ក្រសួង​កសិកម្មដកប្រធាន​ការិយាល័យ​​បសុ​ព្យាបាល​សត្វ​ខេត្តត្បូង​ឃ្មុំ​​​ ខណៈដែល​ជំងឺប៉េស្ត​ជ្រូកអាហ្រ្វិក​ផ្ទុះ​ឡើង​​ដល់ខេត្ត​កណ្តាល​

ប៉ិច សុធារី / Khmer Times No Comments Share:
ជំងឺប៉េស្ត​ជ្រូកអាហ្រ្វិក​ផ្ទុះ​ឡើង​​ដល់ខេត្ត​កណ្តាល​។ ឃួន ណារីម

ភ្នំពេញ៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានសម្រេចដកប្រធាន​ការិយាល័យ​​បសុ​ព្យាបាល​សត្វ​នៅ​ខេត្តត្បូង​ឃ្មុំ​​​ ក្រោយ​​ពី​មន្ត្រី​រូប​នេះ ធ្វេស​ប្រហែសបណ្តាល​ឲ្យកើត​មាន​ការឆ្លង​ជំងឺ​​ប៉េស្ត​ជ្រូកអាហ្រ្វិក​ ខណៈដែល​ជំងឺនេះត្រូវបាន​សង្ស័យ​​​ថា ​មានការ​ផ្ទុះ​ឡើង​​នៅ​​ខេត្ត​កណ្តាល​​។

ករណី​ជំងឺបេស្ត​ជ្រូក​អាហ្រ្វិក បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ចំនួន​៤ ក្នុង​ប្រទេស​កម្ពុជា គិត​ចាប់តាំងពី​ខែ​ដើម​ខែ​មេសា​​មក ក្នុង​នោះ មាន​ខេត្ត​រតនគិរី ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​ស្វាយ​រៀង និង​ខេត្តតា​កែវ។

នាយក​រង​ខុទ្ទ​កាល័យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និងនេសាទ លោក ចាន់ ហេង បាន​ប្រាប់​កាសែតខ្មែរ​​ថាមស៍​ នៅ​ថ្ងៃព្រហស្បត្តិ៍​នេះ​​​ថា ការសម្រេចដកប្រធាន​ការិយាល័យបសុ​ព្យាបាល​​​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ លោក រី ដាវីន កាល​ពី​ដើម​សប្តាហ៍​នេះ ​គឺ​ដោយ​សារ​​តែ​​រូប​គាត់ ​មានការធ្វេស​ប្រហែស​​ក្នុង​ការបំពេញ​ការងារ និង​មានការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេស​​ជិត​ខាង​ដែល​នាំ​ឲ្យ​ផ្ទុះ​ឡើង​នៅ​ជំងឺបេស្តជ្រូក​នេះ។

លោកថា៖ «ខាង​ក្រសួង​បាន​សុំ​​​ឲ្យ​ខេត្ត​ចាត់វិធាន​ការដក​តួនាទីគាត់ និង​ផ្ទេរការងារ​គាត់​ដោយ​សារ​មន្ត្រី​ហ្នឹង​គាត់​បំពេញ​តួនាទីខ្វះ​ចន្លោះ មានការ​អនុញ្ញាត​[នាំ​ចូល​សត្វ​ជ្រូក]នាំ​ឲ្យផ្ទុះ​​​​ជំងឺ​​បេស្ត​ជ្រូក​ ​យើង​មាន​វិធាន​ការ​ដក​រូប​គាត់​ឲ្យ​ម​ក​នៅ​រដ្ឋបាល​កណ្តាល​របស់​ក្រសួង​​​វិញ»។

