​ក្រសួងសុខាភិបាល​ ​នៅ​ថ្ងៃពុធ​នេះ​​បាន​អះអាង​ថា​​ករណី​ជំងឺគ្រុនឈាម​បាន​ធ្លាក់ចុះ​

ប៉ិច សុធារី / Khmer Times No Comments Share:
លោក​ ​ម៉ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការ​សំអាត​បរិស្ថាន​ ​និង​កម្ចាត់​ជម្រក​មូល​ខ្លា​។ CEN​

​ភ្នំពេញ​៖​ ​ក្រសួងសុខាភិបាល​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​អះអាង​ថា​ ​ករណី​ជំងឺគ្រុនឈាម​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ ​ពី​ជាង​ ​៤៧០០ករណី​ ​ក្នុង​សប្តាហ៍​ទី២​ ​មក​នៅ​ជាង ៣៩០០ករណី​ ​ក្នុង​សប្តាហ៍​ទី៣ខែកក្កដា​ ​ដែល​ករណីនេះ​ ​ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការ​សំអាត​បរិស្ថាន​ ​និង​កម្ចាត់​ជម្រក​មូល​ខ្លា​។​

​ក្នុង​ទិវា​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ ​ក្រោម​ប្រធានបទ​ ​«​បញ្ចប់​ជំងឺគ្រុនឈាម​ ​ផ្តើម​ចេញពី​ខ្ញុំ​»​ ​ដែល​រៀបចំឡើង​នៅ​សាលាបឋមសិក្សា​សែនសុខ​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​លោក​ ​ម៉ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​បាន​ថ្លែង​ថា​ ​ការ​លុបបំបាត់​ជម្រក​ដង្កូវទឹក​មូស​ខ្លា​ ​និង​គ្មាន​មូស​ខ្លា​ ​គឺជា​កិច្ច​អន្តរាគមន៍​ដ៏​សំខាន់​បំផុត​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​អនុវត្ត​ ​ដើម្បី​បញ្ចប់​ជំងឺគ្រុនឈាម​ ​ព្រោះ​មូស​ខ្លា​ ​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ដ៏​សាហាវ​ ​ដែល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់អាយុ​ជីវិត​មនុស្ស​បាន​។​ ​លោក​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​ ​ជំងឺគ្រុនឈាម​នៅ​កម្ពុជា​ ​ស្ថិត​ក្នុង​ស្ថានភាព​អាច​គ្រប់គ្រង​បាន​ ​ហើយ​ករណី​ឈឺ​កំពុង​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ ​ពី​ចំនួន​ ​៤៧៦៩ករណី​ ​ក្នុង​សប្តាហ៍​ទី២ខែកក្កដា​ ​មក​នៅ​ចំនួន​ ​៣៩៣៣ករណី​ ​ក្នុង​សប្តាហ៍​ទី៣ខែកក្កដា​។​

​លោក​ថា​៖​ ​«​តាម​ការ​ប៉ាន់ប្រមាណ​ទុក​ ​ករណី​ជំងឺគ្រុនឈាម​នឹង​បន្ត​ចុះ​នៅពេល​ខាងមុខ​ទៀត​។​ ​ស្ទើរតែ​គ្រប់​ខេត្ត​ ​ជំងឺគ្រុនឈាម​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ ​នៅសល់​តែ​ខេត្តក្រចេះ​ ​ដែល​នៅ​មានការ​កើនឡើង​បន្តិចបន្តួច​ ​និង​រាជធានី​-​ខេត្ត​ចំនួន៥​ ​រួមមាន​ ​រាជធានី​ភ្នំពេញ​ ​ព្រះវិហារ​ ​កណ្តាល​ ​កំពង់ចាម​ ​ត្បូងឃ្មុំ​ ​ដែល​តួលេខ​នៅនឹង​ ​ឬ​ចុះ​តិចតួច​»​។​

​លោក​ម៉ម​ ​ប៊ុ​ន​ហេង​ ​បាន​បន្ត​ថា​ ​អត្រា​ស្លាប់​ដោយសារ​ករណី​គ្រុនឈាម​មាន​ចំនួន​ ​0,1​%​ ​ដែល​ជា​អត្រា​ទាប​ជាងគេ​បំផុត​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​។​

​ករណីនេះ​ ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ ​ជាពិសេស​មាតាបិតា​ ​អាណាព្យាបាល​ ​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ ​លើ​ការ​សំអាត​បរិស្ថាន​ជុំវិញ​ផ្ទះ​របស់​ខ្លួន​ ​កុំ​ឲ្យ​មាន​វត្ថុ​ដក់​ទឹកដែល​ជា​ជម្រក​មូស​ខ្លា​ ​ហើយ​អាជ្ញាធរ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ត្រូវ​ចូលរួម​សហការ​ចាត់វិធានការ​សំអាត​ការដ្ឋាន​សំណង់​កុំ​ឲ្យ​មាន​ទឹកដក់​ ​និង​សំបក​កង់ឡាន​ឬ​ម៉ូតូ​ដែល​ទុកចោល​ពាសវាលពាសកាល​ ​និង​ជួយ​ផ្សព្វផ្សាយ​អប់រំ​សុខភាព​ ​ស្តី​ពី​វិធានការ​បង្ការ​ជំងឺគ្រុនឈាម​ ​ដល់​ប្រជា​សហគមន៍​ ​សាលារៀន​ ​និង​វត្ត​អារ៉ាម​ ​ជាដើម​។​

