អ៊ុំ សំ​ថា​រ័ត្ន៖ អត្តឃាត​មិនមែនជា​ដំណោះស្រាយ

ប៉ា សុខេង / Khmer Times No Comments Share:
ឆ្លងកាត់បទពិសោធជាច្រើនក្នុងអាជីពជាអ្នកប្រដាល់ សំថារ័ត្ន រំពឹងថា​នឹង​អាច​បើក​ក្លឹប​បង្រៀន​គុនខ្មែរ​នា​ថ្ងៃ​អនាគត

ជាកូនស្រី​ពៅ​ក្នុង​គ្រួសារ​អ្នកសិល្បៈ ម្តាយ​របស់​អ៊ុំ សំ​ថា​រ័ត្ន​ដែល​កើន​វ័យ៦៣ឆ្នាំ​ហើយ​នោះ​រំពឹងថា កូនស្រីរូប​ នេះ​នឹង​ធំ​ឡើង​ក្លាយជា​នារី​ម្នាក់ទន់ភ្លន់ ស្លៀកពាក់ស្អាតៗ ចេះ​លេងភ្លេង​ដូច​ឪពុក ឬ​ដូចជា​ធ្វើការ​ក្នុង​ការិយាល័យ​ជាដើម។ តែ​គ្រប់យ៉ាង​ហាក់​ផ្ទុយ​ស្រលះ ព្រោះ​នារី​វ័យក្មេង​រូបនេះ​បែរជា​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​ដែល​ស្ទើរតែ​ធ្វើឱ្យ​ម្តាយ​គាំងបេះដូងម្តងៗ ពេល​ឃើញ​គេ​វាយ​កូន​លើ​លាន​ប្រយុទ្ធ។

ស្ថិត​នៅ​ក្នុង​សម្លៀកបំពាក់​សម្រាប់​ហ្វឹកហាត់ ថារ័ត្ន​រំឭក​ទាំង​ញញឹម​លាយឡំ​នឹងទឹក​ភ្នែក ថា៖ «ម៉ាក់​ខ្ញុំព្រួយ​ចិត្ត ហើយ​សឹងតែ​គាំងបេះដូង​ពេល​ឃើញ​ខ្ញុំ​ឡើង​វាយ​នៅលើ​សៃ​វៀន គាត់​ថា​ស្រមោច​មួយ​មិនឱ្យ​វារ​លើ​ផង​ម៉េច​បាន​ទៅ​ឈរ​ឱ្យគេ​វាយ នេះ​សុទ្ធតែ​បញ្ច្រាស់​ពី​ចិត្ត​ម៉ែ»។

ត្បិតតែ​ដើរ​ផ្ទុយ​ពី​បំណង​របស់​អ្នកមាន​គុណ ប៉ុន្តែ​អ្នក​ប្រដាល់​វ័យក្មេង​រូបនេះ​នៅតែ​ព្យាយាម​ដើរ​តាម​ក្ដី​ស្រមៃ​របស់ខ្លួន ទន្ទឹមនឹង​រងគ្រោះ​ដោយ​ការ​តិះ​ទៀន​ពី​អ្នកដទៃ​ច្រើន​យ៉ាងណាក្ដី។

«និយាយ​ពី​រឿង​បាក់​ទឹកចិត្ត​វិញ វា​រាប់មិនអស់។ គ្រួសារ​ជា​រឿង​មួយ​ហើយ ថែម​អ្នក​នៅ​ជុំវិញ​មិនបាន​លើកទឹកចិត្ត​ទៀត គេ​បង្អាប់​ថា​ល្បុក្កតោ​ហ្នឹង​បានត្រឹមតែ​សម្តែង បើ​វាយ​មែនទែន​ប្រាកដជា​គេ​វាយ​រាប​មិន​ខាន» តួឯក​ស្រី​ក្នុង​រឿង Jailbreak បាន​រៀបរាប់​ពីបទ​ពិសោធ​បាក់​ទឹកចិត្ត​របស់ខ្លួន​ទាំង​ទឹកភ្នែក។

