​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទទួលទាន​សាច់​ជ្រូក​ ​ដោយ​កុំ​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​សុខភាព​

ប៉ិច​​ សុធារី / Khmer Times No Comments Share:
​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារចាស់​កំពុង​រង​ចាំ​អតិថិជន​។​ ​ប៉ាន​ ​រចនា

ភ្នំពេញ​៖​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទទួលទាន​សាច់​ជ្រូក​ ​ដោយ​កុំ​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​សុខភាព​ ​ខណៈ​ដែល​មន្ត្រី​សុខាភិបាល​បាន​បញ្ជាក់​ហើយ​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​មក​មនុស្ស​នោះ​ទេ​។​

​ការ​អំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ការពិនិត្យ​ការដ្ឋាន​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ ​ដែល​បាន​និង​កំពុង​ដំណើរការ​សាងសង់​នៅ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​។​

​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​ ​ក្នុងរយៈពេល​ប៉ុន្មាន​អាទិត្យ​ ​ក្រោយពី​កម្ពុជា​មាន​ផ្ទុះឡើង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នោះ​ ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ ​និង​មិន​ហ៊ាន​ទទួលទាន​សាច់​ជ្រូក​ ​ដែល​ធ្វើឲ្យ​អាជីវករ​លក់​សាច់​ជ្រូក​មានការ​ត្អូញត្អែរ​ខ្លាំង​។​ ​លោក​បន្ត​ថា​ ​ការ​ទទួលទាន​សាច់​ជ្រូក​ ​ពុំ​មានផល​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ទេ​ ​ព្រោះ​សាច់​ជ្រូក​ដែល​លក់​នៅ​លើ​ទីផ្សារ​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​។​

​លោក​ថា​៖​ ​«​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​ ​សូម​ទទួលទាន​សាច់​ជ្រូក​ ​កុំ​បារម្ភ​ ​ក្រៅពី​តំបន់​ប៉ះពាល់​ដែលគេ​បាន​ហាមឃាត់​ ​និង​ជ្រូក​ស្លាប់​ដែលគេ​យក​ទៅ​កប់​ចោល​ ​គឺ​តំបន់​ដទៃទៀត​មិន​មានផល​ប៉ះពាល់​ទេ​ ​ខ្ញុំ​ក៏​ទទួលទាន​សាច់​ជ្រូក​រាល់ថ្ងៃ​ដែរ​.​.​.​ពេទ្យ​គេ​បញ្ជាក់​ហើយ​អត់មាន​ឆ្លង​ពី​សត្វ​មក​មនុស្ស​ទេ​ ​ហើយ​គេ​មិនដែល​យក​សត្វ​ជ្រូក​មាន​ជំងឺ​ ​យក​មក​កាប់​[​លក់​]​ទេ​ ​ព្រោះ​នៅ​តំបន់ហាមឃាត់​គេ​មិន​ឲ្យ​យកចេញ​ទេ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​បន្ត​ថា​ ​ប្រសិនបើ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​មិន​បន្ត​ទទួលទាន​សាច់​ជ្រូក​ទេ​ ​នោះ​នឹង​ធ្វើឲ្យ​សាច់គោ​ ​និង​ត្រី​ឡើងថ្លៃ​ ​ដែល​ធ្វើឲ្យ​ទីផ្សារ​នៅ​កម្ពុជា​មាន​បញ្ហា​ប្រឈម​ផង​ដែរ​។​

​លោក​ថា​៖​ ​«​ឥលូវ​ជារ​ដូវ​បិទ​ហាមឃាត់​ការ​នេសាទ​ផង​ ​ទី១​ ​ត្រី​ខ្វះ​ ​ទី២​ ​មិនព្រម​ទទួលទាន​សាច់​ជ្រូក​ ​ដូច្នេះ​នឹង​រុញ​ទៅ​ឲ្យ​សាច់គោ​ឡើងថ្លៃ​ ​ឬ​ត្រី​ឡើងថ្លៃ​ ​អីចឹង​អាច​នឹង​ធ្វើឲ្យ​ទីផ្សារ​មាន​បញ្ហា​ដែរ​ ​ហើយ​ជាពិសេស​គួរ​អាណិត​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ដែល​គាត់​ខំ​ចិញ្ចឹម​»​។​

​គិត​ចាប់តាំងពី​ខែមេសា​មក​ ​ករណី​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្រ្វិក​ ​បាន​ផ្ទុះឡើង​នៅ​ខេត្ត​ចំនួន៥​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​នោះ​ ​មាន​ ​ខេត្តរតនគិរី​ ​ត្បូងឃ្មុំ​ ​ស្វាយរៀង​ ​តាកែវ​ ​និង​កណ្តាល​ ​ដែល​នាំឲ្យ​សត្វ​ជ្រូក​ប្រមាណ​ ​៣ពាន់​ក្បាល​ ​ត្រូវ​បាន​ងាប់​និង​សម្លាប់ចោល​។​

​ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​ ​អ្នកស្រី​ ​ឆាយ​ ​មួយ​គាង​ ​បាន​និយាយ​ថា​ ​គ្រួសារ​របស់​គាត់​បាន​ផ្អាក​ទទួល​សាច់​ជ្រូក​មួយ​រយៈ​ ​ដោយសារ​បារម្ភ​ខ្លាច​ប៉ះចំ​សាច់​ជ្រូក​ដែល​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នេះ​។​ ​អ្នកស្រី​ថា​៖​ ​«​ឃើញ​គេ​ផ្សាយ​រឿង​ជំងឺ​ប៉េស្ត​ជ្រូក​ ​អីចឹង​ចេះតែ​ខ្លាច​ ​មិន​ហ៊ាន​ញ៉ាំ​ ​តែ​នៅពេល​លឺ​សម្តេច​តេជោ​[​ហ៊ុន​ ​សែន​]​មានប្រសាសន៍​បែបនេះ​ ​ខ្ញុំ​អស់​បារម្ភ​ហើយ​ ​អីចឹង​នឹង​ញ៉ាំ​សាច់​ជ្រូក​ឡើងវិញ​ ​ហើយ​សង្ឃឹមថា​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ធ្វើការ​ទប់ស្កាត់​ជំងឺ​នេះ​ ​លែង​ឲ្យ​មាន​ឆ្លង​រាលដាល​បន្ត​ទៀត​ ​ដើម្បីឲ្យ​ពលរដ្ឋ​អស់​បារម្ភ​ពី​បញ្ហា​នេះ​»​។​

​អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ ​លោក​ ​យី​ ​សេង​ឌឿន​ ​បាន​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​គឺ​ឆ្លង​រាលដាល​តែ​ទៅលើ​សត្វ​ជ្រូក​ប៉ុណ្ណោះ​ ​ពុំ​មានផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​នោះ​ទេ​។​ ​លោក​ថា​៖​ ​«​បើ​តាម​វិទ្យាសាស្ត្រ​ ​ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្សយើង​ ​ដោយសារ​រ៉េ​សង់​ទ័រ​ឬ​ភ្នាក់ងារ​ទទួល​នៅក្នុង​ខ្លួន​របស់​មនុស្សយើង​ ​គឺ​អត់​ចាប់​យក​វីរុស​នេះ​ទេ​ ​អីចឹង​ពេល​ដែល​វីរុស​នេះ​ចូលក្នុង​ខ្លួនមនុស្ស​យើង​ ​គឺ​វា​អាច​នឹង​បញ្ចេញចោល​ ​ឬ​ងាប់​ទៅវិញ​»​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​ហើយ​មួយទៀត​ ​ទាំង​អង្គការសុខភាព​ពិភពលោក​ ​និង​អង្គការសុខភាព​សត្វ​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​មិន​ស្ថិតនៅ​ក្នុងចំណោម​ប្រភេទ​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស​ទេ​ ​គឺ​វា​ខុសពី​ជំ​ងឺ​ផ្សេង​ៗ​ទៀត​អីចឹង​ជំងឺ​នេះ​កើតមាន​តែ​លើ​សត្វ​ជ្រូក​ទេ​ ​មិន​មាន​ឆ្លង​មក​មនុស្សយើង​ទេ​»​។​ ​

​កន្លងមក​ ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​ណែនាំ​ជាបន្តបន្ទាប់​ទៅកាន់​មន្ត្រី​ជំនាញ​ ​និង​អាជ្ញាធរ​រាជធានី​-​ខេត្ត​ ​ជាពិសេស​ខេត្ត​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​ដែល​ចិញ្ចឹមសត្វ​ជ្រូក​ ​ព្រមទាំង​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ពី​បញ្ហា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នេះ​ផង​ដែរ​៕​

Share and Like this post

Related Posts

Previous Article

ក្រសួង​បង្ហាញ​បញ្ជី​ផលិតផល​ ​ដែល​អាច​នាំចេញ​ទៅ​ប្រទេស​ចិន​

Next Article

ក្រុមហ៊ុន​ត្រូវ​គិត​ឡើងវិញ​អំពី​យុទ្ធ​សាស្រ្ត​ ​ជ្រើសរើស​បុគ្គលិក​មិន​មាន​សញ្ញាប័ត្រ​ខ្ពស់​