាប់​រស់​នៅ​ជា​ដើម។ លោក​​បន្ត​ថា កត្តា​ទាំង​នេះ​ហើយ បាន​​​ធ្វើ​ឲ្យប៉ះ​ពាល់យ៉ាង​ខ្លាំង​​ដល់ជីវភាព​រស់​​​​នៅ​របស់​​​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ទន្លេ​​មេគង្គ​ និង​បាន​បង្ខំឲ្យ​ពួកគាត់​ត្រូវ​ចំណាក​ស្រុក​​ទៅកាន់ទីក្រុង​ដើម្បី​រក​ការ​ងារ​ធ្វើ​។ លោកថា៖ «យើ​ងនៅ​មានជម្រើស​ច្រើនសម្រាប់​បង្កើត​ថាម​​ពល​អគ្គិសនី ក្រៅពី​ការសាងសង់ទំនប់វារីអគ្គិសនី ដើម្បី​ឲ្យការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ត​ភាព និងកាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទន្លេមេគង្គ»។  ​

ប្រធានស្តីទី​វិទ្យាស្ថាន​ស្រាវជ្រាវ​ត្រីទឹកសាប​រដ្ឋបាល​ជល​ផលនៃក្រសួង​​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទកម្ពុជា លោក ទូច ប៊ុន​ថង បាន​មាន​ប្រសាសន៍ថា លំហូរ​ទឹក​ឬ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ មានការ​ប្រែ​ប្រួល គឺ​ពុំ​មែន​ដោយសារ​តែ​ការ​សាង​​​​សង់​ទំនប់​វារី​អគ្គិសនី​តែ​មួយមុខ​​នោះទេ ប៉ុន្តែក៏មាន​ទាក់ទង​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ និង​កត្តា​ផ្សេង​ៗ​ផង​ដែរ។ ​លោកថា៖ «ដូច្នេះ​នេះ​ជាបញ្ហា​រួម​ ហើយ​ចំពោះ​ដំណោះស្រាយ​គឺ​យើ​ងធ្វើ​​ទៅ​តាម​ស្ថាន​ភាពជាក់​ស្តែង​នៅ​តាម​តំបន់​​និមួយ​ៗ»។

តំណាង​​គណៈកម្មការ​ទន្លេ​មេគង្គ​ អ្នកស្រី​ Nhu Doung Hai ក៏បាន​លើក​ឡើងដែរ​ថា កន្លងមក គណៈកម្មការ​នេះ បាន​សិក្សា​លម្អិត​ពីបញ្ហាប្រឈម​​​នានា​ដែលបាន​កើត​ឡើង​បណ្តាល​មក​ពីការ​សាង​សង់ទំនប់​វារីអគ្គិសនី និង​បាន​ផ្តល់​ជា​យោបល់ និង​ព័ត៌មាន​​ពាក់ព័ន្ធ​​​ទៅ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​​និមួយ​ៗ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ស្ថិត​នៅលើការ​សម្រេច​ចិត្ត​​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​និមួយៗតែ​ប៉ុណ្ណោះ។

នាយកស្តីទី​​​អង្គការ​អុកហ្វាមប្រចាំកម្ពុជា (Acting Director of Oxfam in Cambodia) ​លោក Biju Abraham បាន​ថ្លែង​ថា តាម​​​ការ​សិក្សា​របស់​​គណៈកម្មការ​ទន្លេ​មេគង្គ​ ​នា​​ពេល​ថ្មីៗ​នេះ ​បាន​រកឃើញ​​ថា គម្រោងសាង​សង់​​ទំនប់​វារីអគ្គិសនី​​នៅ​ទន្លេ​មេគង្គ និងនៅតាម​ដៃទន្លេ​ ពិត​​ជា​បង្ក​នូវ​ផល​ប៉ះ​ពាល់​ដល់​ប្រព័ន្ធអេកូ​ឡូ​ស៊ី សុវត្ថិភាព​ចំណី​​​អាហារ ក៏ដូច​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ​​ក្នុង​តំបន់​។ លោក​បន្តថា៖ «​ការសិក្សា​នោះក៏បាន​ផ្តល់​នូវ​អនុ​​សាសន៍​​ចំពោះរដ្ឋា​ភិបាល​នៅតាម​ដង​ទន្លេ​មេគង្គ គឺ​ចាំ​បាច់​ត្រូវ​គិត​គូរ​អំពីបច្ចេក​វិទ្យា​​ថាម​ពល​ថ្មី​ៗ ដូចជា ​​ថាម​ពល​ពន្លឺ​​ព្រះអាទិត្យ ថាមពល​ខ្យល់ជា​ដើម ដែលជាជម្រើស​ជំនួសឲ្យ​ការ​សាង​សង់ទំនប់​វារីអគ្គិសនី ដែល​ប៉ះ​ពាល់​ទៅ​ដល់​ទន្លេ​មេគង្គនេះ»។ ​

បើតាម លោក​​ Biju Abraham បាន​ឲ្យ​ដឹង​ថា ប្រទេស​​ចិន​បាន​សាង​សង់ទំនប់វារីអគ្គិសនី​ចំនួន​៧ នៅខ្សែ​ទឹក​ទន្លេ​មេគង្គ​ខាង​លើ និង​មានផែន​ការ​​​សាង​​សង់ចំនួន​២១​បន្ថែម​ទៀត ខណៈដែល​ប្រទេស​នៅ​ខ្សែ​ទឹក​ខាង​ក្រោម ក៏​មាន​គម្រោង​សាង​សង់​ទំនប់វារីអគ្គិសនី​ប្រមាណជា​១១ និង​មានគម្រោង​សាងសង់ជា​ច្រើន​ទៀតនៅតាម​ដៃ​ទន្លេនា​ពេល​ខាង​មុខ។ លោកថា៖ «ការ​សាង​សង់ទំនប់វារីអគ្គិសនី​​​​គឺជាការគំរាម​កំហែង​ដ៏ខ្លាំង​មួយទៅ​លើទន្លេ​មេគង្គ…ទន្លេ​មេគង្គ​ជា​កន្លែងឬជម្រក​​​មួយ​ដែលមានពលរដ្ឋប្រមាណ​៦០​លាន​នាក់​រស់​នៅពឹងអាស្រ័យ»៕

Share and Like this post

Related Posts

Previous Article

ចោទប្រកាន់​ប្រធាន​ក្រុមហ៊ុន​បោក​ប្រាក់​ ​៣០​​លាន​ដុល្លារ​

Next Article

​ក្រសួងសុខាភិបាល​ ​នៅ​ថ្ងៃពុធ​នេះ​​បាន​អះអាង​ថា​​ករណី​ជំងឺគ្រុនឈាម​បាន​ធ្លាក់ចុះ​