កវី​ជំនាន់​ថ្មី​​ចែក​រំលែក​ពី​ដំណើរ​វិវត្តន៍​កំណាព្យរបស់ខ្លួន

វ៉ា សុនីកា / Khmer Times No Comments Share:

ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​យុវជន យ៉េង ឈាងលី តែង​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍន៍​កំណាព្យ​​របស់ខ្លួន។ ត្បិត​ការងារ​នេះ​​ហាក់​ដូច​ជា​មិន​បង្ហាញ​ពី​សន្ទុះ​ការ​គាំទ្រ​ខ្លាំងក្លា ប៉ុន្តែ​យុវជន​រូប​នេះ​នៅ​តែ​បន្ត​ការងារ​​ដែល​ខ្លួន​ពេញចិត្ត​ឥត​រួញរារ រហូត​បាន​សាង​សមិទ្ធិផល​ជា​ច្រើន​​ក្នុង​គោល​ដៅ​ជំរុញ​ការ​តាក់តែង​កំណាព្យ​ឲ្យ​​រស់រាន​មាន​ជីវិត និង​បាន​ក្លាយ​ជា​ជន​បង្គោល​មួយ​រូប​នៅ​ក្នុង​ការ​ងារ​លើក​ស្ទួយ​​វិស័យ​កំណាព្យ។ យុវជន​មក​ពី​ខេត្ត​កណ្តាល​រូប​នេះ​បាន​រៀបរាប់​ដំណើរ​ដើម​ទង​នៃ​ការ​សិក្សា​ផ្នែក​តែង​កំណាព្យ​ឲ្យ​ដឹង​ថា​ ជា​យុវជន​នៅ​ទី​ជនបទ​មួយ​រូប​ លោក​បាន​រៀន​សូត្រ​ចំណេះដឹង​ផ្នែក​កំណាព្យ​ពី​ព្រះសង្ឃ​នៅ​ក្នុង​អារាម។ ក្រោយ​ពី​រៀនសូត្រ​ការ​តែង​កំណាព្យ​​បាន​ប្រមាណ​៣​ឆ្នាំ​ លោក​ក៏​ត្រូវ​ផ្លាស់​ទី​លំនៅ​មក​រស់នៅ​ទី​ក្រុង​ដើម្បី​ធ្វើ​ការ​និង​រៀនសូត្រ​ ដែល​ធ្វើ​ឲ្យ​អាក់ខាន​ការ​តែង​កំណាព្យ​អស់​មួយ​រយៈ​ពេល។ ទោះ​យ៉ាង​នេះ​ក្តី ឈាងលី ពុំបាន​បោះបង់​ការងារ​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ឡើយ។ នៅ​ពេល​ដែល​កំពុង​រស់នៅ​ទី​ក្រុង​នោះ​ឯង​ ដែល​យុវជន​រូប​នេះ​​រក​ឃើញ​ថា​​មាន​ព្រឹត្តិការណ៍​ក្នុង​ជីវិត​ជា​ច្រើន​ដែល​​លោក​បាន​យក​មក​បរិយាយ​នៅ​ក្នុង​កំណាព្យ​ដើម្បី​បន្ធូរ​ភាព​​តានតឹង​ក្នុង​ជីវិត។

ការ​ខិតខំ​​ព្យាយាម​ស្រាវជ្រាវ​ពី​គន្លឹះ​នៃ​ការ​តែង​និពន្ធ​កំណាព្យ​របស់​យុវជន​រូប​នេះ​​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ថា​ក្នុង​ស្រុក​ឬ​ក្រៅ​ស្រុក​​ទទួលស្គាល់គាត់។ កាល​ពី​ឆ្នាំ ២០១៧ លោក​ឈាង​លី បាន​ផ្តួចផ្តើម​បោះពុម្ព​សៀវភៅ​​​កម្រង​កំណាព្យ​​ស្តី​ពី​វិបត្តិ​របស់​​ប្រទេសអាស៊ាន​​ដែល​​និពន្ធ​ដោយ​កវី​ចម្រុះ​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​១០​រូប​ ហើយ​ផ្តល់​ចំណង​ជើង​ថា​ «តស៊ូ​ដើម្បី​ជាតិ»។