​លោក​ថា​៖​ ​«​យុទ្ធនាការ​របស់់​យើង​ ​មានឈ្មោះ​ថា​ ​ការ​កំចាត់​ជំងឺគ្រុនឈាម​ផ្តើម​ចេញពី​ខ្ញុំ​ ​ដូច្នេះ​យើង​ទាំងអស់គ្នា​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​មាន​ទឹកដក់​ ​កុំ​ឲ្យ​មាន​ដង្កូវទឹក​ ​គ្មាន​មូស​ខ្លា​ ​គ្មាន​គ្រុនឈាម​ ​ដោយឡែក​ហើយ​ខាង​វេជ្ជសាស្ត្រ​របស់​យើង​ ​ក៏​ពង្រឹង​ការថែទាំ​ដល់​អ្នកជំងឺ​គ្រុនឈាម​ ​តាមរយៈ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ ​និង​ការ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​ម្យ៉ាងទៀត​ ​សូម​មាតាបិតា​ ​អាណាព្យាបាល​ ​មេត្តា​ឆាប់​បញ្ជូន​កូនចៅ​ដែល​សង្ស័យ​មាន​ជំងឺគ្រុនឈាម​ទៅ​មន្ទីរពេទ្យ​ ​ឬ​មណ្ឌលសុខភាព​ជាបន្ទាន់​ ​ជៀសវាង​ការ​ព្យាបាល​នៅផ្ទះ​ ​ឬ​សេវា​ឯកជន​ដែល​គ្មាន​ជំនាញ​ពិតប្រាកដ​នាំឲ្យមាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​»​។​

​ប្រធានមន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​ ​លោក​ ​គួង​ ​ឡូ​ ​បាន​ឲ្យដឹង​នៅ​ថ្ងៃពុធ​នេះ​ថា​ ​ករណី​ជំងឺគ្រុនឈាម​ក្នុង​ខេត្ត​នេះ​ ​មានការ​ថយ​ចុះ​ជា​បណ្តើរ​ៗ​ហើយ​ ​ដែល​ក្នុង​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​បាន​ថយ​ចុះ​ជាង ២០ករណី​។​ ​លោក​បន្ត​ថា​ ​បើ​ទោះជា​មានការ​ថយ​ចុះ​ ​ក៏​មន្ត្រី​ជំនាញ​នៅតែ​បន្ត​តាមដាន​ ​និង​ចាត់វិធានការ​ទប់ស្កាត់​បន្ថែម​ទៀត​ ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​។​ ​លោក​ថា​៖​ ​«​វិធានការ​របស់​យើង​ ​គឺ​បាន​ដាក់ថ្នាំ​អា​ប៊ែ​ត​នៅ​គ្រប់ ៥២ឃុំ​ទូទាំង​ខេត្ត​ ​និង​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​វិធានការ​ការពារ​ ​និង​កម្ចាត់​ជម្រក​មូស​ខ្លា​ ​ព្រមទាំង​ពង្រឹង​ដល់​ផ្នែក​សុខាភិបាល​ក្នុង​ខេត្ត​ទាំង​រដ្ឋ​និង​ឯកជន​ ​ដើម្បីឲ្យ​ការ​ព្យាបាល​មាន​ប្រសិទ្ធិ​ភាព​»​។​

​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ​ប៉ារ៉ាស៊ីត​សាស្ត្រ​ ​និង​បាណកសាស្ត្រ​ ​លោក​វេជ្ជបណ្ឌិត​ ​ហ៊ុយ​ ​រ៉េ​កុល​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​គិត​ត្រឹម​សប្តាហ៍​ទី៣នៃ​ខែកក្កដា​នេះ​ ​ជំងឺគ្រុនឈាម​បាន​សម្លាប់​មនុស្ស៣៣នាក់​ ​ខណៈ​ដែល​ស្ថានភាព​ករណី​ផ្ទុះ​ជំងឺ​មានការ​ថយ​ចុះ​ជាបន្តបន្ទាប់​៕​

Share and Like this post

Related Posts

Previous Article

តំណាងសហគមន៍​នៅដង​ទន្លេមេគង្គ ​​​​ជំរុញ​ដល់​​រាជរដ្ឋាភិបាល ​​គួរ​​​ផ្អាក​នូវ​រាល់​​គម្រោងសាង​សង់​ទំនប់​វារី​អគ្គិសនី​​​នៅ​លើ​ដង​ទន្លេមេគង្គ

Next Article

មេធាវី​ដើរចេញ​ពី​បន្ទប់​សវនាការ​ ​ខណៈតុលាការ​កាត់ទោស​ លោក​ ​អា​ឡិច​