មានមតិ​បំបាក់ទឹកចិត្ត​ជាច្រើន​ដែល​ថា​រ័ត្ន​ទទួលបាន​រយៈពេល​កន្លងមក​នេះ។ អ្នក​នៅ​ជុំវិញខ្លួន​តែង​រិះគន់​ពី​រូបរាង​របស់​នាង ខណៈ​ដែលថា​រ័ត្ន​មាន​សាច់ដុំ​មាំមួន​ខុសពី​ស្ត្រី​ដទៃ។ ការរើសអើង​ស្ត្រី​ក្នុង​អាជីព​សុច្ចរិត ធ្វើឱ្យ​ថា​រ័ត្ន​ប្រឈម​នឹង​សំពាធ​ផ្លូវចិត្ត​យ៉ាងខ្លាំង។ ដោយ​ការរិះគន់​ច្រើនពេក អ្នក​ប្រដាល់​រូបនេះ​បង្ហើប​ថា ខ្លួន​ធ្លាប់​កើត​គំនិត​ចង់​បញ្ចប់ជីវិតម្ដងៗ រាល់​ពេល​​ទ្រាំទ្រ​លែង​បាន​នូវ​ការរិះគន់​ដោយ​គ្មាន​ការស្ថាបនា។

ថា​រ័ត្ន​និយាយថា៖ «ខ្ញុំ​ធ្លាប់​គិត​ខ្លី ដោយសារ​ការរិះគន់​បែបជាន់​ពន្លិច និង​ពុំមាន​អ្នក​លើកទឹកចិត្ត តែ​ខ្ញុំ​គិតថា​ម៉ែឪ​ផ្តល់​ជីវិត​ឱ្យដល់​ប៉ុណ្ណេះ​ហើយ ត្រូវ​ធ្វើឱ្យ​គាត់​មាន​មោទកភាព កុំ​ចោលម្សៀត។ ត្រូវ​បង្ហាញ​គាត់​ពី​សមត្ថភាព​ពិសេស​របស់​យើង យ៉ាងណា​គាត់​ក៏មាន​ក្ដី​សង្ឃឹមថា កូន​ទោះ​មិន​តាមចិត្ត​គាត់​ក៏​ធ្វើ​អី​ល្អ​ចេញ​ជា​លទ្ធផល​ដល់​ជាតិ​ដែរ។ ចុងក្រោយ​គាត់​ក៏​ឃើញ​ពី​លទ្ធផល​នៃ​ការប្រឹងប្រែង​របស់​យើង​ពិតមែន»។ កញ្ញា​ថា ដើម្បី​សម្រួល​ផ្លូវចិត្ត​ឱ្យបាន​ប្រសើរ ពេលខ្លះ​ថា​រ័ត្ន​ក៏​ទៅ​ព្រះវិហារ ស្តាប់ធម៌ ហាត់​កីឡា​ទ្វេដង និង​រក​អ្នក​ប្រឹក្សា​យោបល់​ជា​ញឹកញាប់​ពេល​ពិបាកចិត្ត។

ថា​រ័ត្ន ចាប់ផ្តើម​ប្រឡូក​ក្នុងវិស័យ​​ កីឡា​​តាំងពី​ឆ្នាំ២០០៨ ហើយកាន់តែ​​មានឈ្មោះ​បោះ​សំឡេង​ក្នុងឆ្នាំ២០១៤ ក្រោយ​ពី​​ទទួលបាន​ពានរង្វាន់​ល្បុក្កតោ​ពី​ការ​ប្រកួត​ជា​ច្រើន​។ កីឡាការនី​រូប​នេះ​ ​មាន​សមត្ថភាព​លើ​កីឡា​ល្បុក្កតោ កីឡា​បោកចំបាប់ វាយ​ក្នុង​ទ្រុង​ដែក ប្រដាល់សេរី សម្តែង ព្រមទាំង​សមត្ថភាព​មួយចំនួនទៀត។ បើ​និយាយ​ពី​ក្ដី​សុ​បិ​ន្ត​វិញ​យុវតី​វ័យ២៨ឆ្នាំ​រូបនេះ ធ្លាប់មាន​ក្ដី​ស្រ​មៃថា​ចង់​ក្លាយជា​តារា​សម្តែង​មួយរូប ប៉ុន្តែ​ក៏​ក្លាយជា​កីឡា​ការ​នី​មុន​ទៅវិញ។