ដំណើរ​​ជីវិត​លើ​វិថី​កំណាព្យ​របស់​ឈាង​លី មិន​បញ្ចប់​តែ​ត្រឹម​ហ្នឹង​នោះ​ទេ។ កវី​វ័យ​ក្មេង​រូប​នេះ​កំពុង​ព្យាយាម​ស្រាវជ្រាវ​រៀន​សូត្រ​ពី​កំណាព្យ​បរទេស​ ពិសេស​លើ​សិល្ប៍​វិធី​ក្នុង​ការ​តែង​កំណាព្យ​ឥត​ចុង​ជួន​ ឬ​ហៅ​ថា​កំណាព្យសេរី។ ទន្ទឹម​នឹង​នេះ​ដែរ​ ឈាង​លី​ក៏ធ្លាប់​នាំ​កំណាព្យ​របស់​ខ្មែរ​ទៅ​ផ្សព្វផ្សាយ​នៅ​ក្នុង​កម្មវិធី​ជា​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​នានា។ នៅ​ក្នុង​ទំព័រ​នេះ​ យើង​នឹង​ពិភាក្សា​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ពី​ទស្សនៈ​របស់​យុវជន ឈាងលី​ លើ​​​ការ​វិវត្តន៍​ផ្នែក​​​កំណាព្យ​​របស់ខ្លួន៖

តើ​កំណាព្យ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​លោក?

កាល​ពី​ខ្ញុំ​ទើប​តែ​ចាប់​ផ្តើម​រៀន​កំណាព្យ​ខ្ញុំចូលចិត្តផ្តល់​និយម​ន័យដល់​​​កំណាព្យ​ណាស់។ បើ​តាម​អត្ថន័យ​វា​គួរ​តែ​ជា​ឃ្លា​ពិរោះ​ណែងណង។ តែ​មក​ដល់​ឥឡូវ​ខ្ញុំ​បែរ​ជា​យល់​ថា​ កំណាព្យ​គឺ​ដូច​ជា​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង។ ធម្មជាតិ​នោះ​មាន​ដូច​ជា​មនុស្ស សត្វ​ រុក្ខជាតិ​ និង​អ្វីៗ​គ្រប់​បែប​យ៉ាង។ ប៉ុន្តែ​ទាំងអស់​នោះ គឺ​មាន​សោកនាដកម្ម ដែល​អាច​ឲ្យ​ខ្ញុំ​យក​កំណាព្យ​មក​ឈ្លេច​វា​ចេញ​មក។ ពេល​ខ្លះ​ខ្ញុំយល់​ថា​អ្នក​ខ្លះ​មិន​ដឹង​និយាយ​ចេញ​មក​យ៉ាង​ម៉េច។ ដូច្នេះ​ការ​យក​កំណាព្យ​មក​ឈ្លេច​យក​ភាព​ឈឺចាប់​ទាំងនោះ​ចេញ​មក​ អាច​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្បើយ។ ពេល​ខ្លះ​ខ្ញុំ​យល់​ថា​ កំណាព្យ​ហាក់​ដូច​ជា​ថ្នាំ​ព្យាបាល​ផ្លូវ​ចិត្ត​ដូច្នេះ​ដែរ។

 

តើ​អ្នក​ណា​ជា​និមិត្តរូប​របស់​លោក?

ពេល​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​បាន​ទៅ​រៀន​កំណាព្យ​នៅ​ក្នុង​វត្ត​ជាមួយ​ព្រះអង្គ​ ជិន មាស ដែល​ពេល​នេះលោក​បាន​លា​ចាក​សិក្ខាបទ​ហើយ។ លោក​គឺ​ជា​កវី​​មាន​កេរ្តិ៍​ឈ្មោះ​មួយ​រូប​ដែរ​តាំង​ពី​ដើម​រហូតមក​ដល់​ពេល​នេះ។ លោក​គឺ​ជា​គ្រូ​ដែល​បង្ហាត់​បង្រៀន​ខ្ញុំ​ពី​មូលដ្ឋាន​​និង​ការ​សរសេរ​កំណាព្យ​និង​រឿង​ខ្លី។ ខ្ញុំ​ចូលចិត្ត​ស្នាដៃ​កំណាព្យ​គាត់​ត្រង់​ថា​ គាត់​មិន​ប្រៀនប្រដៅ​មនុស្ស​ដោយ​ចំៗ។ លោក​គ្រូ​ មាស តែង​តែ​យក​កំណាព្យ​ល្អៗ​ដែល​ជាប់​រង្វាន់​ផ្សេងៗ​មក​ឲ្យ​ខ្ញុំ​អាន​និង​រៀន​សូត្រ។ ខ្ញុំ​នៅ​ចាំ​បាន​ថា​​ មាន​កំណាព្យ​របស់​គាត់​មួយ​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​និង​មាន​សង្ឃឹម​ឡើង​វិញ​ពេល​អាន​ហើយ។ ចំណែក​និមិត្តរូប​របស់​ខ្ញុំ​ម្នាក់​ទៀត​គឺ​លោក​គ្រូ យិន លួត ដែល​ជា​កវី និង​ជា​សាស្រ្តាចារ្យ​ខ្មែរ​​មួយ​រូប​បច្ចុប្បន្ន​កំពុង​រស់​នៅ​ប្រទេស​អាមេរិក។ ពេល​នោះ​ខ្ញុំ​បាន​ជួប​គាត់​កាល​ពី​ឆ្នាំ​២០១៣ ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តី​ពី​ការ​និពន្ធ​កំណាព្យ​ទំនើប។ ក្រោយ​ពី​ជួប​គាត់​និងជជែក​ជាមួយ​គាត់​ហើយ​ ខ្ញុំ​ក៏​នៅ​តែ​បន្ត​ទាក់ទង​ជាមួយ​គាត់​ទោះបី​ជា​គាត់​មិន​នៅ​ក្នុង​ស្រុក។ គាត់​តែងតែ​ចែក​រំលែក​ចំណេះដឹង​ការ​សរសេរ​របស់​គាត់​មក​ឲ្យ​ខ្ញុំ។ ហើយបើ​សិន​ជា​មាន​ចំណុច​ខ្លះ​ដែល​ត្រូវ​បកស្រាយ​វែង​ គាត់​នៅ​តែ​ព្យាយាម​បក​ស្រាយ​និង​ទាក់ទង​មក​វិញ​តាម​រយៈ​អ៊ីមែល។