ពាក់ព័ន្ធនឹង​ស្ថាន​ភាពជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិកនេះ​ លោក ចាន់ ហេង បានឲ្យដឹង​ដែរ​​ថា មន្ត្រីជំនាញ​បាន​និងកំពុង​​ចុះ​ត្រួត​​​ពិនិត្យ និង​ធ្វើតេស្ត​ឈាម​ទៅ​លើសត្វ​ជ្រូក​​ដែល​ងាប់​ជាច្រើន​ក្បាល​នៅ​ខេត្ត​កណ្តាល ដែល​សង្ស័យ​ថា​មានផ្ទុក​មេរោគ​​ប៉េស្ត​​ជ្រូក​អាហ្រ្វិកនេះដែរ។ ​លោកថា៖ «ឥលូវនេះ​យើង​កំពុង​ចុះ​ពិនិត្យ និងយក​ឈាម​សត្វជ្រូក​ដែល​ងាប់​នោះ​ទៅ​ពិសោធន៍សិន បើ​រក​ឃើញ​ថាវិជ្ជ​មាន​ហើយ បាន​យើ​ងចេញ​ប្រកាស​កំណត់​តំបន់​ផ្ទុះ​ជំងឺ​ជា​ផ្លូវ​​ការ លូវ​ឲ្យ​ខាង​ជំនាញ​​​គេ​ចុះ​ធ្វើ​ការ​សិន»។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​កណ្តាល លោក ប៊ុន ទួនស៊ីមូណា បាន​មាន​ប្រសាសន៍​​យ៉ាង​ខ្លី​ថា ពិត​​ជា​​មាន​សត្វ​ជ្រូក​រាប់​សិប​ក្បាល​របស់​ប្រជាពលរដ្ឋ​នៅឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង​​ បានឈឺ​ និង​​​ងាប់​ជា​បន្តបន្ទាប់​ដោយ​សារ​មានជំងឺ​​ ហើយ​មន្ត្រីជំនាញបាន​និងកំពុង​មមាញឹកក្នុងការបំផ្លាញ​សត្វ​ទាំងនោះ។ លោកថា៖ «ឥលូវ​​យើង​កំពុង​តែធ្វើ​​ពិឃាត​សត្វ​​ជ្រូកដែលឈឺ និង​កម្ទេចចោល​ជ្រូក​ដែលងាប់ អភិបាល​ខេត្ត​និងមន្ត្រីជំនាញកំពុងធ្វើការលើ​រឿង​​នេះ»។

នៅក្នុងសន្និសីទ​សារព័ត៌មាន​ ស្តីពី «បញ្ហា​ផ្ទុះជំងឺ​ប៉េស្តជ្រូក» នៅថ្ងៃ​ព្រហស្បត្តិ៍នេះ ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋានសុខ​ភាព​សត្វ​ និងផលិត​កម្ម​សត្វ លោក​តាន់ ផាន់ណារ៉ា បាន​ថ្លែង​ថា ចាប់តាំង​ពី​កម្ពុជា​ បាន​ផ្ទុះ​ឡើង​នូវ​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិកតាំង​ពីខែមេសា​មក មានសត្វ​ជ្រូក​ចំនួន ៧៩៨​ក្បាល​ហើយ ដែ​ល​ត្រូវ​បាន​សម្លាប់​ចោល​ ដែលក្នុងមួយ​ក្បាល​ខាត​បង់​ថវិកាប្រមាណ ​២០០ដុល្លារ ខណៈដែលសត្វជ្រូករាប់​រយ​ក្បាល​ទៀត​បាន​​​ងាប់​​ដោយសារ​ជំងឺ​នេះ។​

លោកថា៖ «ខ្ញុំ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ ថាស្ថាន​ភាព​ជំងឺ​នេះ​​ធ្ងន់​ធ្ងរ​ឬស្រាល ប៉ុន្តែ​មិន​​​ស្រាល​​ទេ ព្រោះ​ជំងឺ​នេះ​រាត​ត្បាត​សាហាវ​ណាស់​​ ហើយ​ជំងឺ​​​ដែល​​ផ្ទុះ​ឡើងនៅប្រទេស​យើង វា​ជាប្រភេទ​វីរុស​មាន​លក្ខណៈស្រួច​ស្រាវ​ ធ្វើឲ្យសត្វ​ងាប់​​លឿន​​មួយ​រយភាគ​រយ»។

លោក​តាន់ ផាន់ណារ៉ា​ បាន​បន្តថា ក្រសួង​នឹង​បន្ត​ចាត់វិធានការ​ទប់ស្កាត់​​ឲ្យកាន់តែ​​ម៉ឹង​ម៉ាត់​បន្ថែមទៀត ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​រាល​ដាល​ទៅ​តំបន់​ផ្សេង​។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ​​ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ថា ច្បាប់កម្ពុជា​ មិនមាន​ការកំណត់​ពីការផ្តល់​សំណង​​​​ជូន​​ប្រជាពលរដ្ឋដែលរង​​ផល​ប៉ះ​ពាល់​ដោយសារ​ជំងឺប៉េស្ត​ជ្រូកអាហ្រិកនេះ​ទេ ខណៈ​ដែលកម្ពុជា ​ជាប្រទេស​ដែលគោរពដំណើរការទីផ្សារសេរី។