«មកដល់​ឥឡូវ​ភាពជោគជ័យ​ធំ​បំផុត​របស់ខ្ញុំ គឺ​សម្រេច​បំណង​ជា​តួកុន។ ហើយ​អាច​បន្ទន់ចិត្ត​ម៉ាក់​ឱ្យ​ជឿជាក់​លើ​ការ​សម្រេចចិត្ត​របស់ខ្ញុំ​បាន។ អាចធ្វើ​នូវ​អ្វីដែល​ខ្លួន​ស្រឡាញ់ ជា​ក្ដី​ប្រាថ្នា​ដ៏​ធំ​បំផុត…ចឹ​ង​ហើយ​ទោះបី​មាន​ឧបសគ្គ​ក្នុង​ជីវិត​ច្រើន​យ៉ាងណា គិត​ខ្លី មិនមែនជា​ដំណោះស្រាយ​ទេ តែ​ការ​ប្រឈម​នឹង​បញ្ហា ហើយ​តស៊ូ​ទៅវិញ​ទេ ដែល​ធ្វើឱ្យ​យើង​មាន​មោទកភាព​លើ​ខ្លួនឯង» ថា​រ័ត្ន​និយាយ​ទាំង​ញញឹម។

យ៉ាងណាក៏ដោយ កូនស្រី​អតីត​កវីនិពន្ធ​លោក​អ៊ុំ ដ​រ៉ា បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា នាពេល​អនាគត ខ្លួ​ង​ចង់​បង្កើត​ក្លឹប​បង្រៀន​អ្នកជំនាន់ក្រោយ​ឱ្យ​ចេះ​ពី​កីឡា​បុរាណ​ខ្មែរ ហើយក៏​ចង់​សម្តែង​ភាពយន្ត​ឱ្យ​ច្រើន ដើម្បីឱ្យ​ជាតិ​ដទៃ​បាន​ស្គាល់​ពី​ក្បាច់គុន​ខ្មែរ​តាមរយៈ​ខ្សែភាពយន្ត។ កញ្ញា​ថា៖ «ក្នុង​សកម្មភាព​សម្តែង​គេ​នឹង​សួរថា​ម្នាក់​ហ្នឹង​ជនជាតិ​អី? កីឡា​ហ្នឹង កីឡា​អី​ជាដើម ដែល​យើង​អាច​បង្ហាញ​ពី​អត្តសញ្ញាណ​របស់ខ្លួន​តា​មរយៈ​សិល្បៈ​ទាំង​នោះបាន»

គួរ​បញ្ជាក់ថា អ៊ុំ សំ​ថា​រ័ត្ន​ជា​កូនស្រី​ពៅ​ក្នុងចំណោម​បងប្អូន២នាក់ នៃ​គ្រួសារ​កវីនិពន្ធ​ជើងចាស់ គឺ​លោក​អ៊ុំ ដ​រ៉ា ដែល​បច្ចុប្បន្ន​តន្ត្រីករ​កូតវីយូឡុង​ដ៏​ល្បី​មួយរូប​នៅក្នុង​ទសវត្សរ៍៧០រូបនេះ មាន​វ័យ៨៣ឆ្នាំ​ហើយ។ ក្រៅពី​អាជីព​ជា​កីឡា​ការ​នីមួយ​រូប ថា​រ័ត្ន​ក៏បាន​អភិវឌ្ឍ​ខ្លួន​ដោយ​ប្រឡូក​ចូលក្នុង​វិស័យ​ភាពយន្ត​ផងដែរ ក្នុងនោះ​ថា​រ័ត្ន​បាន​សម្តែង​ក្នុង​រឿង​ហ្លួង​ព្រះស្តេច​កន, First they killed my father, Jailbreak, និង​ភាពយន្ត​បែប​ប្រយុទ្ធ​មួយចំនួនទៀត​ដែល​សុទ្ធសឹងតែ​បានបង្ហាញ​នូវ​ក្បាច់គុន​ដែល​ខ្លួន​ចេះ នៅក្នុង​ឈុត​ឆាកនីមួយៗទៀតផង៕

Share and Like this post

Related Posts

Previous Article

ពិធីបុណ្យ​សមុទ្រ​ ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកំពត​

Next Article

Smoking under fire Making a choice in creating a tobacco-free generation