សាកសួរប្រធានក្រុមហ៊ុន ពីបទបោកប្រាស់អ្នកចូលហ៊ុនជាង ៣០០លានដុល្លារ

Khmer Times No Comments Share:
Dim Sounnath
លោក ឌីម សួនណាត ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Enarita ត្រូវបានព្រះរាជអាជ្ញាកោះហៅមកសាកសួរ។ រូបថត សហការី

តុលាការក្រុងភ្នំពេញ បានសាកសួរអ្នកប្រកបរបរវិស័យអចលនទ្រព្យម្នាក់ ដែលត្រូវបានគេចោទប្រកាន់ពីបទបោកប្រាស់ប្រាក់ ពីជនរងគ្រោះរាប់រយលានដុល្លារ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុច គឹមឡុង កាលពីម្សិលមិញបានឱ្យដឹងថា លោក ឌីម សួនណាត ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Enarita ត្រូវបានព្រះរាជអាជ្ញាកោះហៅមកសាកសួរ។

ឧត្តមសេនីយ៍ឯក ងេង ជូ ជាប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃបានថ្លែងថា លោក សួនណាត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៦ កក្កដា បន្ទាប់ពីមានដីកាចាប់ខ្លួន ចេញដោយសាលាដំបូងរាជធានីភ្នំពេញ និងតុលាការខេត្តចំនួនបីផ្សេងទៀត។

ដីកាដែលចេញដោយព្រះរាជអាជ្ញាក្រុង លោក កែវ សុធា កាលពីថ្ងៃទី ១០ ខែកក្កដាបានកត់សម្គាល់ថា លោក សួនណាត ត្រូវបានកោះហៅដោយផ្អែកលើពាក្យបណ្តឹងជាច្រើន ដែលទាក់ទងទៅនឹងការបោកប្រាស់ និងចេញសែកស្អុយ។

“សមត្ថកិច្ចបានទទួលបណ្តឹងជាច្រើន នៅសាលាដំបូងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ១៥ នៅទូទាំងប្រទេស ប្ដឹងលោក សួនណាត ទាក់ទងទៅនឹងចេញសែកស្អុយ ដែលមានតម្លៃសរុបជិត ៣០០លានដុល្លារ»។

លោកបានបន្ថែមថា នគរបាលបានចាប់ផ្តើមស៊ើបអង្កេត តាមពាក្យបណ្តឹងដែលបានដាក់នៅថ្ងៃទី ៥ ខែកក្កដានៅក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច មានដើមបណ្តឹងម្នាក់និយាយថា គាត់បានចូលហ៊ុនវិនិយោគជាមួយក្រុមហ៊ុន Enarita ដោយសារតែលោក សួនណាត បានយកខ្លួនធានា ព្រមជាមួយស្នាមផ្ដិតមេដៃដោយផ្ទាល់ និងសន្យាថានឹងទទួលបានប្រាក់ចំណេញខ្ពស់។ ទោះជាយ៉ាងណា រហូតដល់ថ្ងៃទី ១៣ ខែឧសភា ពេលសែកដកប្រាក់មិនបាន លោក សួនណាត បែរជាចោទប្រកាន់ធនាគារជាតិថា បានធ្វើប្រតិបត្តិការសែករបស់គាត់យឺតយ៉ាវ។

របាយការណ៍នេះបានកត់សម្គាល់បន្ថែមទៀតថា មានជនចំណាកស្រុកកម្ពុជារាប់រយនាក់ ដែលរស់នៅប្រទេសកូរ៉េខាងត្បូង ដែលបានវិនិយោគប្រាក់ ក្នុងអាជីវកម្មអចលនទ្រព្យរបស់ លោក សួនណាត ក៏បានអះអាងថា ពួកគេត្រូវបានបោកប្រាស់ផងដែរ។

ក្រុមហ៊ុនEnarita Development ត្រូវបានគេស្គាល់ថា ធ្លាប់បានប្រកាសផ្សព្វផ្សាយពីផែនការលក់ដីឡូដ៍ នៅក្នុងរមណីយដ្ឋានជាច្រើនកន្លែងនៅ ខេត្តសៀមរាប បាត់ដំបង ប៉ៃលិន និងព្រះវិហារ៕

Share and Like this post

Related Posts

Previous Article

អង្គរក្ស​និង​គូកន​ត្រូវ​បាន​ចាប់ខ្លួន​ ​ពី​បទ​លួច​ប្រាក់​ ​២,៤លាន​ដុល្លារ​ ​ពី​ហាង​វី​ងនៅ​ខណ្ឌចំការមន​

Next Article

​ក្រសួង​កសិកម្ម​៖​ ​ពុំ​មាន​ករណី​លួច​នាំចូល​សត្វ​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​យក​មក​ស្តុក​ទុក​ទេ​