លោក​ធ្លាប់​សរសេរ​កំណាព្យ​ឥត​ចុងជួន ដែល​មិន​មែន​ជា​វិធី​តែង​កំណាព្យ​របស់​ខ្មែរ​។ តើ​លោក​អាច​ប្រាប់​បន្ថែម​ពី​កំណាព្យ​ប្រភេទ​នេះ​បាន​ទេ?

ខ្ញុំ​ធ្លាប់​បាន​ចូលរួម​សិក្ខាសាលា​ស្តី​ពី​កំណាព្យ​ទំនើបនិយម។ កម្មវិធី​នេះ​និយាយ​ពី​ការតែង​កំណាព្យ​ឥត​ចុងជួន។ ការ​តែង​របៀបនេះ​មិន​មែន​ជា​របៀប​ខ្មែរ​ទេ។ វា​មក​ពី​ប្រទេស​បស្ចិមលោក។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ដឹង​ថា​យើង​អាច​សរសេរ​កំណាព្យ​បាន​ច្រើន​ទម្រង់។ កវី​​កំណាព្យ​សម័យ​ថ្មី​ផ្តោត​ទៅ​លើ​ការ​រៀបរាប់​ពី​ការ​ស្រមើស្រមៃ​របស់​ខ្លួន ហើយ​កវី​អាច​ប្រើប្រាស់​ពាក្យ​បាន​ច្រើន​សម្រាប់​រៀបរាប់។ ប៉ុន្តែ​ការ​សរសេរ​កំណាព្យ​មាន​ចុងជួន​និង​ឥត​ចុងជួន​សុទ្ធ​តែ​មាន​ការ​លំបាក​ផ្សេង​គ្នា។ យើង​មិន​ទម្លាក់​តម្លៃ​កំណាព្យ​ខ្មែរ​ទេ​ ព្រោះ​របៀប​តែងនីមួយៗ​សុទ្ធ​តែ​មាន​ប្រវត្តិ​និង​ការ​លំបាក​ខុសៗ​គ្នា។ សម្រាប់​ខ្ញុំ​ ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​អស់​ពី​លទ្ធភាព​ដើម្បី​សរសេរ​កំណាព្យ​មាន​ចុង​ជួន ហើយ​ក៏​កំពុង​រៀន​​សរសេរ​របៀប​ឥត​ចុង​ជួន។

តើ​កំណាព្យ​ជះឥទ្ធិពល​ដូចម្តេច​ដល់​សង្គម​ខ្មែរ?