លោកថា៖ «ក្នុងដំណាក់កាលនេះ យើង​ពុំមានគម្រោងក្នុងការជួយ​ចែករំលែក​ការ​ខាត​បង់​របស់​អ្នក​ចិញ្ចឹម​[សត្វ​ជ្រូក​]​ជាលក្ខណៈ​គ្រួសារនោះឡើយ ប៉ុន្តែក៏មិនមាន​ន័យ​ថា​ដាច់ណាត់​​មិន​ធ្វើ​នោះទេ នេះ​ជា​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ…ប៉ុន្តែ​តាមគោល​ការណ៍​ច្បាប់ គឺ​ពុំ​​មានទៅជួយ​រំលែកក្នុងការខូច​ខាត​នេះ​ទេ»។​

លោក​ក៏បានអំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ដែលចិញ្ចឹមសត្វជ្រូក ធ្វើ​ការ​ឲ្យបាន​ជិតស្និត​ជាមួយ​មន្ត្រីកសិកម្ម និង​​ចូលរួម​ទប់ស្កាត់​​ការ​ឆ្លង​រាល​ដាលនៃ​ជំងឺ​នេះទៅកាន់តំបន់ផ្សេងទៀត។

ចំណែក អនុប្រធាន​នាយកដ្ឋាន​​ប្រយុទ្ធនឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក យី សេងឌឿន បាន​បញ្ជាក់ថា ជំងឺ​ប៉េស្ត​ជ្រូកអាហ្រ្វិកនេះ ឆ្លង​រាល​ដាល​តែ​ទៅ​លើ​សត្វ​ជ្រូក​ប៉ុណ្ណោះ ពុំមានផលប៉ះពាល់​ដល់​សុខ​ភាព​មនុស្ស​នោះទេ។

យោងតាម​របាយការណ៍​របស់​អគ្គ​​នាយកដ្ឋាន​សុខ​ភាពសត្វ និង​ផលិតកម្ម​សត្វ ដែលបាន​បង្ហាញក្នុងសន្និសីទ​សារ​ព័ត៌​មាន​​​ បាន​បង្ហាញថា​ សត្វជ្រូក​ចំនួន ២៤០០ក្បាល​នៅ​ខេត្ត​រតនគិរី ត្រូវបាន​ងាប់និងសម្លាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​​អាហ្រិក, ៤៣ក្បាលងាប់នៅខេត្ត​ត្បូង​ឃ្មុំ, ៨៧ក្បាលងាប់នៅខេត្វស្វាយរៀង និង​២៧ក្បាល​ងាប់​នៅខេត្ត​តាកែវ។

ចំណែក លោក តាន់ ផាន់ណារ៉ា ឲ្យដឹង​ដែរថា ក្នុង​រយៈ​​ពេលជាង​ ៦ខែ ឆ្នាំ​២០១៩នេះ ក្រុមអន្តរាគមន៍​​របស់ក្រសួង​ និង​អាជ្ញាធរ​​​​នៅ​​តាម​​​បណ្តា​រាជ​ធានីខេត្ត បាន​បង្ក្រាប​ករណី​នាំសត្វជ្រូក​ចូល​ពី​ប្រទេស​ជិត​ខាង​ចំនួន ៥៥ករណី ដែលមាន​សត្វ​​​ជ្រូក​​ជិត ១៥០០ក្បាល ហើយការ​លួចនាំ​​​ចូលទាំង​​នោះពុំត្រូវបានរកឃើញថាមានជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​​ទេ ​ខណៈ​​​​​នៅ​​​ឆ្នាំ​២០១៨​​ ការបង្ក្រាប​មាន​តែ​ចំនួន​ ១៨ករណីប៉ុណ្ណោះ៕​

Share and Like this post

Related Posts

Previous Article

កវី​ជំនាន់​ថ្មី​​ចែក​រំលែក​ពី​ដំណើរ​វិវត្តន៍​កំណាព្យរបស់ខ្លួន

Next Article

មនុស្ស​ ៤នាក់​ ​រង​របួសធ្ងន់​និង​ស្រាល​ ​ក្នុងករណី​ផ្ទុះ​ពី​ដុង​លាយ​ជីគីមី​