​ស្ត្រី​ស្រឡាញ់ ស្ត្រី ​រងនូវ​អំពើ​​លើផ្លូវ​ចិត្ត បង្ក​ដោយ​សមាជិក​ក្នុង​គ្រួសារ

ប៉ិច សុធារី / Khmer Times No Comments Share:
ស្ត្រីស្រឡាញ់​ស្ត្រី។ ជរ សុគន្ធា​

ភ្នំពេញ៖ ការ​​​សិក្សា​ស្រាវ​ជ្រាវមួយ​​របស់​អង្គការសហគមន៍ឥន្ទធនូកម្ពុជា (RoCK) បាន​​ឲ្យដឹងថា ស្ត្រី​ស្រឡាញ់ស្ត្រី ស្ត្រី​ស្រឡាញ់​ទាំង​​​​ពីរ​​ភេទ និងស្ត្រីប្តូរ​យេនឌ័រជាបុរស ​ជាង ៨០​ភាគរយ បាន​រងនូវ​អំពើ​​លើផ្លូវ​ចិត្ត បង្កដោយសមាជិក​ក្នុង​គ្រួសារ​​ ​ខណៈ​​​ជាង​ ៣៥​ភាគរយ​ ធ្លាប់គិតចង់សម្លាប់ខ្លួន​​ដោយសារ​តែគ្រួសារ​បានបដិសេធ​ចំពោះនិន្នាការ​ភេទ និង​ការ​​បង្ហាញ​​​យេន​ឌ័រ​​របស់ពួកគេ។​

ការសិក្សាស្រាវ​ជ្រាវ​ស្តីពី «អំពើហិង្សា​ក្នុងគ្រួសារ​ប្រឆាំង​នឹងស្ត្រីស្រឡាញ់​ស្ត្រី ស្ត្រី​ស្រ​ឡាញ់​​ទាំង​​​​ពីរ​​ភេទ និងស្ត្រីប្តូរ​យេនឌ័រជាបុរស នៅក្នុងប្រទេសកម្ពុជា» (Family Violence towards Lesbian, Bisexual and Transgendder (LB) People in Cambodia) បាន​ធ្វើ​ឡើង​តាមរយៈការ​​ជួប​សម្ភាសន៍ជាមួយ ស្ត្រី​ស្រ​ឡាញ់​ស្ត្រី ស្ត្រី​​ស្រ​ឡាញ់​​​​ទាំង​​​​​ពីរ​​​ភេទ និង​ស្ត្រីប្តូរ​យេនឌ័រជា​បុរសសរុប​ចំនួន ៦១នាក់ នៅក្នុង​ខេត្តចំនួន៨ រួមនិង​អ្នកពាក់ព័ន្ធ​ជា​​ច្រើន​រូប​ទៀត។​

យោ​ង​តាមលទ្ធផលស្រាវ​ជ្រាវ​របស់ RoCK និងក្រុម​អ្នកស្រាវជ្រាវ​ឯក​រាជ្យដឹកនាំ​ដោយ​លោកស្រី កាស៊ូមី ណាកាហ្កាវ៉ា សាស្ត្រា​​ចារ្យ​ផ្នែកយេនឌ័រ​នៃ​សកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ​ដែល​​​បាន​​​ផ្សព្វផ្សាយកាលពី​ថ្ងៃពុធ បាន​ឲ្យ​ដឹង​ថា ស្ថាន​​​ភាពអំពើហិង្សា​ក្នុងគ្រួសារ​លើ​ស្ត្រី ស្ត្រី​ស្រឡាញ់ស្ត្រី ស្ត្រី​ស្រ​ឡាញ់​​ទាំង​​​​ពីរ​​ភេទ និងស្ត្រីប្តូរ​យេនឌ័រជាបុរស បង្ក​ដោយ​​​សមាជិកក្នុង​គ្រួសារ​ត្រូវបាន​រកឃើញថា មានកម្រិត​ខ្ពស់​រហូត​ដល់​ ៨១% នៃ​អ្នក​ដែលមានអាយុក្រោម ៣៥​ឆ្នាំ ហើយទម្រង់​នៃ​អំពើហិង្សានោះ មាន​ដូចជា​អំពើហិង្សា​​លើ​ផ្លូវ​ចិត្ត អំពើហិង្សា​លើ​ផ្លូវ​កាយ​​ ការ​ដកហូត​ទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​ និង​បំបិទ​សិទ្ធិ​សេរីភាពផ្ទាល់ខ្លួន​ជា​ដើម​​​​។ ការសិក្សានោះបាន​បញ្ជាក់ថា៖ «ស្ថាន​ភាព​នៃ​អំពើហិង្សា​ដែល​បង្ក​ឡើង​ដោយ​​សមាជិក​ក្នុងគ្រួសារ​​ជា​បញ្ហា​ធ្ងន់​ធ្ងរ​​ ដែលអាច​ផ្តល់​ផល​អវិជ្ជមានដល់ជីវិត​របស់ពួក​គេ បើប្រៀប​ធៀប​​ទៅ​នឹង​​អំពើ​ហិង្សា​​​ដែល​បង្ក​ឡើង​ដោយ​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ»។