ត្រលប់​ទៅ​កាល​ពី​ដើម​វិញ យើង​បាន​ឃើញ​ហើយ​ថា​រឿង​អក្សរសិល្ប៍​ខ្មែរ​មួយ​ចំនួន​ដូច​ជា​រឿង រាមកេរ្តិ៍ ទុំទាវ កាកី និង​រឿង​ផ្សេងៗ​ទៀត​​ត្រូវ​បាន​និពន្ធ​ឡើង​ក្នុង​ទម្រង់​ជា​កំណាព្យ។ ពិត​ណាស់​ថា​កំណាព្យ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​មនុស្ស​ក្នុង​សង្គម​ និង​បង្រៀន​មនុស្ស​ពី​ការ​បែងចែក​ល្អ​និង​អាក្រក់។ វា​បង្ហាញ​ថា​កំណាព្យ​ពិត​ជា​មាន​តម្លៃ​សម្រាប់​សង្គម​ណាស់​កាល​ពី​សម័យ​មុន។ ដោយឡែក ដោយសារ​តែ​ការ​រីកចម្រើន​លើ​វិស័យ​បច្ចេកវិទ្យា​ វា​ធ្វើ​ឲ្យ​កំណាព្យ​ត្រូវ​បាន​កប់​ទុក​នៅ​ជ្រុង​មួយ​នៃ​សង្គម​ដែល​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍ ហើយគេ​លែង​សូវយក​កំណាព្យ​មក​ប្រើ​ក្នុង​ការ​អប់រំ​សង្គម​។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ នៅ​ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ​កើតឡើង​ក្នុង​សង្គម កំណាព្យ​នឹង​ត្រលប់​មក​ដើរ​តួ​ជា​អ្នក​ព្យាបាល​ភាព​សោកសៅ​របស់​ជាតិ​សាសន៍​នោះ។ សម្រាប់​ខ្ញុំ កំណាព្យ​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​សង្គម​ មិន​ត្រឹម​តែ​សង្គម​ខ្មែរ​ប៉ុណ្ណោះទេតែ​ខ្ញុំ​ជឿ​ថា​គ្រប់​ជាតិ​សាសន៍​ទាំងអស់ដែល​កំណាព្យ​មាន​តម្លៃ​សម្រាប់​ពួកគេ ព្រោះ​កំណាព្យ​មាន​ថាមពល​ដែល​អាច​ព្យាបាល​របួស​ក្នុង​ចិត្ត​មនុស្ស​បាន។

តើ​ធ្វើ​ដូចម្តេច​ដើម្បី​ទាក់ទាញ​យុវជន​ជំនាន់ក្រោយ​ឲ្យ​ចាប់អារម្មណ៍​លើ​កំំណាព្យ?

កវី​ខ្លួន​ឯង​ត្រូវ​តែ​ជំរុញ​​ឲ្យ​អ្នក​អាន​បាន​ស្គាល់​ស្នាដៃ​របស់​ខ្លួន ដូចជា​កវី​​អាច​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បង្ហាញ​ស្នាដៃ​និពន្ធរបស់​គាត់​ជា​សាធារណៈ​ជាដើម។ មួយ​ទៀត​​ យើង​ក៏ត្រូវ​ការ​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​បង្កើត​កម្មវិធី​ជាប់លាប់​មួយ​ដែល​អាច​ឲ្យ​កវី​បង្ហាញ​ស្នាដៃ​របស់​គាត់​ដល់​សាធារណជន​ នៅ​ទី​កន្លែង​ណា​មួយ​មិន​ថា​ទី​ក្រុង ឬ​នៅ​ទី​ជនបទ​ក៏​បាន។ ចំណែក​ឯ វិស័យ​​ឯកជន​ក៏​អាចចូលរួម​បាន​ដែរ​តាម​រយៈ​ការផ្តល់ទីតាំង​ ការ​ឧបត្ថម្ភ​ដល់​កម្មវិធី​ដែល​អាច​ឲ្យ​យើង​អញ្ជើញ​កវី​ក្នុងតំបន់អាស៊ានមក​ចែក​រំលែក​បទពិសោធន៍​ដល់​យុវជន​ជំនាន់​ក្រោយ​ជាដើម។ ខ្ញុំ​ជឿ​ថា​ សិស្ស​និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​ជំនាញ​អក្សរសាស្រ្ត​ក៏​មាន​ចំនួន​ច្រើន ហើយ​បើ​សិន​ជា​មាន​កម្មវិធី​ចែក​រំលែក​ចំណេះដឹង​បែប​នេះ​ ពួក​គេ​ប្រាកដ​ជា​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួមនិងស្តាប់កំណាព្យពីច្រើនតំបន់​ជា​មិន​ខាន៕​

Share and Like this post

Related Posts

Previous Article

​ក្រសួង​ ​បញ្ជូន​មន្ត្រី​ជំនាញ​ ​និង​ឧបករណ៍​សម្រាប់​វិភាគ​រក​មេរោគ​ប៉េស្ត​ជ្រូក​អាហ្រិក​

Next Article

ក្រសួង​កសិកម្មដកប្រធាន​ការិយាល័យ​​បសុ​ព្យាបាល​សត្វ​ខេត្តត្បូង​ឃ្មុំ​​​ ខណៈដែល​ជំងឺប៉េស្ត​ជ្រូកអាហ្រ្វិក​ផ្ទុះ​ឡើង​​ដល់ខេត្ត​កណ្តាល​