ការសិក្សា​ បាន​បន្តថា ឬសគល់នៃ​​អំពើហិង្សា​ពីសមាជិក​គ្រួសារ​​របស់ស្ត្រីស្រឡាញ់ស្ត្រី ស្ត្រី​ស្រឡាញ់ទាំង​ពីរ​ភេទ និង​ស្ត្រី​ប្តូរ​យេនឌ័រ​ជា​បុរស​ មាន​លក្ខណៈ​ខុស​ៗ​គ្នា​ ទៅតាម​ការ​ប្រៀនប្រដៅ​កូនពីបុរាណ តាម​ផ្នត់​គំនិត​សង្គម និង​តាម​សាស​នា​ឬជន​ជាតិ​​ជា​ដើម ​ដូចជា ឪពុក​ម្តាយ​ខ្លះ​មាន​អារម្មណ៍ថា​អាម៉ាស់​ជា​ខ្លាំង​នៅពេល​ដែល​កូន​ស្រី​របស់​ពួក​គាត់​មិន​​អនុ​វត្ត​​​តាម​​តួនាទី​​យេនឌ័រ​ហើយពួកគាត់​បាន​ប្រើ​អំពើហិង្សា​ទៅ​លើកូន​របស់ពួកគាត់ដើម្បី​លុបបំបាត់ក្តី​អាម៉ាស់​ទាំង​​​នោះ ខណៈដែ​ល​ឪពុកម្តាយ​ខ្លះទៀត ត្រូវ​ទទួល​រង​នូវ​ឥទ្ធិពល​ផ្នត់គំនិត​សង្គម​ ដែលធ្វើ​ឲ្យ​ពួកគាត់​​ព្យាយាម​កែ​ប្រែ​អត្ត​សញ្ញាណ​​យេនឌ័រ​កូន​ៗ​របស់​ពួកគាត់​ឲ្យស្រប​នឹង​ភេទពីកំណើតជាដើម​​។

ការ​សិក្សា​នោះបន្ថែម​ថា៖ «អំពើហិង្សា​ក្នុង​គ្រួសារ​ជា​​បទ​ពិសោធន៍​ដែល​មិន​អាច​​ភ្លេច​បាន​​របស់​ពួកគេ​ ដោយ​សារ​​តែ​​អំពើ​​​ហិង្សា​ប្រភេទ​​នេះ​ ​បង្ខំឲ្យមានការចាកចេញពី​ផ្ទះ បង្ខំឲ្យ​បិទ​បាំង​​អត្ត​​សញ្ញាណ​​​​ពិត ហើយ​​​អាច​​បង្ក​​ឲ្យ​មាន​​បញ្ហា​​ផ្លូវ​ចិត្តទៀត​ផង»។

ការសិក្សាស្រាវ​ជ្រាវរបស់​ Rock បាន​បន្តថា ស្ត្រី​ស្រឡាញ់​​ស្ត្រី​ ស្ត្រី​ស្រឡាញ់ទាំងពីរ​ភេទ និង​ស្ត្រី​ប្តូរ​យេន​ឌ័រ​ជា​បុរស​ចំនួន ១០ភាគរយ​ ជួប​ប្រទះនឹង​អំពើ​ហិង្សា​ផ្លូវភេទ ដែលជា​ធម្ម​តា​កើត​ឡើង​ដោយសារការបង្ខំ​ឲ្យ​រៀប​ការ​​ជាមួយ​បុរស ខណៈ​ដែល ៣៥ភាគ​រយនៃ​ពួកគេ​ ធ្លាប់​គិតចង់សម្លាប់ខ្លួននិងធ្លាប់សម្លាប់ខ្លយន​ហើយតែមិនបាន​សម្រេច ដោយសារ​តែការបដិសេធ​របស់គ្រួសារ​របស់​ពួកគេចំពោះ​​និន្នា​​ការ​ភេទ អត្តសញ្ញាណ​យេនឌ័រ និងការបង្ហាញ​យេនឌ័រ។

កញ្ញា លី ពិសី អ្នកសម្រប​សម្រួល​​អង្គការ​ RoCK ​បាន​លើកឡើ​ងថា ការសិក្សាស្រាវជ្រាវនេះ នឹង​ក្លាយជា​សក្ខីកម្ម និង​ជាទស្សនទាន​មួយ​​ ដើម្បី​រៀបចំឲ្យមាន​សកម្មភាពផ្សេង​ៗ​នៅថ្ងៃអ​នា​គត ក្នុងការ​​ដំណោះស្រាយ និង​តម្លាភាព​ឆ្លើយតប​​ទៅ​នឹង​ភាពអយុត្តិ​ធម៌​ អំពើហិង្សា​លើយេនឌ័រ និងអំពើហិង្សា​ក្នុងគ្រួសារ​ប្រឆាំង​នឹង​ក្រុម​ងាយ​រង​គ្រោះ ដែល​បង្ក​ឡើង​ដោយ​​​សមាជិក​​គ្រួសារ ដោយ​សារ​កត្តានិន្នាការភេទ អត្តសញ្ញាណ​​យេនឌ័រ និងការបង្ហាញយេនឌ័រ​របស់បុគ្គល។

កញ្ញា បានបន្តថា៖ «​អង្គការ​ RoCK មានគោល​ជំហរយ៉ាង​មុតមាំ​​ក្នុងការ​ស្នើ​ឲ្យ​អាជ្ញាធរ​​រាជ​រដ្ឋាភិបាល អង្គការ​ជាតិ​អន្តរ​ជាតិ ស្ថាប័ន​អប់រំ និងដៃ​គូរ​អភិវឌ្ឍ បន្ត​ចូលរួម​តស៊ូ​មតិ​​ក្នុងការ​គាំពារ​សិទ្ធិ​ និងសេរី​ភាព​របស់​ស្ត្រី​ស្រឡាញ់​​ស្ត្រី​ ស្ត្រី​ស្រឡាញ់​​ទាំងពីរ​ភេទ និង​ស្ត្រី​ប្តូរ​យេន​ឌ័រ​ជា​បុរស​ ដើម្បីឲ្យ​ពួក​គេ​​អាច​រស់នៅ​ក្នុងសង្គម​ជៀស​ផុត​​ពីការ​រើស​អើង​ និង​អំពើ​ហិង្សា​​គ្រប់រូបភាព​ទាំង​អស់»។ញ្ញា សំ មុនី​​វិជ្ជរា តំណាងសហគមន៍​អ្នក​ស្រឡាញ់ភេទ​ដូចគ្នានៅ​ខេត្តព្រះសីហនុ បាន​និយាយថា បើ​​ទោះជាសង្គម​ទាំង​មូលមាន​ការយល់​ដឹងច្រើន​ពីសិទ្ធិអ្នកស្រឡាញ់ភេទ​ដូចគ្នា ប៉ុន្តែ​នៅតែមាន​សហគមន៍ និងក្រុម​គ្រួសារមួយ​ចំនួន​នៅ​តែ​មានការរើស​អើងទៅលើ​ពួកគេ។ កញ្ញាថា៖ «គ្រួសារមួយ​ចំនួន​នៅតែ​មានការ​រើសអើង​​​ ដូចជាឪពុកម្តាយ​ខ្លះ​ តែង​​​តែ​​បង្ខាំងកូនមិន​ឲ្យ​ទៅ​ស្រឡាញ់​ភេទ​ដូចគ្នា​ មិន​ឲ្យ​កូន​ទៅ​ស្លៀក​ពាក់ទៅតាមអត្តសញ្ញាណ​យេនឌ័រ​​ទៅ​តាម​ចំណង់​​ចំណូល​ចិត្ត​របស់​​​ពួក​គេជា​ដើម»។

ប្រធាន​គណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បានមាន​​ប្រសាសន៍កាលពី​ពេល​ថ្មីៗ​​នេះ​​ថា​​​ ​​រាជ​រដ្ឋាភិបាល​មានការ​គាំទ្រ​​​ចំពោះ​អ្នក​​​ស្រឡាញ់​​ភេទ​​​ដូច​​គ្នា និងបាន​អំពាវនាវដល់ប្រជាពលរដ្ឋ​ និង​​អាណា​ព្យាបាលទាំង​អស់ កុំ​មាន​ការ​រើស​អើងទៅលើ​អ្នកស្រឡាញ់ភេទ​​ដូចគ្នា។ លោកថា៖ «សំខាន់គឺ​​​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​រួម​គ្នា​ប្រយុទ្ធប្រឆាំងនឹង​ការ​រើសអើង​​លើអ្នក​ស្រឡាញ់ភេទ​ដូច​គ្នា កុំ​មាន​ហិង្សា​​ក្នុងគ្រួសារ​​​​ព្រោះ​​តែ​​​​ឪពុកម្តាយ​មិន​ទទួលស្គាល់កូន​ចៅ​​របស់ខ្លួន​​ដែល​ប្តូរ​យេនឌ័រ​ និងកុំ​បណ្តេញ​កូន​​​ចេញពីផ្ទះ​ជាដើម ព្រោះអី​​​​គោលនយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​មានហើយ អត់​​មាន​​ការ​​រើស​​អើងចំពោះអ្នក​ស្រ​​ឡាញ់​​​​ភេទដូចគ្នា​​​ទេ»៕

Share and Like this post
Previous Article

​ក្រសួង​កសិកម្ម​៖​ ​ពុំ​មាន​ករណី​លួច​នាំចូល​សត្វ​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​យក​មក​ស្តុក​ទុក​ទេ​

Next Article

រក​ឃើញ​ឯកសារ​ខុសច្បាប់​ជិត​ ​៤ម៉ឺន​ ​ឲ្យ​ជនបរទេស​រស់នៅ​​កម្ពុជា​